ខេត្តហ្សាប៊ុល អាហ្វហ្កានីស្ថាន៖ ខែកក្កដានេះ កងទ័ពអាមេរិកបានថា មានកត់ត្រាចំនួនមនុស្សស្លាប់ខ្ពស់បំផុតប្រចាំខែ នៅក្នុងសង្រ្គាមរយៈពេល ៩ឆ្នាំ នៅប្រទេសអាហ្វហ្កានីស្ថាន។ ដោយសារអត្រាស្លាប់ និងរបួសបានកើនឡើងជាប្រចាំ អង្គភាពជម្លៀសពេទ្យកងទ័ព ដើរតួនាទីកាន់តែសំខាន់ឡើងក្នុងសង្គ្រាម ក្នុងការជួយសង្គ្រោះទាំងជីវិតកងទ័ព និងយកឈ្នះលើទឹកចិត្តរបស់ប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន តាមរយៈការជួយជនស៊ីវិលដែលរងរបួស។
នៅអាហ្វហ្កានីស្ថាន មធ្យោបាយដឹកជញ្ជូនសម្រាប់ការសង្គ្រោះបន្ទាន់ ចុះមកពីលើមេឃវិញ ដែលជាទូទៅជាឧទ្ធម្ភាគចក្រឥន្ទ្រីខ្មៅ (Blackhawk) របស់កងទ័ពសហរដ្ឋអាមេរិក។ សម្រាប់អ្នករងរបួសធ្ងន់បំផុត ក្រុមអាល់ហ្វា(Category Alpha) ចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ក្នុងការហោះឡើងទៅលើអាកាស។
គោលដៅនោះ គឺត្រូវបញ្ជូនអ្នករបួសទៅកាន់កន្លែងថែទាំវេជ្ជសាស្ត្រ ដែលជាអ្វីដែលក្រុមអ្នកជំនាញខាងជំងឺប៉ះទង្គិចផ្លូវចិត្ត ហៅថា ជាពេលវេលាមាសដ៏សំខាន់ ដែលនៅពេលនោះឱកាសរស់រានមានជីវិតមានកម្រិតខ្ពស់បំផុត។ នៅពេលនេះ ក្រុមនេះដឹកជញ្ជូនទាហានរងរបួសអាហ្វហ្កានីស្ថានម្នាក់។ ទាហានរូបនេះរងរបួសជាទម្ងន់នៅត្រង់ជើង ដោយសារតែដើរជាន់គ្រាប់ម៉ីនមួយគ្រាប់ ក្នុងចំណោមគ្រាប់ម៉ីនជាច្រើនដែលនៅរាយប៉ាយក្នុងដី។
នៅក្នុងទីកន្លែងយ៉ាងតូចចង្អៀតនៅលើឧទ្ធម្ភាគចក្រ ពលបាលត្រី អេនឌ្រូ ហាឌីង (Andrew Harding) បានប្រើប្រាស់បទពិសោធន៍របស់លោកចំនួន១៤ឆ្នាំជាគ្រូពេទ្យ ដើម្បីធ្វើឲ្យទាហានរូបនេះនៅមានជីវិតរហូតដល់គាត់អាចទៅដល់មន្ទីរពេទ្យ។ លោកបានធ្វើកិច្ចការរបស់លោក ហើយទាហាននោះនៅរស់ នៅពេលដែលពួកគេបានចុះចតនៅឯមន្ទីរពេទ្យរបស់អង្គការណេតូ នៅព្រលានយន្តហោះកាន់ដាហារ (Kandahar Airfield) ប៉ុន្តែក្រោយមក លោកហាឌីងបានដឹងក្រោយមកថា ទាហានរូបនោះបានស្លាប់នៅលើគ្រែវះកាត់។ លោកថ្លែងថា៖
«វាជាអារម្មណ៍ដ៏អស្ចារ្យ នៅពេលដែលអ្នកអាចលើកពួកគេចេញពីចញ្ចើមផ្លូវ នៅពេលដែលពួកគេត្រូវរបួស ដោយសារការផ្ទុះគ្រាប់ ហើយជួយសង្គ្រោះជីវិតពួកគេ ធ្វើឲ្យពួកគេនៅរស់រានមានជីវិតរហូតដល់កន្លែងថែរក្សាសុខភាពថ្នាក់ខ្ពស់ ប៉ុន្តែជាអកុសល ក្នុងចំណោមមនុស្ស១០នាក់ ដែលអ្នកបានជួយសង្គ្រោះ មានមនុស្សម្នាក់ស្លាប់ ហើយនោះជាអ្វីដែលអ្នកនៅតែផ្តោតអារម្មណ៍ទៅលើ គឺមិនមែនមនុស្សដែលយើងបានជួយជីវិតនោះទេ»។
លោកហាឌីង និងក្រុមអាកាសយានិករបស់លោកបម្រើការនៅក្នុងកងអនុសេនាធំឆាលី នៃកងវរៈសេនាតូចលេខ៦របស់កងពលតូចទ័ពអាកាសលេខ១០១។ ដោយមានទីតាំងនៅឯមូលដ្ឋានប្រតិបត្តិការឆ្ពោះទៅមុខវ៉ុលវើរីន (Forward Operating Base Wolverine) នៅក្នុងខេត្តហ្សាប៊ុល (Zabul Province) ភាគខាងត្បូងនៃអាហ្វកានីស្ថាន អង្គភាពរបស់លោកបានធ្វើការហោះហើរក្នុងបេសកកម្មជាង១០០លើក ចាប់តាំងពីបានទៅដល់ទីនោះ នៅខែមីនា។ អង្គភាពពេទ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមនេះ ដោយផ្តល់ការថែរក្សាសុខភាពក្នុងពេលសង្គ្រោះបន្ទាន់ និងការដឹកជញ្ជូនសម្រាប់ទាហានរបួស និងជនស៊ីវិលអាហ្វហ្កានីស្ថាន។
លោកវរសេនីយ៍ត្រី រូស ហេឌល( Russ Hiedel) ជាមន្ត្រីប្រតិបត្តិនៅក្នុងវ៉ុលវើរីននោះ។ លោកមានប្រសាសន៍ថា កងទ័ពសង្ឃឹមថា តាមរយៈការផ្តល់ការថែទាំផ្នែកវេជ្ជសាស្ត្រទំនើប នៅតំបន់ដាច់ស្រយាលមួយនេះ ប្រតិបត្តិការសង្រ្គោះរបស់អាមេរិកនឹងអាចជួយឲ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ លោកបន្តថា៖
«គោលបំណងនៃបេសកកម្មនេះគឺការពារប្រជាពលរដ្ឋ និងកសាងសមត្ថភាព។ ខ្ញុំជឿថា ការផ្តល់សេវាទាំងអស់នេះ បង្ហាញអំពីជំនឿ និងចេតនាល្អ ។ ក្នុងករណីជាច្រើន ការផ្តល់សេវាទាំងនោះគឺជារឿងដ៏ត្រឹមត្រូវដែលត្រូវធ្វើ»។
មានមន្ទីរពេទ្យពីរបីដែរនៅក្នុងតំបន់នេះ ហើយអ្នកជំងឺ ឬអ្នករបួសត្រូវធ្វើដំណើរឆ្ងាយតាមដងផ្លូវដែលពេញទៅដោយគ្រាប់បែកដើម្បីទៅដល់កន្លែងថែទាំសុខភាព។
ករណីមួយទៀតនោះគឺ ស្ត្រីជាតិអាហ្វហ្កានីស្ថានមានវ័យ២០ឆ្នាំទទួលរងរបួសប្រេះលលាដ៏ក្បាល ហើយបាក់ជើង និងដៃ។ ស្ត្រីនេះកំពុងធ្វើដំណើរជាមួយកូនតូចរបស់នាង ដែលទទួលរងស្នាមដាច់រហែកលើផ្ទៃមុខ និងជីដូនជីតារបស់នាង ដែលជាអ្នកអមដំណើរ។ ក្រុមគ្រូពេទ្យមិនច្បាស់ទេថា តើនាងរងរបួសដោយសារអ្វី ប៉ុន្តែសង្ស័យថា នាងជួបឧបទ្ទវហេតុរថយន្ត ឬយានយន្ត ដែលកិនលើគ្រាប់បែកនៅតាមចញ្ចើមផ្លូវ។ លោកហាឌីងថ្លែងថា៖
«ខ្ញុំទទួលបានការថ្លែងអំណរគុណជារឿយៗ ពីសំណាក់សមាជិកក្រុមគ្រួសារនៅតាមមូលដ្ឋាន មានដូចជាឪពុក ឪពុកមារបស់ក្មេងនោះ ឬអ្នកដែលបានអមដំណើរមកជាមួយ។ គេចាប់ដៃរលាក់ គេថើបថ្ពាល់របស់អ្នក។ ដូច្នេះនៅតំបន់ដាច់ស្រយាលនោះ ពួកគេត្រឡប់ទៅកាន់ភូមិរបស់ពួកគេវិញ ហើយនិយាយថា ជនជាតិអាមេរិកាំងបានធ្វើរឿងនេះ ជនជាតិអាមេរិកាំងធ្វើរឿងនោះ ហើយសង្ឃឹមថា ពួកគេនឹងមានការបើកទទូលាយជាងមុនក្នុងការជួយយើង នៅពេលដែលយើងត្រូវការជំនួយពីពួកគេ ក្នុងការចាប់មនុស្សអាក្រក់»។
សង្គ្រាមនៅអាហ្វហ្កានីស្ថានកំពុងឈានចូលដល់ឆ្នាំទី៩ហើយ។ ហើយទាហាន និងជនស៊ីវិលរាប់ពាន់នាក់បានបាត់បង់ជីវិត។ ដោយសារអំពើហិង្សានៅមិនទាន់មើលឃើញថាចប់នៅឡើយ អង្គភាពពេទ្យត្រូវតែបន្តត្រៀមខ្លួននឹងទទួលទូរស័ព្ទហៅរកជំនួយបន្ទាប់៕
ប្រែសម្រួលដោយលី សុខឃាង