ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​តាម​ដាន​សង្គម៖ តើ​​​​​​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​​នៅ​កម្ពុជា​ប្រើ​ស្តង់ដា​ខុស​គ្នា​ឬ​យ៉ាង​ណា?


ផែនទី​​ត្រូវ​បាន​បញ្ចាំង​​ក្នុង​កិច្ចប្រជុំ​​ដោះស្រាយ​វិវាទ​ដី​ធ្លី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​។ (ហ្វេសប៊ុក/ក្រសួង​រៀបចំ​ដែនដី​)
ផែនទី​​ត្រូវ​បាន​បញ្ចាំង​​ក្នុង​កិច្ចប្រជុំ​​ដោះស្រាយ​វិវាទ​ដី​ធ្លី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​។ (ហ្វេសប៊ុក/ក្រសួង​រៀបចំ​ដែនដី​)

បន្ទាប់​ពី​មាន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ប្អូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ទាក់​ទង​ការប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំ​ដើម្បី​កាន់​កាប់​អចលនវត្ថុ ​តាម​រយៈ​ការ​សម្រប​សម្រួល​គ្នា​នោះ​មក អ្នក​តាម​ដាន​សង្គម​ ថ្លែង​ដោយ​ប្រយ័ត្ន​ប្រយែង​ថា យន្តការ​ដោះស្រាយវិវាទ​ដី​ធ្លី​ ចំពោះ​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ និងប្រជា​ពលរដ្ឋ​សាមញ្ញ​ គឺមិន​ទាន់​អនុវត្ត​ស្មើ​ភាព​គ្នា​នៅ​ឡើយទេ។

អ្នក​តាម​ដាន​ទាំង​នោះ ​យល់​ថា ​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លីពាក់​ព័ន្ធករណី​ប្អូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នេះ គួរ​តែ​យក​មក​ធ្វើ​ជា​គំរូ ​និង​ត្រូវ​តែ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិភាព​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ​ដីធ្លី។

លោក ស៊ឹង ​សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ថ្លែង​ថា​ បើ​ប្រៀប​ធៀប​ការ​ដោះស្រាយ​វិវាទដីធ្លី​មួយ​នេះ ​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋទូទៅ បង្ហាញ​ឱ្យ​ឃើញ​ថា ​ការ​អនុវត្ត​ច្បាប់​នៅ​មិន​ទាន់ស្មើ​ភាព​គ្នា​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ករណី​នេះ ​ជា​ករណី​ពិសេស​ដែល​យើង​មើល​ឃើញ​ថា​ មាន​កិច្ច​អន្តរាគមន៍ពី​ថ្នាក់​ដឹកនាំ​រដ្ឋា​ភិបាល ​អ៊ីចឹង​ទៅ​បាន​ឃើញ​ករណី​នេះ​ ហាក់​ដូច​ជា​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ដូច​ករណី​ដែល​បាន​អនុវត្ត​ទៅ​លើ​ប្រជា​ពលរដ្ឋ។ ​អ៊ីចឹង​គួរតែ​មាន​ការ​ពិនិត្យ​ទៅក្នុងអនុវត្ត​ទៅលើ​ប្រជាពលរដ្ឋ​កន្លង​មក​ឡើង​វិញ»។

​លោក​ថ្លែងបន្ថែម​ថា ​ការ​អនុវត្ត​ច្បាប់ ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ស្មើៗ​គ្នា ដោយ​កុំ​ប្រកាន់​ថា​ ជា​អ្នក​មាន ឬ​អ្នកក្រ​ ព្រោះ​លោក​កត់​សម្គាល់​ថា ​ករណី​វិវាទ​ដី​ធ្លី​ គឺ​ប្រជា​ពលរដ្ឋមួយ​ចំនួន រងការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ​និង​ការ​ចាប់ឃុំ​ខ្លួន​ដាក់ក្នុង​ពន្ធនាគារ ហើយ​ពលរដ្ឋ​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លីតែង​តែ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​អ្វី​នោះ​ទេ។

​បើ​តាម​លោក​ ស៊ឹង សែនករុណា ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះដី​ធ្លី​ ក៏​ខាត​ទាំងពេល​វេលា ខាតថវិកា​ និង​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ថែម​ទៀត​ផង។ ដូច្នេះ​លោក​ថា​ រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ គួរ​តែ​ពិនិត្យ​ និង​ដោះស្រាយ​វិវាទ​ដីធ្លី ដែលកំពុង​កើត​មាន​ ឱ្យ​បាន​ល្អ​ប្រសើរ​ និង​ដោយ​ស្មើភាព​គ្នា ​ចំពោះ​ពលរដ្ឋ​ទាំង​អស់ ដើម្បី​ចៀស​វាង​ការ​រិះ​គន់។

លោក​ថ្លែង​បន្ថែមថា៖ ​«ហើយ​នេះ​បើ​យើង​គិត​មើល​អំពី​ករណី​ក្លែង​បន្លំ​ឯកសារ​ទៅ​ទៀត​ ប្រសិន​បើ​ជា​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​បញ្ហាដីធ្លី ហើយ​ទៅ​ធ្វើការ​ក្លែង​បន្លំ​ឯកសារ​នេះ ខ្ញុំ​គិតថា​ ពួក​គាត់នឹង​ត្រូវ​បាន​ចោទ​ប្រកាន់ ​និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​បាត់​ទៅ​ហើយ»។

​ស្រដៀង​គ្នានេះ​ដែរ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក​ សន ជ័យ ថ្លែងថា យន្តការ​សម្រប​សម្រួល​ ដោះ​ស្រាយវិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ​គួរ​តែ​អនុវត្ត​ចំពោះ​ប្រជាពលរដ្ឋទូទៅ ​ដោយ​កុំ​កំណត់​ឋានៈ​ ថាអ្នក​នេះ​ជា​មាន​ ឬ​អ្នក​នោះ​ជា​អ្នក​ក្រ។

​លោក​ថ្លែង​ថា៖ «ការ​សម្រប​សម្រួល​នេះ វា​គួរ​តែកើត​ឡើង​ទូទៅ​ ហើយ​ដើម្បី​កុំ​ឱ្យវា​កើត​ឡើង​ក្នុង​កម្រិត​ណា​មួយ ឬ​កម្រិត អ្នក​មាន​និងអ្នក​មាន ហើយ​វា​ត្រូវ​បាន​គេ​ទុក​ប្រើ​យ៉ាង​ជាក់​លាក់​ ទៅដល់​ក្រុមណា​មួយ ដែល​គេ​យល់ថា​ គ្មាន​ករណី​លើក​លែង»។


ចំណែក​លោក​មេធាវី សេក សុភ័ណ្ឌ​ យល់​ថា​ ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​រវាង​អ្នកស្រី សៀង ចាន់ហេង ​ជាមួយ​ប្អូនស្រីរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នេះ​ ​គួរ​ក្លាយជា​គំរូ​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លីរបស់​សាមញ្ញជនផង​ដែរ។

លោក​ថា៖​ «ខ្ញុំ​យល់​ថា​ជា​ចំណុច​មួយ​ល្អ​ដែរ ​ក្នុង​វិវាទ​ដី​ធ្លី​មិ​ន​ទាន់​ចុះ​បញ្ជី ឬក៏​វិវាទ​រវាង​ពលរដ្ឋ​ និង​រដ្ឋ ក៏អាច​យក​ជា​គំរូ​ហ្នឹង ក្នុង​ករណី​ភាគី​ព្រម​ព្រៀង​ហើយ។ ហើយ​កម្មវត្ថុ​នៃបណ្តឹង​ពាក់ព័ន្ធ​លើសិទ្ធិ​ដី​មិន​ទាន់​ចុះ​បញ្ជី»។

​បើ​តាម​នីតិវិធី​ច្បាប់​ លោក​មេធាវី សេក ​សុភ័ណ្ឌ ពន្យល់​ថា​ នៅ​ពេលដី​មិន​ទាន់ចុះ​បញ្ជី​ប្លង់​រឹង​អាច​ដោះ​ស្រាយ​តាម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ឬតាម​យន្តការ​សូរិយោដី​បាន ប៉ុន្តែ​បើ​នៅពេល​ជម្លោះ ពាក់ព័ន្ធករណី​ដី​មាន​វិញ្ញាបន​បត្រ​សម្គាល់​អចលនវត្ថុ​ ឬ​ហៅ​ថា​ប្លង់​រឹង គឺ​គោលការណ៍​ច្បាប់​ត្រូវ​តែ​អនុវត្ត​តាមតុលាការ។

​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​រវាង​ប្អូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រីគឺ​អ្នកស្រី​ ហ៊ុន ប៊ុនធឿន ជាមួយ​ម្ចាស់​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ អ្នក​ស្រី សៀង ​ចាន់ហេង ​ជុំវិញ​ការប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំ​ដើម្បី​កាន់​កាប់​អចលនវត្ថុ ​សម្រេច​បាន​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​លោក​ ជា​ សុផារ៉ា ផ្តល់​ជា​យោបល់​ រួចឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​រវាង​ភាគី​ទំនាស់​នេះ។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយពី​លោក​ ជា សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ ​គឺ​លោក សេង ឡូត ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ។​

គួរ​រំឮក​ថា ​កាល​ពី​ថ្ងៃ​ទី​ ៥ ​ខែ​មករា​ ឆ្នាំ​ ២០២៣ ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង (ស.ជ.ណ) មួយ​ ដោយ​បានប្រគល់ទៅសមត្ថកិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ចាត់​ការ​តាម​នីតិវិធី​នាំ​ខ្លួន​ជន​ល្មើស​ឈ្មោះ​ សៀង ចាន់ហេង​ និង​បក្ខ​ពួក ​ប្រគល់​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល ​ដើម្បី​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​តាម​ច្បាប់​ដោយ​មិន​លើក​លែង ទាក់ទង​ទៅ​នឹង​ករណី​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ​ ដើម្បី​កាន់​កាប់​អចលន​ទ្រព្យ​វត្ថុ​របស់​ឈ្មោះ​ ហ៊ុន ប៊ុនធឿន ​និង​ឈ្មោះ ​ហៀវ ​លន់ ដែល​ស្ថិត​ក្នុង​ភូមិ​ទួល​សាលា​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ​ខេត្ត​កណ្តាល។

ប៉ុន្តែ​ក្រោយ​មក​ ស.ជ.ណ ​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នេះ​ ​ត្រូវ​បានលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ សម្រេច​លុប​ចោល​ដោយ​លោក​ ហ៊ុន សែន​ ថា​ ជា​ការបញ្ចប់​នូវ​ភាព​មិន​ច្បាស់​លាស់​ក្នុង​ទំនាស់​ធ្លី​មួយ​នេះ៕

XS
SM
MD
LG