ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្រ្ដ​គណបក្ស​រាជានិយម​មួយ​រូប​ប្ដឹង​អតីត​សមាជិក​បក្ស​ម្នាក់​ពី​បទ​បរិហារកេរ្ដិ៍


លោក ញឿន រ៉ាដែន​ ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិក ផ្តល់បទសម្ភាសដល់វីអូអេ នៅក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (ខាន់​ សុគុំមនោ/វីអូអេ)
លោក ញឿន រ៉ាដែន​ ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិក ផ្តល់បទសម្ភាសដល់វីអូអេ នៅក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (ខាន់​ សុគុំមនោ/វីអូអេ)

តំណាង​រាស្រ្ដ​រាជានិយម​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​មួយ​រូប​បាន​ប្ដឹង​អតីត​សមាជិក​គណបក្ស​របស់​ខ្លួន​ចំពោះ​ការ​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​ជាបន្តបន្ទាប់​តាម​បណ្តាញ​សង្គម ក្រោយការ​បោះ​ឆ្នោតជាតិឆ្នាំ​២០២៣​។

​លោក ញ៉ែម អេន អតីតសមាជិកគណបក្ស​ហ៊្វុន​ស៊ិនប៉ិច និងជាអតីត​អ្នកថតរូប​នៅ​អតីត​គុក​ទួល​ស្លែង​ ឬមន្ទីរ​ស-២១​ ត្រូវ​បានបឹ្តង​ដោយ​ សមាជិក​សភា​មណ្ឌល​ខេត្ត​កំពង់​ចាម​លោក​ញឿន រ៉ាដែន​ពី​បទ​ «បរិហាររកេរ្ដិ៍​ជា​សារធារណៈ ជេរប្រមាថ​ជា​សារធារណៈ ញុះញង់ឲ្យ​មាន​ការរើស​អើង ប្រមាថ ក្លែង​ព័ត៌មាន និង​ធ្វើ​សកម្មភាព​បង្កើត​ឲ្យ​មានយល់​ច្រឡំ​ជាមួយ​ការ​បំពេញ​មុខ​ងារសារធារណៈ​»​។ ​នេះ​បើតាម​ដីកាកោះ​របស់​លោក សុក កែវ​បណ្ឌិត តំណាង​អយ្យការ​អមសាលា​ដំបូងរាជធានី​ភ្នំពេញ​ចុះថ្ងៃទី​១ ខែកុម្ភៈ​ ឆ្នាំ​២០២៤​។

លោក​ ញឿន រ៉ាដែន​ ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិចផង​នោះ ប្រាប់​វីអូអេ​ថា លោក​សម្រេច​ប្តឹង​លោក ញ៉ែម អេន ដោយ​សារ​តែអតីត​សមាជិកគណបក្ស​រូបនេះ​ មិន​ព្រម​បញ្ឈប់​សកម្មភាព​បរិហាររកេរ្តិ៍​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​ តាម​រយៈ​ការ​បញ្ចេញ​មតិ និង​ការ​និយាយ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្ដាញសង្គម បើ​ទោះ​បី​ជា​លោក​ត្រូវ​បាន​បញ្ចប់​តំណែង​ជា​សមាជិក​គណបក្ស​ក៏​ដោយ​។

លោក​ថ្លែង​ថា​៖«កន្លង​មក​ឃើញ​បុគ្គល​នេះ​គាត់​តែង​តែ​ជេរ​ប្រហារ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​បុក ដោយ​យក​មាតិកា​ឡាយ​ហើយ​ជាពិសេស​មាន​សារ​មួយ​ចំនួន​បាន​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា​ពាក់ព័ន្ធ​នឹង​គណបក្ស បើ​ទោះ​បុគ្គល​នេះ​ត្រូវ​បាន​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ដោយ​»។

បណ្តឹង​របស់​សមាជិកសភា​មក​ពីគណបក្ស​រាជានិយមទៅ​លើ​លោក​ញ៉ែម អេន​ ធ្វើ​ឡើង​ ក្រោយ​លោក ​ញ៉ែម អេន ​បានចោទ​ប្រកាន់​ថា​ បុគ្គល​មួយចំនួន​នៅ​ក្នុង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ បាន​ប្រព្រឹត្តទង្វើ​មិន​ស្មោះត្រង់ ជុំវិញ​ការ​យក​លុយកាក់​ពីសមាជិក​គណបក្ស​ជា​ថ្នូរ​នឹង​ការ​បាន​មុខ​តំណែង​ជា​តំណាង​រាស្ត្រ​ ក្រោយ​ការ​បោះឆ្នោត។ ​

លោក​ ញឿន រ៉ាដែន​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ថា ​គណបក្សមិន​ដែល​បង្ខំ​ថ្នាក់ដឹក​នាំ​បក្ស​ សមាជិក​បក្ស ឬ​សកម្មជន​ឲ្យ​បង់​លុយ​ចូល​បក្ស​នោះ​ទេ​។

អំឡុង​ពេលនៃ​ការធ្វើយុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ កាល​ពី​ឆ្នាំ​២០២៣​ លោក​ញ៉ែម​ អេន​ ត្រូវ​គេឃើញចុះ​ឃោសនា​រកសន្លឹក​ឆ្នោត​ជូនគណបក្ស​ហ៊្វុន​ស៊ិនប៉ិច​។ ​បើ​តាម​បញ្ជី​ឈ្មោះ​បេក្ខ​ជន​តំណាង​រាស្ត្រ​ទទួល​ស្គាល់​ជាផ្លូវ​ការដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត(គ.ជ.ប)​ លោក​ ញ៉ែម អេន ​ជា ​បេក្ខជន​តំណាង​រាស្ត្រ​នៅ​មណ្ឌលរាជធានី​ភ្នំពេញ​ស្ថិត​នៅ​លេខរៀង​ទី​៦​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ប៉ុន្តែ​លោក​ ញ៉ែម អេន​ មិន​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្រ្ត​នោះទេ​។ ​

