មន្ត្រីពន្លត់អគ្គិភ័យជនជាតិបារាំងអាយុ ២៤ ឆ្នាំម្នាក់បានស្លាប់កាលពីយប់ថ្ងៃអាទិត្យនៅពេលព្យាយាមពន្លត់រថយន្តកំពុងឆេះនៅក្នុងកន្លែងចតរថយន្តក្រោមដីមួយកន្លែងនៅភាគខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង ស្របពេលកុបកម្មនៅក្នុងរដ្ឋធានីបន្តចូលដល់យប់ទី ៦ ទាក់ទិននឹងករណីដែលប៉ូលិសបាញ់សម្លាប់យុវជនវ័យជំទង់ម្នាក់ដែលមានឪពុកម្ដាយជាជនជាតិអាល់ហ្សេរីនិងម៉ារ៉ុក។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំងលោក Clement Beaune បាននិយាយដោយយោងទៅលើឧប្បត្តិហេតុនេះថា៖ «ខ្ញុំគិតគូរខ្វាយខ្វល់ចំពោះមន្ត្រីរដ្ឋការដែលប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីធ្វើឱ្យស្ថានការណ៍ត្រឡប់មករកប្រក្រតីភាពឡើងវិញ»។
អាជ្ញាធរបាននិយាយថា ប៉ូលិសបានចាប់ខ្លួនមនុស្សជាង ១៥០ នាក់នៅទូទាំងប្រទេសនៅក្នុងកុបកម្មកាលពីយប់មិញ ដែលតិចជាងកាលពីប៉ុន្មានថ្ងៃមុនច្រើន។
មន្ត្រីប៉ូលិស ៣ រូបបានរងរបួស ដែលនេះក៏ជាចំនួនតិចជាងមុនច្រើនផងដែរបើប្រៀបជាមួយនឹងប៉ុន្មានយប់មុន។
ជីដូនរបស់យុវជនដែលត្រូវបានប៉ូលិសបាញ់បណ្ដាលឱ្យស្លាប់នោះបាននិយាយទៅកាន់ទូរទស្សន៍ BFM របស់បារាំងកាលពីថ្ងៃអាទិត្យដោយសំណូមពរឱ្យកុបករបញ្ឈប់អំពើហិង្សា។ ជីដូនរូបនោះគ្រាន់តែបញ្ជាក់ឈ្មោះរបស់ខ្លួនថាឈ្មោះ Nadia ប៉ុណ្ណោះ។
កុបកម្មនៅក្នុងប្រទេសបារាំងបានថមថយកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីពិធីបុណ្យសពរបស់យុវជននោះបានបញ្ចប់ទៅនៅក្នុងថ្ងៃនោះ។
រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលិសប្រហែល ៤៥.០០០ នាក់ដើម្បីព្យាយាមគ្រប់គ្រងលើភាពចលាចល បន្ទាប់ពីពិធីបុណ្យសពរបស់យុវជនឈ្មោះ Nahel អាយុ ១៧ ឆ្នាំនេះបានបញ្ចប់ទៅ។ យុវជននេះត្រូវបានប៉ូលិសបាញ់នៅពេលត្រួតពិនិត្យចរាចរណ៍កាលពីថ្ងៃអង្គារនៅក្នុងសង្កាត់ Nanterre ជាយទីក្រុងប៉ារីស។
នៅក្នុងការតវ៉ា ៦ យប់កន្លងមកនេះ កុបករបានដុតរថយន្តនិងលួចប្លន់ហាងនានា ក៏ដូចជាបានសំដៅវាយប្រហារលើអគាររដ្ឋាភិបាល ស្ថានីយប៉ូលិស និងសាលារៀនទូទៅ គឺអគារទាំងឡាយណាដែលតំណាងឱ្យរដ្ឋាភិបាលបារាំង។
ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា មនុស្ស ៧១៩ នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ ដែលមានចំនួនតិចជាងកាលពីយប់ថ្ងៃសុក្រនិងថ្ងៃព្រហស្បតិ៍ ដោយយប់ថ្ងៃសុក្រមានចំនួន ១.៣១១ នាក់និងយប់ថ្ងៃព្រហស្បតិ៍មានចំនួន ៨៧៥ នាក់៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters។