ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​លោក​ឌិន ពុទ្ធី ​នៅក្រៅ​ឃុំ


រូបភាព​ដក​ស្រង់​ចេញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​លោក​វរសេនីយ៍​ត្រី​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត (ឆ្វេង) ដួល​នៅ​មុខ​រថយន្ត និង​លោក​ ឌិន​ ពុទ្ធី​ (ស្តាំ) ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ជាប់​ខ្នោះ​ពី​ការ​ចោទ​ប្រកាន់​ថា​បាន​បើករថ​យន្ត​បុក​មន្ត្រី​នគរបាល​រូប​នោះ។
រូបភាព​ដក​ស្រង់​ចេញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​លោក​វរសេនីយ៍​ត្រី​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត (ឆ្វេង) ដួល​នៅ​មុខ​រថយន្ត និង​លោក​ ឌិន​ ពុទ្ធី​ (ស្តាំ) ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ជាប់​ខ្នោះ​ពី​ការ​ចោទ​ប្រកាន់​ថា​បាន​បើករថ​យន្ត​បុក​មន្ត្រី​នគរបាល​រូប​នោះ។

កាល​ពី​ថ្ងៃ​ទី២២​ ខែធ្នូ​ ឆ្នាំ​២០១៦ ​លោក​វរសេនីយ៍​ត្រី​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ បាន​រារាំង​រថយន្ត​របស់​លោក ឌិន ពុទ្ធី មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ​ បន្ទាប់​ពី​មាន​ការ​ប៉ះ​សម្ដី​គ្នា​ពាក់​ព័ន្ធ​នឹង​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់។

សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​ឲ្យ​លោក ឌិន ពុទ្ធី ​ដែល​រង​ការ​ចោទ​ថា​បើករថ​យន្ត​បុក​ម​ន្ត្រី​នគរបាល​មួយ​រូប​ឈ្មោះ ឈាន ពិសិដ្ឋ ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

កាល​ពី​ថ្ងៃ​ទី២២​ ខែធ្នូ​ ឆ្នាំ​២០១៦ ​លោក​វរសេនីយ៍​ត្រី​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ បាន​រារាំង​រថយន្ត​របស់​លោក ឌិន ពុទ្ធី មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ​ បន្ទាប់​ពី​មាន​ការ​ប៉ះ​សម្ដី​គ្នា​ពាក់​ព័ន្ធ​នឹង​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់។​

ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​ឃើញ​លោក​ ឈាន ពិសិដ្ឋ ​រារាំង​រថយន្ត​របស់​លោក​ ឌិន​ ពុទ្ធី​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ​បាន​ថត​វីដេអូ​ជា​ឃ្លីប​ខ្លីៗ​បង្ហាញ​ថា​ លោក​ ឈាន​ ពិសិដ្ឋ​ បាន​ដួល​ដោយ​ខ្លួនឯង​នៅ​មុខ​រថយន្ត​របស់​លោក​ ឌិន​ ពុទ្ធី ​ក្នុងពេល​ដែល​រថយន្ត​ស្ទើរ​តែ​មិន​វិលកង់​ទៅមុខ​ផង។

ក្រោយ​ពេល​លោក ឈាន​ ពិសិដ្ឋ ដួល​ពី​មុខ​រថយន្ត​ លោក ឌិន ពុទ្ធី​ នៅ​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ថៃ​ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត​រួច​មក​ ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​ បាន​ឃាត់​ខ្លួន​ប្រធាន​សមាគម​រូប​នោះ​ហើយ​បញ្ជូន​ទៅ​តុលាការ។

ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចោទ​ប្រកាន់​លោក ឌិន​ ពុទ្ធី ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែ​មករា​នេះ ​ប្រធាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ​លោកងួន រតនា ​បាន​សម្រេច​ដោះលែង​លោក ឌិន ពុទ្ធី ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ ​និង​សវនាការ​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ជា​បន្ត​ក្រោយ​ពី​ស្តាប់​សំអាង​ហេតុ​របស់​មេធាវី​ការពារ​ក្តី។ ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ដោយ​គ្មាន​វត្តមាន​របស់​លោក ឌិន ពុទ្ធី ​នេះ​ធ្វើ​ឡើង​តាម​បណ្តឹង​ទាស់​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឌិន ពុទ្ធី​ ដែល​ប្តឹងសុំ​ឲ្យ​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ។

លោក ទូច ថារិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ ​ប្រាប់​ VOA​ ថា ​ប្រធាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​លោក ឌិន ពុទ្ធី នៅ​ក្រៅ​ឃុំ ដោយ​យោង​តាម​សំអាង​ហេតុ​របស់​មេធាវី។​

លោក គីម សុជាតិ ​មេធាវី​ការពារក្តី​ឲ្យ​លោក ឌិន ពុទ្ធី ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​ថា​ លោក​បាន​លើក​ពី​សំអាង​ហេតុ​ប្រាប់​តុលាការ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​គ្រួសារ​របស់​លោក ឌិន ពុទ្ធី។ លោកថា ​លោក ឌិន ពុទ្ធី​ នឹង​គោរព​តាម​លក្ខខណ្ឌ​ដែល​តុលាការ​បាន​កំណត់​ ដោយ​ចូល​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​ឲ្យ​ចូល​របស់​តុលាការ​គ្រប់​ពេល​មិន​ផ្លាស់​ប្តូរ​ទីលំនៅ​ និង​មិន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម។

