ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ដ្រី​ថៃ​រង​សម្ពាធ​កាន់​តែ​ធ្ងន់​ឲ្យ​ចុះ​ចេញ​ពី​តំណែង


លោក​អ៊ូ ធួក​ សូម​ជូន​សេចក្ដី​ប្រែ​សម្រួល៖

នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​ថៃ ​លោក ​អភិសិទ​ វិចាជិវា​ ឋឹត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ធ្ងន់​ដើម្បី​ជំរុញ​លោក​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ ហើយ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ពេល​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ​រវាង​ទាហាន​ និង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល។

ក្រុម​បាតុករ​នៅ​តែ​បន្ដ​កាន់​កាប់​ទី​កន្លែង​សំខាន់ៗនៅ​ក្នុង​រាជ​ធានី​បឹង​កក​ ទោះ​បី​ជា​មាន​ការ​ប៉ះ​ទង្គិច​ ជា​មួយ​កង​កម្លាំង​សន្ដិ​សុខ​កាល​ពី​ថ្ងៃសៅរ៍ក៏​ដោយ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២១​នាក់ ​ហើយ​១៦​ នាក់​ជា​បាតុករ។

ខណៈ​ដែល​ភាគី​ទាំង​សង​ខាង​កាន់​ទុក្ខ​ជន​រង​គ្រោះ​រៀងៗ​ខ្លួន ​ហើយ​រៀប​ចំ​ផែន​ការ​សម្រាប់​វិធាន​ការណ៍​ទៅ​មុខ​អ្នក​វិភាគ​នយោ​បាយ​ នៅ​ទី​នេះនិយាយ​ថា​ អ្នក​រង​គ្រោះ​ថ្នាក់​លើក​ក្រោយ​ប្រហែល​ជា​ រដ្ឋា​ភិបាលរបស់​នាយក​រដ្ឋ​មន្ដ្រី ​អាភិសិត​ វិចាជិវា។

ក្រុម​អ្នក​តវ៉ា​មាន​ឈ្មោះ​ថា ​ក្រុម​អាវ​ក្រហម​ចង់​ឃើញ​លោក ​អាភិសិទ​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​ នៅ​ពេល​ឆាប់ៗ​នេះ​ ហើយ​បដិសេធសេចក្ដី​ស្នើ​របស់​លោក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ ក្នុង​រយៈ​ពេល​៦​ខែ។

ក្រុម​ទាំង​នោះ​បាន​ធ្វើ​ការ​តវ៉ា​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ។

លោក​ William ​Case​ នាយក​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវអាស៊ី​អាគ្នេយ៍ ​ឬ ​Southeast​ Asia​ Research​ Center​នៃ​សាកល​វិទ្យា​ល័យ​ទី​ក្រុង​ហុងកុង។

«បាទ ​លោក​អ្នក​ដឹង​ហើយ។ លោក​បាន​សាក​ល្បង​មធ្យោបាយ​តឹង​រឹង​ ហើយ​លោកបាន​សាក​ល្បង​ធម្យោ​បាយ​ធូរ​ស្រាល។​ តែ​លោក​គ្មាន​បាន​ជោគ​ជ័យ​អ្វី​សោះ។ លោក​ បាន​ធ្វើ​ឲ្យ​ក្រុម​អាវ​ក្រហម​ខឹង​ផ្ដាច់​ខ្លួន​ ហើយ​រឹត​តែ​លើកកម្លាំង​ក្រុម​នោះ ។​ ជា​លទ្ឋ​ផល នៅ​ពេល​នោះ​ លោក​បាន​បាត់​បង់​ប្រជា​ប្រិយ​ភាព​ជា​ច្រើន ​និង​កិត្យា​នុភាព។​ នៅ​ពេល​នេះ​ លោក​ហាក់​ដូច​ជា​អស់​មាន​ជម្រើស​ទៀត​ទេ»។

រដ្ឋា​ភិបាល​បាន​ដក​ចេញ​កង​កម្លាំង​សន្ដិ​សុខ ហើយ​បាន​សំដែង​ការ​សោក​ស្ដាយ​ចំពោះ​មរណភាព។​ តែ​មន្ដ្រី​ផ្លូវ​ការ​និយាយ​ថា ​ទាហានកំពុង​រៀប​ចំ​ខ្លួន​សម្រាប់​ធ្វើ​សកម្ម​ភាព​ត​ទៅ​ទៀត​ ប្រឆាំង​ក្រុម​បាតុករ។

