លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃអង្គារនេះ បានស្នើសុំដល់ក្រសួងស្ថាប័នរដ្ឋាភិបាលទាំងអស់ឱ្យធ្វើការកំណត់តម្លៃសេវាកម្មរដ្ឋភិបាលរបស់ខ្លួន ដើម្បីជៀសវាងការប្រព្រឹត្តអំពើពុករលួយ។
សំណើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងអង្គភាពប្រឆាំងអំពើពុករលួយជាមួយតំណាងជាង១០០នាក់ មកពីក្រសួងស្ថាប័នរដ្ឋាភិបាលនៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅក្នុងកិច្ចនេះថា ការបង្កើតតារាងកំណត់តម្លៃសេវាកម្មរដ្ឋបាល នេះសំដៅធ្វើឱ្យស្របច្បាប់នូវកម្រៃសេវាកម្មទាំងអស់ ហើយអង្គភាពប្រឆាំងអំពើពុករលួយ និងយកតារាងកំណត់តម្លៃសេវាកម្មនោះ ទៅធ្វើការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច។
«រឿងការលុបបំបាត់រឿងយកប្រាក់ក្រៅផ្លូវការនេះ ជារឿងមួយធំ និងស្មុគស្មាញ។ ប៉ុន្តែយើងជឿជាក់ថា យើងអាចធ្វើបាន។ យើងរួមគ្នាដោះស្រាយ (អំពើពុករលួយ) ដោយបីជំហ៊ាន៖ ទី១ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមជនបង្គោល និងប្រធានស្ថាប័ននីមួយៗ រួមគ្នាកំណត់តម្លៃសេវា ហើយសូមប្រគល់មកឱ្យខាងយើងខ្ញុំពិនិត្យពិចារណា»។
លោក គឹម សួរភិរិទ្ធ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថាផែនការរបស់លោកឱម យិនទៀង នេះល្អ ប៉ុន្តែការអនុវត្តផែនការនេះនឹងមិនមានប្រសិទ្ធិភាពទេ។
«ខ្ញុំគិតថាផែនការដែលលោក ឱម យិនទៀង បានប្រជុំល្អ ប៉ុន្តែសំខាន់ត្រង់ប្រសិទ្ធភាពក្នុងការអនុវត្តមានកម្រិតប៉ុន្មាន ពីព្រោះយើងឃើញថារដ្ឋាភិបាលបច្ចុប្បន្នមិនមែនអត់មានវិធានការ ផែនការនយោបាយ ឬច្បាប់ទម្លាប់ទេ មានច្រើនណាស់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ និងការជម្រិតទារប្រាក់ក្រៅផ្លូវការ។ ប៉ុន្តែប្រសិទ្ធភាពក្នុងការអនុវត្តមានទាបបំផុត។ ការឆ្លើយតបមក យើងមិនអាចទទួល យកបាន។ អញ្ចឹង ខ្ញុំគិតថា ការមានផែនការគ្រាន់តែមានទៅ ប៉ុន្តែការរំពឹងទុកថា ប្រសិទ្ធភាព ដែលត្រឡប់មកបានវិញ គឺយើងខ្ញុំអត់មានរំពឹងទុកទេ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។ ជាពិសេសអំពើពុករលួយ យើងឃើញថាអំពើពុករលួយខ្លះមានភស្តុតាង ប៉ុន្តែមិនទាន់បានចាត់វិធានការ»។
លោកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការឯករាជ្យប្រឆាំងអំពើពុករលួយនៅកម្ពុជា បានថ្លែងថាការកំណត់តម្លៃសេវាកម្មរដ្ឋបាលនេះគឺជាជំហានវិជ្ជមានឆ្ពោះទៅរកការលុបបំបាត់អំពើពុករលួយនៅតាមក្រសួងស្ថាប័នរបស់រដ្ឋាភិបាល។
«ខ្ញុំគាំទ្រការរៀបចំរបស់គាត់។ យើងនឹងតាមដានរាល់នីតិវិធីអនុវត្តន៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័នដទៃទៀត ដែលជាសមត្ថកិច្ចដែរ។ ការអនុវត្តជាក់ស្តែងទៅនឹងការសន្យា និងការប្តេជ្ញាចិត្ត»។
របាយការណ៍របស់ទីភ្នាក់ងារបានរាយការណ៍ កាលពីឆ្នាំថ្មីៗនេះថា កម្ពុជាបានបាត់បង់ចំណូលរហូតដល់៥០០លានដុល្លារក្នុងមួយឆ្នាំដោយសារតែអំពើពុករលួយ។ ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជាបានចូលជាធរមាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១១៕