ណៃបូរី៖ ដោយឥឡូវនេះ ពិធីការទីផ្សាររួមនៃសហគមន៍អាហ្វ្រិកខាងកើត (East African Community Common Market Protocol) ចូលជាធរមានហើយ តំបន់នេះកំពុងស្វែងរកការប្រើប្រាស់រូបិយប័ណ្ណតែមួយ នៅត្រឹមឆ្នាំ២០១២។ មនុស្សជាច្រើន សង្ឃឹមថា ការធ្វើសមាហរណកម្មនេះ នឹងបំបែករនាំងសេដ្ឋកិច្ចនៅទូទាំងតំបន់តែម្តង ប៉ុន្តែមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ មុនពេលដែលក្តីស្រមៃរបស់តំបន់នេះក្លាយជាការពិត។
សមាជិកនៃសហគមន៍អាហ្វ្រិកខាងកើត គឺប្រទេសកេនយ៉ា (Kenya) រ្វាន់ដា (Rwanda) តង់ហ្សានី (Tanzania) ប៊ូរុនឌី (Burundi) និងយូហ្កាន់ដា (Uganda) បានអនុវត្តន៍ជាផ្លូវការនូវពិធីការទីផ្សាររួម កាលពីថ្ងៃទី១ ខែកក្កដា។ អនុលោមតាមពិធីការនេះ តំបន់នេះ សង្ឃឹមថានឹងបើកចំហដល់សក្តានុពលសេដ្ឋកិច្ចនៃប្រភពធនធានធម្មជាតិយ៉ាងធំធេងរបស់ខ្លួន ព្រមទាំង ប្រជាពលរដ្ឋជាង ១៣០លាននាក់ទៀតផង។
ដោយមានការចាប់ផ្តើមទីផ្សាររួម រដ្ឋជាសមាជិកទាំងអស់ បានព្រមព្រៀងបើកព្រំដែនឲ្យគ្នាទៅវិញទៅមក ហើយអនុញ្ញាតិឲ្យទំនិញ និងសេវាកម្មនានា ឆ្លងទៅមក រវាងប្រទេសនីមួយៗ ដោយមិនចាំបាច់បង់ថ្លៃ ឬការរឹតត្បិតអី្វឡើយ។ ពិធីការនេះ ក៏បានដកចេញនូវរបាំងរារាំងប្រជាពលរដ្ឋដែរ ដោយអនុញ្ញាតិឲ្យពលរដ្ឋនៅក្នុងតំបន់នោះ រស់នៅនិងធ្វើការ នៅកន្លែងណាក៏បាន នៅក្នុងអាហ្វ្រិកខាងកើត ដោយមិនចាំបាច់មានលិខិតអនុញ្ញាតិឲ្យធ្វើការងារឡើយ។
ជាសំខាន់ ទីផ្សាររួម គឺជាដំណាក់កាលដំបូងសំរាប់ទស្សនៈវិស័យក្នុងការធ្វើសមាហរណកម្មក្នុងតំបន់។ នៅត្រឹមឆ្នាំ២០១២ សហគមន៍អាហ្វ្រិកខាងកើត សង្ឃឹមថា នឹងអនុវត្តន៍រូបិយប័ណ្ណតែមួយ និងសហភាពរូបិយវត្ថុ សំរាប់រដ្ឋជាសមាជិក។
លោក រូប៊ឺត ស្ហរ (Robert Shaw) អ្នកវិភាគស្តីពីសេដ្ឋកិច្ចរបស់ប្រទេសកេនយ៉ា មានប្រសាសន៍ថា ការធ្វើសមាហរណកម្ម មានអត្ថន័យល្អឥតខ្ចោះសំរាប់អាហ្វ្រិកខាងកើត។
«នៅក្នុងពិភពលោកមួយដែលមានការប្រទាក់ប្រទងគ្នា ប្រទេសតែមួយគត់ ហើយជាពិសេស ប្រទេសអាហ្វ្រិកតែមួយគត់ ដែលមានសេដ្ឋកិច្ចតូចតាចមែនទែន វាមានអត្ថន័យខ្លាំងសំរាប់ប្រទេសនោះ ក្នុងការប្រែក្លាយទៅជាប្លុកធំជាងមុន ដោយឈរលើហេតុផលពីរយ៉ាងគឺ ទីមួយ សក្តានុពលសំរាប់ធ្វើពាណិជ្ជកម្មនៅក្នុងប្លុកនោះ គឺល្អណាស់ ហើយយើងបានឃើញភាពល្អនោះហើយ។ យើងបានឃើញភាពល្អនោះ សូម្បីតែនៅពេលមានវិធានការមិនប្រាកដប្រជា ដែលកើតមានកាលពីពេលកន្លងទៅក៏ដោយ។ ការធ្វើពាណិជ្ជកម្មដែលចេះតែកើនឡើង រវាងប្រទេសកេនយ៉ា យូហ្កាន់ដា តង់ហ្សានី និងក្នុងកម្រិតតិចជាងនេះ ប្រទេសរ្វាន់ដា ។ល។ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ វាមានអត្ថន័យណាស់។ ចំណុចទីពីរ គឺថា កាលណាទីផ្សាររបស់អ្នកកាន់តែធំជាងមុន នោះគឺថា នឹងមានភាពទាក់ទាញជាងមុនដល់វិនិយោគទុន ទាំងក្នុងស្រុក ទាំងអន្តរជាតិ»។
អ្នកវិនិយោគទុន បានកត់សម្គាល់ឃើញសក្តានុពលរបស់តំបន់នេះរួចហើយ។ បើយោងតាមរបាយការណ៍វិនិយោគទុនរបស់ពិភពលោកក្នុងឆ្នាំ២០១០ (2010 World Investment Report) នៃអង្គការសហប្រជាជាតិ តំបន់នេះ បានទទួលវិនិយោគទុនបរទេសមានទឹកប្រាក់ជាង២ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៩ តែមួយគត់។ បន្ទាប់ពីទីផ្សាររួម ចាប់ផ្តើមប្រតិបតិ្តការភ្លាម ប្រទេសទួរគី បានប្រកាសថា ខ្លួននឹងបង្កើតតំបន់ដំណើរការនាំចេញ នៅក្នុងសហគមន៍អាហ្រ្វិកខាងកើត ដើម្បីពង្រីកពាណិជ្ជកម្មជាមួយតំបន់នេះ។
ការសន្យាស្តីពីទីផ្សារថ្មីនេះ ក៏កំពុងទាក់ទាញប្រទេសថ្មីៗជាច្រើនទៀតដែរ។ ប្រទេសស៊ូដង់ភាគខាងត្បូង ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងក្លាយទៅជារដ្ឋឯករាជ្យមួយ បន្ទាប់ពីការធ្វើប្រជាមតិក្នុងខែមករានេះ។ ក្រុមអ្នកវិភាគ ដូចជាលោក រូប៊ឺត ស្ហរ ជឿជាក់ថា រដ្ឋថ្មីនេះ នឹងជ្រើសរើសយកការចូលរួមជាមួយសហគមន៍អាហ្រ្វិកខាងកើតនេះហើយ ដែលហៅកាត់ថា EAC។
ប៉ុន្តែ មានឧបសគ្គជាច្រើន ដើម្បីជម្នះឲ្យបាន មុនពេលដែលរូបិយប័ណ្ណអាហ្វ្រិកខាងកើតតែមួយ អាចក្លាយទៅជាការពិតបាន។
ទីផ្សាររួម បានចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែលោក ស្ហរ កត់សម្គាល់ឃើញថា នៅមានឧបសគ្គជាច្រើនទៀត ដែលរារាំងដល់ការអនុវត្តន៍ដ៏ពេញលេញ។ គ្រប់សមាជិករបស់ EAC ទាំងអស់ យល់ព្រមជាគោលការណ៍ ចំពោះផលប្រយោជន៍នៃការពង្រីកទីផ្សារ ប៉ុន្តែមានទស្សនៈខុសប្លែកគ្នាមួយចំនួន ដើម្បីសម្រេចកិច្ចការនេះ។
ខណៈដែលប្រទេសកេនយ៉ា និងរ្វាន់ដា បានចាត់វិធានការរួចហើយ ដើម្បីលុបបំបាត់តម្រូវការលិខិតអនុញ្ញាតិធ្វើការងារ សំរាប់ពលរដ្ឋអាហ្វ្រិកខាងកើត ប្រទេសយូហ្កាន់ដា រ្វាន់ដា និងប៊ូរុនឌី បានរក្សាទុកតម្រូវការនោះ។ រដ្ឋាភិបាលយូហ្គាន់ដា ក៏បានគាំទ្រចំពោះលិខិតអនុញ្ញាតិធ្វើការងារសំរាប់តំបន់ ជាជាងការលុបចោលទាំងស្រុងតែម្តង។
