ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អេហ្ស៊ីប​អាច​មាន​សារៈសំខាន់​នៅក្នុង​វិបត្តិ​របស់​ប្រទេស


បាតុករ​ប្រឆាំង​រដ្ឋាភិបាល​​មួយ​រូប​ ចោល​ដុំ​ថ្ម​នៅ​ពី​មុខ​រថក្រោះ​​ដែល​ចត​នៅ​ជិត​ទីលាន​​តាហ៍រៀរ​ ក្នុង​ទីក្រុង​ឡឺគែរ​ ប្រទេស​អេហ្ស៊ីប​ ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​មូបារ៉ាក់​។
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​​មួយ​រូប​ ចោល​ដុំ​ថ្ម​នៅ​ពី​មុខ​រថក្រោះ​​ដែល​ចត​នៅ​ជិត​ទីលាន​​តាហ៍រៀរ​ ក្នុង​ទីក្រុង​ឡឺគែរ​ ប្រទេស​អេហ្ស៊ីប​ ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​មូបារ៉ាក់​។

វ៉ាស៊ីនតោន៖ ខណៈ​ដែល​វិបត្តិ​នៅ​ប្រទេស​អេហ្ស៊ីប​បន្ត​កើនឡើង​ តួនាទី​របស់​កង​សន្តិសុខ​ និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កាន់តែ​មាន​សារៈសំខាន់។​ លោក​ប្រធានាធិបតី​ មូបារ៉ាក់​ (Mubarak)​ បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​នៅ​លើក​ក្រោយ​ទេ​ ហើយ​លោក​បាន​តែងតាំង​អគ្គនាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​លោក​ Omar Suleimans​ ជា​អនុ​ប្រធានាធិបតី។​ ក៏ប៉ុន្តែ​ ក្រុមបាតុករ​មិន​ចូលចិត្ត​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នោះ​ទេ។

លោក​ ឡារី​ ហ្គូដសុន​ (Larry Goodson)​ ជា​សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​អំពី​មជ្ឈិមបូព៌ា​ប្រទេស​នៅ​សាកល​វិទ្យាល័យ​សង្គ្រាម​របស់​កងទ័ព​អាមេរិក​ មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​លោក​មូបារ៉ាក់​ បាន​ប៉ះទង្គិច​ជាមួយ​ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ វា​ហាក់​ដូចជា​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល។

«នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​រូបភាព​វីដេអូ​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​មនុស្ស​ជិះ​លើ​ខ្នង​សេះ​និង​អូដ្ឋ​ កាត់តាម​ទីលាន​តាហ៍រៀរ (Tahrir)​ ហើយ​រថក្រោះ​គ្រាន់តែ​ចតចោល​នៅ​ទីនោះ​ ហើយ​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល​បាន​ចូល​មក​នោះ​ជា​រឿង​ឆ្កួត​លីលា​មួយ​ ហើយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ខ្ញុំ​ថា​ រដ្ឋាភិបាល​បាន​បញ្ជូន​អ្នក​ទាំងនោះ​មក​ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​បាតុកម្ម​ ដែល​មាន​ភាព​រញ៉េរញ៉ៃ​តែ​ប្រកប​ដោយ​សន្តិវិធី​ ដែល​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​មិន​ចង់​បាន»។

រដ្ឋាភិបាល​បាន​បដិសេធ​ថា​ មិន​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ។​ ក៏ប៉ុន្តែ​ លោក​ អូវិន សៀរ​ (Owen Sirrs)​ អតីត​អ្នកវិភាគ​អំពី​ការងារ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​បាន​សរសេរ​នូវ​អ្វី​ដែល​អ្នកវិភាគ​ជាច្រើន​ បាន​ចាត់ទុក​ថា​ជា​ឯកសារ​ប្រវត្តិ​ដ៏​ជាក់លាក់​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អេហ្ស៊ីប​នោះ​ ជឿ​ថា​ ការ​វាយ​ប្រហារ​នោះ​ ទំនង​ជាត្រូវ​បាន​រៀបចំ​ដោយ​អនុ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ និង​ជា​អតីត​អគ្គនាយក​ទីភ្នាក់​ស៊ើបការណ៍​សម្ងាត់​លោក​អូម៉ា ស៊ូឡៃម៉ាន់​ (Omar Suleimans)។

