ជំនួយសង្គ្រោះបានចាប់ផ្តើមមកដល់ប្រទេសវ៉ានូទូ (Vanuatu) នៅថ្ងៃអាទិត្យនេះ ក្រោយខ្យល់ព្យុះសង្ឃរាត្រូពិកមួយបានបោកបក់លើប្រទេសជាកោះនេះនៅក្នុងផ្នែកខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific) កាលពីយប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍។
អង្គការ World Vision ដែលជាទីភ្នាក់ងារជួយសង្គ្រោះមួយបានព្រមានថា គេអាចត្រូវចំណាយពេលវេលាជាច្រើនថ្ងៃឬច្រើនសប្តាហ៍ ដើម្បីឲ្យបានទៅដល់កោះដាច់ស្រយាលបំផុតនៅក្នុងប្រជុំកោះនេះ។
អាជ្ញាធរបានបញ្ជាក់ថាមានមនុស្ស៨នាក់បានស្លាប់ដោយសារខ្យល់ព្យុះសង្ឃរា Pam ទោះបីជាមានរបាយការណ៍ថាមានមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតក៏ដោយ។
ខ្យល់ព្យុះសង្ឃរា Pam មានល្បឿនរហូតដល់៣០០គ.ម.ក្នុងមួយម៉ោង បានបំផ្លាញភូមិទាំងមូល បំផ្លាញអាគារនិងធ្វើឲ្យរបើកដំបូល ធ្វើឲ្យដាច់ខ្សែភ្លើងនិងរលំដើមឈើផងដែរ៕