ក្រោយពីសេចក្ដីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិប្រទេសកេនយ៉ាត្រូវតែទទួលយកការជំនុំជម្រះកាត់សេចក្ដីទីក្រុងឡាអេ។
អ្នកវិភាគផ្នែកច្បាប់ម្នាក់និយាយថា ប្រទេសកេនយ៉ាគ្មានជម្រើសទេក្រៅអំពីបន្ដការជំនុំជម្រះរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ បន្ទាប់ពីក្រុមចៅក្រម ច្រានចោលកិច្ចខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីបញ្ឈប់នីតិវិធីរឿងក្ដី នៅទីក្រុងឡាអេ។
កាលពីរសៀលថ្ងៃច័ន្ទ ក្រុមចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ច្រានចោលពាក្យបណ្ដឹងរបស់ប្រទេសកេនយ៉ា ដែលជំទាស់នឹងការយកសំណុំរឿងពីរប្រឆាំងនឹងពលរដ្ឋកេនយ៉ាទៅដាក់នៅតុលាការទីក្រុងឡាអេ។ សេចក្ដីសម្រេចនេះជាការបរាជ័យថ្មីៗចំពោះអាជ្ញាធរកេនយ៉ាដែលអស់ពេលជាច្រើនខែមកហើយបានខំប្រឹងប្រែងពន្យារពេលវេលាឬបញ្ចប់នីតិវិធីរឿងក្ដីនោះ។
ឥឡូវនេះ លោក George Kegoro នាយកប្រតិបត្ដិនៃគណកម្មការគណ:វិនិច្ឆ័យអន្ដរជាតិនៃប្រទេសកេនយ៉ានិយាយថារដ្ឋាភិបាលគ្មានជម្រើសទៀតទេ៖។
«រដ្ឋាភិបាលកេនយ៉ា គ្មានជម្រើសទៀតទេលុះត្រាណាតែខ្លួនប្ដឹងឡើងឧទ្ធរណ៍ជំទាស់សេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះកាត់សេចក្ដី។ លទ្ធភាពដែលអាចកើតមានឡើង គឺថាពាក្យបណ្ដឹងនោះនឹងឡើងទៅដំណាក់កាលមួយទៀត ដែលជាសវនាការបញ្ជាក់ ដែលនឹងចាប់ផ្ដើមធ្វើនៅអាទិត្យទីពីរនៅខែកញ្ញាហើយរហូតទៅដល់ខែតុលាទៀត»។
តុលាការបានធ្វើការចោទប្រកាន់ប្រឆាំងជនជាតិកេនយ៉ា៦នាក់ដែលខ្លួនជឿថាជាមេក្លោងនៃភាពចលាចលក្រោយការបោះឆ្នោតនៃប្រទេសនេះនៅឆ្នាំ២០០៧និង២០០៨។
ពីដំបូងទោះបីការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិមានប្រជាប្រិយភាពពីក្នុងចំណោមសាធារណជនហើយនឹងថ្នាក់មេដឹកនាំក៏ដោយក៏តុលាការនេះបាត់បង់ការគាំទ្រនៅពេលណាដែលជនជាប់សង្ស័យ ដែលត្រូវបានគេប្រកាសកាលពីឆ្នាំទៅ រួមមានអ្នកអាចឈរឈ្មោះជាបេក្ខេជនសម្រាប់តំណែងប្រធានាធិបតីហើយនឹងសមាជិកសំខាន់ៗនៃរដ្ឋាភិបាលផងដែរ។
ឥឡូវនេះរដ្ឋាភិបាលសំអាងហេតុផលថាការកែទម្រង់ផ្នែកតុលាការដែលត្រូវបានអនុវត្ដធ្វើក្រោមរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសនេះនឹងអនុញ្ញាតឲ្យប្រទេសកេនយ៉ា ជំនុំជម្រះកាត់សេចក្ដី ជនជាប់សង្ស័យនៅក្នុងស្រុក។ អ្នកនយោបាយខ្លះថែមទាំងបានរិះគន់ការជំនុំជម្រះកាត់សេចក្ដីរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិយ៉ាងខ្លាំងក្លាថាជាការរំលោភលើអធិបតីភាពរបស់ប្រទេសកេនយ៉ា។
