ជំងឺអេដស៍បានបង្កើនទម្ងន់នៃភាពក្រីក្រដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែខ្លាំងថែមមួយកម្រិតទៀតខណៈដែលអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពជីវភាពយ៉ាប់យ៉ឺនរួចទៅហើយ។
របាយការណ៍ជាតិស្ដីអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមនៃមេរោគអេដស៍មកលើក្រុមគ្រួសារនៅកម្ពុជាដែលត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងភ្នំពេញបង្ហាញថា គ្រួសារដែលមានអ្នកជំងឺអេដស៍មានការថយចុះនូវប្រាក់ចំណូល ហើយការចំណាយមានការកើនឡើង ហើយ១ភាគ៣នៃក្រុមគ្រួសារអ្នកជំងឺអេដស៍មានកុមារដែលកំព្រាដោយសារអេដស៍។
របាយការណ៍ដែលត្រូវបានធ្វើឡើងរួមគ្នារវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បញ្ជាក់ថាប្រាក់សន្សំរបស់គ្រួសារនៃអ្នកជំងឺអេដស៍មានប្រាក់បំណុលថយចុះ ដែលជាកត្តាប៉ះពាល់ជាអវិជ្ជមានលើសន្តិសុខស្បៀងអាហារ និងសុខុមាលភាពសង្គម ក៏ដូចជាស្ថានភាពស្រ្តី និងការអប់រំរបស់កុមារផងដែរ។
របាយការណ៍នេះផ្តោតលើប្រជាពលរដ្ឋកម្ពុជាចំនួន៤.១៧២គ្រួសារក្នុងនោះគ្រួសារអ្នកជំងឺអេដស៍ចំនួន២.៦២៣គ្រួសារ និងគ្រួសារអ្នកគ្មានជំងឺអេដស៍ចំនួន១.៥៤៩គ្រួសារ។ នេះគឺជារបាយការណ៍ដែលធ្វើការសិក្សាលើអ្នកផ្ទុកជំងឺអេដ៍ដ៏ពិស្តារលើកដំបូងនៅកម្ពុជាដែលមានអត្រាអ្នកក្រីក្រជិត៣០ភាគរយ។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា គ្រួសារនៃអ្នកមានជំងឺអេដស៍ងាយរងគ្រោះបំផុតនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកើតឡើង។ ថ្វីបើមានការកត់សម្គាល់ថាកម្ពុជាមានការរីកចម្រើនក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍ក៏ដោយ ក៏របាយការណ៍ដដែលនេះលើកឡើងថា ជម្ងឺអេដស៍នៅតែប៉ះពាល់យ៉ាងខ្លាំងលើក្រុមគ្រួសារកម្ពុជា។
លោកវេជ្ជបណ្ឌិតទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមនៃជំងឺអេដស៍មកលើក្រុមគ្រួសារនៅកម្ពុជានោះថា កម្ពុជាបានឆ្លងជំងឺអេដស៍នេះអស់រយៈពេល២០ឆ្នាំមកហើយ។ ដូច្នេះគួមានវិធានការណ៍ដោះស្រាយជួយពួកគេ។ លោកបានបន្តថា ក្នុង១ឆ្នាំត្រូវចំណាយថវិកាប្រមាណជា៥៨លានដុល្លារអាមេរិកសម្រាប់ការងារប្រឆាំងនឹងជំងឺអេដស៍នេះ ដែលការងារទាំងនោះរូមមានការថែទាំ ការការពារ និងការផ្តល់ថ្នាំពន្យារជីវិត។ លោកបានបញ្ជាក់ថា ជំងឺអេដស៍ បានរុញច្រានគ្រួសារអ្នកជំងឺអេដស៍ឲ្យឈានទៅរកភាពក្រីក្រកាន់តែធ្ងន់ធ្ងរឡើងៗ។ លោកបានមានប្រសាសន៍ថា៖
