ប្រែសម្រួលដោយ៖ ឌី ខាំបូលី
ភាពតានតឹងដែលកំពុងកើនឡើងរវាងរដ្ឋាភិបាលទីក្រុង បាដាដ (Baghdad) និងរដ្ឋាភិបាលពាក់កណ្តាលស្វ័យយ័ត អ៊ីរ៉ាក់-ឃឺដ (Iraqi Kurdish) ជុំវិញការគ្រប់គ្រងថាមពលបម្រុងរបស់ប្រទេសនេះ កំពុងគំរាមកំហែងទាញប្រទេសជិតខាង ទួកគី (Turkey) ចូលទៅក្នុងជម្លោះដែលកាន់តែជ្រាលជ្រៅឡើងៗ។ នៅពាក់កណ្តាលខែកក្កដានេះ អ៊ីរ៉ាក់ បានព្រមានរដ្ឋាភិបាលទីក្រុង អង់ការ៉ា (Ankara) ថាការធ្វើជំនួញជាមួយតំបន់នេះ អាចធ្វើឲ្យខូចខាតដល់ទំនាក់ទំនងជាមួយរដ្ឋាភិបាលកណ្តាលនៅទីក្រុងបាដាដ។
រដ្ឋាភិបាលក្នុងតំបន់ពាក់កណ្តាលស្វ័យយ័ត ឃឺដ របស់ប្រទេស អ៊ីរ៉ាក់ បានចាប់ផ្តើមបញ្ជូនរថយន្តដឹកប្រេងឆៅជាច្រើនគ្រឿង ទៅកាន់ប្រទេសទួកគីដែលនៅជិតខាង។ ប្រេងឆៅទាំងនោះ នឹងត្រូវបាន ចម្រាញ់ ហើយបញ្ជូនទៅកាន់តំបន់ឃឺដដែលមិននៅជាប់សមុទ្រមួយនេះវិញ។ ទួកគី បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានចាប់ផ្តើមនាំចូលប្រេងឆៅចំនួនពី៥ទៅ១០ឡានស៊ីតែនក្នុងមួយថ្ងៃ ពីតំបន់ភាគខាងជើងនៃប្រទេស អ៊ីរ៉ាក់ ហើយបរិមាណនៃការនាំចូលអាចកើនឡើងចាប់ពី១០០ទៅ២០០ឡានស៊ីតែនក្នុងមួយថ្ងៃ។
ការនាំចូលនេះបានធ្វើឲ្យខឹងសម្បារពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ាក់ របស់លោកនាយករដ្ឋមន្រ្តី នូរី អាល់ម៉ាឡាគី (Nouri al-Maliki) ដែលបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុង អង់ការ៉ា ឱ្យបញ្ឈប់ការរៀបចំនេះជាបន្ទាន់។
ប៉ុន្តែ លោក ស៊ីណាន អ៊ុលហ្គិន (Sinan Ulgen) ប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវស្តីពីទំនាក់ទំនងអន្តរជាតិ អ៊ីដាម (International Relations Research Center Edam) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) គិតថា ទីក្រុង បាដាដ សម្តែងការមិនសប្បាយចិត្ត។
«ទេ ខ្ញុំមិនគិតថា រដ្ឋាភិបាលទីក្រុង អង់ការ៉ា នឹងគោរពតាមនោះទេ ដោយសារតែមានហេតុផលពីរសំខាន់គឺ ៖ ទីមួយ ទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោក ម៉ាឡាគី គឺមានបញ្ហាច្រើនណាស់។ ទួកគី ចោទប្រកាន់លោក ម៉ាឡាគី ពីបទព្យាយាមក្តោបក្តាប់អំណាច។ ដូច្នេះ ទីក្រុង អង់ការ៉ា មិនគិតថាវាជាការចាំបាច់នោះឡើយ ក្នុងការធ្វើឱ្យរដ្ឋាភិបាលរបស់លោក ម៉ាឡាគី សប្បាយចិត្ត។ ទីពីរ ទីក្រុង អង់ការ៉ា មិនចង់ចាត់វិធានការណាមួយ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់គោលជំហររបស់រដ្ឋាភិបាលក្នុងតំបន់ ឃឺដ នៅក្នុងការដោះស្រាយរបស់ខ្លួនជាមួយទីក្រុង បាដាដទេ»។
ជនជាតិ ឃឺដ និងរដ្ឋាភិបាលដែលដឹកនាំដោយជនជាតិអារ៉ាប់ នៅ ទីក្រុង បាដាដ បានឈ្លោះប្រកែកគ្នា ជុំវិញសិទ្ធិក្នុងការអភិវឌ្ឍនិងនាំចេញធនធានធម្មជាតិភាគខាងជើង។ ទីក្រុង បាដាដ ថ្លែងថា តំបន់នេះគ្មានសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាឯកតោភាគី ហើយថា ការនាំចេញទាំងឡាយត្រូវតែឆ្លងកាត់តាមបំពង់បង្ហូរប្រេងដែលគ្រប់គ្រងដោយរដ្ឋ។ ជនជាតិ ឃឺដ អះអាងថា រដ្ឋធម្មនុញ្ញផ្តល់ឱ្យពួកគេនូវសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយមិនចាំបាច់ប្រឹក្សាជាមួយទីក្រុង បាដាដឡើយ។
លោក ហ្វេឡាហ៍ ម៉ូសស្តាហ្វា បាគីរ៍ (Felah Mustafa Bakir) គឺជាប្រធានទទួលបន្ទុកទំនាក់ទំនងការបរទេសរបស់រដ្ឋាភិបាលក្នុងតំបន់ ឃឺដ។
