សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន ត្រូវបានវាយបែកក្បាលក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅគ្រាដែលលោកកំពុងផ្សព្វផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅកម្ពុជា និងនាំកម្ពុជាមករកផ្លូវប្រជាធិបតេយ្យ។
លោក ស្រ៊ុន ស្រ៊ន ដែលជាសកម្មជនផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានថ្លែងនៅក្នុងការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា នៅថ្ងៃចន្ទនេះថា ក្រុមមនុស្សបីនាក់នោះប្រហែលមិនមានចេតនាសម្លាប់រូបលោកនោះទេ តែជាការសម្លុតរូបលោកនិងក្រុមការងារ មិនចង់ឱ្យបន្តផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅដល់ប្រជាជនខ្មែរដែលរស់នៅប្រទេសថៃ។
លោកបន្ថែមថា នៅក្នុងការវាយប្រហារនោះ ក៏មានអ្នកដកកាំភ្លើងខ្លីភ្ជង់ពីចម្ងាយផងដែរ។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍នោះបានបង្ហាញថា អ្នកទាំងបីនោះគ្មានចេតនាសម្លាប់ពួកខ្ញុំ។ បើពួកគេមានចេតនាសម្លាប់ ម៉្លេះពួកគេរត់មករកក្បែរខ្ញុំ ហើយគេវាយខ្ញុំ វាយសោភាត្រូវហើយ គឺគេយកកាំបិតមកចាក់ ក៏ស្លាប់ដែរ»។
លោកបន្ថែមថា៖ «គន្លឹះនេះបញ្ជាក់ថា គេចង់សម្លុតពួកយើង ឱ្យពួកយើងឈប់ផ្សាយ។ គេចង់សម្លុតពួកយើងឱ្យពួកយើងឈប់មកអប់រំបណ្តុះបណ្តាលពលករចំណាកស្រុក»។
ការវាយប្រហារនេះក៏ត្រូវបានប៉ូលិសថៃសាកសួរសាច់រឿងពីលោក ស្រ៊ុន ស្រ៊ន ផងដែរ។
លោក ស្រ៊ុន ស្រ៊ន កំពុងមានវត្តមានក្នុងប្រទេសថៃ ដើម្បីផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តឆ្នាំ ១៩៩១ នេះ ដល់ខ្មែរដែលរស់នៅប្រទេសថៃ រួមមានពលករខ្មែរ និងសកម្មជនដែលកំពុងជ្រកកោននៅទីនោះ។
នៅមុនការវាយប្រហារនោះ ក្រុមរបស់លោក ស៊្រុន ស្រ៊ន បានជួបជាមួយពលករខ្មែរមួយចំនួន ហើយបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ថា «ពលរដ្ឋបង្រៀនច្បាប់ដល់ពលរដ្ឋ» នៅក្នុងវគ្គបណ្ដុះបណ្ដាលសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា នៅវត្តគូសាង ខេត្តសមុទ្រប្រាការ ប្រទេសថៃ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងស្ថានទូតថៃប្រចាំនៅកម្ពុជាបាននៅឡើយទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា ករណីនេះជាការគំរាមកំហែងមួយ ព្រោះលោក ស្រ៊ុន ស្រ៊ន ជាសកម្មជនសង្គមដែលផ្សព្វផ្សាយផ្ដោតទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ទៅកាន់ពលរដ្ឋ។ លោកបន្ដថា ចំពោះករណីប្រើប្រាស់អំពើហិង្សាទៅលើលោក ស្រ៊ុន ស្រ៊ន លោកចង់ឃើញអាជ្ញាធរថៃចាត់វិធានការដោះស្រាយបញ្ហានេះ និងចាប់ជនដៃដល់យកមកផ្ដន្ទាទោស។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «អ៊ីចឹងការប្រើប្រាស់នូវអំពើហិង្សាដែលនៅប្រទេសថៃនេះ យើងទទូច និងអំពាវនាវទៅដល់អាជ្ញាធរថៃ សូមចាត់វិធានការឱ្យបានតឹងរ៉ឹង ហើយចាប់ជនប្រព្រឹត្តនៅទីនោះយកមកផ្ដន្ទាទោស ដើម្បីបង្ហាញអំពីការអនុវត្តច្បាប់ និងគោរពទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះលោក ស្រ៊ុន ស្រ៊ន មិនបានភៀសខ្លួនទេ គឺគាត់បានទៅទីនោះដោយស្របច្បាប់»។
លោកបន្ថែមថា រដ្ឋាភិបាលថៃគប្បីចាត់វិធានការ និងចាប់ខ្លួនជនដែលប្រព្រឹត្ត ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ និងដើម្បីបង្ហាញការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់របស់ថៃ និងការការពារសុវត្ថិភាពជនបរទេសដែលស្នាក់នៅប្រទេសថៃ។
គួរបញ្ជាក់ថា កន្លងមក លោក ស្រ៊ុន ស្រ៊ន ធ្លាប់ត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លូន និងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ អស់រយៈពេលប្រមាណ២ម៉ោងទាក់ទងនឹងការផ្សាយផ្ទាល់តាមបណ្តាញសង្គម កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យាមួយ៕