គណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថាICCបានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨របស់ខ្លួននៅក្នុងខេត្តសៀមរាបដើម្បីរកយុទ្ធសាស្រ្តបន្ថែមទៀតក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមនីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។
កិច្ចប្រជុំលើកនេះដែលមានការចូលរួមដោយអ្នកជំនាញការជាតិ និងអន្តរជាតិប្រមាណ៣០០នាក់នោះផ្តោតសំខាន់ទៅលើការងារគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយទឹក ដែលបញ្ហានេះបានធ្វើឲ្យមានការប៉ះពាល់ដល់តំបន់ប្រាសាទកាលពីជាងពីរខែមុន។ កិច្ចប្រជុំនេះ ក៏បានជជែកអំពីការបង្កើតផែនទីហានិភ័យមួយផងដែរដើម្បីជួយសង្គ្រោះប្រាសាទឲ្យបានទាន់ពេលវេលា។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរអប្សរា បានមានប្រសាសន៍ថា បញ្ហាទឹកគឺជាកង្វល់មួយដ៏ធំ ហើយការជួបប្រទះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីពេលកន្លងមកនេះដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរនោះគឺជាមេរៀនសម្រាប់ការវិភាគទៅពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងថា នឹងមានការបង្កើតក្រុមពិសេសមួយដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ។
«ហើយក្នុងពេលនេះនឹងបង្កើតក្រុមការងារពិសេសដែលគ្រប់គ្រងទៀងទាត់ ដែលអាចធ្វើអន្តរាគមន៍បន្ទាន់រាល់ពេលមានតម្រូវការ។ ដូច្នេះខ្ញុំសូមអាជ្ញាធរអប្សរាធ្វើឲ្យបានឆាប់រហ័សបំផុតក្នុងលក្ខណៈប្រសើរបំផុតនូវក្រុមការងារពិសេសនេះ។ ក្រុមការងារពិសេសនេះត្រូវមានលក្ខណៈអចិន្ត្រៃយ៍ ទទួលព័ត៌មានច្បាស់ មានមធ្យោបាយ និងមាន សមត្ថភាពប្រមែប្រមូលកម្លាំងឲ្យបានឆាប់រហ័សក្នុងករណីមានភាពចាំបាច់»។
លោក សុខ អាន បានមានប្រសាសន៍ទៀតថា ការគ្រប់គ្រងប្រកបដោយចេរភាពនៃរមនីយដ្ឋានបេតិកភណ្ឌពិភពលោក គឺទាមទារឲ្យមានសកម្មភាពទៀតទាត់ដែលមានការចូលរួមពីគ្រប់វិស័យ និងសហគមន៍ផងដែរ។
បន្ថែមលើការជជែកអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិលើប្រាសាទបូរាណនោះ កិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរបានអនុម័តអនុសាសន៍ជាច្រើនដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសកាលពីពាក់កណ្តាលឆ្នាំនេះ ដែលផ្តោតលើគម្រោងការងារអភិរក្ស និងអភិវឌ្ឍន៍រមនីយដ្ឋានប្រវត្តិសាស្ត្រអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