«យើងមិនបានធ្វើអ្វី ដែលជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញរបស់ប្រទេស អ៊ីរ៉ាក់នោះទេ។ យើងបានគោរពរដ្ឋធម្មនុញ្ញ អ៊ីរ៉ាក់ ហើយយើងចង់ជួយប្រជាពលរដ្ឋ។ យើងមានលទ្ធភាពអភិវឌ្ឍវិស័យនេះ។ យើងមានលទ្ធភាពផលិតប្រេងបាន១៧៥.០០០ ធុងក្នុងមួយថ្ងៃ ដែលកាលពីមុន យើងមិនអាចផលិតប្រេងបានសោះ សូម្បីតែមួយធុង»។
ទោះបីជាមានភាពចម្រូងចម្រាសបែបនេះក្តី រដ្ឋាភិបាល អ៊ីរ៉ាក់-ឃឺដ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនប្រេងអន្តរជាតិ ដែលរួមទាំងក្រុមហ៊ុនប្រេង អ៊ិចហ្សន (Exxon) ដ៏ធំរបស់សហរដ្ឋអាមេរិកទៀតផង។
លោក ម៉ៃឃើល ហូវ័ដ (Michael Howard) គឺជាទីប្រឹក្សាមួយរូបរបស់ក្រសួងថាមពលរបស់រដ្ឋាភិបាល អ៊ីរ៉ាក់-ឃឺដ។ លោកនិយាយថា រដ្ឋាភិបាលតំបន់ ឃឺដ ដឹងអំពីសក្តានុពលនៅក្នុងការលក់ប្រេងទៅឱ្យ ទួកគី។
«ទួកគី ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងពេលបច្ចុប្បន្ននេះ។ ប្រទេសនេះ មានបំណងក្លាយទៅជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លំដាប់កំពូលចំនួន១០ នៅក្នុងរយៈពេល១០ឆ្នាំ។ ពួកគេគ្មានថាមពលខ្លួនឯងច្រើននោះទេ។ ដូច្នេះ ពួកគេនឹងត្រូវសម្លឹងមើលប្រទេសជិតខាង សម្រាប់សុវត្ថិភាពថាមពលរបស់ពួកគេ។ ប៉ុន្តែ ទួកគី ក៏អាចជាច្រកឆ្លងកាត់ដ៏សំខាន់មួយផងដែរ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទីក្រុង បាដាដ និង ឃឺដ បានព្យាយាមស្វែងរកដំណោះស្រាយមួយ ដោយបានអនុម័តច្បាប់ស្តីអំពី អ៊ីដ្រូកាបោន។ ទីក្រុង បាដាដ ជឿជាក់ថា គោលនយោបាយប្រេង គួរតែត្រូវបានបង្កើតឡើងនៅក្នុងកម្រិតរដ្ឋាភិបាលសហព័ន្ធ ហើយគោរពតាមការបកស្រាយរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ផ្ទុយទៅវិញ ទីក្រុង អ៊ឺប៊ីល (Irbil) ចង់មានលទ្ធភាពផ្តល់កិច្ចសន្យាផលិតកម្មនិងរៀបចំផែនការបំពង់បង្ហូរប្រេងនាំចេញដោយខ្លួនឯង។
ក្រុមអ្នកសង្កេតការនយោបាយនិយាយថា មានសេចក្តីសង្ឃឹមតិចតួចណាស់ក្នុងការរកដំណោះស្រាយមួយនោះ។
អ្នកវិភាគ អ៊ុលហ្គិន នៃមជ្ឈមណ្ឌល អ៊ីដាម និយាយថា ដោយមិនគិតថាតើច្បាប់ថ្មីមួយត្រូវបានអនុម័តឬអត់នោះ ទីក្រុង អង់ការ៉ា បានសម្លឹងមើលទៅថាមពលរបស់ប្រទេស ឃឺដ ថាជាប្រភពដ៏សំខាន់មួយ។
«ខ្ញុំសង្ឃឹមថា ទួកគី នឹងបន្តទិញប្រេង បើទោះបីជាបញ្ហានៃច្បាប់ស្តីអំពីអ៊ីដ្រូកាបោន មិនត្រូវបានដោះស្រាយក៏ដោយ។ នៅក្នុងរយៈពេលវែងមួយ ប្រទេស ទួកគី កំពុងសម្លឹងមើលឱកាសនៅភាគខាងជើងនៃប្រទេស អ៊ីរ៉ាក់ ដើម្បីសម្រាលដល់ការព្រួយបារម្ភមួយចំនួនរបស់ខ្លួន ជុំវិញការនាំចូលថាមពល។ ដូច្នេះ ផុសចេញពីទស្សននេះ នៅក្នុងរយៈពេលមធ្យមនិងរយៈពេលវែង វានឹងផ្តល់ជម្រើសមួយចំពោះការពឹងផ្អែករបស់ប្រទេស ទួកគី ទៅលើប្រទេស អ៊ីរ៉ង់ (Iran)»។
ទីក្រុង អង់ការ៉ា បានកាត់ផ្តាច់ការនាំចូលថាមពលរបស់ខ្លួនពីអ៊ីរ៉ង់ដែលជាប្រទេសជិតខាង ដើម្បីគោរពទៅតាមការដាក់ទណ្ឌកម្មជាអន្តរជាតិប្រឆាំងរដ្ឋាភិបាលទីក្រុង ទេហ៍រ៉ាន (Tehran) ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរបស់ប្រទេសនេះ។ ក្រុមអ្នកវិភាគនិយាយថា ប្រការនោះបានផ្តល់កម្លាំងជំរុញបន្ថែម ចំពោះទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសជិតខាង ឃឺដ ទោះបីជាទីក្រុង បាដាដ និយាយយ៉ាងម៉េចក៏ដោយ៕