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​សញ្ញា​មួយ​បង្ហាញ​ការ​បែក​បាក់​គ្នា​រវាង​រដ្ឋា​ភិបាល​ និង​យោធាមេ​បញ្ជា​ការ​យោធា​ ឧត្ដម​សេនីយ៍​ អនុពុង​ បាវចិន្ដា​ ថ្លែង​ថា​ លោក​ប្រឆាំង​ការ​ប្រើ​ប្រាស់​កម្លាំង​ទ័ព។​ ផ្ទុយ​ទៅ​វិញ​ លោក​ និយាយ​ថា ​រដ្ឋា​ភិបាល​គួរ​នឹង​ផ្ដោត​ទៅ​លើ​ការ​ចចារ​គ្នា​អំពី​ពេលវេលា​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី។

លោក​ Case​ និយាយ​ថា ​សេចក្ដី​សម្រេច​របស់​លោក​ អភិសិទ​ដើម្បី ​ប្រើ​កម្លាំង​យោធា​ប្រឆាំង​បាតុករ​ បាន​នាំ​ឲ្យ​លោក​បាត់​បង់​ការ​គាំទ្រ។

«គេ​ឃើញ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​ការ​បង្ខំ​លោក​ឲ្យ​ចេញ​ពីតំណែង។​ លោក​ឈប់​មាន​មាន​ប្រយោជន៍​ដល់​ឥស្សរ​ជន​ប្រពៃណី​ត​ទៅ​ទៀត​ហើយ។​ ​ហេតុ​ដូច្នេះ​ហើយ​ គេ​ត្រូវ​រក​មាគ៌ា​ផ្សេង​មូយ​ទៀត ហើយ​ប្រហែល​ជា​ដក​លោក​ចេញ»។

បន្ថែម​មក​លើ​សម្ពាធ​នេះ​ គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និយាយ​ថាគណ​បក្ស​ប្រជា​ធិប​តេយ្យ​របស់​លោក​អភិសិទ​មាន​កំហុស ​ដោយ​ទទួល​វិភាគ​ទាន​សម្រាប់​ការ​ឃោសនា​ខុស​ច្បាប់​ ហើយ​ត្រូវ​តែ​រំលាយ​ចេញ។

សេចក្ដី​សម្រេច​ចុង​ក្រោយ​បង្អស់​នឹង​ធ្វើ​ឡើង ​ដោយ​តុលា​ការ​ធម្មនុញ្ញ​ដែល​គេ​រំពឹង​ថា​ នឹង​ប្រើ​ពេល​ច្រើន​ថ្ងៃ​ឬ​ច្រើន​សប្ដាហ៍។

លោក​ សោម​ចៃ ​ផា​ថា​រដ្ឋា​ ណានុន្ឋ​ អ្នក​ធ្វើ​បាឋកថា​អំពី​នយោ​បាយ​ថៃ​នៅ​សាកល​វិទ្យា​ល័យ​ មហា​សារា​ខាម​ ប្រទេស​ថៃ​ភាគ​កណ្ដាល​ និយាយ​ថា គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ឬ​តុលា​ការ​ធម្មនុញ្ញ​ ទទួល​ការជ្រៀត​ជ្រែក​នយោ​បាយ។

«សេចក្ដី​សម្រេច​ពិត​ប្រាកដ​ធ្វើ​ឡើង​ដោយ​អាថ៌​កំបាំង។ ​ខ្ញុំ​យល់​ថា ​បើ​គេ​សម្រុះ​សម្រួល​គ្នា​នៅ​ក្រោយ​ឆាក​ ​ហើយ​ទទួល​យក​ការ​ដោះ​ស្រាយរួច ​ក្រោយ​មក​គេ​នឹង​ចេញ​សេចក្ដី​ប្រកាស»។

ទោះ​បី​ជា​មាន​ការ​តស៊ូ​នយោ​បាយ​ក៏ដោយ​ សេចក្ដីសម្រច​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ដាក់​ទម្ងន់​មក​លើ​សេចក្ដី​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​ពេល​វេលា។

តែ​អ្នក​វិភាគ​និយាយ​ថា ​ការ​បោះ​ឆ្នោត​ថ្មី​ ដោយ​មាន​បេក្ខ​ជន ​គាំ​ទ្រ​ពី​ក្រុម​អាវ​ក្រហម​ប្រហែល​ជា​យក​ជ័យ​ជំនះ​ ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស។

លោក​ សុរាត​ ហោរា​ ចៃគល់ ​សាស្រ្ដា​ចារ្យ​នយោ​បាយ​របស់​សាកល​វិទ្យា​ល័យ​ ជូលា​លង់​គន​ ក្នុង​ទី​ក្រុងបាងកក។

