ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រ៉្វាន់ដារិះគន់​សហភាព​អាហ្រ្វិក​នៅ​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ទ្វីប​នេះ


ជន​រង​គ្រោះ​ម្នាក់​នៃ​អំពើ​ហឹង្សា​ក្រោយ​ការ​បោះ​ឆ្នោត​​រង់​ចាំ​ការ​ព្យបាល​នៅ​មន្ទីរ​ពេទ្យ​ កាតូលិក​ St Gerrard's Catholic Hospital នៅ​ទី​ក្រុង​ Kaduna​ ប្រទេស​នីហ្សេរ្យ៉ា​ នៅ​ថ្ងៃ​ ២០​មេសា​ឆ្នាំ​២០១១។​
ជន​រង​គ្រោះ​ម្នាក់​នៃ​អំពើ​ហឹង្សា​ក្រោយ​ការ​បោះ​ឆ្នោត​​រង់​ចាំ​ការ​ព្យបាល​នៅ​មន្ទីរ​ពេទ្យ​ កាតូលិក​ St Gerrard's Catholic Hospital នៅ​ទី​ក្រុង​ Kaduna​ ប្រទេស​នីហ្សេរ្យ៉ា​ នៅ​ថ្ងៃ​ ២០​មេសា​ឆ្នាំ​២០១១។​

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ រ៉្វាន់​ដា (Rwanda) បានរិះគន់​សហភាពអាហ្រ្វិក​ចំពោះ​ភាពអសកម្ម​និង​ការខ្វះភាព​ជា​អ្នកដឹកនាំ​ក្នុង​ការដោះស្រាយចលាចល​របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​បញ្ហា​ប្រឈម​នៃ​សណ្តាប់​ធ្នាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទ្វីប​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ រ៉្វាន់ដា លោកស្រី ល្វី ម៉ូស្សី​គីវ៉ាបូ (Louise Mushikiwabo)​ បាន​ប្រាប់ក្រុម​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ថា វា​ដល់​ពេល​វេលា​ហើយ​ ក្នុង​ការនិយាយ​ដោយ​ស្មោះត្រង់​អំពី​តួនាទី​របស់​សហភាព​អាហ្រ្វិក​ក្នុង​ការដោះស្រាយ​វិបត្តិ​ទាំងឡាយ​នា​ពេល​បច្ចុប្បន្ន​និង​នៅ​ក្នុង​ការការពារ​មិនឱ្យ​មាន​វិបត្តិ​ថ្មីៗ​ទៀត។

«បន្ទាប់​ពី​វិបត្តិ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស ​ទុយនេស៊ី ​អេហ្ស៊ីប ​លីប៊ី ​និង​វិបត្តិ​ក្រោយ​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស ​កូតឌីវ័រ ​និង​បន្ទាប់ពី​បាន​សង្កេត​ឃើញ​ការងើប​បះបោរ​ថ្មីៗ​នៅ​ក្នុង​ប្រទេស ​បួរគីណា​ ហ្វាសូ ​និង​ប្រទេស​ យូហ្គាន់ដា​ មិន​មាន​ពេល​វេលា​ប្រសើរ​ណាមួយ​នៅ​ក្នុង​ការពិភាក្សា​គ្នា​អំពី​ប្រធានបទ​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ការគំរាម​កំហែង​ថ្មីៗ​ទៅ​លើ​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ជាង​ពេល​នេះ​ទេ»។

ប្រទេស​ រ៉្វាន់ដា​ បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រឹក្សាសន្តិ​ភាព​និង​សន្តិសុខ​ជាន់​ខ្ពស់​របស់​ទ្វីប​អាហ្រ្វិក​នៅ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​នេះនៅ​ក្នុង​ខែ​មេសា។​ពេល​វេលា​សម្រាប់​កិច្ចប្រជុំ​នេះ​មាន​ភាព​សមស្រប​ដោយសារ​តែ​គណៈ​កម្មាធិការ​របស់​សហភាព​អាហ្រ្វិក​មួយ​ស្តី​អំពី​ប្រទេស​ លីប៊ី ​ស្ថិត​នៅ​ក្នុង​ទីស្នាក់​ការ​ធំ​របស់​សហ​ភាពអាហ្រ្វិក​កំពុង​ព្យា​យាម​បង្កើត​ខ្លួនឯង​ឱ្យ​ទៅ​ជា​អ្នកសម្រប​សម្រួល​រវាង​មេដឹកនាំ​ដែល​ប្រើ​ប្រាស់​អំណាច​ដ៏​ខ្លាំង​បំផុត​មួយនៅ​ក្នុង​ទ្វីប​នេះ​និង​ក្រុមឧទ្ទាម​ដែល​ព្យាយាម​បណ្តេញ​លោក​ចេញ​ពី​អំណាច។

និយាយទៅ​កាន់​អ្នកចូលរួម​ដែល​ភាគច្រើន​លើសលប់គឺ​ជា​បុរស លោកស្រី​ ម៉ូស្សី​គីវ៉ាបូ បាន​ធ្វើការ​កត់សម្គាល់​ថា ការបះបោរ​ទាំងឡាយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ​កំពុង​តែ​បន្ត​រក្សា​នូវ​រូបភាព​អវិជ្ជមាន​មួយ ដែល​ទ្វីប​នេះ​មិនអាចទ្រ​ទ្រង់បាន​ទេ។ លោកស្រី​មាន​ប្រសាសន៍​ថា ក្រុមអ្នករិះគន់​កំពុង​ប្រើប្រាស់​ករណី​លីប៊ី​ដើម្បី​បង្ហាញ​អំពី​បរាជ័យ​របស់​សហភាព​អាហ្រ្វិក​ក្នុង​ការក្រោកឈរ​ឡើង​ដើម្បី​គោលការណ៍នៃ​អភិបាលកិច្ច​ល្អ។

