ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​អាហ្វហ្គានីស្ថាន​នៅ​បន្ត​ដាំ​អាភៀន​ បើ​ទោះ​បី​ជា​ក្រុម​តាលីបង់​ហាមឃាត់


កងកម្លាំង​តាលីបង់​ធ្វើ​ការ​ដើម្បី​បំផ្លាញ​ចម្ការ​អាភៀន​ក្នុង​ខេត្ត Badakhshan ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៤។
កងកម្លាំង​តាលីបង់​ធ្វើ​ការ​ដើម្បី​បំផ្លាញ​ចម្ការ​អាភៀន​ក្នុង​ខេត្ត Badakhshan ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៤។

ទិន្នផល​អាភៀន​នៅ​អាហ្វហ្គានីស្ថាន​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​កាល​ពី​ឆ្នាំ​មុន។ នេះ​បើយោង​តាម​អង្គការសហប្រជាជាតិ​និង​ពី​ប្រភព​ព័ត៌មាន​ឯកជន​មួយ​ចំនួន។ ប៉ុន្តែ​ដំណាំ​នេះ​នៅ​តែ​បន្ត​ត្រូវ​បាន​ដាំ​នៅ​តាម​ខេត្តភាគច្រើន បើ​ទោះ​បី​ជា​មាន​បម្រាម​ពី​ក្រុម​តាលីបង់​ក៏ដោយ។ តំបន់​ខ្លះ​មាន​ដំណាំ​អាភៀន​ច្រើន​ជាង​តំបន់​ដទៃ​ទៀត។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​ក្រុម​តាលីបង់ កសិករ​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រមាណ ២៩​ បាន​ដាំដុះ​អាភៀន​ចាប់តាំង​ពី​និទាឃរដូវ​មក។ ដំណាំ​អាភៀន​ភាគច្រើន​មាន​នៅ​ក្នុង​ខេត្ត Badakhshan ខេត្ត Helmand ខេត្ត Herat និង​ខេត្ត Nangarhar។

​ដំណាំ​អាភៀន ដែល​កសិករ​យក​ទៅ​ផលិត​ជា​អាភៀន​ ត្រូវ​បាន​ដាំ​ដោយ​បើកចំហ ឬ​លាក់បាំង​ក្រោយ​របង​ដី​ឯកជន។

កងកម្លាំង​តាលីបង់​បាន​ធ្វើ​ប្រតិបត្តិការ​ចំនួន​រាប់​ពាន់​ដើម្បី​បំផ្លាញ​ដំណាំ​នេះ ដូច​ដែល​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​លើ​បណ្តាញ​សង្គម X ដោយ​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ។ សេចក្តីប្រកាស​នេះ​បាន​ចុះ​បញ្ជី​ខេត្ត​ចំនួន ២៩ ​ដែលនៅទីនោះ​ពួកគេ​បាន​ធ្វើ​ប្រតិបត្តិការ​បំផ្លាញ។

​ក្រសួង​មហាផ្ទៃ​តាលីបង់​បាន​ឱ្យដឹង​ថា នៅ​ក្នុង​រយៈពេល ៦ ខែ​ចុងក្រោយ​នេះ ប៉ូលិស​បាន​ធ្វើ​ប្រតិបត្តិការ​កម្ចាត់​ដើម​អាភៀន​ជាង ១៥.០០០​ករណី​នៅ​លើ​ផ្ទៃដីជាង ៣.៦០០​ហិចតា។​ ពួកគេ​ក៏​បាន​លើកឡើង​ថា មនុស្ស​រាប់​ពាន់​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះ​ការ​បំពាន​បម្រាម​ផងដែរ។

​លោក Abdul Haq Akhundzada អនុរដ្ឋមន្រ្តី​ការពារជាតិ​តាលីបង់​ទទួលបន្ទុក​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ប្រាប់​វីអូអេ​ថា នឹង​មិនមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សារធាតុញៀន​នោះទេ​ក្នុង​ឆ្នាំ​នេះ។

