កាលពីពេលថ្មីៗនេះ ប្រទេសហ្គីណេ (Guinea) ដែលជាប្រទេសផលិតរ៉ែបុកស៊ីតកំពូលរបស់ពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរុករករ៉ែជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីប្រទេសនេះវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ ដែលក្រុមអ្នកវិភាគ និយាយថា ប្រទេសនេះ អាចប្រញាប់ប្រញាល់អភិវឌ្ឍវិស័យរ៉ែដែលរកប្រាក់ចំណូលបានច្រើនរបស់ខ្លួន។
ក្រុមហ៊ុនរ៉ែដ៏ធំរបស់ប្រទេសអូស្រ្តាលី ឈ្មោះ រីយ៉ូធីនតូ (Rio Tinto) បានយល់ព្រមបង់ប្រាក់ចំនួន៧០០លានដុល្លារ ទៅឲ្យប្រទេសហ្គីណេ ដើម្បីសុំសិទ្ធជីករ៉ែដែក នៅក្នុងប្លុកចំនួនពីរនៃជួរភ្នំស៊ីម៉ានឌូ (Simandou) នៅភាគខាងត្បូង របស់ប្រទេសនេះ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ខ្សែរថភ្លើងថ្មីមួយ និងកំពង់ផែ នឹងត្រូវសាងសង់ឡើង ដើម្បីដឹកជញ្ជូនរ៉ែពីអណ្តូងរ៉ែ នៅពេលដែលក្រុមហ៊ុននេះ ចាប់ផ្តើមផលិត ប្រហែលនៅត្រឹមឆ្នាំ២០១៥។
លោក មហាមេឌ ឌៀរី (Mohamed Diare) រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ហ្គីណេ បានសរសើរកិច្ចព្រមព្រៀងនេះ ថាជាសញ្ញាមួយ ដែលភ័ព្វសំណាងរបស់ហ្គីណេ កំពុងចូលមកដល់ហើយ។
លោក ឌៀរី បានថ្លែងថា ហ្គីណេ បើកចំហរសម្រាប់ការចរចាជាមួយក្រុមហ៊ុនរុករករ៉ែដទៃទៀត ដែលនឹងបង្កលទ្ធភាពដល់ប្រទេសនេះ ក្នុងការដោះស្រាយសេចក្តីត្រូវការយ៉ាងធំធេង និងស្របច្បាប់របស់ប្រជាពលរដ្ឋ ខណៈដែលជំរុញដល់ការអភិវឌ្ឍ នៅតាមវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ហ្គីណេ ចង់ជំរុញឲ្យបានលឿន ក្នុងការសម្រេចចុងក្រោយទៅលើច្បាប់រុករករ៉ែរបស់ខ្លួន ដើម្បីធានាឲ្យប្រាកដថា ក្រុមហ៊ុនផ្សេងៗទៀត ដែលកំពុងធ្វើប្រតិបត្តិការរួចហើយនៅក្នុងតំបន់គោរពតាមវិធានថ្មីនេះ។
ក្រុមហ៊ុនរីយ៉ូធីនតូ ធ្លាប់គ្រប់គ្រងប្លុកស៊ីម៉ានឌូទាំងអស់ ប៉ុន្តែ ត្រូវបានដកហូតពាក់កណ្តាលនៅផ្នែកខាងជើង កាលពីឆ្នាំ២០០៨។ បន្ទាប់ពីជួបភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនខែថាតើក្រុមហ៊ុននេះនឹងអាចបាត់បង់ផ្នែកពាក់កណ្តាលទៀតឬក៏អត់នោះ កិច្ចព្រមព្រៀងថ្មី បានអនុញ្ញាតឲ្យក្រុមហ៊ុននេះ បន្តប្រតិបតិ្តការ និងត្រួសត្រាយផ្លូវឲ្យមានការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារថែមទៀត។
ហ្គីណេ កំពុងងើបចេញពីភាពចលាចលអស់រយៈពេលយ៉ាងយូរ បន្ទាប់ពីរដ្ឋប្រហារមិនបង្ហូរឈាមមួយក្នុងឆ្នាំ២០០៨ បានបង្កឲ្យមានការគ្រប់គ្រងយ៉ាងវឹកវររបស់ក្រុមយោធា អស់រយៈពេលពីរឆ្នាំ។ ប្រទេសនេះ បានរៀបចំការបោះឆ្នោតដ៏ជោគជ័យ កាលពីចុងខែធ្នូ ដោយបង្កើតឲ្យមានការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យឡើងវិញ។
រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកប្រធានាធិបតី អាល់ហ្វា ខុនដេ (Alpha Conde) បានចោទប្រកាន់អតីតរដ្ឋាភិបាលយោធា ពីបទលួចថវិការដ្ឋ ហើយបានសន្យាថានឹងពាំនាំមកនូវវិបុលភាពប្រសើរជាងមុន សម្រាប់ប្រជាពលរដ្ឋដ៏ក្រីក្រភាគច្រើន។
ឥឡូវនេះ ហ្គីណេ ចង់ទាញគុណប្រយោជន៍ចេញពីប្រភពធនធានដ៏សម្បូរហូរហៀររបស់ខ្លួន ជាពិសេសធនធានរ៉ែ ដែលមានចំនួន៧០ភាគរយនៃការនាំចេញរបស់ប្រទេសនេះ។
ក្រុមអ្នកវិភាគ យល់ស្របថា កិច្ចព្រមព្រៀងនេះ អាចជាសញ្ញានៃការផ្លាស់ប្តូរដ៏ពិតប្រាកដ។
លោក មហាមេដ គូរូម៉ា (Mohamed Kourouma) សេដ្ឋវិទូជាតិហ្គីណេ មានប្រសាសន៍ថា ប្រទេសនេះ នឹងធានាអះអាងសាជាថ្មីដល់ក្រុមវិនិយោគិន នៅក្នុងវិស័យរ៉ែ និងលើកកម្ពស់មុខមាត់របស់ប្រទេស ថាជាប្រទេសមួយដែលកិច្ចសន្យាពិតប្រាកដ អាចត្រូវបានចុះហត្ថលេខាដោយគ្មានការស៊ីសំណូក ឬពុករលួយឡើយ។
តែទោះយ៉ាងណា មនុស្សមួយចំនួន ព្រមានថា វាជាការឆាប់រហ័សពេកក្នុងការនិយាយថាតើ ការណ៍នេះ នឹងនាំមកនូវកំណែទម្រង់ទូលំទូលាយជាងមុនដែរឬទេ។ លោក អាប៊ូបាបខារ ឌីយ៉ាឡូ (Aboubabcar Diallo) ជាអ្នកសារព័ត៌មានដែលរិះគន់កិច្ចព្រមព្រៀងនោះ។
លោក ថ្លែងថា កិច្ចព្រមពៀងនេះ បានបង្ហាញឲ្យឃើញពីលទ្ធភាព ដែលថាប្រភពធនធានទាំងអស់របស់ហ្គីណេ អាចដាក់ឲ្យដេញថ្លៃសម្រាប់ក្រុមអ្នកដេញថ្លៃក្នុងកម្រិតខ្ពស់បំផុត ដោយបើកចំហរប្រទេសសម្រាប់សង្គ្រាមនៃការដេញថ្លៃ។
លោក ហ្វីលីព ដឺប៉ុងតេ (Philippe de Pontet) នាយកក្រុមយូរ៉េស៊ី (Eurasia Group) ប្រចាំទ្វីបអាហ្វ្រិក ថ្លែងថា មានហេតុផលដែលត្រូវប្រយ័ត្នប្រយែង ប៉ុន្តែជារួមគឺថា នេះជាជំហានវិជ្ជមានមួយ។
«ជាការណ៍ពិតណាស់ រដ្ឋាភិបាល នឹងមិនចុះទៅតាមមាគ៌ានៃអស្មៈមិករ (ឬហៅថាការដកហូតកម្មសិទ្ធិ) ឬប្រកាន់ភាពជាតិនិយមលើប្រភពធនធាននោះទេ ប៉ុន្តែកំពុងស្វែងរកភាពឈ្នះឈ្នះ ទៅលើសក្តានុពលនៃភោភទ្រព្យរ៉ែដែក រ៉ែបុកស៊ីត និងរ៉ែមាស យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រទេសនេះទៀតផង»។
លោក ដឺប៉ុងតេ ថ្លែងថា ប្រសិនបើក្រុមវិនិយោគិន ពិនិត្យឃើញដំណើរការចរចាឡើងវិញដទៃទៀត មានភាពរលូនទៅមុខ នេះជាវិធីសាស្ត្រដ៏ល្អសម្រាប់ប្រទេសហ្គីណេ ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបានមកពីរ៉ែរបស់ខ្លួន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដោយរាប់បញ្ចូលទាំង ផ្លូវរថភ្លើង កំពង់ផែ និងផ្លូវថ្នល់ ជាដើម៕
ប្រែសម្រួលដោយ លី សុខឃាង