«អស់លោក​ លោកស្រី ​ទាំងអស់​បាន​ដឹង​អំពី​គោលគំនិត ​ពី​តួ​អង្គ​ផ្សេងៗ​គ្នា​ ជា​ពិសេស​ក្រុម​សារព័ត៌មាន​ ​ដែល​បាន​គិត​ថា ​អាហ្វ្រិក​ ជា​ពិសេស​សហភាព​អាហ្រ្វិក ​បាន​អវត្តមាន​ឬមិនមាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការគ្រប់គ្រង​វិបត្តិ​នៅ​ក្នុង​ប្រទេស​លីប៊ី»។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ រ៉្វាន់ដា​ បាន​មាន​ប្រសាសន៍​ថា ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ លីប៊ី ​បាន​នាំឱ្យ​មាន​ការលើក​ជាសំណួរ​ថា​តើប្រមុខរដ្ឋ​ទាំងឡាយ​ក្នុង​ទ្វីប​អាហ្រ្វិក​ មាន​ឆន្ទៈ​ឬ​សមត្ថភាព​នៅក្នុង​ការ​ចាត់​វិធានការ​ ប្រឆាំង​ទៅ​នឹង​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​របស់​ខ្លួន​បាន​ដែរ​ឬទេ។

«យើង​ទាំងអស់​គ្នា​យល់ស្រប​ថា ​អាហ្រ្វិក​មិន​គួរលើក​លែង​ទោស​ឱ្យប្រមុខ​រដ្ឋ​មួយ​រូប ​ដែល​ប្រមាថ​មើល​ងាយ​ទៅ​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ​និង​ថាយើង​នឹង​មិន​ត្រាប្រណី​ឱ្យ​ប្រមុខ​រដ្ឋ​មួយ​ដែល​សម្លាប់​អាយុជីវិត​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ ដោយ​ចេតនា​នោះ​ទេ។ ទោះបី​ជា​មាន​ហេតុផល​យ៉ាង​នេះ​ក្តី ហេតុអ្វី​បាន​ជា​សហភាពអាហ្រ្វិក ​មិន​បាន​ឆ្លើយតប​ទាន់​ពេល​វេលា ​និង​ទទួលយក​តួនាទី​នៅ​ក្នុង​ការដឹកនាំ​មួយ ​ដើម្បី​ចាត់​វិធានការ​ដោយ​ជំហាន​ដែល​មាន​ប្រសិទ្ធភាព ​ដើម្បី​បញ្ចប់​បញ្ហា​នេះ? ជា​ចុង​ក្រោយ​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​និង​នៅ​ក្នុង​ការផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ចម្បងៗ​នៅ​ក្នុង​រដ្ឋ​សមាជិក ហេតុអ្វី​បាន​ជា​សហភាព​អាហ្រ្វិក​មិន​បានអំពាវនាវ​ឱ្យមាន​សន្និសីទ​នៃ​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ វិសាមញ្ញ​ជា​បន្ទាន់​មួយ ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​និង​ចាត់​វិធានការ​ឱ្យ​បាន​ទាន់​ពេល​វេលា?»។

ស្នងការ​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព​និង​សន្តិសុខ​របស់​សហភាពអាហ្រ្វិក​ រ៉ាមតានេ ឡាម៉ាមរ៉ា (Ramtane Lamamra) ក៏​បាន​រិះគន់​អង្គការ​សហ​ប្រជាជាតិ ​ដែលបាន​អនុញ្ញាត​ឱ្យ​មាន​តំបន់​គ្មាន​ការហោះហើរ និង​ការវាយប្រហារ​ពី​អាកាស​ពី​សំណាក់​អង្គការ​ណាតូ (NATO) ​ប្រឆាំង​ទៅ​នឹង​កងកម្លាំង​ដែល​គាំទ្រ​លោក ហ្កាដាហ្វី។ លោក​បាន​មាន​ប្រសាសន៍​ថា ​វិធានការ​នេះ​មិនបាន​នាំ​មក​នូវ​ដំណោះស្រាយ​មួយ​ចំពោះ​វិបត្តិ​នោះ​ទេ។ លោក​បាន​រាយការណ៍​ថា ​ជម្លោះ​នេះ​ហាក់​ដូចជា​កំពុង​ឈាន​ទៅ​រក​ការជាប់​គាំងមួយ។

លោក ឡាម៉ាមរ៉ា ក៏​បាន​រិះគន់​ផង​ដែរទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា «ការប៉ុនប៉ង​ក្នុង​ការធ្វើ​ឱ្យ​ខ្សោយ​ចំពោះ​ដំណោះស្រាយ​អាហ្រ្វិក​មួយ» ទៅ​លើ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ លីប៊ី៕

ប្រែសម្រួលដោយ​ ឌី ខាំបូលី

XS
SM
MD
LG