ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សភា​ថ្មី​​ ត្រូវ​បាន​រំពឹង​ថា​នឹង​​ពិនិត្យ​មើល​​​ឡើង​​​វិញ​​​នូវ​​ជំនួយ​​បរទេស​ និង​កម្ម​វិធី​​​អន្តរ​ជាតិ​


វិមានសភា​​កាពីតុល​ (Capitol Hill) នៃ​សហរដ្ឋអាមេរិក។
វិមានសភា​​កាពីតុល​ (Capitol Hill) នៃ​សហរដ្ឋអាមេរិក។

ទី​ក្រុង​វ៉ា​ស៊ីន​តោន៖​ ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ បាន​នាំឲ្យគណបក្សសាធារណ​រដ្ឋនិយម មានសម្លេង​ភាគ​ច្រើននៅ​ក្នុងសភា​តំណាង​រាស្ត្ររបស់សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​ការ​ប្រឈម​ដ៏​មានសក្តានុពល​មួយ​ ចំពោះដំណោះ​ស្រាយ​របស់រដ្ឋបាល​លោកអូបាម៉ា​ទៅ​លើ​គោលនយោបាយការ​បរទេសមួយ​ចំនួន​ ដោយសារមេដឹកនាំនៃ​គណបក្ស​សាធារណរដ្ឋ​និយម​ ផ្តោត​ទៅ​លើការកាត់បន្ថយឱន​ភាពថវិការបស់​សហរដ្ឋ​អាមេរិកចំនួន​ ១,៣​ សែនកោដិ​ដុល្លារ។

អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​ កំពុង​ពិនិត្យ​មើល​ពី​អ្វី​ដែល​នឹង​រំពឹង​ទុក​ នៅ​ពេល​ដែល​ក្រុម​អ្នក​សាធារណរដ្ឋនិយម​ ឡើង​កាន់​ដំណែង​ជា​ប្រធានគណៈកម្មាធិការ។

មនុស្ស​ម្នាក់​ក្នុង​ចំណោមអ្នក​ទាំង​នោះ​ គឺ​លោក​ ប្រេត​ សេហ្វើ​ (Brett​ D. Schaefer)​ ដែលជាសមាជិក​នៃមជ្ឈ​មណ្ឌលម៉ាហ្ការ៉េត​ តាតឈើដើម្បី​សេរីភាពរបស់មូល​និធិបេតិកភ័ណ្ឌ​ (Heritage​ Foundation)។​ លោក​ព្យាករណ៍​ពី​ការ​កាត់​បន្ថយ​កម្ម​វិធីចំណាយដែល​បាន​សម្រេច​តាម​ចំណង់​ ដែល​ការ​ចំណាយមិន​មាន​ភាព​ចាំបាច់​ ប៉ុន្តែត្រូវបាន​កំណត់ជារៀងរាល់ឆ្នាំ​ដោយ​រដ្ឋសភា។

លោក​ សេហ្វើ​ មាន​ប្រសាសន៍​ថា​ ការ​កាត់​បន្ថយ​ភាគ​ច្រើនដែល​បាន​រំពឹង​គិត​ទុក​ នឹង​ចូល​ទៅក្នុងថវិការបស់​កម្មវិធី​ និង​ក្រុម​ទាំង​ឡាយ​ ដោយ​រាប់​បញ្ចូល​ទាំង​អង្គការ​សហ​ប្រជាជាតិ​ និងក្រសួងការ​បរទេសសហរដ្ឋ​អាមេរិក​ ដែល​គ្មាន​មណ្ឌល​បោះ​ឆ្នោត​ក្នុង​ស្រុក​រឹង​មាំ​ ដើម្បីការពារកម្ម​វិធីនិង​ក្រុមទាំង​នោះ។

«មានការពិភាក្សាគ្នាអំពី​ការកាត់បន្ថយការ​ចំណាយ​ឲ្យដល់​កម្រិត​ឆ្នាំ២០០៨។​ ការណ៍នោះ​បញ្ជាក់ពីការកាត់បន្ថយភ្លាមៗនៅគ្រប់​ក្រសួង​ទាំង​អស់​ ប៉ុន្តែខ្ញុំក៏នឹងរំពឹងថា​ សភាតំណាងរាស្ត្រ​ ដែលកាន់តែ​អភិរក្សជាងមុន​ និងធ្វើ​ការ​ពិនិត្យពិច្ច័យខ្លាំង​ទៅលើមូលនិធិ​សម្រាប់ជំនួយបរទេស​ និង​កម្ម​វិធីអន្តរជាតិ​ជាទូ​ទៅ ដោយសារ​តែ​ជា​ធម្មតា ពួកគេមានការមន្ទិលសង្ស័យ​ និងរិះគន់ទៅលើកម្ម​វិធី​ទាំងអស់នោះ ​ច្រើន​ជាងក្រុមអ្នកប្រជាធិបតេយ្យ»។

ការកាត់បន្ថយ​ជា​យថាហេតុ​មួយ​ចំនួន​ អាច​ធ្វើ​ឡើង​ដោយអនុ​គណៈកម្មាធិការ​ទេយ្យ​វត្ថុ​ប្រតិបត្តិការ​បរទេស​ និង​រដ្ឋ​ (State​ and​ Foreign​ Operations​ Appropriations​ Subcommittee)​ នៅ​ក្នុង​រដ្ឋសភា​ ដែល​កំណត់មូល​និធិ​សម្រាប់​ក្រសួងការ​បរទេស ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (USAID)​ និង​កម្មវិធីដែល​ពាក់​ព័ន្ធ​ទៅ​នឹងជំនួយ​បរទេស​ និងការ​ជួយ​ឧបត្ថមផ្នែក​មនុស្ស​ធម៌។

អ្នក​ត្រូវ​ចូលកាន់​ដំណែង​ប្រធាន​អនុ​គណៈកម្មាការ​នេះ​ គឺលោក​ស្រី ​ខាយ ក្រេង​ហ្គឺ​ (Kay​ Granger) ​សមាជិកសភា​មក​ពី​រដ្ឋ​តិចសាស់។​ កា​សែត​វ៉ាស៊ីនតោន​ថែមស៍​ បាន​ឲ្យ​ដឹង​ថា​ លោក​ស្រី ជា​អ្នក​គាំទ្រយ៉ាង​ខ្លាំង​ក្លាចំពោះ​ការ​ធ្វើ​វិសោធន​កម្មលើ​តុល្យភាព​ថវិកា​ ហើយក៏​ជា​អ្នក​រិះ​គន់អំពី​ជំនួយ​អភិវឌ្ឍដែល​ផ្តល់​ទៅ​ឲ្យ​ប្រទេស​ ដែល​លោក​ស្រីបាន​ថ្លែង​ថា មិន​បាន​ធ្វើ​កិច្ចការគ្រប់គ្រាន់ល្មម​ ដើម្បី​គ្រប់​គ្រង​លើ​អំពើ​ពុក​រលួយ។

ជា​ប្រពៃណី​ ក្រុម​អភិរក្ស​និយមរបស់​សហរដ្ឋ​អាមេរិក មិន​គាំ​ទ្រឲ្យ​មាន​ការកាត់​បន្ថយយ៉ាង​ធំធេង​ សម្រាប់​ការ​ចំណាយ​លើវិស័យ​ការ​ពារ​ជាតិ​ទេ​ ក៏​ប៉ុន្តែសម្ពាធពី​សកម្មជន​ចលនាធី (Tea Party)​ ដែល​តំណាងឲ្យ​ការ​គាំទ្រ​របស់ពលរដ្ឋក្នុង​ការ​កាត់​បន្ថយថវិកា​ជាតិ​ អាច​នាំ​ឲ្យរដ្ឋ​សភាពិនិត្យ​ពិចារ​ណាបញ្ហា​នេះ​ឡើង​វិញ។

សម្លេង​ភាគ​ច្រើនថ្មីរបស់​គណបក្ស​សាធារណរដ្ឋ​និយម​ ក៏​ទំនងជាអាច​ការ​ទទួល​ខុស​ត្រូវ​ខាង​ការ​ត្រួត​ពិនិត្យ ដែលអនុញ្ញាត​ឲ្យ​ពួក​គេ​តស៊ូ​មតិទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋបាលលោកអូ​បា​ម៉ា៕

ប្រែ​សម្រួល​ដោយ​ លី​ សុខ​ ឃាង

XS
SM
MD
LG