ដាការ ប្រទេសសេណេហ្កា៖ មេដឹកនាំប្រទេសនៃទ្វីបអាហ្វ្រ៊ិកបន្ដកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះស្រាយវិបត្ដិនយោបាយរបស់ប្រទេស អាយវ៉ូរី ខូស្ត ខណៈដែលកងកម្លាំងការពារសន្ដិភាពរបស់អង្គការសហប្រជាជាតិព្យាយាមស៊ើបអង្កេតអំពីការសង្ស័យថា មានបទរំលោភសិទ្ឋិមនុស្សនៅពេលក្រោយពីមានជម្លោះក្នុងការបោះឆ្នោត។
នាយករដ្ឋមន្ដ្រីនៃប្រទេសកេនយ៉ា លោក រ៉េឡា អូឌីងហ្កា (Raila Odinga) ធ្វើការជាមួយប្រធានាធិបតីនៃប្រទេស បេនីន (Benin) សេរ៉ា ឡេអូន (Sierra Leone) និង ប្រទេស ខេប វ័ដ (Cape Verde) កាលពីថ្ងៃច័ន្ន នៅក្នុងកិច្ចប្រជុំមួយជាមូយប្រធានាធិបតីកាន់ដំណែងលោក ឡរ៉ិន បាហ្កបូ (Laurent Gbagbo)។
លោក អូឌីងហ្កា ជាអ្នកសម្រុះសម្រួលរបស់សហភាពអាហ្វ្រ៊ិក នៅក្នុងវិបត្ដិនយោបាយនៃប្រទេសហើយលោកចូលរួមជាមួយកិច្ចប្រឹងប្រែងរបស់សហគមន៍សេដ្ឋកិច្ចនៃតំបន់អាហ្វ្រ៊ិកខាងលិច ដែលហៅកាត់ថា ECOWAS ក្រោយពីមានកិច្ច ចរចានៅក្នុងទីក្រុង អាប៊ូដ្យា (Abuja) កាលពីថ្ងៃអាទិត្យជាមួយនឹងនាយកបច្ចុប្បន្នរបស់សម្ព័ន្ឋភាពតំបន់ គឺ លោក ហ្គោឡាក់ ចណាថាន (Goodluck Jonathan) ដែលជាប្រធានាធិបតីនៃប្រទេសនីហ្ស៊េរីយ៉ា។
ប្រធានាធិបតី ចណាថាន ថ្លែងថា សម្ព័ន្ឋភាព ECOWAS សម្រេចនឹងចាត់វិធានការតទៅទៀតនៅថ្ងៃអង្គារ ក្រោយពីបានស្ដាប់សេចក្ដីរាយការណ៍ពីកិច្ចប្រជុំលើកទីពីរ ជាមួយលោក បាហ្កបូមក។
សម័្ពន្ធភាព Ecowas បានពិចារណាអំពីការប្រើប្រាស់កងកម្លាំងយោធា ដើម្បីដកលោក បាហ្កបូចេញពីអំណាចដែលលោកបានទាមទារ ដំណែងប្រធានាធិបតី យោងទៅតាមក្រុមប្រឹក្សាធម្មនុញ្ញដែលបានលប់ចោលសន្លឹកឆ្នោត ក្លែងក្លាយជិតទៅដប់ភាគរយ។ អង្គការសហប្រជាជាតិបានបញ្ជាក់លទ្ឋផលនៃការបោះឆ្នោតដោយបង្ហាញថា អតីតនាយករដ្ឋមន្ដ្រី លោក អាឡាសាន វ៉ាតារ៉ា (Alassane Ouattara) បានយកជ័យជំនះក្នុងការបោះឆ្នោតនោះ។
សម្ព័ន្ឋភាព Ecowas សហភាពអាហ្វ្រ៊ិក អង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិភាគច្រើនគាំទ្រការទាមទាររបស់លោក វ៉ាតារ៉ា ឡើងកាន់ដំណែងជាប្រធានាធិបតី។
អ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិ លោក ម៉ាទីន ណេសៀរគី (Martin Nesirky) ថ្លែងថា លោក បាន គី មូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទូរស័ព្ទ និយាយជាមួយលោក វ៉ាតារ៉ា ដើម្បីបញ្ជាក់អំពីការគាំទ្រមិនប្រែប្រួលរបស់អង្គការសហប្រជាជាតិ និងអំពីការប្ដេជ្ញាចិត្ដរបស់កងកម្លាំងរក្សាសន្ដិភាពអង្គការសហប្រជាជាតិ នឹងចូលទៅពិនិត្យមើលទីកន្លែងកប់ខ្មោចរួមមួយចំនួន។
លោក វ៉ាតារ៉ា ថ្លែងថា ជនសកម្មប្រយុទ្ឋរបស់លោកបាហ្កបូ បានសម្លាប់អ្នកគាំទ្ររបស់លោក ហើយលោកចង់ឃើញតុលាការឧក្រិដ្ឋកម្មអន្ដរជាតិបើកការស៊ើបអង្កេត។ អង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្សជាង១៧០ នាក់បានត្រូវគេសម្លាប់ក្នុងអំពើឃោរឃៅនៅពេលក្រោយការបោះឆ្នោត។
លោក ចេរីមី សារឃីន (Jeremy Sarkin) គឺជាប្រធានក្រុមការងារ អង្គការសហប្រជាជាតិ ខាងកិច្ចការមនុស្សបាត់ខ្លួនដោយបង្ខំ។ លោកថ្លែងថា៖
«នៅពេលមានអស្ថេរភាពនយោបាយនៅក្នុងប្រទេសមូយ ឧក្រិដ្ឋកម្មដូច្នោះ មានលទ្ធភាពច្រើននឹងកើតមានឡើង។ ពេលដែលមានសេចក្ដីរាយការណ៍អំពីព្រឹត្ដការណ៍ពិសេសនោះ យើងមានការព្រួយបារម្ភ ជាពិសេសអំពីអ្វីនឹងកើតមានឡើងទៅថ្ងៃក្រោយ»។
លោកបាហ្កបូ ថ្លែងថា កងកម្លាំងការពារសន្ដិភាពរបស់អង្គការសហប្រជាជាតិទេ ដែលបើកការវាយប្រហារមកលើជនស៊ីវិល អាវ៉ូរី ខូស្ត ហើយលោកចង់ឃើញទាហានទាំងនោះចាកចេញពីប្រទេស។ នៅក្នុងសេចក្ដីសម្ភាសន៍តាមទូរទស្សន៍រដ្ឋ លោកបាហ្កបូ ថ្លែងថា ទាហានអង្គការសហប្រជាជាតិ បានបាញ់មកលើជនស៊ីវិល កាលពីថ្ងៃពុធ ក្នុងទីក្រុងអាប៊ីដ្យាន (Abidjan) បណ្ដាលឲ្យមនុស្សពីរនាក់រងរបួស។ លោកថ្លែងទៀតថា តួនាទីរបស់កងកម្លាំងការពារសន្ដិភាពមិនមែនដើម្បីបាញ់សម្លាប់ឬប្រយុទ្ឋក្នុងសង្រ្គាមទេ។ កិច្ចការរបស់កងកម្លាំងនោះ គឺធានាសុវត្ថិភាពប្រជាពលរដ្ឋ តែ លោក បាហ្កបូ និយាយថា គេមិនបានធ្វើដូច្នោះទេ ហើយគួរតែចាកចេញ។
កងកម្លាំងរក្សាសន្ដិភាពត្រូវតែចាកចេញពីប្រទេសតាមសេចក្ដីស្នើរបស់ប្រមុខរដ្ឋ ដូចបានធ្វើកាលពីឆ្នាំមុន នៅក្នុងប្រទេសឆាដ (Chad)។ តែ អង្គការសហប្រជាជាតិឈប់ទទួលស្គាល់ដំណែងរបស់លោកបាហ្កបូ ហើយៗបានប្រគល់កៅអីឲ្យឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសអាយវ៉ូរី ខូស្តនៅក្នុងទីក្រុង ញូយ៉ក ដែលត្រូវបានតែងតាំងឡើងដោយលោក វ៉ាតារ៉ា ។
ប្រែសម្រួលដោយ លោក អ៊ូ ធួក។