លោក គីម សុជាតិ ​ប្រាប់​ VOA ​បន្ថែម ​ដោយ​លោក​រំពឹង​ថា ​កូន​ក្តី​របស់​លោក​នឹង​ត្រូវ​រួច​ផុត​ពីការ​ចោទ​ប្រកាន់ក្នុង​សំណុំ​រឿង​មួយ​នេះ​ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​កូនក្តី​របស់​លោក​នៅ​ក្រៅឃុំ ។

លោក​បញ្ជាក់​ថា៖ «ការ​សម្រេច​នេះ​គឺ​ដូចជា​ភ្លើង​ខៀវ​អញ្ចឹង ​ព្រោះ​អី​ដំបូង​ឡើង​រឿង​ហ្នឹង​ហាក់​បី​ដូចជា​តឹងតែង ​ដូចជា​ធ្ងន់ធ្ងរ​ណាស់​ ប៉ុន្តែ​ចុង​បញ្ចប់​មក​ដល់​ពេល​នេះ​ឃើញ​ដូចជា​ស្ថានភាព​វា​ធូរ​ស្រាល​វិញ។ សភា​ស៊ើបសួរ​ព្រឹក​មិញ​ក៏​យល់​លើស្ថានភាព​អញ្ចឹង​ដែរ​ គឺ​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ អញ្ចឹង​ការ​ដែល​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​ក៏​អាច​បើក​ទៅ​ដល់​ថ្ងៃ​ចុង​ក្រោយ​សំណុំ​រឿង​បិទ​ការ​ស៊ើបសួរ​ដែរ។​ ប្រសិន​ជា​ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​ គាត់​ពិនិត្យ​ទៅ​លើ​ភស្តុតាង ទៅ​លើ​អង្គហេតុ​ពិត​ប្រាកដ ដែល​យើង​បាន​ស្នើ​និង​ភាគី​ពាក់ព័ន្ធ​បាន​បំភ្លឺ​ ខ្ញុំ​ជឿ​ថា​គាត់​អាច​រួច​ផុត​ពី​បទ​ចោទ»។

មុន​សវនាការ​សាលា​ឧទ្ធរណ៍​ប៉ុន្មាន​ថ្ងៃ ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សួន​ បវរ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​លោក ឈាន ពិសិដ្ឋ ​គួរតែ​ត្រូវ​ផ្លាស់ប្តូរ​ចេញ​ពី​ទីតាំង​ឈរ​ជើង​នៅច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍​ ហើយ​ថា​លោក​ចង់​ឲ្យ​នគរបាល​រូប​នោះ​សម្រប​សម្រួល​ជាមួយ លោក ឌិន ពុទ្ធី​ ដើម្បី​បញ្ចប់​សំណុំ​រឿង​ដែល​រងការ​រិះគន់​មួយ​នេះ។

VOA ​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ លោក សួន បវរ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​បាន​ទេ។

លោក​ ស៊ុំ ចាន់​គា​ មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​អ្នក​ឃ្លាំ​មើល​សំណុំ​រឿង​នេះ​ ប្រាប់ VOA ​ថា ​លោក​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ដែល​ឲ្យ​លោក ឌិន ពុទ្ធី នៅ​ក្រៅ​ឃុំ​នោះ​ទេ។​

លោក​បន្ថែម​ថា ចំណាត់​ការ​របស់​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន​លោក ឌិន ពុទ្ធី ​មាន​ភាព​ឆាប់​រហ័ស ​និង​យោង​តាម​តែ​ឯកសារ​ផ្សេងៗ​របស់​សមត្ថកិច្ច តែ​មិន​ព្រម​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​ពី​សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​ និង​វីដេអូ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម។​

លោក​បញ្ជាក់​ថា៖ «មិនមាន​ជា​អ្វី​ដែល​យើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ឬក៏​អបអរ​សាទរ​ទេ ដោយ​សារ​តែ​យើង​មាន​ការ​ខក​បំណង​ច្រើន​ទាក់ទង​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​លឿន​ពេក​ បើសិនជា​គ្មាន​ការ​អន្តរាគមន៍ ​គ្មាន​ប្រជាពល​រដ្ឋ​ហ្នឹង​ស្រែក ​ឬ​ក៏​រិះគន់​យ៉ាង​ខ្លាំង​ដល់​រាប់​ម៉ឺននាក់​ ទាំង​ក្រៅ​ទាំង​ក្នុង​ប្រទេស ​ទាំង​បរទេស​ផង ​ថា​តើ​តុលាការ​ហ្នឹង​បាន​ពិនិត្យ​មើល​ខ្លួន​ឯង​ទេ បាន​ឆ្លុះកញ្ចក់​ខ្លួន​ឯងទេ បាន​អី​ទេ?»។

ក្រុម​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​រិះគន់​ថា លោក​ ឈាន ពិសិដ្ឋ​ បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់ ​និង​បាន​ចែក​រំឡែក​វីដេអូ​ឃ្លីប​នានា​ ដែល​បង្ហាញ​ពី​ការ​សម្តែង​ការ​ធ្វើ​ត្រាប់​តាម​ លោក​ ឈាន​ ពិសិដ្ឋ ថា​ជា​ការ​ធ្វើ​ពុត​រត់​បុក​រថយន្ត៕

XS
SM
MD
LG