ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​បី​ជឿ​ ឬ​មិន​ជឿ ​ ពល​រដ្ឋ​ខ្មែរ​ដាក់​ទីងមោង​នៅ​មុខ​ផ្ទះ​បង្កា​ជំងឺ​ផ្សេងៗ


ស្ត្រី​នោះ​កំពុង​ស្តាប​ក្បាល​ទារក​របស់​គាត់​ដែល​ក្តៅ​ខ្លួន។
ស្ត្រី​នោះ​កំពុង​ស្តាប​ក្បាល​ទារក​របស់​គាត់​ដែល​ក្តៅ​ខ្លួន។

រៀង​រាល់​ឆ្នាំ​នៅ​រដូវ​ប្រាំង​ចន្លោះ​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា​ភាគ​ច្រើន​ប្រជា​ពល​រដ្ឋ​នៅ​តាម​ជន​បទ​តែង​តែ​ដាក់​រូប​ទីងមោង​នៅ​តាម​មុខ​ផ្ទះ​ដើម្បី​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ពីព្រោះ​ជំងឺ​ដូច​ជា​រាគ​រូស​ឬ​អាសន្ន​រោគ​ផ្សេងៗ​ច្រើន​កើត​នៅ​ក្នុង​រដូវ​នេះ។

លោក​យាយ​ដើរ រុន​ អាយុ​៦៩​ឆ្នាំ​រស់​នៅ​ភូមិ​ពាម​ ឃុំ​ព្រៃស​ ខណ្ឌ​ដង្កោ​ ក្រុង​ភ្នំពេញ​ ដោយ​នៅ​មុខ​ ផ្ទះ​របស់​គាត់​មាន​រូប​ទីង​មោង​មួយ​ឈរ​ផ្អែក​នៅ​ជាប់​របង​ផ្ទះ ​ក្បាល​របស់​ទីងមោង​នោះ ធ្វើ​ឡើង​ពី​ចំបើង​ដោយ​មាន​គូស​ ភ្នែក​ ច្រមុះ​និង​មាត់ ​ហើយ​ពាក់​អាវ​ដៃ​វែង​ពណ៌​ស​និង​ខោ​ជើង​វែង​ពណ៌​ទឹក​ប៊ិច។

លោក​យាយ​បាន​ឱ្យ​ដឹង​ថា គាត់​បាន​ដាក់​តាំង​រូប​ទីងមោង​នេះ​ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​ក្តៅ​អស់​រយៈ​ពេល​ប្រហែល​ជា​១០​ឆ្នាំ​កន្លង​មក​ ហើយ​ដោយ​លោក​យាយ​មាន​ជំនឿ​ជឿ​ជាក់​ថា ​ការ​ ដាក់​តាំង​រូប​នេះ​ទៅ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​រស់​នៅ​សុខ​សប្បាយ​ជៀស​ផុត​ពី​ជំងឺ​ផ្សេង ជា​ពិសេស​ការ​ពារ​ខ្មោច​ ព្រាយ​ ឬ​អារក្ស​ ​អ្នកតា​ព្រៃ​ភ្នំ​ដែល​ចង់​យក​ជីរិត​មនុស្ស​ក្នុង​ផ្ទះ​ឬ​ក្នុង​ភូមិ។

«អបិយ​ជំនឿ​ ដូចថា​ យើង​ខែ​ក្តៅ​អញ្ចឹង​ ច្រើន​ជំងឺ​វា​រាត​ត្បាត ​ដូច្នេះ​ដាក់​អញ្ចឹង​ទៅ​ខ្មោច​ ព្រាយ​បិសាច​ផ្លូវ​ងងឹត​នោះ​អាច​វា​មិន​ហ៊ាន​មក​យារ​យី​យើង​ខ្លាំង​ក្លា​នោះ​ដែរ​ សក្តិ​សិទ្ធ។​ ថ្វី​ត្បិត​តែ​ យើង​ដាក់​យើង​មិន​ការ​ពារ​ដូច​ម្តេច? យើង​ត្រូវ​ការ​ពារ​ខ្លួន​យើង​អញ្ចឹង​ដែរ​ ការ​ពារ​ ការ​ពារ​ហូប​ទឹក​ក្តៅ​ កុំ​ហូប​ទឹក​ត្រជាក់​អញ្ចឹង»។

