ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិកស្រាបៀរអង្គរធ្វើកូដកម្មប្រឆាំងការដកបុគ្គលិកដែលជួយកូនចៅ


​រូប​ឯកសារ​៖ អ្នក​បម្រើ​ការ​ក្នុង​ហាង​ម្នាក់​ចាក់​ស្រាបៀរ​ជូន​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៩ ខណៈ​ដែល​ទូរទស្សន៍​កំពុង​ផ្សាយ​ពី​សាលា​ក្តី​ខ្មែរ​ក្រហម។
​រូប​ឯកសារ​៖ អ្នក​បម្រើ​ការ​ក្នុង​ហាង​ម្នាក់​ចាក់​ស្រាបៀរ​ជូន​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៩ ខណៈ​ដែល​ទូរទស្សន៍​កំពុង​ផ្សាយ​ពី​សាលា​ក្តី​ខ្មែរ​ក្រហម។

ការតវ៉ារបស់កម្មករបានចាប់ផ្តើមឡើង កាលពីថ្ងៃសៅរិ៍កន្លងទៅ បន្ទាប់ពីក្រុមហ៊ុនបានដកលោកលឹម រ័ត្ន ដែលក្រុមសហជីពអះអាងថា ជាអ្នកការពារកូនចៅក្រោមបង្គាប់របស់លោក។

កម្មករ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ជាង​៤០០​នាក់​ កាលពី​ថ្ងៃ​ច័ន្ទ​ បានបន្ត​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ការងារ​ដល់​អ្នក​គ្រប់​គ្រង​ឃ្លាំង​ស្តុក​ស្រាបៀរ​ម្នាក់​គឺ​លោក​លឹម រ័ត្ន ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការងារ ​ដោយ​ក្រុម​ហ៊ុន​ចោទ​អ្នក​គ្រប់គ្រង​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។​

ការ​តវ៉ា​របស់​កម្មករ​ក៏​មាន​បំណង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​របស់​សហជីព​ដែរ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​តំណាង​នៃ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា។​

ការ​តវ៉ា​របស់​កម្មករ​បាន​ចាប់​ផ្តើម​ឡើង​ កាលពី​ថ្ងៃសៅរិ៍​កន្លងទៅ​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដក​លោក​លឹម រ័ត្ន​ ដែល​ក្រុម​សហជីព​អះអាង​ថា​ ជា​អ្នក​ការពារ​កូន​ចៅ​ក្រោម​បង្គាប់​របស់​លោក។

លោក​ខែម ម៉ៅ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ប្រចាំ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​ស្ថិត​ក្នុង​ខណ្ឌមិត្តភាព​ ក្រុង​ព្រះសីហនុ​ បាន​ប្រាប់​ VOA​ កាលពី​យប់​ថ្ងៃ​ច័ន្ទថា​ កម្មករ​បាន​ផ្ទុះ​កំហឹង​ប្រឆាំង​ការ​ដកលោក​ លឹម រ័ត្ន​ ដែល​ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ក្រុម​កម្មករ​បាន​និយាយ​ថា​ ពួកគេ​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​ ហើយ​ថា​ លោក​លឹម រ័ត្ន ​ត្រូវ​តែ​ទទួល​ការងារ​របស់​លោក​ ក្នុង​មុខ​នាទី​ដដែល​វិញ។​

លោក​បញ្ជាក់​ទៀត​ថា​ កម្មករ​ក៏​ទាម​ទារ​ឲ្យ​ដក​លោក​ Wai K. Vong​ អគ្គនាយក​ក្រុមហ៊ុន​ដែល​ត្រូវ​កម្មករ​អះអាង​ថា​ មាន​ចិត្ត​ចង្អៀត​ចង្អល់​ជាមួយ​កម្មករ​នោះ។​

«ទីមួយ​ហ្នឹង​គឺ​ទាម​ទារ​ចាំចាច់​គឺត្រូវ​តែ​ឲ្យ​លឹម រ័ត្ន​ ហ្នឹង​ចូល​ធ្វើការ​វិញ​ ហើយ​ដោយ​រក្សា​តំណែង​របស់​គាត់​ ការងារ​របស់​គាត់​ដូច​ដើម​អញ្ចឹង​ណ៎ា ​ហើយ​ទីពីរ​ គឺ​ចាំបាច់​ត្រូវ​តែ​ដក​ Wai K. Vong​ ហ្នឹង​ចេញ​ពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ហ្នឹង​ឲ្យ​ផុត​ អត់​ អត់​អាច​ទទួល​យកវិញ​បាន​ទេ​ ព្រោះ​អី​គាត់​ជា​មនុស្ស​ផ្តាច់ការ​ ហើយ​គាត់​ជា​ និយាយ​រួម​ទៅ​គាត់ ការងារ​គាត់​ហ្នឹង​គឺ​គាត់​ផ្តាច់​ការ​ពេញ​ទំហឹង​តែម្តង​ មិន​ដែល​មាន​នរណា​ហ៊ាន​តមាត់។​ សូម្បី​តែ​កម្មករ​ គ្រាន់​តែ​មិន​បាច់​ចាំ​ដល់​ឃើញ​មុខ​ទេ​ គ្រាន់​តែ​ក្រឡេក​ឃើញ​ក្បាល​ឡាន​បត់​មក​ កម្មករ​រត់​គេច​ពួន​អស់​ហើយ»។​

លោក​ខែម ម៉ៅ បាន​បន្តថា​ កូដ​កម្ម​របស់​កម្មករ​ក៏ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាត់​វិភាគ​ទាន​បង់​ចូល​ទៅ​សហជីព​តាម​គណនេយ្យ​ធនាគារ​ ផ្តល់​អាហារ​មួយ​ពេល​ដល់​កម្មករ និង​បញ្ឈប់​ការ​រើស​អើង​មក​លើ​សហជីព។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​យ៉ូវ​ ខេមរា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ​ ដែល​ចូលរួម​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​បាន​ទេ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។​

ក្រុមហ៊ុន​ស្រាបៀរ​ខេមប្រ៊ូវ​ត្រូវ​គេ​រាយ​ការណ៍​កាលពី​ពេល​កន្លង​មក​ថា ជា​អ្នក​មាន​ចំណែក​ភាគហ៊ុន​ក្នុងការ​កសាង​ទំនប់​វារី​អគ្គិសនី​ដន សាហុង​ ដ៏​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​ឡាវ។ ​ទំនប់​វារីអគ្គិសនី​នេះ​មាន​កម្រិត​២៦០​មេហ្គាវ៉ាត់​ ​ហើយ​ត្រូវ​គេ​រាយ​ការណ៍​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៦លាន​នាក់​ ដែល​រស់នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប។​

លោក​ឆេង សុភ័ក្រ្ត​ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ស្រាបៀរ​ខេមប្រ៊ូវ​បាន​ប្រាប់​ VOA​ ថា​ ការ​ចរចា​រវាង​ក្រុមហ៊ុន​ និង​កម្មករ​បាន​ចាប់​ផ្តើម​ ហើយ​ថា​ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​លើ​ចំណុច​មួយ​ចំនួន​ទាក់​ទិន​ការ​បញ្ឈប់​ការរើស​អើង​សហជីព​ និង​ការ​ផ្តល់​អាហារ​ដល់​កម្មករ។​ លោក​បញ្ជាក់​បន្ថែម​ថា​ ចំណុច​ដែលមិន​ទាន់​ត្រូវ​គ្នា​នោះ​គឺ​ការ​ទទួល​យក​លោក​លឹម រ័ត្ន ​មក​វិញ​ និង​ការ​ដក​លោក​ Wai K. Wong។

លោក​អះអាង​ថា​ ក្រុមហ៊ុន​នឹង​ពន្លឿន​ការ​បញ្ចប់​ទំនាស់​នេះ​ ដោយ​ក្រុមហ៊ុន​នឹង​ទៅ​រក​ជំនួយ​ផ្លូវ​ច្បាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ដើម្បី​ពិចារណា​លើ​ការ​ទទួល​លោក​លឹម រ័ត្ន ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។​

«ធម្មតា​ពេល​ដែល​យើង​មាន​ជម្លោះ​កើត​ឡើង ​ឬមួយ​ក៏​វិវាទ​កើតឡើង​ វាតែង​តែ​ខាត​បង់​ប្រយោជន៍​ទាំង​អស់​គ្នា​ ទាំង​កម្មករ​ ទាំង​និយោជក​ ទាំង​និយោជិក​ គឺ​ខាត​ទាំង​អស់​គ្នា​ទេ។​ អញ្ចឹង​គឺ​ឆន្ទៈ​របស់​យើង​គឺ​ព្យាយាម​ដោះ​ស្រាយ​ឲ្យ​បាន​លឿន​កាលណា​គឺ​វា​ល្អ​កាល​ហ្នឹង»។​

លោក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក​ Wai K. Wong ​ជាមនុស្ស​មាន​ចិត្ត​ចង្អៀត​ចង្អល់។​ លោក​និយាយ​ថា​ សកម្មភាព​ជិះជាន់​កម្មករ ដូចជា​ទាសករ​មិន​មាន​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ទេ។​

យ៉ាង​ណាក៏ដោយ​ ក្រុម​សហជីព​និយាយ​ថា​ ពួកគេ​នឹង​បន្ត​ការ​ធ្វើ​កូដកម្ម​ រហូត​ទាល់​តែការ​ទាមទារ​របស់​ពួក​គេ​មាន​ដំណោះ​ស្រាយ៕​

XS
SM
MD
LG