ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ជុំវិញ​ការ​ដោះ​លែង​លោក​ស្រី​ អង់ សាន​ ស៊ូគ្យី


លោក​ស្រី​ អង់ សាន ស៊ូ​គ្យី​ (Aung San Suu Kyi) ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ភូមា​ដោះ​លែង​ពី​ការ​ឃុំ​ឃាំង​ផ្សេងៗ​​​​​​​អស់​ ​រយៈពេល​ប្រហែល​២០​ឆ្នាំ។
លោក​ស្រី​ អង់ សាន ស៊ូ​គ្យី​ (Aung San Suu Kyi) ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ភូមា​ដោះ​លែង​ពី​ការ​ឃុំ​ឃាំង​ផ្សេងៗ​​​​​​​អស់​ ​រយៈពេល​ប្រហែល​២០​ឆ្នាំ។

ក្រុមសកម្មជន​ប្រជាធិបតេយ្យ​ភូមា​ និង​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ី បាន​ស្វាគមន៍ការ​ដោះលែង​លោក​ស្រី​ អង់ សាន​ ស៊ូគ្យី (Aung San Suu Kyi) ចេញ​ពី​ការឃុំឃាំង​ ប៉ុន្តែ​ក៏​ជំរុញ​រដ្ឋាភិបាល​យោធា​ភូមា​ឲ្យ​គាំទ្រ​ការ​អំពាវនាវ​ឲ្យមាន​ការផ្សះផ្សារ​ជាតិ​ដែរ​ ។

ការ​ដោះលែង​លោកស្រី​ អង់ សាន​ ស៊ូគ្យី មេដឹកនាំ​និយម​លទ្ធិ​ប្រជាធិបតេយ្យភូមា​ ចេញ​ពី​ការ​ឃុំឃាំង​កាល​ពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​ទទួល​ស្វាគមន៍​ជាទូទៅ ​ពី​សហគមន៍ភូមា​នៅ​បរទេស​ សកម្មជន​ប្រជាធិបតេយ្យ​ និ​ងរដ្ឋា​ភិបាល​ក្នុង​តំបន់​។ លោកស្រី​ អង់ សាន​ ស៊ូគ្យី ដែល​បានត្រូវ​ដោះលែង​បន្ទាប់​ពី​បញ្ចប់​ការ​កាត់​ឲ្យជាប់​ទោសរយៈពេល​១​៨ខែ​ ​បាន​ចំណាយ​ពេល​ភាគយ៉ាង​ច្រើនក្នុង​រវាង២ទស​វត្សរ៍ ជាប់​ក្នុង​ការឃុំឃាំងរបស់​រដ្ឋាភិបាល​ ដោយសារ​លោក​ស្រី​អំពាវ​នាវឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា។

លោក​បូ គ្យី (Bo Kyi) ដែល​ជា​អតីត​អ្នកទោស​នយោបាយ​ ​និង​ជាលេខាធិការ​សមាគមជួយអ្នកទោស​នយោបាយ​ ​ដែល​មាន​ទីតាំង​ក្នុងទី​ក្រុង​ មែសុត (Mae Sot) ប្រទេស​ថៃ សង្ឃឹម​ថា ការ​ដោះលែង​លោកស្រី​ អង់ សាន​ ស៊ូគ្យី គឺ​ជាជំហានមួយ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា​។ លោក​បញ្ជាក់​ថា៖

«ខ្ញុំ​ ក៏ដូច​ប្រជា​ពលរដ្ឋ​ភូមាដែរ មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដោះលែង​លោក​ស្រី។ ឥឡូវ​នេះ មនុស្ស​រាប់​ពាន់​នាក់​កំពុង​ច្រៀង​ឲ្យលោកស្រី ដាវ អង់​ សាន ស៊ូគ្យី​នៅភូមា។ លោកស្រីនឹង​ខិត​ខំអស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ការ​ផ្សះផ្សា​ជាតិ ​ហើយ​បន្ទាប់​មក​នឹង​ធ្វើ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធ​មនុស្ស​ឡើង​វិញនៅ​ភូមា»។

លោកស្រី​ ដេប៊ី​ ស្តូថាដត៍ (Debbie Stothardt) អ្នក​នាំ​ពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​បណ្តាញ​អាស៊ាន​ជម្រើស (Alternative ASEAN Network) និយាយ​ថា​ ​តួនាទីរបស់​លោកស្រី​ អង់​ សាន ស៊ូគ្យី​ នៅភូមា​នឹង​ក្លាយ​ជា​ស្ពាន​មួយ​ រវាង​គណៈបក្សនយោបាយ​ប្រកួត​ប្រជែង​នានា ​ចាប់​តាំង​ពីយោធា ​ដល់​ក្រុម​ជនជាតិ​ភាគ​តិច​ភូមា​ ។ លោក​ស្រី​បន្ត​ទៀត​ថា៖

«លោកស្រី​ អង់​ សាន ស៊ូគ្យី ជា​កម្លាំង​បង្រួប​បង្រួម​ដ៏​ខ្លាំង​តែមួយ​នៅភូមា ​ហើយ​នៅ​ពេល​នេះ​ ភូមា​ប្រាកដ​ជាត្រូវ​ការ​មនុស្ស​ម្នាក់​ដូច​ជា​លោកស្រី​ អង់​ សាន ស៊ូគ្យី​ ដែល​អាច​ធ្វើ​ដំណើរ អាច​ធ្វើ​ការ​សន្ទ​នា​ជា​មួយអ្នក​ដែលមាន​ចំណែក ​ហើយផ្តល់ថាមពល​ដល់​ចលនា​នោះ​ឡើង​វិញ។

