លោកប្រធានាធិបតី Hamid Karzai នៃប្រទេស Afghanistan បានបញ្ចប់ទស្សនកិច្ច២ថ្ងៃក្នុងក្រុង Islamabad កាលពីថ្ងៃសៅរ៍នៅក្រោយមានកិច្ចចរចាគ្នាអំពីបញ្ហាសន្តិសុខ ទំនាក់ទំនងទ្វេភាគីនិងការទាក់ទងក្នុងតំបន់ និងបញ្ហាថាតើបញ្ចប់សង្គ្រាមជិត១០ឆ្នាំក្នុងប្រទេសលោកដោយបែបណា។
គណៈប្រតិភូ Afghanistan ដឹកនាំដោយលោក Hamid Karzai បានជួបជាមួយពួកមេដឹកនាំ Pakistan ក្នុងរយៈពេលពីរថ្ងៃ ហើយនៅទីបញ្ចប់បានប្រកាសអំពីវិធានការថ្មីៗមួយចំនួនដែលមានគោលដៅកែលម្អសន្តិសុខនិងបញ្ចប់សង្គ្រាមដែលធ្វើឱ្យប៉ះពាល់ជ្រាលជ្រៅដល់ប្រទេសជាតិទាំងពីរ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មានការប្រកាសថាគណៈកម្មការរួមមួយសម្រាប់ការផ្សះផ្សានិងសន្តិភាពក្នុងប្រទេស Afghanistan នឹងត្រូវបង្កើត។គណៈកម្មការនេះនឹងរកវិធីធ្វើការចរចាជាមួយសមាជិកខ្លះនៃពួកតាលីបាន់ Afghanistan ដើម្បីនាំពួកគេមកកាន់តុចរចាគ្នាជាជាងបន្តការប្រយុទ្ធដោយអាវុធ។
នៅក្នុងសន្និសីទកាសែតមួយនៅទីបញ្ចប់នៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីRaza Gilani នៃប្រទេសប៉ាគិស្ថានបានមានប្រសាសន៍ថាប្រទេសជាតិលោកចង់ឱ្យមានសន្តិភាពក្នុងប្រទេស Afghanistan ហើយនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីឱ្យមានសន្តិភាព។
“យើងទាំងពីរនាក់ចង់ឱ្យមានស្ថិរភាពនៅក្នុងប្រទេស Afghanistan និងប្រទេសPakistan។គោលដៅតែមួយរបស់យើងគឺគាំទ្រដំណើរការសន្តិភាពដែលដឹកនាំដោយ Afghanistan ហើយវាជាដំណើរការ Afghanistan មួយសម្រាប់ការផ្សះផ្សា។វាឋិតនៅក្នុងអត្ថប្រយោជន៍នៃប្រទេស Pakistan សម្រាប់ប្រទេសAfghanistan មួយដែលមានស្ថិរភាព សន្តិភាព ភាពសំបូររុងរឿង ឯករាជ្យនិងអធិបតេយ្យភាព។
គណៈប្រតិភូមកពីប្រទេស Afghanistan និងអាជ្ញាធរ Pakistan ក៏បានពិភាក្សាគ្នាដែរអំពីបញ្ហាទ្វេភាគីដូចជាពាណិជ្ជកម្ម កិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតត្រាពាណិជ្ជកម្មគ្រឿងញៀននិងការសម្របសម្រួលកងកម្លាំងរបស់ពួកគេដើម្បីបញ្ឈប់ការឆ្លងកាត់ព្រំដែនដោយពួកជនសកម្មប្រយុទ្ធ។
ប្រែសម្រួលដោយ ឈឹម សុមេធ