នៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាជននាំគ្នាប្រារព្ធពិធីពិសេសៗមួយចំនួនដូចជាពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះនិងពិធីស្រោចទឹកជម្រះកាយឪពុកម្តាយ ជីដូនជីតាឬចាស់ទុំក្នុងភូមិស្រុក ដើម្បីនាំមកនូវសំណាងល្អ សុភមង្គល អាយុយឺនយូរនិងរកស៊ីមានបានសម្រាប់ឆ្នាំថ្មី។
(សម្លេងសូត្រធម៌ក្នុងវត្ត....)
នៅក្នុងសាលាឆាន់នៃវត្តទួលសន្តិវ័ន ក្នុងខណ្ឌឫស្សីកែវ ជាយក្រុងភ្នំពេញ ប្រជាពលរដ្ឋប្រមាណ៣០០នាក់មានទាំងក្មេងមានទាំងចាស់កំពុងអង្គុយបត់ជើងត្រងត្រាប់ស្តាប់ធម៌ ក្នុងខណៈពេលដែលអ្នកខ្លះកំពុងឈរត្រៀបត្រាជុំវិញពំនូកខ្សាច់ចំនួន៥ពំនូក ដែលគេពូនឡើងរាងដូចជាភ្នំតូចៗដែលមានកំពូលស្រួច។ នៅលើពំនូកខ្សាច់នីមួយៗមានដោតទង់ក្រដាសតូចៗពណ៌ស និងលម្អទៅដោយកម្រងផ្កាភ្ញីខ្លះផង។
ពាក់ខោខ្មៅនិងអាវពណ៌ស ហើយនៅនឹងដៃមានកាន់ធូប៥សសៃនិងក្រដាសប្រាស់១០០រៀលថ្មីៗមួយបាច់ផងនោះ លោក ព្រាប សុវណ្ណ កំពុងដើរជាមួយសមាជិកគ្រួសាររបស់លោកជុំវិញពំនូកខ្សាច់ទាំងនោះដោយយកដៃម្ខាងចូកខ្សាច់ពីផ្នែកខាងក្រោមពូនអូសឡើងទៅលើពំនូកនីមួយៗ ហើយលើកដៃសំពះបួងសួងដោយបង្ហើបមាត់តិចៗ។
«ពូនភ្នំខ្សាច់នេះ គឺដើម្បីឱ្យយើងជម្រះកម្មយើង។ ប្រសិនបើយើងមានបាបកម្ម យើងធ្លាប់ធ្វើបាបពីមុន អញ្ចឹងយើងរាប់ខ្សាច់ដើម្បីឱ្យជ្រះស្រឡះបាបកម្មយើង»។
ជារៀងរាល់ឆ្នាំ លោកព្រាប សុវណ្ណ វ័យ២៥ឆ្នាំ បានប្រាប់ឱ្យដឹងថា លោកនិងក្រុមគ្រួសារតែងតែចូលរួមក្នុងពិធីពូនភ្នំខ្សាច់នេះនៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំថ្មីដែលគេហៅថា វរៈឡើងស័កឬថ្ងៃឡើងស័ក។
ពិធីពូនភ្នំខ្សាច់នេះគឺជាពិធីមួយក្នុងចំណោមពិធីសំខាន់ចំនួន២ដែលប្រជាជនត្រូវគោរពប្រតិបត្តិនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ការប្រតិបត្តិជាប្រពៃណីមួយទៀតនោះគឺពិធីស្រង់ព្រះពុទ្ធរូបនិងពិធីផ្ងូតទឹកឪពុកម្តាយ ជីដូនជីតា ឬចាស់ទុំក្នុងភូមិ។
ព្រះភិក្ខុ ចាន់ នឿន ជាព្រះគ្រូសូត្រស្តាំនៅវត្តទួលសន្តិវ័ន មានសង្ឃដិកាថា ការពូនភ្នំខ្សាច់នេះត្រូវបានប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើតៗគ្នាតាំងពីបុរាណមក ដោយពួកគេជឿថា ការធ្វើបែបនេះនឹងជួយពួកគេឱ្យរួចចាកផុតពីគ្រោះអាក្រក់ផងទាំងពួងបាន។
