ពីខែកុម្ភៈ ឆ្នាំ២០០៦ ដល់ខែសីហា ឆ្នាំ២០១១ គឺជាងប្រាំឆ្នាំហើយ ដែលសាលាក្តីខ្មែរក្រហមគាំទ្រដោយ អង្គការសហប្រជាជាតិ បានដំណើរការរបស់ខ្លួន ដើម្បីកាត់ទោសជនសង្ស័យចំនួនពីរក្រុមគឺអតតីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិតយ៉ាងតិច ១លាន៧សែននាក់នៅក្នុងរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ ប៉ុន្តែសាលាក្តីខ្មែរក្រហមទើបតែបានកាត់ក្តីសំណុំរឿង០០១ ដែលជារឿងក្តី កាំង ហ្គិចគាវ ហៅ ឌុចដែលជាអតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១។
ជនជាប់សង្ស័យរូបនេះ តំណាងឲ្យអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក៏ប៉ុន្តែរឿងក្តីនេះកំពុងស្ថិតនៅក្នុងការរង់ចាំការប្រកាសសាលដីកាជាស្ថាពរនៅឡើយ។ ដោយឡែក រឿងក្តីបន្ទាប់គឺរឿងក្តី០០២ដែលសំខាន់បំផុតនោះកំពុងស្ថិតក្នុងដំណាក់កាលមួយដែលគេរំពឹងថាប្រឈមនឹងការពន្យារពេលម្តងហើយម្តងទៀត។
លោក ត្រាញ់ តូនីប្រធានស្តីទីនៃរដ្ឋបាលសាលាក្តីខ្មែរក្រហមមានប្រសាសន៍នៅក្នុងខែនេះ នៅក្នុងរាជធានីភ្នំពេញថា រឿងក្តី០០២ ដែលមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ នឹងត្រូវបើកសវនាការពេញអង្គសេចក្តីនៅចុងឆ្នាំ២០១១នេះ។ ផ្ទុយទៅវិញ ប្រភពដែលគៀកបំផុតនឹងសាលាក្តីខ្មែរក្រហមបានបង្ហើបឲ្យដឹងថា ការកាត់ទោសពេញអង្គសេចក្តីនៃអតីតមេដឹកនាំកំពូលខ្មែរក្រហមដ៏ជរាទាំងបួននាក់នោះនឹងត្រូវធ្វើឡើងរហូតដល់ខែឧសភាឆ្នាំ២០១២។
ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានផ្តល់ការវិភាគផ្នែកច្បាប់ថា អង្គជំនុំជម្រះសាលាដំបូងសាលាក្តីរបស់ខ្មែរក្រហមនឹងត្រូវបើកសវនាការស្តីពីចំណោទបញ្ហាសុខភាពសម្រាប់ជនជាប់ចោទ នួន ជា អាយុ ៨៥ឆ្នាំ និងអៀង ធីរិទ្ធ អាយុ ៧៩ឆ្នាំនៅចុងខែសីហានេះ។ បន្ទាប់ពីសវនាការនោះ សាលាដំបូងនឹងត្រូវការរយៈពេលបួនខែ ដើម្បីចេញសេចក្តីសម្រេចរបស់ខ្លួន ហើយក្រោយពីសេចក្តីសម្រេចនោះភាគីនានាមានសិទ្ធិប្តឹងឧទ្ធរណ៍រយៈពេល៣០ថ្ងៃ។ ដូច្នេះ ប្រសិនបើមានបណ្តឹងឧទ្ធរណ៍ពីភាគគីនានានេះ ទោះបីសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងយ៉ាងណាក៏ដោយ វានឹងស៊ីពេលសរុបអស់រយៈពេលប្រាំខែគឺមានន័យថា ការប្តឹងឧទ្ធរណ៍នឹងអាចប្រព្រឹត្តិទៅនៅខែមករា ឆ្នាំ២០១២។ ប្រភពដដែលបញ្ជាក់ថា សាលាដំបូងទំនងដោះលែងលោកស្រ្តី អៀង ធីរិទ្ធ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយដាក់អ្នកស្រី អៀង ធីរិទ្ធ ឲ្យស្ថិតក្នុងការឃុំឃាំងនៅក្នុងផ្ទះ ដោយមានការឃ្លាំមើល ឬក៏ឋិតក្នុងមន្ទីរពេទ្យក្រោមការត្រួតពិនិត្យ។ របាយការណ៍ និងភាពជាក់ស្តែងបានបង្ហាញពីភាពធ្ងន់ធ្ងរនៃសុខភាពរបស់គាត់។ ដូច្នេះ អ្នកស្រី អៀង ធីរិទ្ធ អាចនឹងស្ថិតនៅក្រៅការកាត់ទោស។ ការស្រេចបែបនេះនឹងនាំឲ្យមានការប្តឹងជំទាស់ពីសហព្រះរាជអាជ្ញា និងពីក្រុមមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីជាដាច់ខាត។
យោងតាមប្រពភដដែល អង្គជំនុំជម្រះតុលាការកំពូលត្រូវរង់ចាំរយៈពេលជាច្រើនខែទៀតដើម្បីសម្រេចលើបណ្តឹងឧទ្ធរណ៍ មុននឹងអង្គជំនុជម្រះសាលាដំបូងអាចបើកសវនាការពេញអង្គបាន។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះដដែលគិតថាសេចក្តីថ្លែងការណ៍ដំបូងសម្រាប់បើកសវនាការនៃអង្គជំនុំជម្រះសាលាដំបូងនៅក្នុងរឿងក្តី០០២អាចនឹងត្រូវបានធ្ធើឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១២ ហើយមួយខែក្រោយមកទើបអាចបើកសវនាការបាន។
ការអះអាងខាងលើគឺផ្អែកលើការចាត់ចែងយឺតយ៉ាវនៃចៅក្រមសាលាក្តីខ្មែរក្រហម និងការបណ្តែតបណ្តោយឲ្យមានការអូសបន្លាយពេលវេលាសម្រាប់ដំណើរការកាត់ក្តី។
លោកស្រី អាន ហែនដែល (Anne Heindel) ទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា មានហេតុផលមួយចំនួនដែលនាំឲ្យមានការយឺតយ៉ាវនៅក្នុងការកាត់ក្តីរឿងក្តី០០២ នេះ។ ហេតុផលទាំងនោះរួមមាន ការមិនសហការរបស់ជនជាប់ចោទទាំងបួននាក់ ដែលផ្ទុយពីករណីឌុច បញ្ហាជរាពាធរបស់ពួកគេ និងបញ្ហាប្រឈមនឹងការអនុវត្តច្បាប់បែបកម្ពុជា ឬក៏ច្បាប់បែបអន្តរជាតិ។ អ្នកស្រី អាន ហែនដែល នៅតែចាត់ទុកថាមានយឺតយ៉ាវក្នុងការកាត់ទោសជនជាប់ចោទគន្លឹះទាំងបួននាក់។ លោកស្រីថ្លែងថា៖
«វាគឺជាការតក់ស្លុតមួយ ពីព្រោះថានៅខែមករា ខាងមុខនេះ គឺជាខួបគម្រប់ពីរឆ្នាំនៃការបិទបញ្ចប់នៃការស៊ើបអង្គេតក្នុងរឿងក្តី០០២។ ដូច្នេះ រហូតមកដល់ពេលនេះ ហាក់បីដូចជាយូរមែនទែនហើយ ជាការពិតជនជាប់ចោទកំពុងស្ថិតក្នុងការឃុំឃាំងអស់រយៈពេលជិតបួនឆ្នាំទៅហើយ»។
ជនជាប់ចោទក្នុងរឿងក្តី០០២ ដែលរួមមានអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងនួន ជា អតីតប្រធានសភាខ្មែរក្រហម មានអាយុចន្លោះពី៧៩ឆ្នាំ រហូតទៅដល់៨៦ឆ្នាំ។ ពួកគេត្រូវចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទប្រល័យពូជសាសន៍ ហើយពួកគេត្រូវចាប់ខ្លួនយកមកឃុំឃាំងជាបណ្តោះអាសន្នចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ។
លោក ឡុង បញ្ញាវុទ្ធ មន្ត្រីគម្រោងនៃអង្គការគម្រោងយុតិ្តធម៌នៅកម្ពុជា ដែលជាផ្នែកមួយនៃអង្គការOSJI របស់សហរដ្ឋអាមេរិក បានយល់ស្របថាមានការយឺតយ៉ាវនៃដំណើរការកាត់ក្តីនៅក្នុងរឿងក្តី០០២។ លោកមានប្រសាសន៍ថា នេះជាកង្វល់នៃសង្គមស៊ីវិល និងសម្រាប់ជនរងគ្រោះផងដែរ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«យើងគួរសុំឲ្យសាលាដំបូងដាក់ចេញនៅក្នុងកាលវិភាគរបស់ខ្លួនថាពេលណាខ្លួននឹងគ្រោងធ្វើការជំនុំជម្រះលើសំណុំរឿង០០២ ហើយក្នុងពេលឥឡូវដល់ពេលជំនុំជម្រះ តើត្រូវធ្វើដូចម្តេច។ ផ្នែកកិច្ចការសាធារណៈត្រូវផ្តល់នឹងធ្វើសកម្មភាពអ្វីខ្លះដល់ជនរងគ្រោះអាចទទួលយកបានព័ត៌មានពាក់ព័ន្ធទៅនឹងសំណុំរឿង០០២»។
សាលាក្តីខ្មែរក្រហម គ្រោងនឹងប្រគល់ភារកិច្ចឲ្យគ្រូពេទ្យថ្មីម្នាក់ទៀត ដើម្បីធ្វើការវាយតម្លៃស្ថានភាពសុខភាពរបស់ជនជាប់ចោទនៅក្នុងរឿងក្តី០០២ បន្ទាប់ពីមានការវាយតម្លៃរបស់វេជ្ជបណ្ឌិត ចន ខាំបែល។
លោក ឡុង បញ្ញាវុទ្ធ មានប្រសាសន៍ថា វានឹងធ្វើឲ្យមានភាពស្មុគស្មាញ និងជួយអូសបន្លាយពេលវេលាក្នុងសំណុំរឿងនេះផងដែរ។ យោងតាមក្រឹត្យក្រមអន្តរជាតិ ជនជាប់សង្ស័យដូចបានចោទប្រកាន់នៅក្នុងសាលាក្តីខ្មែរក្រហម តុលាការមិនអាចធ្វើការកាត់ទោសបានទេ ប្រសិនបើជនជាប់ចោទពុំមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងសវនាការ។
លោក ឡាស់ អលស៊ិន (Lars Olsen) មន្ត្រីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការលើកឡើងអំពីការអូសបន្លាយពេលវេលា និងការពន្យារការកាត់ទោសរឿងក្តី០០២ គ្រាន់តែជាការប៉ាន់ប្រមាណតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖
«នេះ គ្រាន់តែជាការគិតទុកតែប៉ុណ្ណោះ។ ដូចខ្ញុំបាននិយាយអញ្ចឹង អង្គជំនុំជម្រះសាលាដំបូងត្រូវធ្វើការសម្រេចអំពីសុខភាពរបស់ជនជាប់ចោទមុននឹងដាក់កាលវិភាគនៃការជំនុំជម្រះពេញអង្គសេចក្តី។ យើងនៅមិនទាន់ដឹងថា ការកំណត់ថ្ងៃសវនាការនេះនឹងធ្វើឡើងនៅពេលណា»។
ការលើកឡើងអំពីដំណើរការយឺតយ៉ាវរបស់ដំណើរការកាត់ទោសជនជាប់ចោទនៅក្នុងរឿងក្តី០០២ ធ្វើឡើងស្របពេលដែលសាលាក្តីខ្មែរក្រហមនឹងត្រូវប្រឈមមុខនឹងវិបត្តិអស់ថវិកាសម្រាប់ភាគីទាំងសងខាងគឺភាគីកម្ពុជា និងភាគគីអង្គការសហប្រជាជាតិក្នុងសាលាក្តីនៅក្នុងចុងឆ្នាំ២០១១។ ប្រសិនបើគ្មានជំនួយថវិកាថ្មីមកដល់នោះទេ ភាគគីទាំងពីរនឹងមានវិបត្តិថវិកាសម្រាប់បើកប្រាក់ខែជូនបុគ្គលិកនៅខែមករាឆ្នាំក្រោយនេះ។
ប្រភពដែលស្និទ្ធនឹងតុលាការជឿរថា ការអូសបន្លាយពេលវេលាក្នុងរឿងក្តី០០២ រហូតដល់ឆ្នាំក្រោយ នឹងធ្វើឲ្យប្រទេសផ្តល់ជំនួយឲ្យរង្គាសចិត្ត ហើយធ្វើឲ្យប៉ះពាល់ដល់ការផ្តល់ជំនួយ។
លោក ឡាស អលស៊ិន បានបដិសេធសេចក្តីអះអាងខាងលើនេះ ដោយថ្លែងថា៖
«ពិតហើយ យើងដឹងថា ទាំងអស់គ្នាអន្ទះសារចង់ឃើញដំណើរការក្តីរុលទៅមុខ។ ក៏ប៉ុន្តែ យើងមានការគាំទ្រពីប្រទេសផ្តល់ជំនួយ ហើយយើងសង្ឃឹមថា ប្រទេសផ្តល់ជំនួយនឹងគាំទ្រយើងបន្តទៅទៀត។ ជាការពិត យើងត្រូវការថវិកាដើម្បីបន្តដំណើរការកាត់ទោស។ រហូតមកដល់ពេលនេះ យើងនៅមិនទាន់មានគម្រោងថវិកាថ្មីសម្រាប់ឆ្នាំក្រោយនៅឡើយទេ»។
ជាមួយគ្នានេះ លោកស្រី អាន ហេនដែល ក៏យល់ប្រហាក់ប្រហែលគ្នានេះដែរ។ លោកស្រីថ្លែងថា៖
«លោកស្រី អាន ហេនដែល បានមានប្រសាសន៍ថា ហេតុផលនៃការបង្កើតសាលាក្តីនេះ គឺដើម្បីកាត់ក្តីជនសង្ស័យ ដែលជាអតីតមេដឹកនាំកំពូលៗ ទាំងបួននាក់។ ដូច្នេះ ខ្ញុំ គិតថាប្រទេសផ្តល់ជំនួយមិនចង់ឃើញសាលាក្តីនេះដួលរលំនោះទេ»។
ថ្វី បើមានការរំពឹងយ៉ាងដូច្នេះក្តី រហូតមកដល់ពេលនេះនៅមិនទាន់ មានការកំណត់កាលវិភាគណាមួយ សម្រាប់កិច្ចប្រជុំដើម្បីផ្តល់ថវិកាសម្រាប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតនៅឡើយទេ៕