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ផ្តល់​ហេតុ​ផល​ពី​ការ​ដាក់​តាំង​រូប​ទីង​មោង​នៅ​មុខ​ផ្ទះ​ឬ​មុខ​របង​ផ្ទះ​ស្រដៀងៗ​គ្នា។

លោក​យាយ​ជា ណាង​ រស់​នៅ​ភូមិ​បិណ្ឌ​បោរ ​ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ បាន​ឱ្យ​ដឹងអំពី​ជំនឿ​ការ​ដាក់​ទីងមោង​នេះ​ថា ​គឺ​ដើម្បី​ការ​ពារ​ខ្មោច​ព្រាយ​បិសាច​ កុំ​ឱ្យ​មក​យារយី​មនុស្ស​នៅ​ក្នុង​ផ្ទះ​ឬ​ធ្វើ​ឱ្យ​កើត​មាន​ជំងឺ​ផ្សេងៗ។

រូប​ទីងមោង​មាន​សណ្ឋាន​ខុស​ប្លែកៗ​ពី​គ្នា​ទៅ​តាម​ការ​រៀប​ចំ​ ហើយ​ក៏​មិន​ត្រូវ​ការ​ប្រិត​ប្រៀង​រចនា​ឱ្យ​ស្អាត​នោះ​ដែរ​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល​ជា​មិន​ដល់​ទៅ​១​ម៉ោង​ផង ​ក៏​អាច​ធ្វើ​រូប​ទីងមោង​នេះ​បាន​រួច​ជា​ស្រេច​ហើយ​ក៏​មិន​បាច់​ត្រូវ​ការ​ចំណាយ​ថវិកា​អ្វី​ដែល​ដោយ​រូប​ទីងមោង​នេះ​គ្រាន់​តែ​យក​ចំបើង​មក​រុំ​ពី​លើ​ឈើ​ដែល​គេ​បាន​ចង​ផ្គុំ​រួច​ជា​ស្រេច ដែល​មាន​លក្ខណៈ​ជា​ដង​ខ្លួន​ ដៃ​ ជើង​ និង​ក្បាល​បន្ទាប់មក​ គេ​យក​ខោ​អាវ​ចាស់​មក​ស្លៀក​ឱ្យ។

រូប​ទីងមោង​ដែល​មាន​កម្ពស់​ប្រហែល​ជាង​១​ម៉ែត្រ​ ឬ​ក៏​គេ​ហៅ​ថា​ រូប​បន្លាច​គេ​ធ្វើ​ឡើង​មាន​លក្ខណៈ​ ស្រដៀង​ទៅ​នឹង​មនុស្ស​ ហើយ​បើ​សិន​ជា​យើង​មើល​នៅ​ពេល​យប់​ទៀត​នោះ​ វា​រឹត​តែ​ដូច​ទៅ​នឹង​ មនុស្ស​មែន​ទែន​ដែរ។ ក៏​ប៉ុន្តែ​មាន​លក្ខណៈ​ខុស​ទៅ​នឹង​មនុស្ស​ត្រង់​រូប​ទីងមោង​គេ​គូស​មុខ​មាត់​ឱ្យ​ឃើញ​ថា​ មាន​ភាព​អាក្រក់​ និង​កាច​សាហាវ។

មាន​ប្រជា​ជន​ខ្លះ​បាន​ដាក់​តាំង​រូប​ទីងមោង​នេះ​ដោយ​មិន​បាន​ដឹង​ពី​ហេតុ​ផល​ឬ​ប្រសិទ្ធ​ភាព​នៃ​រូប​នេះ​ច្បាស់​លាស់​នោះ​ទេ ​ដោយ​គ្រាន់​តែ​ធ្វើ​ទៅ​តាម​គ្នា​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​ស៊ុន​ ទូច​ រស់​នៅ​ភូមិ​ខ្វាន់​មាស​ ឃុំ​ពុទ្ធ​ស ​ស្រុក​បាទី​ខេត្ត​ តាកែវ​បាន​ឱ្យ​ដឹង​ដែរ​ ថា​ ការ​ដាក់​ទីងមោង​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​តៗ​គ្នា​តែ​ប៉ុណ្ណោះ។