ហើយបើទោះជាមានការលុបបំបាត់ទិដ្ឋាការសំរាប់ពលរដ្ឋនៅក្នុងតំបន់ហើយក៏ដោយ ក៏មនុស្សជាច្រើន នៅតែទទួលរងនូវការដាក់កម្រិតនៅតាមព្រំដែននៅឡើយ។
ប៉ុន្តែ មនុស្សជាច្រើន នៅក្នុងសហគមន៍អាហ្វ្រិកខាងកើត នៅតែមានជំនឿថា សហភាពរូបិយវត្ថុមួយ អាចសម្រេចទៅបាននៅឆ្នាំ២០១២។
លោក អាល់លយ មូតាប៊ីងវ៉ា (Alloys Mutabingwa) ជាអគ្គលេខាធិការរងរបស់ EAC បានប្រាប់វីអូអេ ថា កំណែទម្រង់រួមនៅក្នុងតំបន់ នឹងបង្កើតមូលដ្ឋានគ្រឹះសំរាប់រូបិយប័ណ្ណរួម។
«ទិសដៅនោះ ស្តាប់ឭទៅហាក់ដូចជាមានមហិច្ឆិតាធំ ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា យើងនឹងសម្រេចបាន។ ដើម្បីធ្វើឲ្យរូបិយប័ណ្ណរួម មានដំណើរការទៅប្រកបដោយប្រសិទ្ធិភាព យើងកំពុងពិនិត្យមើលរឿងសំខាន់បីយ៉ាង ដែលត្រូវបំពេញ។ ទីមួយ គឺទីផ្សាររួម ដែលត្រូវតែមានប្រសិទ្ធិភាព។ ទីពីរ គឺការច្របាច់បញ្ចូលគ្នានូវគោលនយោបាយសេដ្ឋកិច្ចធំៗរបស់យើងភាគច្រើន។ ទីបី គឺផ្នែកខាងច្បាប់។ ច្បាប់គ្រប់គ្រងលើទីផ្សាររួម គឺត្រូវធ្វើសមាហរណកម្ម»។
បើយោងតាមលោក មូតាប៊ីងវ៉ា សមាជិករបស់ EAC នឹងចាប់ផ្តើមការចរចានាពេលឆាប់ៗនេះ ដើម្បីបង្រួបបង្រួមគោលនយោបាយរបស់តំបន់ ទាក់ទងទៅនឹងទីផ្សារ។ អគ្គលេខាធិការរងរូបនោះក៏បានប្រាប់វីអូអេផងដែរថា យន្តកម្មទាំងឡាយ ដូចជាវិទ្យាស្ថានរូបិយវត្ថុរបស់សហគមន៍អាហ្វ្រិកខាងកើត កំពុងត្រូវបានបង្កើតឡើង ដើម្បីដឹកនាំដំណើការសមាហរណកម្ម និងត្រួតពិនិត្យទៅលើការបង្កើតរូបិយប័ណ្ណរួម។
ប្រសិនបើសហភាពរូបិយវត្ថុ ត្រូវបានបង្កើតឡើង វាជាជំហានមួយឆ្ពោះទៅកាន់កិច្ចការប្រកបដោយមហិច្ឆិតាកាន់តែធំជាងមុន។
ទិសដៅដែលបានបញ្ជាក់ហើយនៃសហគមន៍អាហ្វ្រិកខាងកើត គឺត្រូវបង្កើតសហព័ន្ធនយោបាយមួយ នៅត្រឹមឆ្នាំ២០១៥។ ខណៈដែលសេចក្តីសង្ឃឹមចំពោះរដ្ឋដែលបានស្នើឡើងនេះ មានរាប់ចាប់តាំងពីសហភាពតាមគំរូនៅអឺរ៉ុប ទៅដល់ប្រទេសអាហ្វ្រិកខាងកើតមួយដែលត្រូវបានធ្វើសមាហរណកម្មដ៏ពេញលេញ ក្រុមអ្នកសង្កេតការណ៍ ជឿជាក់ថា សហព័ន្ធនេះ អាចជាអ្នកដឹកនាំសេដ្ឋកិច្ច និងនយោបាយមួយ នៅក្នុងទី្វបអាហ្វ្រិក។
ប៉ុន្តែ ជោគជ័យរបស់សហព័ន្ធនេះ គឺពឹងផ្អែកទៅលើជោគជ័យ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ប្រសិនបើ ទីផ្សាររួម និងសហភាពរូបិយវត្ថុ ត្រូវបានអនុវត្តន៍ដ៏ត្រឹមត្រូវ កត្តាទាំងពីរនេះអាចបង្កើតឲ្យមានប្រទេសថ្មីមួយ នៅលើទី្វបនេះ៕
ប្រែសម្រួលដោយ លី សុខឃាង