«បើកាលណាសេចក្តីអាក្រក់ទាំងឡាយណាចង់កើតឡើងមកដល់ខ្លួនបាន លុះត្រាតែយមរាជ យមបាលអីគេរាប់គ្រាប់ខ្សាច់ហ្នឹងអស់ ទើបអាចផ្តល់នូវសេចក្តីទុក្ខដល់ខ្លួនបាន។ អញ្ចឹងហើយបានជា ប្រជាពលរដ្ឋខ្មែរមានជំនឿថា កាលណាពូនភ្នំខ្សាច់ ធម្មតាខ្សាច់ដែលយើងពូនតែមួយក្តាប់ទៅមិនដឹងជាប៉ុន្មានលានគ្រាប់ទេ អញ្ចឹងមិនអាចរាប់អស់ទេ។ អញ្ចឹងខ្លួនបា្រកដជាទទួលបានសេចក្តីសុខ សេចក្តីចម្រើន ហើយនេះជាទំនៀមរបស់បុរាណខ្មែរយើង»។
(ចម្រៀង...ប្រវត្តិពូនភ្នំខ្សាច់)
ពិធីពូនភ្នំខ្សាច់នេះតាមទំនៀមគឺគេយកដីខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាវត្ត រួចពូនឡើងឱ្យមានរាងដូចភ្នំឬចេតីយ៍បែរមុខទៅទិសខាងកើតដោយគេសន្មត់ថា ដូចជាការកសាង "វាលុកចេតិយ” ដូច្នោះដែរ។ "វាលុកចេតិយ” គឺតំណាងឱ្យព្រះចូឡាមណីចេតិយដែលគេសង់សម្រាប់បញ្ចុះព្រះកេសានិងព្រះចង្កូមកែវឬថ្គាមរបស់ព្រះពុទ្ធ។
ពិធីពូនភ្នំខ្សាច់នេះ គេអាចធ្វើនៅក្នុងថ្ងៃទី១និងទី២នៃវិធីបុណ្យចូលឆ្នាំថ្មី មុននឹងធ្វើនៅថ្ងៃទីបីនេះក៏បានឬក៏ធ្វើទាំងបីថ្ងៃតែម្តងក៏បាន។ ហើយនៅក្នុងវត្តខ្លះ ប្រជាជនខ្មែរធ្វើពិធីពូនភ្នំស្រូវ ឬអង្ករបន្ថែមទៀតឬជំនួសខ្សាច់វិញ។
លោក មៀច ប៉ុណ្ណទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត មានប្រសាសន៍ថា ពិធីពូនភ្នំស្រូវឬភ្នំអង្ករនេះក៏មានគោលបំណងដូចជាការពូនភ្នំខ្សាច់ដែរ ពោលគឺដើម្បីជម្រះបាបកម្មនិងគ្រោះកាចចង្រៃផ្សេងៗផងហើយនិងដើម្បីប្រមូលស្រូវអង្ករទុកសម្រាប់ផ្គត់ផ្គង់ចង្អាន់ព្រះសង្ឃឬ សម្រាប់លក់យកបច្ច័យកសាងវត្តជាដើមផង។
«វត្តខ្លះគេធ្វើពូនភ្នំខ្សាច់ វត្តខ្លះគេធ្វើពូនភ្នំស្រូវ ហើយស្រូវហ្នឹងដល់ហើយគេប្រគេនលោកទៅ។ លោកលក់យកលុយមកចាត់ចែងកសាងវត្តអារាមទៅ ហើយពូនភ្នំខ្សាច់ហ្នឹង ខ្សាច់ហ្នឹងយកមកចាត់ចែងក្នុងការកសាង ឬសាងសង់អីផ្សេងៗទៅ»។
ក្រៅពិធីពូនភ្នំខ្សាច់ ភ្នំស្រូវឬភ្នំអង្ករនេះ នៅពេលរសៀលក្នុងថ្ងៃទីបីដែលជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ ប្រជាជនខ្មែរក៏នាំគ្នាធ្វើពិធីស្រង់ព្រះស្រោចទឹកសម្អាតព្រះពុទ្ធរូបឬ ពិធីផ្ងូតទឹកឪពុកម្តាយ ជីដូនជីតា ចាស់ទុំក្នុងភូមិផងដែរដើម្បីសុំសេចក្តីសុខ។
ព្រះភិក្ខុ ចាន់ នឿន ព្រះគ្រូសូត្រស្តាំនៅវត្តទួលសន្តិវ័ន មានសង្ឃដីកាថា ពិធីស្រង់ព្រះនេះត្រូវបានប្រជាពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើនៅថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ដោយពួកគេមានជំនឿថា ពួកគេនឹងទទួលបានសេចក្តីសុខក្សេមក្សានប្រកបដោយកាយវាចាចិត្តស្អាតល្អផូរផង់ដូចព្រះពុទ្ធរូប ដែលត្រូវបានលាងសម្អាតយ៉ាងស្អាតដូច្នោះដែរ។
«ប្រជាពលរដ្ឋខ្មែរមានគំនិតថា កាលណាបើខ្លួនបានទៅស្រង់ព្រះជម្រះធូលីកម្ទិចកម្ទីដីឬក៏អ្វីដែលមិនស្អាតគ្រឿងសៅហ្មងជាប់នៅនឹងព្រះពុទ្ធរូបនៅនឹងពុទ្ធបដិមា អញ្ចឹងកាលណាបើខ្លួនបានជម្រះស្រោចស្រពទៅដោយសុគន្ធវារីមានទឹកអប់ទៅដោយផ្កា អប់ទៅដោយទឹកអប់ គ្រឿងក្រអូបអីអញ្ចឹងទៅ ខ្លួនសង្ឃឹមសេចក្តីសុខ សេចក្តីចម្រើនដែលកើតចេញពីអំពើជាកុសលដែលខ្លួនបានទៅស្រង់នោះ ខ្លួននឹងបានសុខបានចម្រើន ហើយស្អាតដូចជារូបបដិមាដែលខ្លួនបានលាងបានជម្រះអញ្ចឹងដែរ»។
អ្នកស្រី ស៊ឺម សូនី អាយុ៥៦ឆ្នាំកំពុងរៀបចំស្រង់ព្រះដោយរោយផ្កាម្លិះនិងបាញ់ទឹកអប់ចូលក្នុងធុងទឹកដែលគេតម្រៀបជាជួរនៅពីមុខព្រះពុទ្ធបដិមាចំនួន៤អង្គ នៅក្នុងបរិវេណវត្តទួលសន្តិវ័ន។
អ្នកស្រី ស៊ឺម សូនី មានប្រសាសន៍ថា អ្នកស្រីមកចូលរួមក្នុងពិធីស្រង់ព្រះនេះគឺដើម្បីប្រាថ្នាសុំសេចក្តីសុខចម្រើនសម្រាប់ឆ្នាំថ្មី។
«ធម្មតាយើងមុជទឹកយើងអត់មានអញ្ចឹងទេ ដល់យើងទៅមុជ យកមកស្រង់ឱ្យព្រះអង្គហ្នឹង យើងដាក់ឱ្យក្រអូបបន្តិច ហើយយើងដាក់ផ្កាម្លិះទឹកអប់អីហ្នឹង ហើយទៅយើងបូងសួង ហើយយើង ស្រង់ឱ្យព្រះអង្គទៅគឺថា យើងមុជសុំពរជ័យទៅណា៎ឱ្យយើងបានសេចក្តីសុខសេចក្តីចម្រើនឆ្នាំថ្មី»។
លោក មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃពុទ្ធសាសនាបណ្ឌិត្យ មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះមិនបានធ្វើពិធីស្រង់ព្រះនេះទេ តែពួកគេបាននាំគ្នារៀបចំពិធីស្រោចទឹកឪពុកម្តាយ ជីដូនជីតាឬចាស់ទុំក្នុងភូមិស្រុកវិញដើម្បីជាការសុំខមាទោសចំពោះអំពើមិនគម្បីណាមួយដែលពួកគេបានប្រព្រឹត្តចំពោះលោកអ្នកដ៏មានគុណទាំងនោះផងនិងដើម្បីតបស្នងសងគុណចំពោះគុណូបការៈរបស់លោកអ្នកដ៏មានគុណទាំងនោះផង។
លោក មៀច ប៉ុណ្ណ បន្ថែមទៀតថា ពិធីស្រោចទឹកឪពុកម្តាយ ជីដូនជីតា ឬចាស់ទុំក្នុងភូមិនេះក៏ដើម្បីសុំពរជ័យសព្ទសាធុការពីលោកអ្នកដ៏មានគុណនិងចាស់ព្រឹទ្ធាចារ្យទាំងអស់នោះសម្រាប់នាំមកនូវសំណាងល្អ អាយុយឺនយូរ រកស៊ីមានបាននិងសេចក្តីសុខចម្រើនក្នុងឆ្នាំថ្មីនេះផងដែរ៕