តារាទូរទស្សន៍អាមេរិកាំង Mary Tyler Moore ដែលបានសម្តែងនៅក្នុងភាពយន្តភាគដ៏ល្បីពីររឿងនៅក្នុងប្រវត្តិសាស្រ្តរឿងភាគទូរទស្សន៍អាមេរិកាំង បានទទួលមរណៈភាពនៅថ្ងៃពុធម្សិលមិញនេះ នៅក្នុងទីក្រុង New York ក្នុងវ័យ៨០ឆ្នាំ។
មិនទាន់មានការប្រកាសណាមួយនៅឡើយទេថា តើលោកស្រីស្លាប់ដោយសារអ្វីនោះ។
លោកស្រី Moore ដែលបានទទួលការបណ្តុះបណ្តាលផ្នែករាំ បានចាប់ផ្តើមវិជ្ជាជីវៈសិល្បៈរបស់លោកស្រីដោយការថតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់។ ក្នុងការផ្សាយពាណិជ្ជកម្មដំបូងនោះ លោកស្រីបានរាំនៅលើចង្ក្រាន និងម៉ាស៊ីនដុតនំ។
បន្ទាប់មកទៀតនៅក្នុងរឿង «Richard Diamond, Private Detective» លោកស្រីបានដើរតួជាលេខា ឈ្មោះ Sam ក្នុងរឿងនេះ គ្មាននរណាម្នាក់ឃើញមុខរបស់លោកស្រីទេ គេឃើញតែជើងរបស់លោកស្រីប៉ុណ្ណោះ។
ទាល់តែឆ្នាំ ១៩៦១ ទើបទស្សនិកជននៅទូទាំងប្រទេស បានឃើញមុខនិងរាងកាយទាំងមូលរបស់លោកស្រី នៅពេលដែលលោកស្រីដើរតួជាស្រ្តីមេផ្ទះ ឈ្មោះថា Laura Petrie ក្នុងរឿងភាគមានចំណងជើងថា «The Dick Van Dyke Show» ដែលនោះគឺជាឈ្មោះរបស់តារាកំប្លែងដែលសម្តែងជាមួយលោកស្រី។
ក្នុងរឿងភាគដែលបានតែងឡើងដោយវៃឆ្លាតអំពី រឿងរ៉ាវនៅក្នុងផ្ទះ និងនៅក្នុងការិយាល័យរបស់អ្នកនិពន្វរឿងកំប្លែងភាគតាមទូរទស្សន៍នេះ បានផ្តល់ឱកាសឲ្យលោកស្រី Mooreក្នុងការបញ្ចេញទេពកោសល្យកំប្លែងរបស់លោកស្រី ក៏ដូចជា ទេពកោសល្យក្នុងការច្រៀងនិងរាំផងដែរ។ លោកស្រីស្ថិតក្នុងចំណោមស្រ្តីដំបូងៗគេ ដែលជាគំរូសម្រាប់ស្រ្តីវ័យក្មេង តាមរយៈការសម្តែងរបស់លោកស្រី ជាភរិយាម្នាក់ដែលជួនកាលបានតតាំងនឹងស្វាមីដែលគ្មានសមត្ថភាព។ រឿងភាគនោះ បានទទួលការគាំទ្រយ៉ាងខ្លាំងរហូតដល់ឆ្នាំ ១៩៦៦ ហើយត្រូវបានគេចាក់ផ្សាយឡើងវិញរហូតដល់សព្វថ្ងៃនេះ។
៤ ឆ្នាំក្រោយមក លោកស្រី បានវិលត្រឡប់ចូលមកសម្តែងក្នុងកម្មវិធីទូរទស្សន៍វិញ ដោយបានបង្កើតក្រុមហ៊ុនផលិតកម្មផ្ទាល់របស់លោកស្រី ហើយសម្តែងក្នុងរឿង «The Mary Tyler Moore Show»។ លោកស្រីបានដើរតួ ជាផលិតការិនីនៃបណ្តាញសារព័ត៌មាននៅក្នុងទីក្រុងដ៏ធំមួយ។ អ្នករិះគន់ ចូលចិត្តរឿងនោះយ៉ាងខ្លាំង ដោយសារវាជាការបញ្ចូលគ្នានូវតារាកំប្លែងជើងចាស់ និងលោកស្រី Mooreដែលដើរតួក្នុងរឿងភាគទូរទស្សន៍ដំបូងគេជាស្រ្តីនៅលាវ ដែលឆ្លាតនិងជោគជ័យ មិនពឹងផ្អែកលើស្វាមី ឬ ក៏បង្ហាញថា លោកស្រីត្រូវការស្វាមីនោះទេ។
រឿងភាគនោះ ត្រូវបានដាក់បញ្ចាំងតាមទូរទស្សន៍នៅរៀងរាល់យប់ថ្ងៃសៅរ៍ រយៈពេល៧ឆ្នាំ។
ផលិតកម្ម Mary Tyler Moore ក៏បានទទួលជោគជ័យក្នុងការផ្សាយពាណិជ្ជកម្មនិងការផលិតរឿងភាគផ្សេងៗទៀតដែរ ពីទសវត្សរ៍ ១៩៧០ ដល់ទសវត្សរ៍ ១៩៩០ ក្នុងនោះមានរឿង Hill Street Blues រឿងThe Bob Newhart Show រឿងWKRP in Cincinnati និងSt. Elseshere។
លោកស្រី Moore ទទួលបានពានរង្វាន់ Emmy ចំនួន៨ ចំពោះការសម្តែងបានយ៉ាងល្អនៅលើកញ្ចក់ទូរទស្សន៍។ លោកស្រីក៏ត្រូវបានជ្រើសរើសឲ្យប្រជែងយកពានរង្វាន់Oscar កាលពីឆ្នាំ១៩៨០ ផងដែរ ដោយលោកស្រីដើរតួជាម្តាយដែលមានទុក្ខសោកដោយសារការធ្វើអត្តឃាតរបស់កូនប្រុសខ្លួន នៅក្នុងរឿង «Ordinary People»។
លោកស្រី Moore ក៏ជាអ្នកតស៊ូមតិដើម្បីសិទ្ធិសត្វនិងការស្រាវជ្រាវជំងឺទឹកនោមផ្អែម ផងដែរ ហើយលោកស្រីផ្ទាល់ក៏មានជំងឺទឹកនោមផ្អែមនេះដែរ។
នៅពេលសួរថា តើចង់ឲ្យគេចងចាំលោកស្រីត្រង់ចំណុចណា លោកស្រី Moore បានមានប្រសាសន៍ថា «ជាមិត្តភក្តិល្អម្នាក់ ជានរណាម្នាក់ដែលសប្បាយរីករាយស្ទើរតែគ្រប់ពេលវេលា និងមានមោទនភាពនៅពេលធ្វើឲ្យមនុស្សសើចបាន»៕