ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ជំងឺ​កូវីដ១៩ ជា «ជំងឺ​នៃ​ក្ដី​មេត្តា» ឬ «ជំងឺ​នៃ​ការ​ស្អប់គុំកួន»?


លោក Samuel Cohn ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​មជ្ឈិម​សម័យ​នៃ​សាកលវិទ្យាល័យ Glasgow។ (រូបថតផ្តល់​ឲ្យ​ដោយ​លោក Samuel Cohn)

លោក Samuel Cohn សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​មជ្ឈិម​សម័យ​នៃ​សាកលវិទ្យាល័យ Glasgow បាន​ហៅ​ជំងឺ​កូវីដ១៩ ថា​ ជា​ជំងឺ​នៃ​ក្ដី​មេត្តា​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​អេស្ប៉ាញ​ដែរ ដែល​នៅ​ពេល​នោះ ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​បាន​រួម​គ្នា​ជួយ​អ្នក​ជំងឺ និង​អ្នក​ត្រូវការ​ជំនួយ។

តើ​ជំងឺ​ឆ្លង​រាតត្បាត​ជា​សាកល​ដូចជា​ជំងឺ​កូវីដ១៩ ជា​ដើម ធ្វើ​ឲ្យ​សង្គម​បែកបាក់ ឬ​ក៏​រួបរួម​គ្នា?

ប្រវត្តិវិទូ​ភាគ​ច្រើន ​ប្រាកដ​ជា​ឆ្លើយ​ថា​នឹង​ធ្វើ​ឲ្យ​សង្គម​បែកបាក់​ជា​មិន​ខាន។ ប្រវត្តិវិទូ​ទាំង​នោះ​ថា ជំងឺ​ឆ្លង​រាតត្បាត​ជា​សាកល ជា​ពិសេស​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​មហា​ប្រល័យ​ដែល​មិន​ដឹង​ប្រភព ទំនងជា​បញ្ឆេះ​ឲ្យ​មាន​ការ​ទម្លាក់​កំហុស ការ​ស្អប់​គុំកួន និង​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​កើត​ឡើង។

ជំងឺ​ប៉េស្ត​កាល​ពី​សតវត្ស​ទី ១៤ ដែល​គេ​ស្គាល់​ថា​ជំងឺ​រាតត្បាត Black Death ជា​រឿយៗ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​ ភស្តុតាង​ចម្បង​នៅ​ក្នុង​ការ​គាំទ្រ​ចំពោះ​អំណះអំណាង​នេះ។ ដោយ​រង​ការ​រិះគន់​ថា​ ជា​អ្នក​បង្ក​ឲ្យ​មាន​ជំងឺ​ប៉េស្ត​ដ៏​ប្រល័យ​នេះ​កើត​ឡើង ជាតិ​សាសន៍​ជ្វីស្វ និង​ជាតិ​សាសន៍​ភាគ​តិច​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប ត្រូវ​បាន​គេ​សម្លាប់​រង្គាល​យ៉ាង​ឃោរឃៅ។

ឧទាហរណ៍​មួយ​ទៀត​ គឺ​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​អាសន្នរោគ​នៅ​សតវត្ស​ទី ១៩ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​ហិង្សា​លើ​មន្ទីរពេទ្យ និង​គ្រូពេទ្យ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ នៅ​ពេល​ដែល​ជំងឺ​ប៉េស្ត​ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត វា​មិន​បាន​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ជាតិ​សាសន៍​ជ្វីស្វ និង​ជាតិ​សាសន៍​ភាគ​តិច​ផ្សេង​ទៀត​នោះ​ទេ។

មួយ​វិញ​ទៀត ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនរោល​កាល​ពី​សតវត្ស​ទី ១៥ ការ​ផ្ទុះ​ឆ្លង​រាតត្បាត​នៃ​ជំងឺ អុត​ធំ​កាល​ពី​សតវត្ស​ទី ១៦ ឬ​ក៏​ការ​ផ្ទុះ​ឆ្លង​រាលដាល​ដ៏​ប្រល័យ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នូវ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ឆ្នាំ ១៩១៨ ដល់​ឆ្នាំ ១៩១៩ ដែល​គេ​ហៅ​ជា​ទូទៅ​ថា​គ្រុន​ផ្ដាសាយ​ធំ​អេស្ប៉ាញ​នោះ ក៏​មិន​បាន​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ជាតិ​សាសន៍​ណា​មួយ​ដែរ។

លោក Samuel Cohn សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​មជ្ឈិម​សម័យ​នៃ​សាកលវិទ្យាល័យ Glasgow ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ជំងឺ​ឆ្លង​រាតត្បាត​តាំង​ពី​សម័យ​ក្រិក​បុរាណ​មក បាន​បញ្ជាក់​ថា ករណី​នេះ​បង្ហាញ​ថា វា​ផ្ទុយ​ពី​ការ​យល់​ឃើញ​ជា​ទូទៅ ដោយសារ​មិន​មែន​រាល់​ជំងឺ​ឆ្លង​រាលដាល​ទាំង​អស់​សុទ្ធតែ​បង្ក​ឲ្យ​មាន​ការ​ស្អប់​គុំកួន និង​អំពើ​ហិង្សា​នោះ​ទេ។

លោក Cohn បាន​បន្ត​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ ជា​រឿយៗ ការ​ផ្ទុះ​ឆ្លង​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​នានា​នៅ​លើ​ពិភពលោក​កន្លង​មក ហាក់​មាន​ទំនោរ​បង្រួបបង្រួម​សហគមន៍​នានា ដោយ​ជំរុញ​ឲ្យ​មាន​ក្ដី​អាណិតអាសូរ និង​ការងារ​ស្ម័គ្រចិត្ត។ លោក​បាន​ហៅ​ចំណុច​នេះ​ថា៖ «ជំងឺ​នៃ​ក្ដី​មេត្តា»។

លោក Cohn បាន​ហៅ​ជំងឺ​កូវីដ១៩ ថា​ ជា​ជំងឺ​នៃ​ក្ដី​មេត្តា​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​អេស្ប៉ាញ​ដែរ ដែល​នៅ​ពេល​នោះ ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​បាន​រួម​គ្នា​ជួយ​អ្នក​ជំងឺ និង​អ្នក​ត្រូវការ​ជំនួយ។

ទោះបីជា​ជំងឺ​កូវីដ១៩ ត្រូវ​បាន​គេ​រិះគន់​ថា​បាន​បង្ក​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​ប្រឆាំង​នឹង​ជាតិ​សាសន៍​អាស៊ី​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ ក៏​លោក Cohn បាន​និយាយ​ថា ហេតុការណ៍​អស់​ទាំង​នេះ «ហាក់​ដូចជា​មិន​សូវ​សំខាន់​បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ និង​ឆន្ទៈ​ល្អ» ដែល​បាន​ជំរុញ​ឡើង​ដោយ​ជំងឺ​ឆ្លង​រាតត្បាត​នេះ៕

ប្រែ​សម្រួល​ដោយលោក ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG