ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិក្ខា​សាលា​«សិល្បៈ​ជាសាក្សី»​ជួយ​សម្រួល​ផ្លូវចិត្ត​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម


У Малі перебувають близько 4 тисяч французьких військових.
У Малі перебувають близько 4 тисяч французьких військових.

វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​បាន​រៀបចំ​កម្មវិធី​«សិល្បៈជាសាក្សី»ដើម្បីជួយ​សម្រួល​ផ្លូវចិត្ត​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម។​ កម្មវិធី​នេះ​រៀបចំ​ឡើង​នៅ​សមាគម​គ្រួសារ​ខ្មែរ​នៅ​ទីក្រុង​ Santa Ana ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក។

«ខ្ញុំ​ឲ្យតែ​និយាយ​រឿង​ក្នុង​សម័យ​ប៉ុល ពត ចេញ​ទឹកភ្នែក​ហើយ»។

«ម្តាយ​ខ្ញុំ​ស្លាប់ បងប្រុស​ខ្ញុំ​ស្លាប់»។

«ប្តីខ្ញុំ​ស្លាប់​បាត់​ទៅ នៅតែ​បី​នាក់​កូន​ទេ នៅ​ជំនាន់​ប៉ុល ពត»។

អម្បាញ់មិញ​នេះ​ជា​សំឡេង​របស់​អ្នក​ចូលរួម​សិក្ខា​សាលា «សិល្បៈជាសាក្សី»​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៧ ខែ​មេសា​ដោយ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជូន​ដល់​ជន​រងគ្រោះ ​របបខ្មែរក្រហម​ ដែល​រស់នៅ​សហ​រដ្ឋ​អាមេរិក។

នេះ​ជា​កម្មវិធី​«សិល្បៈជាសាក្សី»​លើក​ទីបី​ដែល​លោកស្រី​សាស្រ្តាចារ្យ​បណ្ឌិត នូ លក្ខិណា នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា (ASRIC)និង​សិល្បៈករ អ៊ុក ព្រំសុតន់ សហការ​ជាមួយ​សមាគមគ្រួសារ​ខ្មែរ បាន​យក​ការ​គូរ​គំនូរ និង ការ​រាំរបាំ​សិល្បៈ​ជួយ​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​កម្ម​វិធី​យ៉ាង​ដូច្នេះ​ថា៖

«ដូច្នេះ​កម្ម​វិធី​យើង​ធ្វើ​ហ្នឹង ចង់​ឲ្យ​បងប្អូន​ខ្មែរ​យើង​ ពិសេសជន​រង​គ្រោះ​កុំ​ឲ្យ​គាត់​យល់​ថា​ គាត់អត់​មាន​អំណាច​អ្វីៗ។​គាត់​គូរ​ហ្នឹង​ យើង​ចង់​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​មាន​អំណាច​ ព្រោះអី​គាត់​នៅ​ស្ងាត់​នៅ​ស្ងៀម រោគ​ដែល​ឆ្លងកាត់​ខ្មែរក្រហម​ហ្នឹង​ របួស​ហ្នឹង​វា​រីកឡើង។ ដូច្នេះ​យើង​ធ្វើ​ហ្នឹង​ យើង​ចង់​ព្យាបាល​គាត់»។

ផ្នែក​ទីមួយ​នៃ​សិក្ខាសាលា​នេះ​គឺ​ផ្តោត​ទៅ​លើ​គំនូរ ដោយ​នៅ​ក្នុង​នោះ អ្នក​ចូលរួម​ត្រូវ​បាន​ណែនាំ​ឲ្យ​គូរ​រូបភាព​ដែល​គាត់​អាច​នឹក​ឃើញ​ពី​សម័យ​ប៉ុល ពត​មិន​ថា​ ជា​រូប​អ្វី​ក៏​ដោយ តាំងពី​ការ​ធ្វើ​ទារុណ​កម្ម​រហូត​ទៅ​ដល់ រូប​មនុស្ស​ដែល​គាត់​អាច​ចងចាំ។

ផ្នែក​ទីពីរ គឺ​ផ្តោត​ទៅ​លើ​ការ​កម្សាន្ត។

លោក អ៊ុក ​ព្រំសុតន់​ជា​ Artist in Residence​ មាន​ន័យថា ​សិល្បៈករ​ប្រចាំ​នៅ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា បាន​សម្តែង​របាំ​បុរាណ​ជូន​ជន​រងគ្រោះ​ទស្សនា​ជា​ការ​កម្សាន្ត និង​ បង្រៀន​អ្នក​ទាំងអស់​នោះ​ឲ្យ​ស្គាល់​ពីអត្ថន័យ​នៃ​ក្បាច់​នីមួយៗ។

បើ​ទោះបីជា​អ្នកស្រី​ នូ លក្ខិណា បាន​មក​រស់​នៅ​សហ​រដ្ឋ​អាមេរិក​តាំងពី​អាយុ​បីឆ្នាំ ហើយ​មិន​ធ្លាប់​បាន​ឆ្លង​កាត់​របប​ខ្មែរក្រហម​ក៏ដោយ ក៏​អ្នកស្រី​គិត​ថា​ អ្នកស្រី​មាន​កាតព្វ​កិច្ច​ជួយ​ប្រជា​ពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ចូលរួមដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា​ សាលាក្តី​ខ្មែរក្រហម។

នេះជាហេតុ​ជំរុញ​ឲ្យ​អ្នក​ស្រី​បង្កើត​នូវ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​នេះ​ឡើង។ អ្នកស្រី​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖ «អង្គការ ASRIC​ (វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា) ហ្នឹង​គឺ​ជា​អង្គការ​ស្រាវជ្រាវ​ខាង​សុខភាព​សង្គម​ ហើយ​យើង​ខ្ញុំ​ជា​សាស្ត្រាចារ្យ​ខាង​សង្គម​វិទ្យា ​ខ្ញុំ​ចង់​យក​បច្ចេក​ទេស​ខាង​សង្គម​វិទ្យា​ហ្នឹង​ជួយ​អប់រំ​សង្គម​ហើយ​នឹង​ជួយ​ផ្លូវ​ចិត្ត​សង្គម​យើង​ ជាពិសេស»។

អ្នកស្រី​ជា ឡាច ដែល​ធ្លាប់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខ្មែរក្រហម បាន​មក​ចូលរួម​កម្ម​វិធី​គូរ​គំនូរ ហើយ​បាន​ឲ្យ​ដឹង​ថា​ គាត់​មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ គាត់​នៅ​មាន​អារម្មណ៍​ភិតភ័យ នឹក​ឃើញ​ពី​អតីត​កាល។ ហើយ​សព្វថ្ងៃ​នេះ​គាត់ ត្រូវ​ទទួល​ទាន​ថ្នាំ​រំងាប់​អារម្មណ៍​ ដើម្បី​កុំឲ្យ​គាត់​គិត​ច្រើន។​គាត់​បាន​ពណ៌នា​រូប​គំនូរ​របស់​គាត់​យ៉ាង​ដូច្នេះ​ថា៖ «អុំគូរ​រូប​អុំទៅ​ធ្វើការ ​ហើយ​អត់បាយ​ យំ។​ យំ​ហើយ​មាន​កូន​ទៅ​តាម​ពីក្រោយ ហើយ​យើង​ពិបាក​ចិត្ត។ នេះ​ឆ្អឹង​យើង​អត់មាន​អីញ៉ាំ យើង​ស្គម ស្បែក​ដណ្តប់​ឆ្អឹង»។

លោក អ៊ុក ព្រំសុតន់ក៏​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​លោក​បាន​បញ្ចូល​សិល្បៈ​នៅ​ក្នុង​ការ​ជួយ​ជន​រងគ្រោះ​ទាំងអស់​នេះ​ដែរ៖

«នេះ​ជា​កម្ម​វិធី​បឋម ដូច្នេះ​យើង​មិន​ទាន់ដឹង​លទ្ធផល​យ៉ាងណា​ទេ​ ប៉ុន្តែ​តាម​ប្រវត្តិ​ជា​ច្រើន​ទសវត្ស​មក​ហើយ​ សិល្បៈ​ជា​វិធី​ស្វែងរក​សេចក្តី​សុខដមរមនា​ផ្លូវ​ចិត្ត​ច្រើន​ជំនាន់។​ ខ្ញុំ​មិន​ទាន់​ប្រាកដ​ថា​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ ខិត​ជិត​ស្ថាន​ភាព​សុខដម​ផ្លូវ​ចិត្ត តាមរយៈ ចម្រៀង​និង​សិល្បៈ​នៅ​ឡើយ​ទេ។​ ពួក​គាត់​មិន​មាន​វិធី​បង្ហាញ​អារម្មណ៍​របស់​គាត់​ទេ»។

ទូទាំង​សហ​រដ្ឋ​អាមេរិក តាម​រយៈ​វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​ អ្នកស្រី​នូ លក្ខិណា​បាន​ប្រមូល​ផ្តុំអ្នក​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម ហើយ​បង្រៀន​ឲ្យ​ពួក​គាត់​បាន​ដឹង​និង​យល់​ពី​ប្រព័ន្ធ​ច្បាប់ និង​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ចូលរួម​ចំណែក​ជាមួយ​សាលាក្តី​ដើម្បី​ផ្តន្ទាទោស​ដល់​មេ​ដឹកនាំ​របប​ខ្មែរក្រហម។

រហូត​ដល់​ពេល​នេះ​ វិទ្យាស្ថាន​សិក្សា​សង្គម​កម្ពុជា​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដាក់ពាក្យបណ្តឹងចំនួន១៧០ច្បាប់ ដែលក្នុងនោះចំនួន​៤៣ច្បាប់​ត្រូវ​បាន​តុលាការ​ទទួល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ​ក្នុង​សំណុំ​រឿង​០០២​កាត់ទោស​មេ​ដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ដែល​មាននួន​ ជា ខៀវ សំផង អៀង សារី និងអៀង ​ធីរិទ្ធ​ដែល​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់ទោស។

សូម​បញ្ជាក់​ថា ​រហូត​មក​ដល់ពេល​នេះ ជន​រងគ្រោះ​បាន​គូរ​រូប​ជាង​១៥០​ផ្ទាំង ក្នុងនោះ​ជាង​៥០​ផ្ទាំង​គូរ​នៅ​ថ្ងៃនេះ។ អ្នកស្រី​នូ​ លក្ខិណា​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​រៀប​ចំ​ពិព័រណ៍​អំពី​គំនូរ រូបថត​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត​របស់​ជន​រងគ្រោះ​ទាំងអស់​នៅ​ប្រទេស​ខ្មែរ ហើយ​រៀបចំ​វិចិត្រ​សាល​តម្កល់​ភស្តុតាង​ទាំងនេះ​ផង៕

XS
SM
MD
LG