« បើ​ប្រសិន​ជា​មាន​រដ្ឋា​ភិបាល​ថ្មី​មួយ​កើត​ឡើ​ង​ យើង​ដឹង​ថា ​នឹង​មាន​ក្រុម​ដទៃ​និយាយ​ថា​ ខ្ញុំ​មិន​សប្បាយ​ចិត្ដ​ទេ​ជា​មួយ​រដ្ឋា​ភិបាល​នេះ។​ ខ្ញុំ​ចង់​បាន​ពណ៌​នេះ​។ ខ្ញុំ​ចង់​បាន​រដ្ឋា​ភិបាល​ពណ៌​ខៀវ​ពណ៌​លឿង​ ពណ៌​ក្រហម​ស។ល។ ​តែនេះ​មិន​មែន​អំពីលទ្ធិ​ប្រជា​ធិប​តេយ្យ​ទេ ​ ពីព្រោះ​ថា ​ប្រជា​ធិប​តេយ្យ​ គឺ ​ការ​រស់​នៅ​ជា​មួយ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ដ​ដែរ»។

បាតុករ​ជា​ច្រើន​ជា​អ្នក​គាំទ្រ​អតីត​នាយក​រដ្ឋ​មន្ដ្រី​ថាក់សិន​ សិនាវាត់​ដែល​បាន​ត្រូវ​យោធា​បណ្ដេញ​ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​២០០៦​ ហើយ​ពេល​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ដើម្បី​ចៀស​វាង​ការ​កាត់​ទោស​ជាប់​គុក​តាម​បទប្រព្រឹត្ដ​អំពើ​ពុក​រលួយ។

លោក​សុរាត​ និយាយ​ថា ​គេ​ចង់​លាង​សម្អាត​ការ​ចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​លោក​ ថាក់​សិន ហើយ​នាំ​លោក​មក​ឲ្យ​កាន់​អំណាច​ឡើងវិញ ​ ដែល​នឹង​នាំ​ក្រុម​បាតុករ​ អាវ​លឿងឲ្យ​វិល​មក​ធ្វើ​ការ​តវ៉ា ​នៅ​លើ​ផ្លូវ​ឡើង​វិញ​ម្ដង​ទៀត។

នៅ​ឆ្នាំ​២០០៨​ ក្រុម​អាវ​លឿង​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ​អាគារ​រដ្ឋា​ភិបាល​ហើយ​ ក្នុង​មួយ​សប្ដាហ៍​បាន​ដណ្ដើម​កាន់​កាប់​អាកាស​យាន​ដ្ឋាន​បាង​កក ​ក្នុង​គោល​បំណង​នឹង​បញ្ចប់​រដ្ឋា​ភិបាល​ជិត​ដិត​ជា​មួយ​ លោក​ថាក់​សិន។ ​ជា​យថាហេតុ ​សេចក្ដី​សម្រេច​តុលាការ​អំពី​អំពើ​ខុស​ច្បាប់​ពេល​ឃោសនា​រក​សម្លេង​ឆ្នោត​បាន​បង្ខំ​រដ្ឋា​ភិបាល​ពីរ​ដែល​ស្និទ្ឋ​ស្នាល​ជា​មួយ​លោក​ថាក់សិន​ឲ្យ​ចេញ​ពី​តំណែង។

ឥស្សរ​ជន​ទី​ក្រុង​នៃ​ប្រទេស​ថៃនិង​មនុស្ស​វណ្ណៈ​មធ្យម​បាន​ចាត់​ទុក​លោកថាក់សិន​ ជាមន្ដ្រី​ពុក​រលួយ​ ហើយ​កាន់​អំណាច​ផ្ដាច់​ការ​។​ ចំណែក​ក្រុម​អាវ​ក្រហម​វិញ ​ភាគ​ច្រើន​ ជា​អ្នក​មក​ពី​តំបន់​ជន​បទ។​ ​ក្រុមនោះ​និយាយ​ថា រដ្ឋា​ភិបាល​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​ឥស្សរ​ជន​របស់​ទី​ក្រុង​បាងកក​ គាំទ្រ​ដោយ​យោធា​ ដែល​មិន​ខ្វល់​អំពី​វាសនា​របស់​ក្រុម​គេ​ទេ។

នាយក​រដ្ឋ​មន្ដ្រី​ អភិសិត​ មាន​ប្រសាសន៍​ថា ​លោក​មាន​ចិត្ដ​ប្រាថ្នា​ចង់​ចរចា​ជា​មួយ​មេ​ដឹក​នាំ​ក្រុម​បាតុករ​ ដែល​បដិសេធ​ មិន​ព្រម​ជួប​ប្រជុំ​គ្នា​ ត​ទៅ​ទៀត​៕

XS
SM
MD
LG