អង្គការក្លូបលវិតណេស (Global Witness) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១០កន្លងទៅនេះ បានចេញលិខិតមួយច្បាប់ឆ្លើយតបទៅនឹងការអញ្ជើញរបស់ស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លសដែលស្នើសុំឲ្យមានការជជែកតទល់មតិស្តីអំពីនិស្សរណកម្មធនធានធម្មជាតិកម្ពុជា។
ស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសមួយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១០ ដែលស្រង់សម្តីរបស់ឯកអគ្គរាជទូតកម្ពុជា លោក ហោ ណាំបូរ៉ា ថា “អង្គការក្លូបលវិតណេសកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបាត់បង់កិត្តិយស និងភាពគួរឲ្យទុកចិត្តដោយសារតែការបន្តយុទ្ធនាការដែលមានលក្ខណៈនយោបាយដ៏កំណាចប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា”។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ថា “ដល់ពេលដែលអង្គការក្លូបលវិតណេសត្រូវបញ្ឈប់តាមដាន និងត្រូវបង្ខំឲ្យពន្យល់អំពីយុទ្ធនាការបង្ខូចឈ្មោះ និងស្អប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាហើយ” ហើយក្នុងនោះដែរ ក៏បានអញ្ជើញអង្គការក្លបលវិតណេស ធ្វើការជជែកតទល់មតិនៅទីក្រុងឡុងដ៍ ឬកន្លែងណាមួយ។ក្រោយពីការឆ្លើយតបរបស់អង្គការក្លបលវិតណេសយល់ព្រមធ្វើការជជែកតទល់មតិដោយមានកំណត់កាលបរិច្ឆេទនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០មក ស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១០ បដិសេធការជជែកតទល់មតិជាសាធារណវិញ ដោយសង្កត់ធ្ងន់ថា អង្គការក្លបលវិតណេសមានចរិតនយោបាយ និងមានរបៀបវារៈលាក់បាំងដើម្បីបំផ្លាញកិត្តិយសរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយអង្គការនេះកំពុងបាត់បង់កិត្តិយស និងជាឧបករណ៍នយោបាយក្រោមបញ្ជារបស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ ក្នុងលិខិតនោះក៏ឲ្យដឹងទៀតថា ដោយសារតែមេដឹកនាំ និងអ្នកយុទ្ធនាការអង្គការក្លូបលវិតណេសមានជម្ងឺឆ្កួតជ្រូក និងសរសៃប្រសាទ ជាការល្អដែលមន្រ្តី និងតំណាងកម្ពុជាមិនចូលរួមក្នុងការជជែកតទល់មតិនេះ។
អង្គការក្លូបលវិតណេសគឺជាអង្គការការពារបរិស្ថាននៅក្នុងពិភពលោកដែលផ្តោតការងាររបស់ខ្លួននៅក្នុងប្រទេសជាច្រើន ដែលអ្នកសិក្សាស្រាវជ្រាវជាច្រើននៅក្នុងពិភពលោកចាត់ទុកថា ជាអង្គការដែលយល់ដឹងយ៉ាងទូលំទូលាយអំពីបរិស្ថាន និងដឹងយ៉ាងច្បាស់នូវអ្វីដែលគេកំពុងធ្វើ។ មិនមែនតែរដ្ឋាភិបាលកម្ពុជាទេដែលអង្គការនេះរិះគន់ តែរដ្ឋាភិបាល និងសាជីវកម្មនានាក្នុងពិភពលោកដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានក៏ត្រូវបានរិះគន់ដោយអង្គការនេះដែរ។ ជាអាទិ៍កាលពីថ្ងៃទី២០ ខែឧសភានេះ អង្គការក្លូបលវិតណេសបានចេញរបាយការណ៍មួយលាតត្រដាងថា ធនាគារ Goldman Sachs នៅពីក្រោយការធ្វើអាជីវកម្មប្រេងនៅប្រទេសអង់ហ្គោឡាដោយក្នុងហ៊ុនសហរដ្ឋអាមេរិកឈ្មោះ Cobalt International Energy ទោះបីដឹងថា ដៃគួជំនួញរបស់ខ្លួននៅមូលដ្ឋានអាចនឹងធ្វើឲ្យក្រុមហ៊ុន Cobalt ប្រឈមនឹងការចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទពុករលួយក៏ដោយ។