ក៏ប៉ុន្ដែការសំអាងហេតុផលបែបនេះត្រូវបានចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្ដរជាតិច្រានចោល ដែលអស់លោកនិយាយថាប្រទេសកេនយ៉ាត្រូវតែផ្ដល់ភស្ដុតាងជាក់លាក់ថាខ្លួនជំនុំជម្រះកាត់សេចក្ដីជនជាប់សង្ស័យរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិដើម្បីបញ្ចប់នីតិវិធីរឿងក្ដីនៅទីក្រុងឡាអេ។
យោងតាមលោក Kegoro ការ ជំនំជម្រះកាត់សេចក្ដីបែបនេះនៅមិនទាន់បានប្រព្រិត្ដិធ្វើឡើងនៅឡើយទេដែលបានផ្ដល់ឲ្យរដ្ឋាភិបាលតិចតួចណាស់នូវអ្វីដែលគេអាចបញ្ចុះបញ្ចូលតុលាការនេះ។
«នៅក្នុងទស្សន:របស់យើង យើងមានការលំបាកនឹងឃើញមាននីតិវិធីរឿងក្ដីជាតិនៅក្នុងប្រទេសកេនយ៉ា។ មើលទៅទំនងដូចជាមានការយល់ច្រឡំពីសំណាក់រដ្ឋាភិបាលកេនយ៉ា។ រដ្ឋាភិបាលកេនយ៉ាចាត់ទុក ដំណើរការកែទម្រង់ដែលកំពុងតែកើតមានឡើង ថាជាហេតុផលរាំងខ្ទប់ពាក្យបណ្ដឹងនោះនៅក្នុងតុលាការអន្ដរជាតិ។ តុលាការអន្ដរជាតិឲ្យដឹងថាដំណើរការកែទម្រង់មិនគ្រប់គ្រាន់ទេ។ យើងត្រូវការចាំបាច់មានភស្ដុតាងថាមានការស៊ើបអង្កេតជាក់ស្ដែងដែលកំពុងតែប្រព្រិត្ដិធ្វើ មុននឹងតុលាការពិចារណាមើលលទ្ធភាពនៃការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ»។
ទោះបីរដ្ឋាភិបាលនៅតែអាចតវ៉ាឡើងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចសេក្ដីនេះក៏ដោយ វាមិនទំនងនឹងផ្លាស់ប្ដូរចិត្ដគំនិតរបស់ក្រុមចៅក្រមទេ។ យោងតាមលោក kegoro ការប្រើហេតុផលនោះនៅក្នុងតុលាការ អាចប្រើបាន តែម្ដងទេនៅពេលជំនុំជម្រះកាត់សេចក្ដី ដែលមានន័យថា ប្រទេសកេនយ៉ាមិនអាចជំទាស់នឹងតុលាការបានទេក្នុងករណីដែលការជំនុំជម្រះកាត់សេចក្ដីក្នុងស្រុកត្រូវបានកំណត់ធ្វើនោះ។
«រដ្ឋាភិបាលនៃប្រទេសកេនយ៉ាបាត់បង់ឱកាសរបស់ខ្លួនហើយឥឡូវនេះនីតិវិធីរឿងក្ដី នឹងបន្ដធ្វើតទៅទៀត»។
កាលពីថ្ងៃអង្គារ លោក Amos Wako រដ្ឋមន្ដ្រីក្រសួងយុត្ដិធ៌ម បញ្ចេញឲ្យឃើញថាប្រទេសកេនយ៉ា ទំនងនឹងអាចផ្ដល់ភស្ដុតាងច្រើនថែមទៀតនូវការកែទម្រង់ផ្នែកតុលាការនៅពេលដែលតុលាការពិចារណាអំពីពាក្យបណ្ដឹងតវ៉ាប្ដឹងឧទ្ធរណ៍។
មនុស្សប្រមាណ១,៣០០នាក់បានត្រូវស្លាប់ហើយ៣សែននាក់ត្រូវបានព្រាត់លំនៅស្ថាននៅក្នុងអំពើហិង្សាពូជសាសន៍ក្រោយពីជម្លោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសកេនយ៉ាឆ្នាំ២០០៧។ ជនជាតិកេនយ៉ាល្បីឈ្មោះ៦នាក់រួមមានលោក Uhuru Kenyatta រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ លោក William Ruto អតីតរដ្ឋមន្ដ្រីផ្នែកឧត្ដមសិក្សា ហើយនឹងលោក Hussein Ali អតីតស្នងការនគរបាលប្រឈមនឹងបទចោទ ផ្ដល់ហិរញ្ញវត្ថុឲ្យធ្វើ និងរៀបចំអំពើហិង្សា៕
ប្រែសម្រួលដោយ កង ស៊ីវន