ប្រជាពលរដ្ឋនៅក្នុងតំបន់អូរស្មាច់ នៅថ្ងៃសុក្រនេះបានបញ្ចេញនូវអារម្មណ៍ភ័យខ្លាចអំពី ការធ្លាក់ចុះតម្លៃប្រាក់រៀល និងលទ្ធភាពនៃការប្រយុទ្ធគ្នាជាថ្មី ដែលអាចប៉ះពាល់ដល់មុខ របរចិញ្ចឹមជីវិតប្រចាំថ្ងៃនិងអាយុជីវិតរបស់ពួកគេ។
ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃបានកើតឡើងនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃសៅរ៍ ទី១៧ខែមេសា ខណៈពេលដែលកងទ័ពថៃ បានបាញ់មកលើកងទ័ពកម្ពុជា ដែលកំពុងដើរល្បាតតាមបណ្តោយព្រំដែន។
លោក ចាន់ ថា អាយុ៥២ឆ្នាំ ជាអ្នកលក់បាយសម្ល បានថ្លែងថា លោកមានការព្រួយរម្ភអំពី តម្លៃប្រាក់រៀលចុះថោកប្រមាណ៣០%ដែលបានប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់លោក។
លោកបានបន្ថែមថា លោកបានយកប្រាក់រៀលទៅដូរយកប្រាក់បាតដើម្បីទិញទំនិញផ្សេងៗ ពីប្រទេសថៃ ហើយលោកយកទំនិញមកលក់នៅក្នុងទឹកដីកម្ពុជាជាប្រាក់រៀល។
«១០០០០ប្រាក់រៀលដូរបាន៧០ប្រាក់បាត។វាមានន័យថា ប្រាក់រៀលធា្លក់ចុះ៣០% បន្ទាប់ ពីការផ្ទុះអាវុធ ចាប់ពីថ្ងៃនេះទៅ។ ខ្ញុំក៏អាចខ្វល់ខ្វាយដែរ ពីព្រោះប្រាក់រៀលរបស់យើងបានចុះថោក ហើយប្រាក់បាតថៃ បានឡើងថ្លៃ។ យើងនៅព្រំដែនតែងតែលំបាក»។
លោក ម៉ែន ពៅ អាយុ៤២ឆ្នាំ ជាងជួសជុលម៉ូតូ បានថ្លែងថា លោកមានការភ័យខ្លាចអំពី ផលប៉ះពាល់ដល់មុខរបររបស់លោកច្រើនជាងការប្រយុទ្ធគ្នា។
«យើងទៅទិញទំនិញថៃជាប្រាក់បាត។ យើងយកមកលក់ជាប្រាក់រៀល។ វាធ្វើឱ្យប៉ះពាល់ ដល់មុខរបរដែលមិនសូវបានចំណេញ។ បើយើងតម្លើងថ្លៃទំនិញរបស់យើង វាមិនកើត។ ពីមុនប្រាក់បាត និងប្រាក់រៀលមានតម្លៃប្រហាក់ប្រហែល វាងាយស្រួលរកស៊ី»។
បន្ថែមពីលើការភ័យព្រួយអំពីការធ្លាក់ចុះតម្លៃប្រាក់រៀលប្រមាណ៣០% បើប្រៀបធៀបនឹង ប្រាក់បាតថៃ ក្រោយការប្រយុទ្ធគ្នាកាលពីថ្ងៃសៅរ៍ ប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់អូរស្មាច់នេះ នៅតែមានការភ័យខ្លាចនឹងការប្រយុទ្ធគ្នាកើតឡើងម្តងទៀត រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
តំបន់អូរស្មាច់ គឺជាអតីតសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុករវាងកងទ័ពរដ្ឋាភិបាលទីក្រុងភ្នំពេញ និងកងទ័ពខ្មែរក្រហម នៅក្នុងឆ្នាំ១៩៩៤ និងបន្ទាប់មករវាងកងទ័ពដែលស្មោះត្រង់នឹង ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពដែលស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី ២ នៅក្នុងឆ្នាំ១៩៩៧។
ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃសៅរ៍បានធ្វើឱ្យអ្នកស្រុកអូរស្មាច់មានការ ព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតរបស់ខ្លួន។
ប្រជាពលរដ្ឋមួយចំនួននៅតំបន់អូរស្មាច់ បានបញ្ជាក់ថា ពួកគេបានរៀបចំរបស់របរ រួចជាស្រេច ដើម្បីត្រៀមខ្លួនគេចចេញតាមការជូនដំណឹងរបស់ក្រុមអាជ្ញាធរ បើការប្រយុទ្ធគ្នានឹង កើតមានម្តងទៀតនោះ។
លោកចាន់ ដែន អាយុ៤៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បានបញ្ជាក់ថា លោកមានការភ័យព្រួយយ៉ាងខ្លាំងអំពីសុវត្ថិភាព និងអាយុជីវិត នៅពេលដែលកងទ័ពថៃបានបាញ់គ្រាប់កាំភ្លើងប្រភេទ M79 មកធ្លាក់នៅក្បែរផ្ទះរបស់លោក។
លោកបានបន្តថា បើមានការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំ លោកនឹងនាំក្រុមគ្រួសាររត់ចេញពី តំបន់អូរស្មាច់នេះ។
«ខ្ញុំមានការជីកត្រង់សេសម្រាប់ការពារកូនចៅ។ បើមានការប្រទូស្តរាយគ្នាម្តងទៀត ខ្ញុំមាន ត្រង់សេសម្រាប់ក្រាប។ ខ្ញុំបានជីកត្រង់សេ និងបានធ្វើគម្របដាក់ ស្តុកអង្ករ អំបិល និងទឹកក្នុងកាដុង ទុកបង្ការនៅក្នុងត្រង់សេឱ្យហើយ»។
លោកឌី សោម អាយុ៤០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បាននិយាយថា លោកមិនភ័យខ្លាចនឹងសង្គ្រាម ទេ ប៉ុន្តែលោកត្រូវរៀបចំកន្លែងសុវត្ថិភាពសម្រាប់ប្រពន្ធកូនរបស់លោក មុខពេលការប្រយុទ្ធគ្នា អាចកើតឡើងម្តងទៀត។
"ខ្ញុំបានរៀបចំម្ហូបអាហារ អង្ករ និងអំបិលរួចជាស្រេច និងបានជីកត្រង់សេទុកជាស្រេច។ ប៉ុន្តែខ្ញុំមិនរត់ចោលដីអូរស្មាច់ជាដាច់ខាត។បើមានសង្គ្រាមរវាងខ្មែរនិងថៃ ខ្ញុំក៏នាំប្រពន្ធកូនចូលនៅក្នុងត្រង់សេ"។
ក្រោយពីការប្រយុទ្ធគ្នា សេចក្តីរាយការណ៍ពីការបង្កើនកងទ័ពរបស់ភាគីទាំង២ត្រូវបានអះ អាងដោយមន្ត្រីមូលដ្ឋានថា កងទ័ព១០០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ប្រយុទ្ធគ្នាកាលពី ថ្ងៃសៅរ៍នោះ៕