លោកមម សម្បត្តិ គឺប្រធានគណៈកម្មការភិបាលនៃអង្គការសម្ព័ន្ធភាពតម្លាភាពចំណូលធនធានដែលកំពុងធ្វើដំណើររមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនថាមពលធំជាងគេទីពីរនៅសហរដ្ឋ អាមេរិក។ លោកមានការគាំទ្រយ៉ាងខ្លាំងចំពោះការផ្តួចផ្តើមឲ្យមានការជជែកតទល់មតិជាសាធារណៈណាមួយស្តីអំពីនិស្សរណកម្មធនធានធម្មជាតិកម្ពុជា ពីព្រោះថា ការតស៊ូមតិនេះអាចជួយដល់តម្លាភាពនៃការគ្រប់គ្រងធនធានធម្មជាតិរបស់ជាតិ ។ តែគួរឲ្យសោកស្តាយដែលការជជែកតទល់មតិនេះត្រូវបានអាក់ខានទៅវិញ ។ លោកបន្តថា៖
“Debateនេះ ខ្ញុំយល់ថា ប្រសិនបើកើតឡើង គឺល្អមែនទែន ដោយវាបង្ហាញព័ត៌មានដែលយើងមិនទាន់បានទទួល បានបើកទូលាយដល់សាធារណជន ហើយបើយើងមើលនៅក្នុងព័ត៌មានផ្សព្វផ្សាយអ៊ីធ័រណិតស្តីអំពីចំណូលធនធានពីប្រេង ឧស្ម័ន រ៉ែ សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនមានប្រភពចំណូលណាមួយថា បានមកពីខ្សាច់ទេ ក៏ប៉ុន្តែមានការធ្វើអាជីវកម្មខ្សាច់រួចទៅហើយនៅក្នុងខេត្តកោះកុងនាំចេញនៅសាំងហ្កាពួរនោះ។ ដូច្នេះប្រសិនបើមានការធ្វើអាជីវកម្មរ៉ែបែបនេះ គឺគួរតែរាជរដ្ឋាភិបាលបានទទួលចំណូលពីការរុករកខ្សាច់នៅក្នុងខេត្តកោះកុងហ្នឹង ហើយធ្វើរបាយការដាក់ក្នុងអ៊ីធ័រណិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។
កាលពីដើមខែឧសភានេះ អង្គការក្លបលវិតណេសបានចេញផ្សាយរបាយការមួយស្តីអំពីការដឹកជញ្ជូនខ្សាច់រាប់លានតោនពីខេត្តកោះកុង ទៅលក់នៅប្រទេសសាំងហ្កាពួរនាំឲ្យមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។ អង្គការក្លបលវិតណេសឲ្យដឹងថា ស្របពេលជាមួយនឹងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាហាមបា្រមការនាំខ្សាច់ចេញទៅលក់នៅបរទេស អ្នកជំនួញដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាទទួលបានអាជ្ញាប័ណ្ណនាំខ្សាច់ចេញទៅប្រទេសសាំងហ្កាពួរ។ អង្គការនេះបានប៉ាន់ប្រមាណថា គា្រន់តែអាជីវកម្មខ្សាច់ពីខេត្តកោះកុងមួយប៉ុណ្ណោះ មានតម្លៃដល់ទៅប្រមាណ២៤៨លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ បើគិតតម្លៃនៅប្រទេសសាំងហ្កាពួរ។ ប៉ុន្តែស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសតំណាងឲ្យរដ្ឋាភិបាលកម្ពុជាបដិសេធភ្លាមៗដោយហៅរបាយការនោះថា ជារបាយការសម្រាម ថោកទាប គ្មានការណ៍ពិត និងមានគោលបំណងបង្ខូចកិត្តិយសរដ្ឋាភិបាល៕