«សំខាន់បំផុតគឺយើងឃើញថា បញ្ហាសេដ្ឋកិច្ចគឺកើតឡើងដោយសារស្ថានភាពដែលគាត់លាក់កំបាំងសា្ថនភាពដែលគាត់អស់មុខរបរ និងចំណូលពីប្តី។ ហើយខ្លួនឯងក៏អស់ដែរ។ ទី២ក្រីក្រ។ ទី៣គឺផ្ទុកទៅទៀត។ ហើយទន្ទឹមនឹងនេះ គាត់ត្រូវទទួលបន្ទុកមើលកូនហើយកូនមួយចំនួនទៀតមានផ្ទុកទៅទៀត។ អញ្ចឹងគឺធ្ងន់ធ្ងរណាស់សម្រាប់គ្រួសារ។ ដូចនេះការសិក្សានេះ គឺសំខាន់ចង់ឲ្យដឹងអំពីស្ថានភាពជាក់ស្តែងរបស់អ្នកផ្ទុកមេរោគអេដស៍ជាពិសេសគឺស្រ្តីនេះឯង»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍នោះ ឌូហ្ក្លាស ប្រូដឺរិក (Douglas Broderick ) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការសិក្សានេះរកឃើញថា គ្រួសារអ្នកជំងឺអេដស៍មានប្រាក់ចំណូលថយចុះ រួមផ្សំជាមួយនឹងការកើនឡើងនៃការចំណាយខាងផ្នែកវេជ្ជសាស្រ្ត ដែលបញ្ហាទាំងនេះធ្វើឲ្យគ្រួសារងាកទៅប្រើប្រាស់យន្តការដោះស្រាយដែលនាំទៅរកភាពក្រីក្រដូចជា ការថយចុះប្រាក់សន្សំ និងទ្រព្យសម្បតិ្ត តែមានបំណុលកើនឡើង។
លោក ប្រូដឺរិក បន្ថែមទៀតថា លទ្ធផលបង្ហាញថា នេះគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកកម្មវិធីជាតិការពារសង្គមសម្រាប់អ្នកមានជំងឺអេដស៍ និងការធានាថា កិច្ចអន្តរាគមន៍កាត់បន្ថយភាពក្រីក្រនឹងបានទៅដល់ជនក្រីក្របំផុត និងសមាជិកដែលងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។
ជំងឺអេដស៍បានចាប់ផ្ដើមកើតនៅកម្ពុជានៅឆ្នាំ១៩៩១ ហើយបន្ទាប់មកបានរីករាលដាលជាខ្លាំងរហូតដល់ជនបទ។ បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណ៧៥.០០០នាក់ក្នុង៦០.០០០ក្រុមគ្រួសារកំពុងតែមានជំងឺអេដស៍។ អំឡុងពេលដែលកម្មវិធីរបស់រដ្ឋាភិបាលត្រូវបានពង្រីកបន្ថែម ដើម្បីលើកកម្ពស់គុណភាពជីវិតអ្នកជំងឺអេដស៍ ពួកគេទាំងនោះជាច្រើននៅតែមានកង្វះខាតដូចជា ការមិនអាចទទួលបានសេវាការពារ ព្យាបាល និងគ្រាំទ្រ។ ជាញឹកញាប់ជំងឺអេដស៍បាន ធ្វើឲ្យប្រជាពលរដ្ឋទាំងអ្នកមាន និងអ្នកក្របាត់បង់ការងារ និងធ្វើឲ្យពួកគេជួបការម៉ាក់ងាយ និងការរើសអើង។ នេះបើយោងតាមរបាយការណ៍ខាងលើ។
របាយការណ៍រៀបរាប់ទៀតថា កុមារដែលកំព្រាដោយសារជំងឺអេដស៍បានធ្វើឲ្យកើនឡើងនូវបន្ទុកសេដ្ឋកិច្ចនៃសមាជិកគ្រួសារដែលនៅរស់។ ជំងឺអេដស៍ក៏ជាបន្ទុករបស់ប្រទេសផងដែរដោយសារតែរដ្ឋាភិបាលបានបង់ប្រាក់ទៅលើវេជ្ជសាស្រ្ត ដែលទាក់ទងនឹងជំងឺអេដស៍។ ទោះជាយ៉ាងណាក្ដី របាយការណ៍ក៏បានផ្តល់អនុសាសន៍ឲ្យពង្រីកកម្មវិធីគាំពារសង្គមដែលពាក់ព័ន្ធនឹងជំងឺអេដស៍ និងត្រូវធ្វើឲ្យប្រាកដថា អន្តរាគមន៍ក្នុងការកាត់បន្ថយភាពក្រីក្រនានាត្រូវបានធ្វើឡើងចំពោះគ្រួសារក្រីក្របំផុត និងអ្នកដែលងាយរងគ្រោះជាងគេ៕