«មីង​មិន​ដែល​ដឹង​រឿង​ដាក់​ទីងមោង​នេះ​ទេ​ តែ​គ្រាន់​ថា ​ឃើញ​គេ​ដាក់​តាម​ហូរ​ហែរ​តាំង​ពី​ណា​ពី​ណី​អញ្ចឹង​មក។​មីង​ក៏​ដាក់​គេ​ទៅ​ឱ្យ​តែ​បាន​សុខ​សប្បាយ​ដាក់​ទៅ​ក្រែង​លោ​ផ្លូវ​ងងឹត​គេ​ដើរ​យប់​ដើរ​អី​អញ្ចឹង​ទៅ​គេ​ខ្លាច​ឃើញ​អញ្ចឹង​ គេ​គេច​គេ​វេស​កុំ​ឱ្យ​ចូល​ផ្ទះ​ចូល​សម្បែង​យើង​ម្ល៉ោះ​ហើយ​យើង​ចេះ​តែ​ដាក់​អញ្ចឹង​ទៅ។មីង​មិន​ដឹង​ដែរ។គេ​ផ្អើល​ដាក់​អី​ដាក់​តាម​គេ​អញ្ចឹង​ទៅ។​ដល់​ដាក់​ទៅ​មិន​ដឹង​យ៉ាង​ម្តេច​ដែរ​ ចេះ​តែ​ដាក់ៗ​ទៅ»។

ថ្វី​ត្បិត​មាន​អ្នក​ខ្លះ​បាន​ដាក់​តាំង​រូប​ទីងមោង​នេះ​នៅ​មុខ​ផ្ទះ​ក៏​ពិត​មែន​ តែ​ក៏​មិន​មាន​ជំនឿ​អ្វី​ទៅ​លើ​រូប​ទីងមោង​នេះ​ដែរ។

ជាក់​ស្តែង​អ្នក​ស្រី​រ៉ា ​ថាវី ​អាយុ​៣០​ឆ្នាំ ​រស់​នៅ​ភូមិ​ពាម ​ឃុំ​ព្រៃស​ ខណ្ឌ​ដង្កោរ​ក្រុង​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ ការ​ដាក់​តាំង​រូប​ទីងមោង​នេះ​គ្រាន់​តែ​ចង់​ដឹង​ថា​ វា​មាន​ប្រសិទ្ធិ​ភាពដូច​ដែរ​គេ​បាន​និយាយ​តៗ​គ្នា​នោះ​មែន ​ឬ​យ៉ាង​ណា។

«ដល់​ពេល​ខ្ញុំ​ដាក់​ទៅ ​វា​នៅ​តែ​មាន​អញ្ចឹង​។ ដូច​ថា ​តាម​ផ្ទះ​តាម​ភូមិ ​មាន​ក្មេង​ក្តៅ មាន​ មនុស្ស​ចាស់​ឈឺ​ទៅ​ពេទ្យ​ទៅ​អី​អញ្ចឹង​។ ដូច​តែ​ពេល​យើង​អត់​ទាន់​ដាក់​ដែរ។ ដូច​អត់​ ឃើញ​មាន​សក្តិ​ សិទ្ធិ​អី​ដែរ​។​ឈប់​ដាក់​ហើយ​ឆ្នាំ​ក្រោយ។ខ្ញុំ​អត់​ដែល​ដាក់​ទេ​ ទើប​តែ​ដាក់​ក្នុង​ឆ្នាំ​នេះ។ ចង់​ដឹង​មើល​តើ​ដូច​គេ​និយាយ​ដែរ​ឬ​អត់។ ដល់​ពេល​យើង​ដាក់​ទៅ​អត់​មាន​សក្តិ​សិទ្ធិ​អី​ទេ។ ទាល់​យើង​ទៅ​ពេទ្យ​បាន​ជា»។