​លោក​បាន​និយាយ​ថា៖ «នៅ​ខេត្ត​ទាំង​នោះ នៅ​តំបន់​ខ្លះ​ដែល​កសិករ​ដាំ​អាភៀន​លួចលាក់ យើង​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ទី​នោះ ហើយ​យើង​បាន​បំផ្លាញ​ដំណាំ​អាភៀនលួចលាក់​របស់​ពួកគេ​រួច​ហើយ»។

ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​ទទួល​យក​ការ​ដាក់​បម្រាម​និង​ការ​កម្ចាត់អាភៀន​ដោយ​សន្ដិវិធី​នោះ​ទេ។ នៅ​ក្នុង​ខេត្ត Badakhshan ដែល​ស្ថិត​នៅ​ភាគឦសាន​នៃ​ប្រទេស ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​រវាង​ក្រុម​តាលីបង់​និង​កសិករ។ ហើយ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់។

​មន្រ្តី​តាលីបង់ទទួល​បន្ទុក​កម្ចាត់​អាភៀន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា នៅ​ខេត្ត Badakhshan «ផ្ទៃដី​ដំណាំ​អាភៀនប្រមាណ ១៤ ហិកតា ទៅ​ ១៦.០០០ ហិកតា ត្រូវ​បាន​បំផ្លាញ»។

លោក Aminullah Taib អភិបាល​រង​ខេត្ត Badakhshan បាន​និយាយ​ថា ពួកគេ​បាន​បំផ្លាញ​ដំណាំ​អាភៀន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​និទាឃរដូវ ​ក្នុង​ស្រុក​ចំនួន៨ ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ដាំដុះ​បន្ត​ទៀត​នោះ​ទេ។

កសិករ​និយាយ​ថា ដំណើរការ​បំផ្លាញ​ដំណាំ​នេះ​គឺ​ជា​ការ​មិន​គោរព​វប្បធម៌​ក្នុង​ស្រុក ស្រប​ពេល​ក្រុម​តាលីបង់​បាន​ទៅ​ភូមិ​នានា ដោយ​មិន​បាន​ប្រាប់​ចាស់ទុំ​ក្នុង​ភូមិ និង​ផ្តល់​ដំណឹង​ដល់​អ្នកភូមិ​អំពី​យុទ្ធនាការ​បំផ្លាញ​ដំណាំ​អាភៀន​នោះ​ឡើយ។

លោក Abdul Hafiz ពលរដ្ឋ​ស្រុក Argo ​ដែល​នៅ​ទីនោះ​មានការ​ប៉ះទង្គិច​រវាង​កសិករ​និង​ក្រុម​តាលីបង់​បាន​កើត​ឡើង បាន​ប្រាប់​វីអូអេ​ថា ក្រុម​តាលីបង់​បាន​ចូល​ផ្ទះ​ប្រជាជន​ និង​បាន​បំផ្លាញ​ដំណាំ​អាភៀន​របស់​ពួកគេ «ដោយ​មិន​បាន​បួងសួង និង​ផ្តល់​ដំណឹង​ជា​មុន»។

​កំណើន​ដំណាំ​អាភៀន​មាន​ខ្ពស់​បំផុត​នៅ​ឆ្នាំ ២០២១ ដែល​ជា​ឆ្នាំ​ដែល​ក្រុម​តាលីបង់​ចូល​កាន់​តំណែង​ឡើង​វិញ។ កសិករ​បាន​ធ្វើការ​ដាំដុះ​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើ​បាន ដោយ​ភ័យខ្លាច​ថា ដំណាំ​នេះ​នឹង​ត្រូវហាមឃាត់។ នៅ​ស្រប​ពេល​ក្រុម​តាលីបង់​បាន​ដាក់​បម្រាម​លើ​ការ​ដាំដុះ​ដំណាំ​អាភៀន​នៅ​ឆ្នាំ ២០២២ ពួកគេ​ក៏​បាន​អនុញ្ញាត​ឱ្យ​កសិករ​ធ្វើការ​ប្រមូល​ផល​អាភៀន​ ដែល​បាន​ដាំ​រួចហើយ​ផង​ដែរ។