«បើ​យើង​គិត​អំពី​តួនាទី​របស់​លោក​ជា​អគ្គនាយក​ទីភ្នាក់​ស៊ើបការណ៍​សម្ងាត់​នៃ​ប្រទេស​អេហ្ស៊ីប​ ហើយ​ការពិត​ទៅ​ដែល​លោក​ជា​នាយក​នៃ​សហគមន៍​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អេហ្ស៊ីប​ទាំង​មូល​ផងដែរ​នោះ​ លោក​អគ្គមេបញ្ជាការ​ ស៊ូឡៃម៉ាន់​ ពិត​ជា​មាន​ការពាក់ព័ន្ធ​នឹង​កិច្ចការ​ដូច​នេះ។​ ខ្ញុំ​គិត​ថា​ ក្រុម​បាតុករ​ដែល​គាំទ្រ​លោក​មូបារ៉ាក់​ជាពិសេស​នេះ​ មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​កង​សន្តិសុខ​ជាតិ​ ដែល​តួនាទី​ក្នុង​ប្រទេស​របស់​ពួកគេ​ ប្រហែល​នឹង​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ FBI​ របស់​អាមេរិក​ដែរ»។

លោក​ប្រធានាធិបតី​មូបារ៉ាក់​ បាន​តែងតាំង​លោក​អគ្គ​មេបញ្ជាការ​ ស៊ូឡឡៃម៉ាន់​ ជា​អនុ​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ កន្លង​ទៅ​នេះ។​ ក្រោយមក​ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​មិន​ឈរ​ឈ្មោះ​ សម្រាប់​ការបោះឆ្នោត​នៅ​លើក​ក្រោយ​នេះ​ទេ​ ក៏ប៉ុន្តែ​ លោក​មិន​ព្រម​ធ្វើ​តាម​ ការទាមទារ​របស់​ក្រុម​បាតុករ​ ដែល​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ជា​បន្ទាន់​នោះ​ទេ។

ក្នុង​នាម​ជា​អគ្គ​មេបញ្ជាការ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ ការ​ទទួលខុសត្រូវ​ជាចម្បង​របស់​លោក​ស៊ូឡៃម៉ាន់​ គឺ​ការស៊ើបការណ៍​កិច្ចការ​បរទេស​ ក៏ប៉ុន្តែ​លោក​ក៏​មាន​ការ​ទទួលខុសត្រូវ​ ចំពោះ​កិច្ចការ​ក្នុង​ប្រទេស​មួយ​ចំនួន​ផងដែរ។​ លោក​ក៏​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រធានាធិបតី​ផង​ដែរ។​ នៅ​ឆ្នាំ​ ២០០៩​ ទស្សនាវដ្តី​គោល​នយោបាយ​បរទេស​ (Foreign Policy magazine)​ បាន​ដាក់​ចំណាត់​ថ្នាក់​លោក​ថា​ ជា​អ្នក​ស៊ើបការណ៍​សម្ងាត់​ដ៏​មាន​ឥទ្ធិពល​បំផុត​ ក្នុង​ពិភពអារ៉ាប់។

លោក​ អូវិន សៀរ​ មាន​ប្រសាសន៍​ថា​ ប្រវត្តិ​មិន​ល្អ​ខាង​រឿង​គោរព​សិទ្ធិ​មនុស្ស​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អេហ្ស៊ីប​ និង​ភាព​ជិតស្និទ្ធ​របស់​លោក​ ស៊ូឡៃម៉ាន់​ ជាមួយ​នឹង​លោក​ប្រធានាធិបតី​មូបារ៉ាក់​ ធ្វើ​ឲ្យ​ក្រុមបាតុករ​មិន​អាច​ទទួល​យក​លោក​បាន​ទេ។

«ខ្ញុំ​គិត​ថា​ មនុស្ស​ទាំងនេះ​ជាច្រើន​ មិន​ខ្វល់​អំពី​ថា​តើ​ លោក​ អ៊ូម៉ា​ ស៊ូឡៃម៉ាន់​ ទទួលខុសត្រូវ​លើ​កិច្ចការ​បរទេស​ ឬ​សន្តិសុខ​ក្នុង​ប្រទេស​នោះទេ។ នៅ​ក្នុង​គំនិត​របស់​ពួកគេ​ លោក​ជា​វរជន​សាធារណៈ​និង​ជា​មុខមាត់​នៃ​បណ្តាញ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅក្នុង​ប្រទេស​អេហ្ស៊ីប។​ ហើយ​កង​សន្តិសុខ​នៅក្នុង​ប្រទេស​អេហ្ស៊ីប​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ថា​ បាន​ជិះជាន់​ រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​ឥត​ឈប់​ឈរ​ និង​ការ​ធ្វើ​ទារុណកម្ម។​ ខ្ញុំ​ចង់​និយាយ​ថា​ ការ​រំលោភ​បំពាន​ទាំងនោះ​មាន​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​នានា»។

អ្នកវិភាគ​ជាច្រើន​និយាយ​ថា​ ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អេហ្ស៊ីប​នេះ​ មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​យូរយារ​មក​ហើយ​ ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ CIA​ របស់​អាមេរិក ​ ជាពិសេស​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្នុង​ប្រទេស​របស់​ប្រទេស​អេហ្ស៊ីប​ ដែល​ឋិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ​ បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញ​អ្នក​យក​ការណ៍​ដ៏​ធំ​មួយ​ ដែល​អ្នកខ្លះ​ បាន​ប៉ាន់ស្មាន​ថា​ អ្នក​យក​ការណ៍​ទាំងនោះ​ អាច​មាន​ចំនួន​រហូត​ដល់​ទៅ​មួយ​លាន​នាក់។​ លោក​ សៀរ​ មាន​ប្រសាសន៍​ថា​ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ ជាពិសេស​ ក្នុង​រឿង​ការប្រព្រឹត្ត​របស់​ពួកគេ​ទៅ​លើ​អ្នក​ប្រឆាំង។

«ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នេះ​ មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ ខាង​រឿង​អំពើ​ឃោរឃៅ​ ដោយសារ​ការប្រមូល​ចាប់​ជន​ប្រឆាំង​ កំណត់​រក​អត្តសញ្ញាណ​ជន​ប្រឆាំង​ បញ្ជូន​ពួកគេ​ទៅ​ពន្ធនាគារ​ និង​ធ្វើ​ទារុណកម្ម​លើ​ពួកគេ​ក្នុង​ពន្ធនាគារ។​ ក្នុង​ករណី​ខ្លះ​ ពួកគេ​បាន​ស្លាប់​ក្នុងដៃ​របស់​ទីភ្នាក់ងារ​ មូខាបារ៉ាត​ (Mukhabarat)»។

ក៏ប៉ុន្តែ​ លោក​ សៀរ​ បាន​បន្ថែម​ទៀត​ថា​ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យោធា​ ដែល​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ទៅ​វិញ​ទេ​ ដែល​ប្រហែល​ជា​មាន​តួនាទី​សំខាន់​បំផុត​នៅ​ក្នុង​វិបត្តិ​ក្នុង​ប្រទេស​អេហ្ស៊ីប។​ លោក​កត់សម្គាល់​ថា​ ខណៈដែល​ទីភ្នាក់ងារ​នោះ​មិន​បាន​គាបសង្កត់​លើ​ជន​ប្រឆាំង​ដោយ​ផ្ទាល់​ ស្ថាប័ន​នេះ​ដាក់​សំពាធ​ទៅ​លើ​បុគ្គលិក​យោធា​ ឲ្យ​មាន​ភក្តីភាព​ចំពោះ​ប្រធានាធិបតី​ និង​សំខាន់​ជាង​នេះ​ទៀត​ គឺ​មាន​ភក្តីភាព​ចំពោះ​មេដឹកនាំ​យោធា​ ដែល​កត្តា​ភក្តីភាព​នោះ​អាច​មាន​សារៈសំខាន់​បំផុត​ចំពោះ​វិធានការ​ណា​មួយ​ដែល​កងយោធា​អាច​ប្រើ៕

ប្រែសម្រួល​ដោយ​ លី​ ម៉ូរីវ៉ាន់

XS
SM
MD
LG