ទាក់​ទិនពាក្យ​បណ្តឹង​របស់​លោក ​ញឿន រ៉ាដែន តំណាង​រាស្ត្រមណ្ឌល​ខេត្តកំពង់​ចាម លោក​ ញ៉ែម អេន ថ្លែង​ថា ​លោក​មិន​បាននិយាយ​ប្រមាថ​ ឬ​បរិហារកេរ្តិ៍​នរណាម្នាក់​ឡើយ​ ដោយ​ថា​ លោក​គ្រាន់​តែ និយាយ​អ្វី​ដែល​ជា​ការ​ពិត​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ប្រក្រតីរបស់​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​បក្ស​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​តែ​ប៉ុណ្ណោះ​។

លោកប្រាប់​វីអូអេថា​៖«ខ្ញុំ​អត់​មាន​បរិហារកេរ្ដិ៍​អី​គេ​ទេ ខ្ញុំ​និយាយ​ការ​ពិត​ទាក់​ទង​ទៅ​នឹង​បញ្ហា​ហ្នឹង ទី​មួយ​យើង​ចំណាយ​ថវិកា​ដើម្បី​រៀប​ចំ​អស់​ហើយ​តំណែង​ក៏​អត់​បាន​ អ្វីៗ​បាន​តែ​បក្សពួក​គ្នា​វា»។

លោក​បន្ដ​ថា ការ​តវ៉ា​របស់​លោក​ដែល​ធ្វើ​ឡើង​កន្លង​មក​នោះ​ គឺ​ដើម្បី​ចង់​បាន​តែ​លុយ​ចំនួន​១៥៥០ដុល្លារ​ ដែល​លោក​បាន​ដាក់​សម្រាប់​ជួយ​ក្រុមការងារ​គណបក្ស​នៅ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែង​ថា៖ «លុយៗ​ ​១៥៥០​ដុល្លារ​ហ្នឹង​ គឺ​ជាលុយ​ដាក់​នៅក្នុង​ក្រុម​ការងារ​ រាជធានី​ភ្នំពេញ​ ដែល​ខ្ញុំបាទ​ ញ៉ែម អេន​ឈរ​ពេញ​សិទ្ធិដែរ​។ ឈរ​ពេញ​សិទ្ធិហ្នឹង​ គឺ​ខ្ញុំដាក់​ចូល​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ហ្នឹង ១៥៥០​ដុល្លារ​។ ខ្ញុំ​ទាមទារ​វិញ​នេះ​ ដោយ​សារ​អី​ ដោយសារ​ពួកគាត់​ជាប់តំណាង​រាស្ត្រ​។ ហើយ​អាខ្លះ​ អត់​ទាំង​បានចូលលុយ​ផង យក​តំណែង​ទាំង​អស់ ព្រោះ​តំណែង​លុយ​១៥៥០​នេះ​ គឺ​ជា​តំណែង​ពេញ​សិទ្ធិ។ បាទ​ ពេញ​សិទ្ធិ​។ ដាក់​ចូល​ទៅ​ជួយ​បក្ស​ក្នុង​ក្រុង​ភ្នំពេញ​ហ្នឹង​។​ ទីចុង​បញ្ចប់​ ការ​និយាយ​គ្នា​ អ្នកណាចេញលុយ គឺ​អ្នកហ្នឹង​បាន​តំណែង​ ទីបញ្ចប់​បាន​តំណែង​មក​វាដាក់​តែ​គ្នា​វា​ បក្ខ​ពួក​វា​ទាំង​អស់​»។

លោក​បន្ថែម​ថា លោក​ទំនង​ជា​នឹងមិន​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នោះ​ទេ ដោយលើក​ហេតុ​ផល​ថា​ ដីកា​បាន​សរសេរ​ខុស​ ទាក់​ទងទីកន្លែង​រស់​នៅ​បច្ចុប្បន្ន​របស់​លោក​។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ​ លោក ​ប្លង់ សុផល​ បញ្ជាក់​វីអូអេ​ឲ្យដឹង​តាម ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថាលោក​មិន​ទាន់បាន​ដឹងអំពីដីកាកោះ​ហៅ​លោក ញ៉ែម អេន នៅឡើយ​ទេ​ ដូច្នេះលោក​សុំមិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន​ លោក​ញ៉ែម អេន ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក ហេង ហាក់​លីម ពី​បទ​លួច​យក​ទូរស័ព្ទរបស់​លោក​ ដើម្បី​ឆែក​មើល​ឯកសារ​ និងធ្វើសកម្មភាពទុច្ចរិត​ផ្សេង​ទៀត​ក្នុងបណ្តាញ​សង្គម។ ប៉ុន្តែក្រោយ​មកលោក ញ៉ែម អេន ​បាន​ដកពាក្យបណ្តឹង​វិញ​ ដោយ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយតទៅ​ទៀត។ លោក ​ហេង ហាក់​លីម ត្រូវ​គេដឹងថា ​ជា​ជំនួយការ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ដែល​ជា​ព្រះមហេសីរបស់​អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​សម្ដេចក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​។ ទោះយ៉ាង​ណា​ លោក​ ញឿន រ៉ាដែន​ បាន​បដិសេធ​ថា មិន​មានករណីលួច​ទូរស័ព្ទ ដូច​ការ​ចោទប្រកាន់​របស់​លោក​ញ៉ែម អេននោះទេ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG