រដ្ឋធានីវ៉ាស៊ីនតោន៖ ការបាញ់យ៉ាងកម្រោលនៅរដ្ឋអារីហ្សូណា(Arizona) ដែលបណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ ហើយនឹង១៤នាក់របួសបានបញ្ឆេះម្ដងទៀតឲ្យមានសេចក្ដីព្រួយបារម្ភអំពីសន្ដិសុខសម្រាប់អ្នកនយោបាយ។ ក្រុមរដ្ឋអាជ្ញារបស់រដ្ឋាភិបាលបានចាត់ទុកការវាយប្រហារនេះថា ជាការប៉ុនប៉ងធ្វើឃាតស្ដ្រីអ្នកតែងច្បាប់រដ្ឋ អារីហ្សូណា ម្នាក់ដែលត្រូវរបួសជាទម្ងន់។ ការផ្ដល់សន្ដិសុខជូនសមាជិកសភាជារឿងលំបាកផ្នែកភស្ដុភារហិរញ្ញវត្ថុនិងនយោបាយ។
នៅពេលដែលលោកស្រីតំណាងរាស្ដ្រ ហ្កាប្រ៊ីអ៊ែល ហ្គៀហ្វ័រដស៍(Gabrielle Giffords) ត្រូវបានបាញ់នោះ ស្ទើរតែគ្មានសន្ដិសុខទេ ពីព្រោះសមាជិកភាគច្រើននៃសភា គ្មានការផ្ដល់ជូនសន្ដិសុខ ឬមួយមិនចង់បាន។ ក៏ប៉ុន្ដែក្រោយពីឧបទ្ទវហេតុ នៅក្នុងរដ្ឋអារីហ្សូណា មកមានសំណួរចោទសួរអំពីសេចក្ដីត្រូវការសន្ដិសុខ ទាំងលទ្ធភាពអាចមានវិធានការថ្មី ការពារសន្ដិសុខជូនដល់អស់លោក លោកស្រីបាន ដែរឬទេ ជាពិសេសនៅពេលដែលគេស្ថិតនៅក្នុងសង្កាត់ ហើយនឹងរដ្ឋរបស់គេ។
លោក ចូ ឡាសរសា (Joe LaSorsa) អតីតភ្នាក់ងារស៊ើបការសម្ងាត់ ដែលបម្រើការងារការពារយ៉ាងដិតដល់ជូន លោកប្រធានាធិបតី រ៉ូណាល់ រីហ្កែន (Ronald Reagan) និយាយថា អ្នកនយោបាយ មិនចូលចិត្ដរស់នៅក្នុងអ្វីដែលហៅថា ពពុះគឺការហ៊ុំព័ទ្ធដោយសន្ដិសុខទេ ពីព្រោះគេមានអារម្មណ៍ថា ការធ្វើដូច្នេះកាត់ផ្ដាច់គេឲ្យដាច់ចេញពីអ្នកបោះឆ្នោត។
«នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ អ្នកនយោបាយរបស់យើង មានតម្រូវការចេញទៅក្រៅ ចាប់ដៃស្វាគមន៍មនុស្ស។ គេមានតម្រូវការចេញទៅក្រៅ ជួបជាមួយមនុស្ស។ ហើយជាប្រពៃណីមកហើយ គេមានទម្លាប់មិនទទួលរងគ្រោះដោយអំពើហិង្សាក្នុងចំនួនយ៉ាងច្រើនលើសលប់ ដែលមានគោលដៅទៅលើបុគ្គលផ្សេងៗ ជាពិសេសបុគ្គលដូចជា សមាជិកសភាតំណាងរាស្ដ្រ ហើយនឹងសមាជិកព្រឹទ្ធសភា ទេ។ ក៏ប៉ុន្ដែដោយបុគ្គលមួយចំនួនស្ថិតនៅទីកន្លែងផ្សេងៗ នៅក្នុងសង្គមរបស់យើង ដែលមានជម្ងឺផ្លូវចិត្ដ អ្នកនយោបាយទាំងនោះប្រឈមមុខទល់នឹងលទ្ធភាពអាច ទទួលរងគ្រោះមួយកម្រិតច្រើនថែមទៀត ជាងកាលពីពេលមុនៗ»។
សមាជិកសភា បានចំណាយពេលវេលាច្រើន នៅក្នុងមណ្ឌលឈរឈ្មោះ របស់គេ ជាជាងនៅរដ្ឋធានីវ៉ាស៊ីនតោន(Washington)ដោយសារតែសេចក្ដីត្រូវការរៃអង្គាសប្រាក់ ចាយវាយទៅលើមុខចំណាយ តម្លៃ ដែលកំពុងតែរីកធំឡើង សម្រាប់ធ្វើយុទ្ធនាការ។ ឥឡូវនេះ គេមានការងាយស្រួលនឹងអញ្ជើញទៅមណ្ឌលរបស់គេ ជាងលើកមុនៗ ដោយសារប្រព័ន្ធដឹកជញ្ជូន មានតម្លៃថោកជាង ហើយងាយស្រួលទៅជាងមុន។
លោក ឡាសរសាដែលមានរបរបង្ហាត់ហ្វឹកហ្វឺនអង្គរក្ស និយាយថា ការគ្រាន់តែផ្ដល់ជូនអង្គរក្ស ដល់សមាជិកសភា ធ្វើឲ្យពួកគេមានអារម្មណ៍ខុសថាគេមានសន្ដិសុខ។
«គឺជាកម្រិតមានផាសុកភាពដែល គេគិតថាគេបានទទួល នៅពេលដែលគេជួលបុគ្គលម្នាក់ឲ្យជូនដំណើរអមគេ។ រួចហើយគេគិតថា « ឱ! នែ ឥឡូវនេះ ខ្ញុំមានសន្ដិសុខហើយ ដូច្នេះខ្ញុំមិនអីទេ»។ នែ៎! វាមិនមែនជាករណីដូចនេះរហូតនោះទេ។ លោកអ្នកមាន សន្ដិសុខមែន។ លោកអ្នកមាន វត្ដមានអង្គរក្សមែន។ លោកអ្នកមាន មនុស្សម្នាក់ ជូនដំណើរអម។ ក៏ប៉ុន្ដែនេះមិនមែនមានន័យថា ទោះបីមានកិច្ចការពារទាំងនេះក្ដី លោកអ្នកមិនក្លាយទៅជាគោលដៅវាយប្រហារ នោះទេ ពីព្រោះលោកអ្នកមិនដឹងទេថា តើការវាយប្រហារមកពីទីណា»។
ក៏ប៉ុន្ដែក្រុមអ្នកជំនាញការផ្នែកសន្ដិសុខចង្អុលឲ្យឃើញថា ទោះបីជាមានការស៊ើបអង្កេតមុនក៏ដោយ ក៏ការស៊ើបអង្កេតនេះ មិនអាចរកអត្ដសញ្ញាណអ្នកត្រូវគេអះអាងថាជាអ្នកបាញ់ ដូចជា ចារេដ ឡូវណឺរ (Jared Loughner) ឃើញដែរ ដោយមកពីគាត់មិនមានប្រវត្ដិគំរាមកំហែង ទៅលើលោកស្រីតំណាងរាស្ដ្រហ្គៀហ្វ័រដស៍ទេ។ ក៏ប៉ុន្ដែចរិយាចម្លែករបស់ ឡូវណឺរ បណ្ដាលឲ្យគាត់ត្រូវបណ្ដេញចេញពីមហាវិទ្យាល័យសហគមន៍ក្នុងតំបន់។
ប៉ូលីសវិមានកាពីតូល ផ្ដល់ការការពារសន្ដិសុខគ្រប់ពេលវេលា ជូនក្រុមថ្នាក់ដឹកនាំសភាតំណាងរាស្ដ្រ។ ប៉ូលីសនោះជាកងកម្លាំងដែលការពារអាគារ វិមានកាពីតូលនិងបរិវេណជុំវិញ។ សមាជិកជាន់ក្រោមនៃសមាជិកសភា អាចស្នើសុំការការពារសន្ដិសុខ បើគេយល់ថាគេទទួលរងការគំរាមកំហែង។ ក៏ប៉ុន្ដែ នៅក្នុងករណីជាច្រើន សមាជិកសភា មានការការពារសន្ដិសុខ នៅក្នុងមណ្ឌល នៃរដ្ឋរបស់គេ ពីអ្នកប្រតិបត្ដិច្បាប់បើគេស្នើសុំ។ ក្រុមអ្នកវិភាគជឿថា ការស្នើសុំដូច្នេះ នឹងកើតមានឡើងជាញឹកញាប់ជាងមុន ដោយសារតែការបាញ់នៅក្នុងរដ្ឋអារីហ្សូណានេះ៕
ប្រែសម្រួលដោយអ្នកស្រីកង ស៊ីវន។