នៅពេលលោកស្រី ស៊ូ ម័រតុន (Sue Morton) ជាស្ថាបនិកអង្គការជនភៀសខ្លួននៅសហរដ្ឋអាមេរិកហៅថា Refugees International បានទទួលអនិច្ចកម្មដោយរោគាពាធក្នុងជន្មាយុ៨៨ឆ្នាំ នៅគេហដ្ឋាន ជាយក្រុង Denver ក្នុងរដ្ឋ កូឡូរ៉ាដូ (Colorado) កាលពីខែវិច្ឆិកា ក្រុមមិត្តភក្តិនិងជនភៀសខ្លួនខ្មែរចងចាំពីស្នាដៃ កេរដំណែល និងការលះបង់ដ៏ធំធេងរបស់លោកស្រីក្នុងការជួយដល់ជនភៀសខ្លួននៅទូទាំងពិភពលោក រួមទាំងជនភៀសខ្លួនខ្មែរផងដែរដែលត្រូវបានភៀសខ្លួនពីសង្គ្រាមស៊ីវិលដ៏មហន្តរាយ ការកាប់សម្លាប់ ព្រាត់ប្រាស់គ្រួសារ មករស់នៅក្នុងប្រទេសអាមេរិកនិងប្រទេសផ្សេងៗទៀតក្រោមកម្មវិធីការជួយឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងរបស់អង្គការដែលលោកស្រីបានបង្កើតឡើងកាលពីជាងបួនទសវត្សរ៍មុន។
លោកស្រី ដានី ម័រតុន ជាកូនប្រសាររបស់លោកស្រី ស៊ូ ម័រតុន បានបញ្ជាក់ថាមួយជីវិតលោកស្រី ម័រតុន ជាម្តាយក្មេកបានផ្តោតទៅលើការជួយជនភៀសខ្លួន និងការតស៊ូមតិ។
«គឺថានៅក្នុងខួរក្បាលរបស់គាត់ហ្នឹង គឺមានតែកិច្ចការជនភៀសខ្លួនតែប៉ុណ្ណឹងទេ នៅឆ្នាំ១៩៨៩ និង១៩៩០ហ្នឹង អីវ៉ាន់របស់គាត់ហ្នឹង គឺថាអីវ៉ាន់របស់គាត់ ក្រដាសស្នាមរបស់គាត់ដែលត្រូវផ្ញើទៅពួកព្រឹទ្ធសភា ពួកតំណាងរាស្ត្រឬក៏ប្រធានាធិបតីហ្នឹងគឺថារាយពេញ អាបាត់តេម៉ង់(ផ្ទះ) របស់ខ្ញុំហ្នឹង»។
លោកស្រី បានបន្ថែមថា លោកស្រី ម័រតុន ដែលជាអ្នកតស៊ូមតិពេលនោះ បានតវ៉ាទៅសភា ព្រឹទ្ធសភានិងសេតវិមានដើម្បីឲ្យគិតគូពីជនភៀសខ្លួនខ្មែរនិងជនភៀសខ្លួនមកពីជុំវិញពិភពលោក។
«ឥឡូវហ្នឹងជិត៤០ឆ្នាំហើយដែលខ្ញុំបានស្គាល់គាត់ហ្នឹង គ្មានអ្វីសំខាន់ក្រៅអំពីធ្វើម៉េចធ្វើឲ្យជនភៀសខ្លួនហ្នឹង ទទួលបានភាពកក់ក្តៅ មានផ្ទះសម្បែង មានកន្លែងនៅ នោះគឺបំណងរបស់គាត់ គ្មានអ្វីដែលគាត់សប្បាយចិត្តក្រៅពីរឿងនេះទេ នោះជាកិច្ចការរបស់គាត់ដែលគាត់បានធ្វើ»។
លោកស្រី Sue Morton ចូលរួមពិធីរៀបការកូបប្រុស ជាមួយស្វាមីនៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន កាលពីឆ្នាំ១៩៨៦។ (រូបថតផ្តល់ឲ្យ)
លោកស្រីដានីដែលជាជនភៀសខ្លួនខ្មែរមកពីខេត្តរតនគិរី ហើយកំពុងរស់នៅទីក្រុង Seatle រដ្ឋWashington បានឲ្យដឹងថាលោកស្រីម័រតុនមិនខ្លាចសន្តិសុខបានធ្វើដំណើរទៅទល់ដែន ហើយបានជួយកុមារកំព្រាចំនួន២៣នាក់ដែលនៅជំរំខ្លងយ៉ៃទល់ដែនខ្មែរថៃឲ្យមានការទទួលសុំកូនចញ្ចឹមនៅអាមេរិក អង់គ្លេស បារាំងជាដើម។ លោកស្រី ម័រតុន ត្រូវគេដឹងថាបានសុំកូនខ្មែរម្នាក់មកចិញ្ចឹមផងដែរគឺលោក ភីធឺ ម័រតុន ក្រៅពីបានជួយជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ដែលហៀបត្រូវគេបញ្ជូនទៅកម្ពុជាវិញដែលអាចត្រូវស្លាប់ក្នុងចម្ការមីន ក្នុងសង្គ្រាម។ រឿងនោះហើយដែលជំរុញទឹកចិត្តឲ្យលោកស្រីជួយជ្រោមជ្រែងជនភៀសខ្លួននិងចាប់ផ្តើមកិច្ចការមនុស្សធម៌នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការជនភៀសខ្លួន Refugees International ក្រោយមរណភាពរបស់លោកស្ត្រី បានឲ្យដឹងថាកេរដំណែលរបស់លោកស្រី ស៊ូ ម័រតុន កំពុងស្ថិតនៅរស់រវើកក្នុងការងារប្រចាំថ្ងៃរបស់ក្រុមការងារអង្គការជនភៀសខ្លួន Refugees International ដែលនៅតែត្រូវបានដឹកនាំដោយទស្សនវិស័យរបស់លោកស្រីនិងឧទាហរណ៍ជាក់ស្តែងដែលលោកស្រីបានបង្កើតកិច្ចការមនុស្សធម៌និយមប្រកបដោយក្តីមេត្តា ករុណា។
លោក Lionel Rosenblatt អតីតប្រធានអង្គការ ជនភៀសខ្លួនអន្តរជាតិ Refugees International បានថ្លែងថា ៖
«លោកស្រី ស៊ូ ជាអ្នកតស៊ូមតិឥតឈប់ឈរ តែងតែមានភាពវិជ្ជមាន និងការបញ្ចុះបញ្ចូល។ ការធ្វើការជាមួយលោកស្រី ស៊ូ ដើម្បីកសាងសុបិនរបស់លោកស្រីគឺជាឯកសិទ្ធិពិសេស។ ជនភៀសខ្លួននៅជុំវិញពិភពលោកបានទទួលអត្ថប្រយោជន៍ពីលោកស្រី Sue Morton និងពីចក្ខុវិស័យរបស់លោកស្រីសម្រាប់ជនភៀសខ្លួនអន្តរជាតិ»។
លោកស្រី Eileen Shields West ជាអតីតប្រធានក្រុមអភិបាល នៃ អង្គការជនភៀសខ្លួនអន្តរជាតិ Refugees International បានថ្លែងថា៖
«លោកស្រី Sue Morton បានឃើញភាពអយុត្តិធម៌ ហើយបានសម្រេចចិត្តធ្វើសកម្មភាព ដោយបញ្ចុះបញ្ចូលប្រធានាធិបតី Jimmy Carter និងអ្នកបង្កើតគោលនយោបាយ ឱ្យបើកព្រំដែនសហរដ្ឋអាមេរិក ដល់ជនភៀសខ្លួនដែលភៀសខ្លួនចេញពីប្រទេសវៀតណាម កម្ពុជា និងឡាវ»។
លោកស្រីបន្ថែមថាដំណើររឿងនោះគឺនៅក្នុងឆ្នាំ១៩៧៩ នៅពេលដែលអ្វីដែលគេហៅថា "អ្នកជិះទូក" ត្រូវប្រទេសជាច្រើនគេចវេសពីការទទួលជនភៀសខ្លួន ហើយជារឿយៗត្រូវស្លាប់ក្នុងការស្វែងរកកន្លែងសុវត្ថិភាព។ លោកស្រីរៀបរាប់បន្តថានៅយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៧៩ លោកស្រី ស៊ូ និងតារាចម្រៀង Joan Baez ហើយបន្ទាប់មកសមាជិកព្រឹទ្ធសភា Paul Simon បានដឹកនាំការដង្ហែភ្លើងទៀនពី Lincoln Memorial ទៅផ្នែកខាងជើងនៃសេតវិមាន។ ពួកគេបានច្រៀងបទ Amazing Grace ឬ«ព្រះគុណអស្ចារ្យ» ពួកគេមិននឹកស្មានថានឹងមានអ្វីកើតឡើងបន្ទាប់នោះទេ។ ពេលនោះ ប្រធានាធិបតី Carter បានចេញមកថ្លែងទៅកាន់ហ្វូងមនុស្សដោយនិយាយថា លោកទើបតែបានបញ្ជាឱ្យកងនាវាទី ៧ របស់សហរដ្ឋអាមេរិក ឱ្យទៅយកជនភៀសខ្លួនទាំងអស់នៅលើទូកដែលកំពុងភៀសខ្លួនពីអាស៊ីអាគ្នេយ៍។
លោកស្រី Eileen Shields West បានបន្ថែមថា «អ្វីដែលបានចាប់ផ្តើមគឺនៅពេលដែលចលនារបស់ពលរដ្ឋនាំទៅដល់ការបង្កើតជនភៀសខ្លួនអន្តរជាតិ ដែលជាអង្គការតស៊ូមតិឯករាជ្យដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ដែលឥឡូវនេះការពារសិទ្ធិជនភៀសខ្លួននៅជុំវិញពិភពលោក និងខិតខំស្វែងរកដំណោះស្រាយចំពោះវិបត្តិភៀសខ្លួន»។
លោកស្រី ស៊ូ ម័រតុន បានទទួលពានរង្វាន់ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក Visionary Leadership Award ឬហៅថាពានរង្វាន់ ភាពជាអ្នកដឹកនាំប្រកបដោយទស្សនវិស័យ ពីអង្គការ Refugees International កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក យ័ប គឹមទឹង អ្នកស្រុកបាត់ដំបង ជាជនភៀសខ្លួនក្នុងទសវត្សរ៍១៩៨០ ហើយពេលនេះកំពុងរស់នៅរដ្ឋ វីជីនៀ បានអះអាងថាតួនាទីរបស់លោកស្រី ស៊ូ ម័រតុនគឺជារឿងសំខាន់ ហើយលោកនៅតែមានការដឹងគុណចំពោះអង្គការជនភៀសខ្លួនទាំងអស់ដែលបានជួយលោកមកដល់សហរដ្ឋអាមេរិក ទាំងក្នុងជីវភាពក្រីក្រ គ្មានលុយកាក់ ជាពិសេសជួយតវ៉ាដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យមានកម្មវិធីជួយជនភៀសខ្លួន រហូតបានមានជីវភាពសមរម្យ។
«ខ្ញុំថាបើអត់មានលោកស្រី ស៊ូ ម័រតុន អ៊ីចឹង ជួនកាលគេមិនដឹងពីរឿងសុខទុក្ខរបស់ជនភៀសខ្លួន ដល់ពេលហ្នឹងគេមិនសូវអើពើ ហើយយើងមកនៅប្រទេសថ្មីពិបាករស់នៅពីព្រោះជីវិតរស់នៅស្រុកនេះផ្សេងពីជីវិតរស់នៅស្រុកខ្មែរ ម្ល៉ោះហើយខ្ញុំមានសេចក្តីអរគុណដល់អ្នកសំខាន់អ៊ីចឹងដូចលោកស្រី ស៊ូ ម័រតុន»។
លោក Bryant Ben អ្នកស្រុកកំពង់ចាមជាអ្នករស់នៅក្នុងក្រុងឡងប៊ិច រដ្ឋ កាលីហ្វ័ញ៉ា ដែលជាជនភៀសខ្លួនក្នុងជំនាន់ទសវត្សរ៍១៩៨០ បានបង្ហាញពីភាពសោកស្តាយចំពោះមរណភាពលោកស្រី ស៊ូ ម័រតុនដែលជាអ្នកជួយជនភៀសខ្លួនខ្មែរនិងជនភៀសខ្លួនពាសពេញពិភពលោកឲ្យបានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាពនិងមានអនាគតភ្លឺស្វាង។
«ដូច្នេះហើយការទទួលមរណភាពរបស់គាត់គឺជារឿងគួរឲ្យសោកស្តាយ ហើយខ្ញុំជឿថាស្នាដៃគាត់និងគំនិតគាត់នឹងបន្តទៅមុខទៀតសម្រាប់ជនភៀសខ្លួនទូទៅក្នុងពិភពលោក»។
ជនភៀសខ្លួនខ្មែរជាង១សែននាក់ត្រូវសហរដ្ឋអាមេរិកបានជួយឲ្យបានចូលមកតាំងទីលំនៅនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍១៩៨០ នៅពេលកម្ពុជាមានសង្គ្រាមស៊ីវិល ការសម្លាប់រង្គាល ព្រាត់ប្រាស់គ្រួសារកើតឡើងចាប់តាំងឆ្នាំ១៩៧០មក។ អង្គការអន្តរជាតិជាច្រើនដូចជា Refugees International អង្គការ World Vision, អង្គការ កាតុលិក និងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន United Nations High Commissioner for Refugees និងអង្គការ សមាគមជាច្រើនទៀត បានជួយជនភៀសខ្លួនកម្ពុជា និង ជនភៀសខ្លួនពីអាស៊ីចេញពីសង្គ្រាមកាលពី៥ទសវត្សរ៍មុន៕