វិទ្យាស្ថានឃ្លាំមើលពិភពលោក (Worldwatch Institute) បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១១នេះ មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ បានរស់ក្នុងស្ថានភាពខ្វះខាត ដែលតិចជាងសេចក្តីត្រូវការរបស់ពួកគេ។ ឧទាហរណ៍ វិទ្យាស្ថាននេះ បញ្ជាក់ថា មនុស្សជិតមួយពាន់លាននាក់ ត្រូវរស់ក្នុងភាពអត់ឃ្លាន ហើយមនុស្សជាច្រើនទៀត មិនចេះអក្សរ។
លោកស្រី ដានីញែល នីរិនប៊ឺគ (Danielle Nierenberg) នៃវិទ្យាស្ថានឃ្លាំមើលពិភពលោក មានប្រសាសន៍ថា ខណៈដែលមនុស្សមួយពាន់លាននាក់ បានចូលដំណេកទាំងក្តីស្រេកឃ្លាន ជារៀងរាល់យប់ នោះគឺមិនមែនដោយសារតែការខ្វះខាតអាហារនោះទេ។
«យើងផលិតអាហារច្រើនជាងសេចក្តីត្រូវការ នៅលើពិភពលោក ដែលមិនត្រឹមតែអាចចិញ្ចឹមមនុស្សចំនួន៧ពាន់លាននាក់ ដែលរស់នៅលើពិភពលោក នាពេលសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចិញ្ចឹមមនុស្សចំនួន៩ទៅ១១ពាន់លាននាក់ទៀតផង។ នៅត្រឹមឆ្នាំ២០៥០ យើងរំពឹងថានឹងមានប្រជាពលរដ្ឋចំនួនប្រហែលប្រាំបួនពាន់លានកន្លះ។ ហើយសព្វថ្ងៃនេះ យើងផលិតអាហារគ្រប់គ្រាន់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទាំងអស់នោះ។ ប៉ុនែ្តបញ្ហាចំបងនោះ គឺថាតើយើងត្រូវនាំយកអាហារទាំងអស់នោះ ទៅឲ្យប្រជាពលរដ្ឋដែលត្រូវការអាហារបំផុតដោយរបៀបណា។ ភាពក្រីក្រពិតជាធ្វើឲ្យរាំងស្ទះដល់ភាពជឿនលឿនទៅមុខក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋទទួលទានអាហារបានគ្រប់គ្រាន់ឡើយ ដែលមិនត្រឹមតែទទួលអាហារមួលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពទិញផ្លែឈើ បន្លែ និងអ្វីៗផ្សេងទៀត ដែលអាចផ្តល់ជីវជាតិដល់ពួកគេទៀតផង»។
នាយិកានៃគម្រោងផ្តល់ជីវជាតិដល់ពិភពលោក (Nourishing the Planet Project) ថ្លែងថា ក្រៅពីភាពក្រីក្រនិងភាពខ្វះខាតមធ្យោបាយក្នុងការទទួលបានអាហារ អាហារភាគច្រើន ត្រូវបានបាត់បង់។ វិទ្យាស្ថានឃ្លាំមើលពិភពលោក បានប្រមាណថា អាហារចំនួន១.៣ពាន់លានតោន ត្រូវបានប្រើប្រាស់យ៉ាងខ្ជះខ្ជាយ ជារៀងរាល់ឆ្នាំ។