លោកស្រី​ ស្តូថាដត៍ បាន​លើក​ឡើង​នូវ​កា​រ​ខឹង​សម្បា​ដែល​កំពុង​កើន​ឡើង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​ទូទៅ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​ដែល​លទ្ធផល​នាំ​ឲ្យ​គណបក្ស​គាំទ្រ​យោធា ជិត​ស្និទ្ធនឹង​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ ​ថាន់ ស្ស្វេ (Than Shwe) បាន​ទទួល​សន្លឹក​ឆ្នោត​៧៥ភាគរយ។ ក៏​ប៉ុន្តែ​ ​អ្នក​វិភាគ ​និង​គណបក្ស​នយោបាយ​ភូមាផ្សេងទៀតបាន​អះអាង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​ដោយ​ពួក​យោធា។

លោក​ អូង ឌីន​ (Aung Din) អ្នក​នាំពាក្យ​យុទ្ធនាការ​សហរដ្ឋ​អាមេរិក​ដើម្បី​ភូមា​ និយាយថា លោកស្រី​ អង់​ សាន ស៊ូគ្យី ឥឡូវនេះ​ ត្រូវ​គេ​រំពឹង​នឹង​ដើរ​តួនាទី​ខាងនយោ​បាយ​ម្តង​ទៀត នៅ​ភូមា​បន្ទាប់​ពី​គាត់​ត្រូវ​បានឃុំឃាំង។ លោក​ឌីន​មាន​ប្រសាសន៍​ថា៖

«ក្នុង​ឋានៈ​ជា​មេដឹកនាំ​ម្នាក់ ​លោក​ស្រី​នឹង​ធ្វើ​ដំណើរ​ដោយ​សេរី​ លោក​ស្រី​នឹងនិយាយ​ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ ​និង​និយាយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ។ លោក​ស្រីនឹង​ចូលធ្វើនយោបាយ​យ៉ាង​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មតិសាធារណៈ​ទូទៅ​ បាន​កោត​សរសើរ​លោកស្រី​ថា​ ជាមេដឹក​នាំតែមួយគត់ ដែលអាចនាំលទ្ធិ​ប្រជាធិបតេយ្យ​ យុត្តិធ៌ម​ទៅកាន់​ប្រទេស​របស់​ខ្លួន។ ដូច្នេះ​ វាច្បាស់​ណាស់​ថា​ លោក​ស្រី​ គឺ​ជា​ការ​គម្រាម​កំហែង​ដ៏ធ្ងន់​ធ្ង​មួយ ​ដល់​រដ្ឋា​ភិបាល​យោធា ​ជា​ពិសេស​ លោក​ ថាន់ ស្ស្វេ​ ឧត្តមសេនីយ៍​យោធា​ជាន់​ខ្ពស់»។

ក៏​ប៉ុន្តែ​ លោក​ អូង ឌីន ក៏​ជឿ​ជាក់​ដែរ​ថា សម្ពាធ​អន្តរ​ជាតិ ​រួមទាំងសហរដ្ឋ​អាមេរិក ​និង​អង្គការ​សហ​ប្រជាជាតិ​ បាន​ដើរ​តួនាទីដ៏​សំខាន់ក្នុងការ​ធ្វើឲ្យ​ប្រាកដ​ថា​ លោកស្រី អង់​ សាន ស៊ូគ្យី​ មាន​សេរីភាព។

ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ លោក​ បាន​ គីមូន (Ban Ki-Moon) អគ្គ​លេខាធិការ​អង្គការសហ​ប្រជាជាតិ ជំរុញ​ឲ្យអាជ្ញា​ធរ​ភូមា​ដោះ​លែង​អ្នក​ទោស​នយោបាយផ្សេងទៀត​ឲ្យ​មាន​សេរីភាព។ ក្រុម​អង្គការ​សិទ្ធិ​មនុស្សឲ្យ​ដឹងថា មានអ្នកទោស​នយោបាយជាង​២​ពាន់​២​រយ​នាក់នៅភូមា​ រួម​ទាំង​អ្នកយក​ព័ត៌មាន​ ​និង​អតីត​សមាជិក​គណៈ​បក្ស​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី​ អង់ សាន​ ស៊ូគ្យី​ផង។

នៅក្នុងសេចក្តី​ថ្លែង​ការណ៍របស់​ក្រសួងការបរទេស​ថៃ​ ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង​ ​បាន​ឲ្យ​ដឹង​ថា ការដោះ​លែង​លោកស្រី​ អង់ សាន​ ស៊ូគ្យី​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ដំណើរ​ការ​ផ្សះ​ផ្សា​រជាតិ​ និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅភូមា។

ប្រទេស​អូស្រ្តាលី​ ក៏​ស្វាគមន៍​ការ​ដោះលែង​លោកស្រី​ អង់ សាន​ ស៊ូគ្យី​ឲ្យ​មាន​សេរីភាព​ផង​ដែរ ដោយបាន​ឲ្យ​ដឹង​ថា​ ជ័យ​លាភី​រង្វាន់​ណូបែលសន្តិភាព​រូបនេះ បាន​ធ្វើ​ពលីកម្ម​យ៉ាង​ច្រើន​ដើម្បី​គាំ​ទ្រ​សេរីភាព ​ហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរភូមា​ចាប់​ផ្តើមដំណើរ​ការ​ផ្សះ​ផ្សារ​ជាតិ​ដ៏​ពិតប្រាកដ​មួយ ដោយ​មាន​ការ​ចូលរួមពី​គណៈ​បក្ស​ទាំង​អស់៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជិន

XS
SM
MD
LG