ការ​ដាក់​តាំង​រូប​ទីងមោង​នេះ​គឺ​ជា​ជំនឿ​មួយ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​សុំ​សេចក្តី​សុខ ​ហើយ​នៅ​មាន​ជំនឿ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​តែង​តែ​ធ្វើ​ដូច​ជា​ការ​ទៅ​វត្ត​ស្រោច​ទឹក​ ចង​ខ្សែ​ឬ​ពាក់​ខ្សែ​ចង្កេះ​ដែល​បាន​ប្រសិទ្ធី​អាគម​គាថា​ជា​ដើម។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក​សុខ ​ទូច ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​បាន​ដាស់ ​តឿន​ថា​ មន្ត​អាគម​គាថា​ឬ ​រូប​ទីងមោង​នេះ​មិន​បាន​ជួយ​ការ​ពារ​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​អ្វី​នោះ​ទេ​ ហើយ​ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ពេល​មាន​ជំងឺ​ណា​មួយ​កើត​មាន​ឡើង។

«ខ្ញុំ​មិន​ចង់​ឱ្យ​ការ​ដាក់​ទីងមោង​ទៅ​វា​មធ្យោ​បាយ​សម​ស្រប។ ​អត់​ទេ​វា​គ្រាន់​តែ​ជាផ្លូវ​ចិត្ត​មួយ​ដាក់​ជា​មួយ​គេ​ទៅ។ ប៉ុន្តែ​សំខាន់​គឺ​អត់​ព្យាបាល​បាន​ទេ​អាហ្នឹង​នោះ។​ ប្រជា​ជន​យើង​នៅ​មាន​ជំនឿ​មួយ​ចំនួន​ដែល​យើង​គិត​ជា​វិជ្ជា​សាស្រ្ត​ទៅ​គឺ​ថា មិន​សម​ស្រប។ ប៉ុន្តែ​សំខាន់​គឺ​ថា​ យើង​ត្រូវ​អនុវត្ត​តាម​ក្បួន​វិទ្យា​សាស្រ្ត។ យើង​មិន​ថា មិន​ឱ្យ​គាត់​ធ្វើ​ទេ។ ធ្វើ​ចុះ​ ប៉ុន្តែ​ជា​ពិសេស​ប្រកាន់​អនា​ម័យ ​ទឹក​ ចំណី ​អាហារ​ ហើយ​និង​ការ​ស្វែង​រក​ព្យាបាល​ជា​បន្ទាន់»។

ជំនឿ​ការ​ដាក់​តាំង​រូប​ទីងមោង​នៅ​តាម​មុខ​ផ្ទះ​នេះ​គេ​សង្កេត​ឃើញ​មាន​នៅ​តែ​តាម​ភូមិ​មួយ​ ចំនួន​ដែល​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ និង​ក្រៅ​ពី​ទី​ប្រជុំ​ជន​ខេត្ត​តែ​ប៉ុណ្ណោះ។

លោក​មាច​ ប៉ុណ្ណ​ ទី​ប្រឹក្សា​អម​វិទ្យា​ស្ថាន​ពុទ្ធ​សាសនៈ​បណ្ឌិត្យ​បាន​ឱ្យ​ដឹង​ថា ​ជំនឿ​ដាក់​ តាំង​រូប​ទីងមោង​នៅ​មុខ​ផ្ទះ​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​ដង្កាត់​នោះ​ មាន​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ។​ ក៏​ ប៉ុន្តែ​ការ​ដាក់​តាំង​នេះ​ក៏​មិន​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ការ​ពារ​ជំងឺ​អ្វី​ឡើយ។ នេះ​គ្រាន់​តែ​ជា​ជំនឿ​មួយ​ របស់​ប្រជា​ជន​ក្នុង​សម័យ​កាល​ដែល​វិទ្យា​សាស្រ្ត​មិន​ទាន់​រីក​ចម្រើន​រួម​ផ្សំ​ការ​អប់​រំ​នៅ​មាន​កម្រិត​ទាប​តែ​ប៉ុណ្ណោះ។

ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រជា​ពល​រដ្ឋ​នៅ​តែ​មាន​ជំនឿ​ដាក់​តាំង​រូប​ទីងមោង​នេះ​ទៀត។ លោក​បាន​បញ្ជាក់​ថា ​បណ្តាល​មក​ពី​សេវា​សុខ​ភាព​នៅ​មិន​ទាន់​បាន​សាយ​ភាយ​ទៅ​ដល់​ជន​បទ​ ហើយ​ចំណែក​ការ​អប់​រំ​របស់​ប្រជា​ពល​រដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ។​ ដូច្នេះ​ជំនឿ​នេះ​នឹង​អាច​សាប​ បាត់​បង់​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​ខ្ពស់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG