ក្រុមតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងសកម្មជនគណបក្សប្រឆាំងមួយរូប ដែលត្រូវបានតុលាការកម្ពុជាសម្រេចឃុំខ្លួនក្រោម«បទញុះញង់ និងជេរប្រមាថជាសាធារណៈ និងពិន័យជាប្រាក់ចំនួនជាង៣០០០ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែល VOA ទទួលបាននៅថ្ងៃចន្ទ។
សេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សចុះនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បញ្ជាក់ឲ្យដឹងថា លោក គង់ ម៉ាស់ សមាជិកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយនោះ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ក្នុងទីក្រុងភ្នំពេញ។ ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងរូបនេះធ្វើឡើង បន្ទាប់ពីលោកបានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយអំពីការយកពន្ធដោយសហភាពអឺរ៉ុបលើអង្ករកម្ពុជា។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាតំណាងរាស្ត្រមួយរូបរបស់សភាប្រទេសម៉ាឡេស៊ី ត្រូវបានស្រង់សម្តីក្នុងន័យដើមថា៖
«ការឃុំខ្លួនលោក គង់ ម៉ាស់ គឺជាសកម្មភាពមួយផ្សេងទៀតនៃការគាបសង្កត់ខាងនយោបាយដោយរដ្ឋាភិបាលកម្ពុជា។ វាគួរឲ្យតក់ស្លុតណាស់នៅពេលគិតដល់មនុស្សម្នាក់ដែលអាចប្រឈមមុខការជាប់ពន្ធនាគារជាច្រើនឆ្នាំចំពោះរឿងដែលគ្មានបានការសោះ តែជាការបង្ហោះមួយលើបណ្តាញសង្គមហ្វេសប៊ុកដែលមិនបង្កបញ្ហាអ្វីសោះនោះ»។
លោក Charles Santiago បានបន្ថែមទៀតថា លោកគង់ ម៉ាស់ត្រូវតែទទួលបានសេរីភាពមកវិញជាបន្ទាន់ ហើយរាល់ការចោទប្រកាន់ប្រឆាំងនឹងលោកត្រូវទម្លាក់ចោល។
ទំព័រហ្វេសប៊ុក ដែលគេជឿថាជាគណនីរបស់លោកគង់ ម៉ាស់ សរសេរថា ទឹកទីមួយ!សហភាពអ៊ឺរ៉ុបបានសម្រេចជំហ៊ានដំបូងដាក់ទណ្ឌកម្មដោយការយកពន្ធជិត២០០ដុល្លារសម្រាប់ការនាំអង្ករកម្ពុជាមួយតោនចូលទៅផ្សារអឺរ៉ុប។
លោកគង់ ម៉ាស់ អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀង ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃពុធ ដោយចោទថា ព្យាយាមផ្តួលរំលំរដ្ឋាភិបាល។
អាជ្ញាធរកម្ពុជាបានព្យាយាមបង្កើនការហាមឃាត់មិនឲ្យមានការពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប តាំងពីខែតុលាឆ្នាំមុន នៅពេលសហភាពអឺរ៉ុបបានប្រកាសថា ខ្លួននឹងចាប់ផ្តើមដំណើរការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មឈ្មោះ«អនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬ EBA ដោយសំដៅទៅលើកំណត់ត្រាមិនល្អនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីថ្ងៃទី១៧ខែមករាកន្លងទៅ គឺមួយថ្ងៃក្រោយការចាប់ខ្លួនលោកគង់ ម៉ាស់នោះ រដ្ឋាភិបាលកម្ពុជាបានព្រមានសាធារណជនមិនឲ្យចែកចាយព័ត៌មាន«ក្លែងក្លាយ»ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម EBA នោះទេ។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ត្រូវបានស្រង់សម្តីក្នុងន័យដើមថា៖
«ការចាប់ខ្លួននេះបានបង្ហាញយ៉ាងច្បាស់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅមានបញ្ហាធ្ងន់ធ្ងរនៅឡើយ ហើយដោយហេតុនោះ ពិភពលោកមិនត្រូវបានធ្វើឲ្យចាញ់ការបោកបញ្ឆោត ដោយសម្បទានណាមួយ ដែលផ្តល់ដោយលោកហ៊ុន សែន ចាប់តាំងពីការបោះឆ្នោតមកនោះទេ»។
លោកបានបន្ថែមថា៖
«អាជ្ញាធរកម្ពុជានឹងធ្វើកិច្ចការឲ្យបានប្រសើរជាងនេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្ស ដែលបានលើកឡើងសហភាពអឺរ៉ុបពីដើមទីមក ជាជាងព្យាយាមបំបិទមិនឲ្យមានការពិភាក្សាអំពីបញ្ហា EBAនេះ»។
VOA មិនទាន់អាចទាក់ទងលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេនៅថ្ងៃអង្គារនេះ។
យ៉ាងណាក្តី លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា គ្មានស្ថាប័នណាមួយអាចជ្រៀតជ្រែកសេចក្តីសម្រេចដោយឯករាជ្យរបស់តុលាការបានទេ។
លោកបានប្រាប់ VOA តាមសារទូរសព្ទក្នុងន័យដើមថា៖
«តុលាការពិនិត្យ និងចាត់ការរឿងក្តីដោយឯករាជ្យ ហើយសម្រេចសេចក្តីដោយឆន្ទានុសិទ្ធិ ដោយមិនចំណុះភាគីរឿងក្តីនោះឡើយ ហើយក៏មិនសម្រេចតាមការអន្តរាគមន៍ពីបុគ្គលណាមួយឡើយ»។
លោកបានបន្ថែមថា៖
«សូមលោកជ្រាប និងយល់ឲ្យបានច្បាស់អំពីឯករាជ្យភាព និងអំណាចសម្រេចសេចក្តីរបស់តុលាការចៀសវាងនូវសំណួរដែលអាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីសម្រេចរបស់តុលាការ»។
លោកអំ សំអាត ប្រធានការិយាល័យស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) មានប្រសាសន៍ថា តុលាការគួរពិចារណាបែងចែករវាងបញ្ហាសេរីភាពនៃការបញ្ចេញមតិ និងការប្រព្រឹត្តបទល្មើស មុនពេលតុលាការសម្រេចឃុំខ្លួនបុគ្គលណាមួយ ដោយគ្រាន់តែការបង្ហោះសារបញ្ចេញយោបល់លើបណ្តាញសង្គមហ្វេសប៊ុក។
«ករណីនេះ តុលាការលោកគួរតែពិនិត្យ ពិចារណាឲ្យបានច្បាស់លាស់ទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិ និងបទល្មើសដើម្បីធ្វើយ៉ាងណាឲ្យមានការស្របទៅតាមការធានានូវរដ្ឋធម្មនុញ្ញនៅប្រទេសយើង ដោយបទដ្ឋានអន្តរជាតិ ជាពិសេសកតិកាសញ្ញាស្តីពីពលរដ្ឋ និងសិទ្ធិនយោបាយ ហើយបើមិនអ៊ីចឹងទេ នៅតែទទួលនូវការរិះគន់ ហើយបញ្ហាទាំងអស់នេះ គេនឹង សហគមន៍អន្តរជាតិ គេអាចនឹងលើកបន្តទៅទៀតអំពីការឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ នៅក្នុងប្រទេសកម្ពុជា ដែលប្រទេសយើង ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនោះ»។
សេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីថ្ងៃសៅរ៍ទី១៩ខែមករាឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនលោកគង់ ម៉ាស់ទៅឃុំ មុនការកាត់ទោស។ ប៉ូលិសបានចោទគាត់ពីបទជេរប្រមាថជាសាធារណៈ តាមមាត្រា៣០៧នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមមាត្រា៤៩៥ ជាបទចោទទូទៅដែលជាញឹកញាប់ត្រូវបានប្រើដើម្បីបង្ក្រាបសកម្មជនទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋាភិបាលនៅប្រទេសកម្ពុជា។ លោកអាចជាប់ពន្ធនាគារដល់ទៅពីរឆ្នាំ។
ការចាប់ខ្លួនលោកគង់ ម៉ាស់ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសសម្លាប់គណបក្សប្រឆាំង ប្រសិនបើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដោយការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធមកលើការនាំចូលទំនិញកម្ពុជាទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់ឲ្យដឹងទៀតថា ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាកាន់តែអាក្រក់ទៅ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ គណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់តាមតែអំពើចិត្តដោយសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ដោយបើកឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជារបស់លោកឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨។ ការបោះឆ្នោតនោះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាទូទៅថា ជាការបោះឆ្នោត«ក្លែងក្លាយ»៕