«ចំនួន២០ទៅ៥០ភាគរយនៃអាហាររបស់សកលលោក ត្រូវបានខ្ជៈខ្ជាយ មុនពេលអាហារទាំងនោះ អាចចូលដល់ក្រពះរបស់ប្រជាពលរដ្ឋ។ ហើយ នេះពិតជាបញ្ហាសីលធម៌ នៅពេលដែលអ្នកគិតគូដល់មនុស្សទាំងឡាយណា ដែលកំពុងស្រេកឃ្លាននៅលើពិភពលោក។ ដំណឹងល្អអំពីតួលេខនៃការខ្ជៈខ្ជាយអាហារពី២០ទៅ៥០ភាគរយនោះ គឺថា វាជាការងាយស្រួលក្នុងការទប់ស្កាត់ភាពខ្ជៈខ្ជាយអាហារ។ យើងអាចទប់ស្កាត់នៅតាមផ្ទះរបស់យើងតែម្តង។ អតិថិជនអាចអនុវត្តបានច្រើន ដើម្បីទប់ស្កាត់ការខ្ជៈខ្ជាយអាហារ តាមរយៈការរៀបចំអាហារឲ្យបានប្រសើរជាងមុន ដោយមិនទិញអាហារច្រើនពេកហួសពីតម្រូវការឡើយ។ នៅក្នុងពិភពកំពុងអភិវឌ្ឍន៍ មានប្រព័ន្ធឃ្លាំងស្តុកទុក ដែលកំពុងចាប់ផ្តើមដាក់ឲ្យដំណើរការដែលអាចជួយកសិករក្នុងការការពារអាហាររបស់គេឲ្យផុតពីជំងឺឫសត្វល្អិតឬ ការដុះផ្សិត»។
លោក ស្រីនីរិនប៊ឺជ បាននិយាយថា វិធានការការពារ អាចដាក់ឲ្យអនុវត្តស្របគ្នាជាមួយបណ្តាញលក់អាហារ។ មូលហេតុមួយផ្នែកនៃអាហារគ្មានជីវជាតិនោះ បណ្តាលមកពីការខ្វះខាតនៃសារធាតុចិញ្ចឹមមីក្រូ (micronutrients)។ ការខ្វះខាតយ៉ាងខ្លាំងនៃវីតាមីនអា ជាតិដែក និងជាតិអ៊ីយ៉ូត អាចផ្តល់ផលប៉ះពាល់ពេញមួយជីវិត។ ឧទាហរណ៍ ការខ្វះខាតវីតាមីនអាសម្រាប់កុមារ អាចបណ្តាលឲ្យងងឹតភ្នែក។ ការខ្វះវីតាមីន ជាតិអ៊ីយ៉ូតសម្រាប់ស្រ្តីមានផ្ទៃពោះ អាចបណ្តាលឲ្យមានភាពស្មុគស្មាញជាច្រើន។
«ឥឡូវនេះ បញ្ហាធំបំផុតមួយនៅលើពិភពលោក គឺថា យើងផលិតអាហារមានជាតិកាឡូរីច្រើន។ យើងផលិតអាហារមានជាតិម្សៅជាច្រើន ដែលមិនថាដំណាំនោះ ជាស្រូវឫស្រូវសាលី ឬពោតឡើយ។ ខណៈដែលដំណាំទាំងនោះធ្វើឲ្យប្រជាពលរដ្ឋទទួលទានអាហារឆ្អែត ហើយ មនុស្សភាគច្រើនបំផុត ពិតជាពឹងផ្អែកទៅលើអាហារមានជាតិម្សៅទាំងនោះដើម្បីរស់ យើងមិនសូវវិនិយោគច្រើនដូចទៅលើផលិតផលផ្លែឈើនិងបន្លែទេ។ ដំណាំទាំងនោះពោរពេញទៅដោយសារធាតុចិញ្ចឹមមីក្រូដ៏ចាំបាច់»។
លោកស្រី នីរិនប៊ឺជ មានប្រសាសន៍ថា ភាពខ្វះខាតលទ្ធភាពទទួលបានអាហារមានជីវជាតិ មិនមានន័យថា មនុស្សដែលរងផលប៉ះពាល់ មានរាងកាយស្គមនោះទេ។ ការពិតអាចផ្ទុយពីនេះ។ ពួកគេអាចលើសទំងន់ ឫធាត់ជ្រុល។
