គ្លីនិកព្យាបាលសេះដោយឥតគិតថ្លៃចាប់ផ្តើមដំណើរការនៅជនបទកម្ពុជា។ សត្វពាហនៈនេះគឺជាកម្លាំងដឹកជញ្ជូនតម្លៃថោក ភាគច្រើននៅកន្លែងដែលរថយន្តទៅមិនដល់។
ពលរដ្ឋខ្មែរដែលត្រូវការដឹកជញ្ជូនស្រូវ អង្ករ និងរបស់ធ្ងន់ៗផ្សេងទៀត តែគ្មានលុយជួលឡានដឹកគឺគេជួលរទេះសេះ។
ការដឹកជញ្ជូនប្រើកម្លាំងសត្វពេញនិយមណាស់នៅតំបន់ជនបទ ដូចជាឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នេះ ជាដើម។ កន្លែងនេះ អ្នករត់រទេះសេះរកលុយបាន។
លោកជុំ សុភ័ណ អ្នករត់រទេះសេះអាយុ៣០ឆ្នាំ និយាយថា៖ «វាលឿនជាងគោ។ ប្រើទៅ ធំទៅលក់បានចំណេញទៀត ចំណេញលុយ បើយើងថែសេះ»។
សេះមានតម្លៃ៥០០ទៅ៨០០ដុល្លារ ហើយមានអាយុ២០ទៅ៣០ឆ្នាំ។ ប៉ុន្តែនៅកម្ពុជា ជាប្រទេសក្រីក្រនៅអាស៊ីអាគ្នេយ៍ សេះច្រើនតែធ្វើការហួសកម្លាំង ហើយម្ចាស់មិនសូវចេះដឹងរបៀបថែទាំ និងព្យាបាលសេះទេ ពេលវាឈឺ ឬរបួស។
នៅជនបទមិនសូវមានបសុពេទ្យទេ ដោយសារកម្ពុជាទើបចេញផុតពីសង្គ្រាម។ ដើម្បីជួយបញ្ហានេះ អង្គការក្រៅរដ្ឋាភិបាលមួយបានចាប់ផ្តើមបើកសមាគមសុខភាពសេះនៅកម្ពុជា គឺគ្លីនិកពេទ្យសេះចល័ត ចុះតាមសហគមន៍នៅជនបទ។ តាំងពីឆ្នាំ២០០៧មក បសុពេទ្យធ្វើការជាមួយអង្គការនេះក្នុងខេត្តចំនួន៩ ទម្លាក់ព្រូនសេះ ផ្តល់សារធាតុបំប៉ន ទឹកអេឡិចត្រូលីត្រ និងព្យាបាលជំងឺសេះដោយឥតគិតថ្លៃ។
លោកហាន ពិសិដ្ឋ បសុពេទ្យធ្វើការនៅសមាគមសុខភាពសេះនៅកម្ពុជា និយាយថា៖ «ខ្ញុំគិតថា ចំនួនសេះនៅស្រុកខ្មែរយើងអាចមានចំនួនកើនឡើងវិញក្នុងថ្ងៃអនាគត។ ពីមុន ពួកគាត់ធ្លាប់មានបញ្ហាសេះ។ គាត់ចិញ្ចឹមសេះ សេះគាត់ស្លាប់ដោយសារមានបញ្ហាជំងឺពីរបី។ ក្រោយមកទៀតគាត់មានអារម្មណ៍ថា គាត់លែងចិញ្ចឹមសេះហើយ ព្រោះនៅពេលដែលសេះគាត់ឈឺ អត់មានពេទ្យព្យាបាល។ គាត់ខាត។ ប៉ុន្តែនៅពេលដែលគាត់ដឹងថា ឥឡូវនៅ ពេលដែលសេះគាត់ឈឺ គាត់អាចទាក់ទងប្រាប់មកអង្គការខ្ញុំ។ ពួកខ្ញុំចុះទៅព្យាបាលជំងឺដល់ពួកគាត់។ ពួកគាត់មានអារម្មណ៍ថា គាត់ចង់ចិញ្ចឹមសេះឡើងវិញ»។
នៅឃុំជ្រៃលាស់នេះ បសុពេទ្យព្យាបាលសេះប្រហែល៣០ក្បាលដែលដំបៅក្រចក ដុះដុំពក និងជំងឺផ្សេងទៀត។
សមាគមនេះក៏រៀបចំសិក្ខាសាលាពន្យល់ម្ចាស់សេះអំពីជំងឺទូទៅ ជំងឺកូលិកផងដែរ។
ពេទ្យសេះប្រើក្រណាត់វែង និងក្រណាត់ជ្រុងពន្យល់អំពីចលនាពោះវៀន និងក្រពះសេះ។ បសុពេទ្យក៏ចែកកូនសៀវភៅណែនាំអំពីរបៀបឲ្យចំណីសេះនិងបាចទឹកនៅរោងសេះផងដែរ។ ម្ចាស់សេះអរគុណចំពោះជំនួយនេះ។
លោកស៊ូ ចន្ថា អាយុ២៨ឆ្នាំ ជាម្ចាស់សេះដែលត្រូវចាក់ថ្នាំទម្លាក់ព្រូន និយាយថា «ពីមុនអត់អង្គការ យើងអត់ដឹងរបត់វា វាមិនសូវឲ្យមើលប៉ុន្មានទេ។ ឲ្យតែកើតជំងឺហ្នឹងងាប់ភ្លាមៗតែម្តង»។
រហូតដល់ពេលនេះ សមាគមសុខភាពសេះនៅកម្ពុជាបានផ្តល់សេវាដោយឥតគិតថ្លៃ។ តែចាប់ពីឆ្នាំក្រោយទៅ សមាគមនេះមានផែនការចាប់ផ្តើមយកថ្លៃព្យាបាល៥០%ពីម្ចាស់សេះ។
អង្គការនេះសង្ឃឹមថានឹងធ្វើតេស្ត DNA សេះដើម្បីសិក្សាអំពីប្រភពកំណើតរបស់វាផងដែរ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