ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​អាច​ជួយ​ទប់​ឥទ្ធិពល​ចិន​នៅ​​ក្នុង​តំបន់


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកបារ៉ាក់ ​អូបាម៉ា
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកបារ៉ាក់ ​អូបាម៉ា

ដំណាលគ្នា​នឹងការ​រំពឹងទុក​ពីដំណើរ​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ​ទៅ​កម្ពុជា​ដើម្បីចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​នៅ​ចុងឆ្នាំ​នេះ​ ក្រុមអ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ ថា​ដំណើរ​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​ស.រ.អា​ អាច​ពង្រីក​ឥទ្ធិពល​ស.រ.អា​ប្រជែង​នឹង​ចិន​ផង ​និង​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​នានា​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផង​ និង​បញ្ចប់​ការភ័យខ្លាច ​នឹង​ឥទ្ធិពល​ចិន​លើ​ប្រទេស​មួយ​ចំនួន​ផង។

ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ត្រូវ​ក្រុមអ្នកវិភាគ​ចាត់ទុក​ថា​មាន​ការ​ខ្វល់ខ្វាយ​នឹង​សន្តិសុខ និង​ឥទ្ធិពល ​ផ្សេងៗ​របស់​ប្រទេស​ចិន​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា​ក្នុង​ពិភពលោក។​ ការព្រួយ​បារម្ភ​នេះ​កើតឡើង​ជាពិសេស​ពេលគ្មាន​តុល្យភាព​អំណាច​ក្នុង​តំបន់​និង​អវត្តមាន​របស់​សរអា​ដែល​កំពុង​ធ្លាក់​ចុះ​ ផ្នែក​សេដ្ឋកិច្ច​ ហើយ​កាត់បន្ថយ​ចំណាយ​យោធា​របស់​ខ្លួន​ផង​នោះ។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធិ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ ​និង​សន្តិភាព​អះអាង ​ថា​វត្តមាន​របស់​លោក​ អូបាម៉ា​ ក្នុង​ប្រទេស​កម្ពុជា​ក្នុងពេល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ ជា​ការបង្កើន ​ទំនុកចិត្ត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​ថា​ស.រ.អា​គិតគូ​ពី​តំបន់​អាស៊ី​ជាង​ពេល​មុនៗ។

«ស.រ.អា​ក៏មើលឃើញ​ពីសារៈសំខាន់​របស់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រីក​នូវ​សក្តានុពល​ អំណាច​របស់ ​សរអា​ដើម្បី​ធ្វើឲ្យមាន​តុល្យភាព​អំណាច​ជាមួយ​ចិន​នៅក្នុង​តំបន់។​ ដូច្នេះ ​នេះ​គឺជា​នយោបាយ​ឈ្នះ ឈ្នះ​ គឺថា​កម្ពុជា​ក៏​ចំណេញ​ ស.រ.អា​ក៏​ចំណេញ»។

លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានអះអាង​ថា​នៅក្នុង​តំបន់​អាស៊ី​សរអា​ចាំបាច់ ​ត្រូវតែ​គិតគូ​ពី​បញ្ហា​ឥទ្ធិពល​ចិន​ដើម្បី​រក្សា​សន្តិសុខ​ក្នុង​តំបន់។

«នៅក្នុង​តំបន់​នេះ​អាមេរិក​នឹង​នៅតែ​ចាប់​អារម្មណ៍​ជាងគេ​ទាក់ទង​នឹង​ការហូរចូល​នៃ​ឥទ្ធិពល​នៃ ​ប្រទេស​ចិន។​ យើង​ឃើញ​ថ្មីៗ​នេះ​ទាក់ទង​នឹង​ឆ្នេរ​សមុទ្រ​ខាងត្បូង​ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​សមាជិក​របស់​អាស៊ាន​ជាច្រើន។​ដូច្នេះ​ប្រទេស​អាមេរិក​ចាប់យក​ប្រទេស​អាស៊ាន​ជា​ដៃគូ​ដ៏​រឹងមាំ​មួយ​នេះ​គឺ​ខ្ញុំ​មើល​ទៅ​ដើម្បី​នយោបាយ​ក្នុង​តំបន់​ជាមួយ​ចិន​ ហើយនឹង​សន្តិសុខ​អាមេរិក​ទាក់ទង​ក្នុងតំបន់​នេះ​ផង​ដែរ»។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​១០​ប្រទេស ​និង​កិច្ចប្រជុំ​កំពូល អាស៊ាន​ជាមួយ​ដៃគូ​ជាច្រើន​ចំនួន​២លើក​ដាច់ពីគ្នា​គឺជុំទី១នៅ​ថ្ងៃទី​៣-៤ ​ខែមេសា​និងជុំទី២នៅ​ថ្ងៃទី​១៨-២០​ ខែវិច្ឆកា ​ឆ្នាំ២០១២ ​ដែល​មានដៃគូ​ប្រទេស​មហា​អំណាច​ដូច​ជា​សរអា​ ឬ​ជាមួយ​ប្រទេស​ធំៗ​មាន​សេដ្ឋកិច្ច​លូតលាស់​ជាច្រើន​ទៀត។​ កម្ពុជា​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ដែល​មាន​ទំនាក់​ទំនង​ជិតដិត​ ជាមួយ​នឹង​ចិន​ ដោយ​ទទួល​ជំនួយ​និង​កម្ចី​ពី​ចិន​ជាង១ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ប្រទេស​នៅឆ្នាំ​ចុងក្រោយ​នេះ។​ ក្រុមអ្នក​វិភាគ​គិតថា​កម្ពុជា​មាន​ជំហរ​ពិបាក​ខ្លាំង​នៅពេល ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន។​ការពិបាក​នេះ​ដោយសារ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ និង​ប្រទេស​ជា​សមាជិក​ជាច្រើន​ដូចជា​ វៀតណាម ​ដែលមាន​ទំនាក់​ទំនង​ល្អ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុមមន្ត្រី ​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ជាដើម​នោះ​កំពុង​មាន​ទំនាស់​ជាមួយ​ចិន​ទាក់ទង​នឹង​រឿង ​ជម្លោះ​បញ្ហា​ព្រំដែន​សមុទ្រ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន។

លោក​ឈាង វណ្ណារិទ្ធិ​ថ្លែង​ថា​ទស្សនកិច្ច​របស់​លោក​ អូបាម៉ា​នឹង​បន្ធូរ​ក្តីបារម្ភ​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។

«ដូច្នេះ​អាមេរិក​ត្រូវតែ​មាន​វត្តមាន ​ហើយ​នឹង​បន្ត​នូវ​ការពិភាក្សា​ក៏​ដូចជា​ការ​ពង្រឹង​នូវ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​នឹង​តំបន់​ជា​ពិសេស​អាស៊ាន​តែ​ម្តង»។

ស.រ.អា​កាលពីឆ្នាំ​ទៅ​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ច្រើន។​ តែបើ​តាម​ការ​កត់សម្គាល់​របស់​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធិ​វិញ​លោក​បានអះអាង​ថា​បញ្ហា ​ទ្វេ​ភាគី​ជាមួយ​កម្ពុជា​វិញ​ស.រ.អាមាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដោយសា ​អ្វីមួយ​ដែល​លោក ​អះអាង​តាម​ពាក្យ​លោក​ថា​ដោយ​សា​កម្ពុជា​មានការ​កែប្រែ​ខ្លះ​នូវ​បញ្ហា ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ។​ លោក​ ឈាង វណ្ណារិទ្ធិ​បន្ថែម​ថា​ទំនាក់​ទំនង​ល្អ​មួយ​ទៀត​គឺ ​កម្ពុជា​និង​ស.រ.អា​ មាន​គឺ​បញ្ហា​ កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សន្តិសុខ​ជាពិសេស​ការប្រឆាំង​នឹង​អំពើ​ ភេរវកម្ម​ ទប់ស្កាត់​ បទឧក្រិដ្ឋ​ផ្សេងៗ​ ដើម្បី​ការពារ​គ្រោះធម្មជាតិ ​ដែល​កម្ពុជា​បានចូលរួម​ជាមួយ ​ស.រ.អា​ដែល​មាន​ការ​ហ្វឹកហ្វឺន​រួមគ្នា​ផង។

«ដូច្នេះ​រឿង​នេះ​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​សំខាន់​ដើម្បី​ពង្រឹង​នូវ​ទំនាក់​ទំនង​ការពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរ»។

ក្រៅពី​រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ​អូបាម៉ា​ដែល​អម​ដំណើរ​ដោយ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា ​អាចជួយឲ្យ​មានការ​លើកទឹកចិត្ត​ដល់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ លោក​វណ្ណារិទ្ធិ​បានអះអាង​ដែរ​ថា​បញ្ហា​កិច្ចសហ​ប្រតិបត្តិការ​ទាក់ទង​នឹង​សន្តិសុខ​និង​សេដ្ឋកិច្ច​រវាង​អាស៊ាន​ និង​ស.រ.អា​វិញ​នៅក្នុង​លំដាប់​ល្អ។​ លោក​អះអាង​ថា​ បញ្ហា​ទំនាក់​ទំនង​សេដ្ឋកិច្ច ​រវាង​កម្ពុជា​និង​សរអា​ នៅ​មាន​កម្រិត។

លោក ​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បានអះអាង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​ពិភពលោក​ផ្តោតការ​យកចិត្ត​ទុកដាក់​ បើក​ឱកាស​សម្រាប់​ការវិនិយោគ​ កំណើន​ទេសចរណ៍​ ការអភិវឌ្ឍ​និង​ការពិនិត្យ​មើល​បញ្ហា​ផ្សេងៗ​ទៀត។​ ហើយ​ក៏ជា​ឱកាស​មួយ​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ទ្វេ​ភាគី​ដែរ​ដូចជា​ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ផលិតផល​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ដែរ​ ក្រៅពី​ពង្រឹង​កិច្ចការ​ផ្នែក​សន្តិសុខ។​ លោក​ព្រមាន​ឲ្យ​ដឹង​ថា​កម្ពុជា​ត្រូវតែ​ដោះស្រាយ​បញ្ហា​នានា​ដែល​រដ្ឋាភិបាល​ខកខានហើយ​ដោះស្រាយ​កិច្ចការ​ដែល​រដ្ឋាភិបាល​ធ្វើយ៉ាង​យឺត​យ៉ាវ​ដែល​រឿង​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​កម្ពុជា​បាត់​មុខមាត់​ផង​ដែរ។

«ការយក​ចិត្ត​ទុកដាក់​នេះ​ក៏​នឹងមើល​ចំណុច​អវិជ្ជមាន​ខ្លះ​ដែរ​ដូចជា​ការវិវត្ត​នៅ​តុលាការ​ខ្មែរក្រហម​ការយឺតយ៉ាវ​នៅ​តុលាការ​ខ្មែរក្រហម​និង​មាន​ចំណាប់​អារម្មណ៍​ជាងមុន។ បញ្ហា​ដីធ្លី​និង​បញ្ហា​សិទ្ធិ​មនុស្ស​ក៏​នៅតែ​ជា​ប្រធានបទ​មួយ​ដែល​អាច​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការអាម៉ាស់​ខ្លះ​ផង​ដែរ។​ ដូច្នេះ​ជា​រឿង ​មួយ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ»។

ទោះជា​យ៉ាងណា​ក៏ដោយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​របស់​លោក​ Joseph Yun,​ ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត​និង​តំបន់​ប៉ាស៊ីហ្វិក​បាន​ជួប​ជាមួយ​ក្រុមមន្ត្រី ​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​ទាក់ទង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់ ​លោកអូបាម៉ា​និង​លោកស្រី​គ្លីនតុន​ នៅពេល​កិច្ចប្រជុំ​អាស៊ាន​ខាងមុខ​ និង​ បញ្ហាកិច្ច​ប្រជុំ​ទាក់ទង​នឹង​កិច្ចការ​ស៊ាន​ហើយនឹង​កិច្ចសហប្រតិបត្តិ​ការ​លើ​បញ្ហា​ផ្សេងៗ​ទៀត។

«គោលបំណង​នៃ​កម្មវិធី​ថ្ងៃនេះ​គឺ​តើ​យើង​ត្រូវ​កសាង​ទំនាក់​ទំនង​របស់​យើង​យ៉ាងម៉េច​នៅក្នុង​ឆ្នាំ​២០១២​នេះ។​ ខ្ញុំ​គិត​ថា​យើង​បាន​ពិភាក្សា​គ្នា​ល្អណាស់»។

កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ម្តង​កាលពី​១០​ឆ្នាំមុន។​ ប្រទេស​អាស៊ាន​ទាំង១០​ប្រទេស​មាន ប្រ៊ុយណេ ​កម្ពុជា​ ឥណ្ឌូនេស៊ី ឡាវ​ ម៉ាឡេស៊ី, ភូមា​ ហ្វ៊ីលីពីន សិង្ហបូរី ថៃ​ និង ​វៀតណាម៕

XS
SM
MD
LG