«ប្រជាពលរដ្ឋ មិនបានទទួលអាហារមានសុខភាពនិងមានជីវជាតិទេ។ នៅសហរដ្ឋអាមេរិក យើងមានអាត្រាមនុស្សធាត់ជ្រុលច្រើនបំផុតនៅលើពិភពលោក។ អត្រានេះមួយភាគ បណ្តាលមកពីប្រជាពលរដ្ឋជាច្រើន មិនអាចរកហាងគ្រឿងទេស ឫទីផ្សារកសិករ។ ពួកគេរស់នៅក្នុងអ្វីដែលត្រូវបានពណ៌នាថាជាវាលរហោស្ថាននៃអាហារ ដោយសារតែពលរដ្ឋ ត្រូវធ្វើដំណើរយ៉ាងឆ្ងាយដើម្បីទៅដល់ហាងលក់គ្រឿងទេស។ នៅតាមកន្លែងភាគច្រើននៃតំបន់នោះ អាហារមិនមែនមកពីផ្សារទំនើបនោះទេ តែអាហារត្រូវបាននាំមកពីហាងលក់គ្រឿងស្រវឹង និងហាងបើកលក់២៤ម៉ោង ដែលមានដាក់លក់អាហារមិនអំណោយផលដល់សុខភាព ឬអាហារចេញពីរោងចក្រ»។
ខណៈពេលដែលនៅមិនទាន់ច្បាស់នៅឡើយ នាយកគំរោងរបស់វិទ្យាស្ថានឃ្លាំមើលពិភពលោក មានប្រសាសន៍ថា ភាពខ្វះជីវជាតិ និងគ្រោះមិនចេះអក្សរ អាចមានទំនាក់ទំនងយ៉ាងជិតស្និត។
«នៅពេលដែលប្រជាពលរដ្ឋ ជាពិសេសកសិករ មិនបានទទួលការអប់រំ ដែលពួកគេត្រូវការសម្រាប់ការរស់នៅប្រកបដោយផលិតភាពទេនោះ ពួកគេមិនអាចរៀនជំនាញថ្មីៗឡើយ។ ហើយ ជាពិសេស នៅក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក ស្ត្រីកសិករ មិនបានទទួលការអប់រំទេ។ ប្រការនេះមិនត្រឹមតែរារាំងពួកគេមិនឲ្យរៀនជំនាញថ្មីស្តីពីការដាំដុះនិងរៀនបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុនែ្តថែមទាំងរារាំងពួកគេមិនឲ្យមានលទ្ធភាពប្រើប្រាស់សេវាហរិញ្ញវត្ថុនិងធនាគារទៀតផង។ ពួកគេមិនអាចមានគណនេយ្យធនាគារ។ ពួកគេមិនអាចទិញដី។ ពួកគេមិនអាចទិញធនធានផ្សេងៗ ដែលពួកគេត្រូវការដើម្បីធ្វើឲ្យដំណាំផ្តល់ទិន្នផលកាន់តែច្រើនជាងមុន»។
លោក ស្រីនីរិនប៊ឺជ ថ្លែងថា ទោះជាមានបញ្ហាប្រឈមមុខយ៉ាងច្រើនក៏ដោយ វិទ្យា ស្ថានឃ្លាំមើលពិភពលោក នៅតែមានសង្ឃឹមសម្រាប់ពេលអនាគត។ លោក មានប្រសាសន៍ថា មានការកើនឡើងតួលេខ ទាក់ទងនឹងគម្រោងច្នៃប្រឌិតជាច្រើនដើម្បីដោះស្រាយភាពអត់ឃ្លាននិងភាពក្រីក្រ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក៏អាចជួយការពារបរិស្ថានទៀតផង។ គម្រោងទាំងនោះ រួមបញ្ចូលទាំងគំនិតផ្តួចផ្តើមស្តីពីសាលាផលិតស្បៀងតាមគ្រួសារ របស់កម្មវីធីស្បៀងអាហារពិភពលោក ដែលកំពុងអនុវត្តនៅប្រទេសកេនយ៉ា (Kenya) ប្រេស៊ីល(Brazil) ឥណ្ឌា(India) ថៃ(Thailand) និងប្រទេសដទៃទៀត។ កម្មវិធីនេះ តម្រូវឲ្យអ្នកផលិតស្បៀងអាហារនៅតាមមូលដ្ឋានមានទំនាក់ទំនងដោយផ្ទាល់ជាមួយសាលាតែម្តង៕
ប្រែសម្រួលដោយ៖ សៀក អេង