វ៉ាស៊ីនតោន៖ ស្ថានភាពវេជ្ជសាស្ត្រកាលពី១០០ ឆ្នាំកន្លងទៅនេះ ត្រូវបានចុះផ្សាយនៅក្នុងលេខដំបូងនៃទស្សនាវដ្តីពេទ្យអង់គ្លេសឈ្មោះ ដឺ លែនសិត (The Lancet) ក្នុងឆ្នាំ២០១១។
និពន្ធនាយកជាច្រើននៃទស្សនាវដ្តីដឺ លែនសិត បានប្រារព្ធពិធីអបអរចំពោះការរីកចម្រើនក្នុងការប្រឆាំងនឹងជំងឺឆ្កួតដោយសត្វខាំ រោគខាន់ស្លាក់ និងជំងឺប៉េស្ត។ ក្រុមអ្នកនិពន្ធនាយកទាំងនោះក៏បានត្អូញត្អែរផងដែរអំពីការជឿនលឿនដ៏យឺតៗនៅក្នុងការគ្រប់គ្រងការរាលដាលជំងឺរបេង ដែលនៅពេលនោះជាជំងឺដ៏មរណៈមួយ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺរបេងនៅតែជាបញ្ហា សុខភាពសាធារណៈដ៏ចំបងក្នុងឆ្នាំ២០១១ ដោយមានមនុស្សមួយភាគបីក្នុងពិភពលោកបានឆ្លងមេរោគនេះ។ មនុស្ស១លាន៧សែននាក់ស្លាប់ដោយរោគរបេងនៅក្នុងឆ្នាំ២០០៩ ហើយភាពស៊ាំថ្នាំកំពុងលេចឡើង។ លោក ប៊ីល សាមមរស្គីល (Bill Summerskill) និពន្ធនាយកប្រតិបត្តិរបស់ទស្សនាវដ្តី ដឺ លែនសិត មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន អំពីការអភិវឌ្ឍនៃឧបករណ៍ថ្មីមួយសម្រាប់ធ្វើរោគវិនិច្ឆ័យរោគរបេង។ លោក សាមមរស្គីល មានប្រសាសន៍ថា៖
«ចំពោះខ្ញុំ រឿងសំខាន់មួយដែលត្រូវផ្តោតការយកចិត្តទុកដាក់នៅឆ្នាំ២០១០ គឺការទទួលបាននូវការពិសោធន៍ធ្វើរោគវិនិច្ឆ័យលឿនជាងមុនមួយ ពីព្រោះការធ្វើរោគវិនិច្ឆ័យបានប្រើពេលយូរ ហើយជាបណ្តាញដ៏ខ្សោយមួយនៅក្នុងការរកមនុស្សមានគ្រោះថ្នាក់ និងចាប់ផ្តើមធ្វើការព្យាបាលពួកគេដោយសមរម្យ»។
លោក សាមមរស្គីល មានប្រសាសន៍ថា នេះមានន័យថា ដូចជាមនុស្សដែលមានមេរោគនៃជំងឺអេដស៍ដែរ មនុស្សមានគ្រោះថ្នាក់ខ្លាំងនឹងជំងឺរបេង អាចត្រូវបានធ្វើតេស្ត និងព្យាបាលបានដោយឆាប់រហ័ស និងអាចជួយកំចាត់ការឆ្លងប្រកបដោយគ្រោះថ្នាក់ជាបន្តបន្ទាប់។ សុវត្ថិភាពម្ហូបអាហារ ជាប្រធានបទដ៏សំខាន់មួយទៀតនៅក្នុងទស្សនាវដ្តី ដឺ លែនសិត កាលពី១០០ឆ្នាំមុន ដោយមានរឿងមួយស្តីពីយុទ្ធនាការនៃសុខភាពសាធារណៈ នៅក្នុងទីក្រុង ញួយ៉ក ប្រឆាំងនឹងក្រុមអ្នកលក់ពងមាន់ខូចគុណភាព។ លោកសាមមរស្គីល បន្តថា៖
«នៅពេលលោកអ្នកអានទស្សនាវដ្តីនោះ លោកអ្នកមិនអាចមិនគិតអំពីច្បាប់ចុងក្រោយបង្អស់ដែលសភាទើបបានអនុម័ត ហើយដែលលោកប្រធានាធិបតី អូបាម៉ា ទើបបានចុះហត្ថាលេខានៅថ្ងៃទី៤ខែមករា អំពីសុវត្ថិភាពម្ហូបអាហារ និងអំពីហេតុម្តេចបានជាប្រធានបទមួយនេះចេះតែចេញមកម្តងហើយម្តងទៀតនោះទេ»។
លោកសាមមរស្គីល រំឭកយើងថា ច្បាប់សរអាថ្មី គឺជាចំណែកមួយនៃការឆ្លើយតបទៅនឹងករណីដែលពលរដ្ឋអាមេរិក ១៥០០នាក់ធ្លាក់ខ្លួនឈឺកាលពីខែសីហាឆ្នាំមុនដោយសារពងមាន់ខូច មានមេរោគ សាលម៉ូណិឡា (salmonella) ដែលគេរកឃើញមាននៅក្នុងពងមាន់៥៥០លានពង ហើយត្រូវបានដកចេញឈប់ឲ្យដាក់លក់នៅទីផ្សារ។
អត្ថបទផ្សេងៗទៀតនៅក្នុងការបោះពុម្ភផ្សាយរបស់ទស្សនាវដ្តី ដឺ លែនសិត នៅឆ្នាំ១៩១១ បានផ្តោតទៅលើរោគស្វាយ កាមរោគ និងជំងឺមហារីក។
ការព្យាបាលរោគស្វាយ និងកាមរោគផ្សេងៗទៀតធ្វើបានយ៉ាងប្រសើរនៅក្នុងសតវត្សរ៍កន្លងទៅនេះ ប៉ុន្តែជំងឺមហារីកបានបង្ហាញថា ជាជំងឺមួយពិបាកព្យាបាលជាខ្លាំង។ សព្វថ្ងៃនេះ ជំងឺមហារីកជាជំងឺនាំមុខគេក្នុងការសម្លាប់មនុស្សពាសពេញពិភពលោក។ ប៉ុន្តែ អត្រានៃអ្នកនៅរស់ពីការកើតជំងឺមហារីកនៅតែកើនឡើង ហើយពិធីព្យបាលថ្មីត្រូវបានផ្សាយជាទូទៅនៅក្នុងព័ត៌មាន។ ឧទាហរណ៍ អត្ថបទមួយនៅក្នុងទស្សនាវដ្តី ដឺ លែនសិត ចេញផ្សាយថ្មីៗនេះ និយាយអំពីថ្នាំ អាស្ពីរីន (Aspirin) ថា ជាថ្នាំមួយជួយអន្តរាគមន៍កាត់បន្ថយគ្រោះថ្នាក់ជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកផ្សេងទៀត ប្រសិនបើគេទទួលថ្នាំអាស្ពីរីន (Aspirin) កម្រិតទាបមួយថ្ងៃម្តង ក្នុងរយៈពេលយូរ។
«ថ្នាំAspirin ក្នុងពេលនេះអាចក្លាយជាវិភាគទានដល់សុខភាពសាធារណៈដ៏អស្ចារ្យមួយ។»
លោក សាមមរស្គីល និពន្ធនាយកប្រតិបត្តិរបស់ទស្សនាវដ្តី ដឺ លែនសិត មានប្រសាសន៍ថា ដោយសម្លឹងមើលទៅកាលវិភាគនៃសតវត្សរ៍មុន បង្ហាញថា ហេតុដូចម្តេចបានជាក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការយឺតយ៉ាវ តឹងតែង និងប្រកបដោយជោគជ័យក្នុងការបង្កើតការព្យាបាលថ្មីៗ និងឱសថទាំងឡាយសម្រាប់ប្រយុទ្ធទល់នឹងជំងឺមហារីកច្រើនប្រភេទ និងការឆ្លងមេរោគប្រកបដោយគ្រោះថ្នាក់នោះ។
វិចារណកថាឆ្នាំថ្មីរបស់ទស្សនាវដ្តី ដឺ លែនសិត បានធ្វើសេចក្តីសន្និដ្ឋានថា «ចន្លោះឆ្នាំ១៩១១ និងឆ្នាំ២០១១ មានឱសថយ៉ាងច្រើនដែលទទួលបានការសរសើរ ហើយក៏នៅខ្សត់ខ្សោយដែរ។ ឆ្នាំថ្មីៗទៅមុខទៀតនាំមកនូវការសង្ឃឹមថ្មី និងឱកាសល្អថ្មី ប៉ុន្តែនៅតែមានឧបទ្រពចង្រៃខ្លះៗបន្សល់ទុកពីមុនដែរ៕
ប្រែសម្រួលដោយ នុច សារីតា