ទីក្រុងហុងកុង៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ឬហៅកាត់ថាADB បានដំឡើងការទោះទាយរបស់ខ្លួនពីភាពរីកលូតលាស់សេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាស៊ីនៅក្នុងឆ្នាំនេះ ដោយសារតែការនាំចេញ និងការប្រើប្រាស់មានសភាពខ្លាំងក្លា។ ការពង្រីកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅប្រទេសចិន និងឥណ្ឌា នឹងបង្កើនការលូតលាស់សេដ្ឋកិច្ចជាមធ្យមនៅទី្វបអាស៊ីដែលកំពុងអភិវឌ្ឍ ទៅដល់៨.២ភាគរយ នៅក្នុងឆ្នាំនេះ។ ធនាគារ ADB កាលពីពេលមុន បានប៉ាន់ស្មានកំណើនតែ៧.៥ភាគរយតែប៉ុណ្ណោះ។
តែទោះយ៉ាងណា កំណើននេះត្រូវរំពឹងថានឹងធ្លាក់ចុះនៅត្រឹម៧.៣ភាគរយវិញ នៅឆ្នាំក្រោយ ដោយសារតែមានគ្រោះថ្នាក់នៃការធ្លាក់ចុះ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចឧស្សាហកម្មធំៗ ដែលជាទិសដៅសំខាន់សម្រាប់ទំនិញនាំចេញរបស់តំបន់នេះ។
សេដ្ឋកិច្ចរបស់ចិនត្រូវបានរំពឹងថានឹងកើនឡើងដល់៩.៦ភាគរយនៅឆ្នាំនេះ ប៉ុន្តែអាចថយចុះមកនៅត្រឹម៩.១ភាគរយវិញនៅឆ្នាំក្រោយ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានរំពឹងទុកថានឹងកើនឡើងដល់៨.៧ភាគរយនៅឆ្នាំក្រោយ ដោយឡើងពី៨.៥ភាគរយក្នុងឆ្នាំនេះ។
លោកលី ចុងវ៉ា (Lee Jong-wha) ប្រធានសេដ្ឋវិទូរបស់ធនាគារនេះ បានថ្លែងថា មូលធនបរទេសនឹងបន្តហូរចូលទៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ក្នុងទី្វបអាស៊ី។ ប៉ុន្តែ លោកព្រមានថា លំហូរនេះក៏នាំមកជាមួយនូវភាពប្រថុយប្រថានមួយចំនួនដែរ។
«លំហូរដ៏ច្រើនសន្ធឹកសន្ធាប់ និងលទ្ធភាពនៃការដកប្រាក់ចេញយ៉ាងឆាប់រហ័ស ពិតជាបានដើរតួនាទីដ៏មានសក្តានុពលក្នុងការបន្ទុចបង្អាក់ទីផ្សារហិរញ្ញវត្ថុរបស់អាស៊ី និងបង្កឲ្យមានសម្ពាធទៅលើអត្រាប្តូរប្រាក់»។
កាលពីឆ្នាំមុន ទឹកប្រាក់ប្រហែល២០០ពាន់លានដុល្លារសម្រាប់ការវិនិយោគបានហូរចូលទៅក្នុងតំបន់ ហើយស្ថិតនៅទីនោះតែម្តង។ ទឹកប្រាក់នេះបានរួមចំណែកដល់ការកើនឡើងនូវទុនបម្រុងរបស់ទីផ្សារប្តូរប្រាក់បរទេស (foreign exchange reserves) និងរូបិយប័ណ្ណរឹងម៉ាំជាងមុន ដែលជាការព្រួយបារម្ភខ្លាំងឡើងសម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់តំបន់នេះ។ ឧទាហរណ៍ដូចជា ធនាគារកណ្តាលរបស់ជប៉ុនបានធ្វើអន្តរាគមន៍ទៅលើទីផ្សារប្តូរប្រាក់បរទេស ដើម្បីធ្វើឲ្យចុះខ្សោយប្រាក់យ៉េន (yen) ដើម្បីការពារទំនិញនាំចេញរបស់ជប៉ុន។
មានការព្រួយបារម្ភនៅជុំវិញពិភពលោក ដែលថាលំហូរមូលធនអាចបង្កឲ្យមានសង្រ្គាមរូបិយប័ណ្ណ ដែលធនាគារកណ្តាលទម្លាក់រូបិយប័ណ្ណរបស់ខ្លួន ដើម្បីធ្វើឲ្យរូបិយប័ណ្ណនោះចុះថ្លៃ។ លោកលីថ្លែងថា ប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេនឹងប្រឈមទៅនឹងបញ្ហាមួយផ្សេងទៀត។
«ទ្រព្យសម្បត្តិសម្រាប់ដោះដូរយករូបិយប័ណ្ណដ៏ច្រើនសន្ធឹកសន្ធាប់ ហូរចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ដែលនឹងបង្កើតសម្ពាធមួយទៀតទៅលើវិស័យអតិផរណា»។
ធនាគារ ADB ដែលជាធនាគារឲ្យខ្ចីប្រាក់សម្រាប់ការអភិវឌ្ឍដោយមិនរកប្រាក់ចំណេញ បានព្យាករណ៍ទុកថា ប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅអាស៊ីអគ្នេយ៍នឹងរីកលូតលាស់ក្នុងកម្រិតមធ្យមចំនួន៧.៤ភាគរយក្នុងឆ្នាំនេះ។ ប្រទេសសឹង្ហបូរីនឹងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងជាងគេបង្អស់ ក្នុងកម្រិត១៤ភាគរយ នៅអាស៊ីអគ្នេយ៍ក្នុងឆ្នាំនេះ ដែលបន្ទាប់មកគឺប្រទេសថៃក្នុងកម្រិត៧ភាគរយ។ ប៉ុន្តែ នៅក្នុងអនុតំបន់វិញ កំណើននេះនឹងធ្លាក់មកនៅត្រឹមតែ ៥.៤ភាគរយនៅឆ្នាំក្រោយ ដោយសារតែការបញ្ជាទិញលើការនាំចេញមានភាពចុះថយ។
នៅអាស៊ីកណ្តាលវិញ កំណើនក្នុងឆ្នាំនេះត្រូវបានរំពឹងទុកថានឹងមានចំនួន៥.១ភាគរយ ដែលលើសបន្តិចពីការព្យាករណ៍ទុកពីខាងដើមរបស់ធនាគារ ADB។ នៅឆ្នាំក្រោយ សេដ្ឋកិច្ចរបស់តំបន់នេះទំនងជានឹងរីកចម្រើនបានប្រហែល ៥.៧ភាគរយ។ ព័ត៌មានចុងក្រោយសម្រាប់ឆ្នាំ២០១០ របស់ធនាគារ ADB បានឲ្យដឹងថា ការនាំចេញរ៉ែ ប្រេង និងឧស្ម័នធម្មជាតិកំពុងជួយដល់ការរីកចម្រើននៅក្នុងតំបន់នេះ៕
ប្រែសម្រួលដោយលី សុខឃាង