ឆ្នាំ​នោះ​គឺ​ជា​ឆ្នាំ​កំណត់ត្រា​មួយ។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ផលិតកម្ម​អាភៀន​នៅ​អាហ្វហ្គានីស្ថាន​មាន​ចំនួន​ប្រមាណ ៦.៨០០​តោន​នៅ​ឆ្នាំ ២០២១ និង​ចំនួន​ប្រមាណ​ ៦.២០០​តោន​នៅ​ឆ្នាំ​ ២០២២។

កាល​ពី​ឆ្នាំ​មុន ក្រុម​តាលីបង់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់​បម្រាម​លើ​ដំណាំ​នេះ​ទាំង​ស្រុង។ នៅ​ក្នុងខេត្ត​ Helmand ដែល​សម្បូរ​ទៅ​ដោយ​ការ​ដាំដុះ​អាភៀន ទិន្នផល​ដំណាំ​អាភៀន​បាន​ធ្លាក់​ចុះ ៩៩.៩​ភាគរយ។

​ប៉ុន្តែ​ភាព​ជោគជ័យ​ចំពោះ​បម្រាម​នៅ​ទូទាំង​ប្រទេស​គឺ​អាស្រ័យលើ​ប្រភព។

​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​កាល​ពី​ខែ​តុលា​ថា ទិន្នផល​អាភៀន​បាន​ធ្លាក់​ចុះ ៩៥ភាគរយ។ អង្គការ​នេះ​បន្ត​ថា នៅ​អាហ្វហ្គានីស្ថាន ទិន្នផល​អាភៀន​បាន​ធ្លាក់​ចុះ​ពី​ ២៣៣.០០០​ហិកតា​នៅ​ឆ្នាំ ២០២២ មក​នៅ​ត្រឹម​ ១០.៨០០​ ហិកតា​នៅ​ឆ្នាំ ២០២៣។

ប៉ុន្តែនៅ​ក្នុង​ការ​វាយតម្លៃ​ពី​រូបភាព​ផ្តល់​ពី​ផ្កាយ​រណប​របស់​ខ្លួន ក្រុមហ៊ុន Alcis បាន​ឱ្យ​ដឹង​ថា ទិន្នផល​អាភៀននៅ​អាហ្វហ្គានីស្ថាន​បាន​ធ្លាក់​ចុះ​រហូត​ដល់ ៨៦​ភាគរយ ដែល​នេះ​ជា​តួលេខ​ទាប​ជាង​តួលេខ​របស់​អង្គការ​សហប្រជាជាតិ។

​លោក William Byrd អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​វិទ្យាស្ថាន​ U.S. Institute of Peace​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា គម្លាត​ភាគរយ​នេះ​បង្ហាញ​ពី​ភាព​ខុសគ្នា​នៅ​ក្នុង​បរិមាណ​អាភៀន​ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ត្រូវ​ប្រមូល​ផល​បាន​នៅ​ឆ្នាំ​ ២០២៣ នោះ​គឺ «១០.៨០០​ហិកតា​បើ​យោង​តាម​អង្គការសហប្រជាជាតិ​ធៀប​នឹង ៣១.០៨៨​ហិកតា​ បើ​យោង​តាម​ក្រុមហ៊ុន Alcis»។

លោក​បាន​លើកឡើង​ថា ក្រុមហ៊ុន Alcis បាន​មាន​ការ​បង្ហាញ​ល្អិតល្អន់​ជាង​នៅ​ក្នុង​បរិបទ​នេះ។

លោក​ Byrd បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «លក្ខណៈ​ខុសប្លែក​របស់​ដើម​អាភៀន​និង​ឧបករណ៍​វាស់វែង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Alcis ក្នុង​រយៈពេល​ជាច្រើនឆ្នាំ​មក​នេះ​បាន​ជួយដល់​វិធីសាស្ត្រ​វាស់វែង»។ លោក​បាន​បន្ថែម​ថា អង្គការសហប្រជាជាតិ​ពឹងផ្អែក​លើ​តំបន់​យក​សំណាក​ផ្សេងៗ​គ្នា។ ក្រុមហ៊ុន Alcis បាន​វិភាគ​ជាច្រើន​លើកលើ​រូបភាព​ពី​ផ្កាយ​រណប​លើ​គ្រប់​ផ្ទៃ​ដី​ដំណាំ​អំឡុង​ពេល​ដាំដុះ ​និងប្រមូលផល​អាភៀន។

លទ្ធផល​សម្រាប់​ការ​ដាំ​អាភៀន​ឆ្នាំ​ ២០២៤ ត្រូវ​បាន​រំពឹង​ថា នឹង​ចេញ​ដោយ​អង្គភាព​ទាំង​ពីរខាង​លើ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ។

ស្ថានភាព​សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន​កំពុង​ដុនដាប ស្រប​ពេល​មនុស្ស​ជាង​ ១២​លាន​នាក់​កំពុង​ប្រឈម​មុខ​នឹង​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ។

ការ​ដាក់​បម្រាម​លើ​ដើម​អាភៀន​បាន​យក​ប្រាក់ចំណូល​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ចេញ​ពី​សេដ្ឋកិច្ច​ជនបទ។ ដូច្នេះ​សូម្បី​តែ​ពេល​ប្រឈម​មុខ​នឹង​ការ​ដាក់​បម្រាម កសិករ​ក្រីក្រ​នៅ​តែ​បន្ត​ដាំអាភៀន ពីព្រោះ​ពួកគេ​មាន​ជម្រើស​តិចតួច​សម្រាប់​រក​ប្រាក់​ចំណូល។

អស់​ពេល​រាប់​ទសវត្សរ៍​មក​នេះ ដើម​អាភៀន​និង​ដំណាំ​អាភៀន​ផ្តល់​ជា​ប្រាក់​ចំណូល​ធំ​បំផុត​សម្រាប់​កសិករ​អាហ្វហ្គានីស្ថាន។ កសិករ​ភាគច្រើន​ធ្វើការ​ដាំដុះ​សម្រាប់​ត្រឹមតែ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ។ ពួកគេ​មិន​មាន​ប្រាក់​ចំណូលបន្ថែម​ ឬ​ពេលវេលា​ដើម្បី​ទិញ​គ្រាប់ពូជ​ដំណាំ​ដទៃ​ទៀត​ទេ ​បន្ទាប់​មក​ត្រូវ​រង់ចាំ​រាប់​ឆ្នាំ​ដើម្បីឱ្យ​ដំណាំ​លូតលាស់​ពេញលេញ​ ហើយ​ប្រមូល​ផល​ដើម្បី​លក់​។

កសិករ​បាន​រអ៊ូ​រទាំ​ថា រដ្ឋាភិបាល​តាលីបង់​មិន​បាន​ជួយ​ពួកគេ​ឱ្យ​ដាំ​ដំណាំផ្សេង​ទៀត​នោះ​ទេ។

លោក Hassebullah កសិករ​នៅ​ខេត្ត Laghman បាន​ថ្លែង​ប្រាប់​វីអូអេ​ថា កសិករ​ត្រូវ​ការ​ជំនួយ ហើយ​ពួកគេ​នៅ​តែ​កំពុង​រង់ចាំ​ជំនួយ​ពី​សំណាក់​រដ្ឋាភិបាល​តាលីបង់។

លោក Hassebullah បាន​ថ្លែង​ថា៖ «ប្រសិន​បើ​កសិករ​មិន​ដាំ​អាភៀន រដ្ឋាភិបាល​គួរ​ផ្តល់​ជា​គ្រាប់​ពូជ​និង​ជី ផលិតផល​កសិកម្ម​ខ្លះ និង​ជំនួយ​ដទៃ​ទៀត»។

អនុរដ្ឋមន្រ្តី​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​សារធាតុ​ញៀន​អាហ្វហ្គានីស្ថាន​លោក Javed Qaem បាន​ថ្លែង​ប្រាប់​វីអូអេ​ថា រហូត​ដល់​ពេល​កសិករ​ត្រូវ​បាន​ផ្តល់​នូវ​ជម្រើស​ផ្សេង​ទៀត «ជា​អកុសល យើង​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប៉ះទង្គិច​គ្នា​បន្ថែម​ទៀត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG