ការដាក់អន្ទាក់រហូតស្លាប់សត្វទន្សោងមួយក្បាលដែលជាប្រភេទសត្វកម្រក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ នាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតចំពោះអនាគតសត្វព្រៃដ៏កម្រនៅកម្ពុជា។
អ្នកធ្វើការលើវិស័យសត្វព្រៃជំរុញឲ្យមានវិធានការបន្ថែមទៀតលើការប្រមាញ់សត្វព្រៃដោយខុសច្បាប់។
ករណីស្លាប់សត្វទន្សោងឈ្មោលនេះ មន្រ្តីក្រសួងបរិស្ថានអះអាងថា អាជ្ញាធរកំពុងស្វែងរកអ្នកដាក់អន្ទាក់នេះ។ ក្រសួងបរិស្ថានបង្ហោះសារលើទំព័រហ្វេសប៊ុកថា សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់ ដោយសារស្ថានភាពសុខភាពចុះខ្សោយខ្លាំង ក្រោយជាប់អន្ទាក់ព្រានព្រៃជាយូរថ្ងៃ។ សត្វទន្សោងដែលជាប់អន្ទាក់នោះត្រូវប្រទះឃើញក្នុងភូមិសាស្រ្តអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនោះស្លាប់។
ក្រសួងបរិស្ថានឲ្យដឹងថា សាកសពសត្វទន្សោងនេះត្រូវមន្ត្រីឧទ្យានុរក្សនិងព្រះតេជគុណ ប៊ុន សាលួត ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័នបញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់VOA នារសៀលថ្ងៃច័ន្ទនេះថា សមត្ថកិច្ចកំពុងស្វែងរកអ្នកដាក់អន្ទាក់នោះ ហើយជននោះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។
«បើសិនជាយើងរកឃើញអ្នកដែលដាក់អន្ទាក់គឺយើងនឹងអនុវត្តទៅតាមច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ ដែលក្នុងនេះក៏មានការពិន័យ និងមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
លោកបន្ថែមថាសត្វទន្សោងដែលជាប្រភេទសត្វកម្រនិងជិតផុតពូជលើពិភពលោកនោះមានចំនួនចន្លោះពី២.៧០០ទៅ៥.៧០០ក្បាលនៅកម្ពុជាខណៈក្នុងពិភពលោក មានចំនួនចន្លោះពី៥.៩០០ទៅ១១.០០០ក្បាល។
បើតាមលោក នេត្រ ភក្រ្តា ក្នុងរយៈពេលជិត៥ខែនៃដើមឆ្នាំ២០២០នេះ សត្វទន្សោង៤ក្បាលត្រូវបានសម្លាប់និងសត្វខ្ទីងមួយក្បាល ត្រូវបានសម្លាប់ដោយកាត់ក្បាល។ អ្នកនាំពាក្យរូបនេះបន្ថែមថា កាលពីឆ្នាំ២០១៩ អន្ទាក់ជិតពីរម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ៦០កន្លែងនៅទូទាំងប្រទេស។
ព្រះតេជគុណ ប៊ុន សាលួត ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន ដែលមានសមាជិក៥១នាក់ចុះល្បាតព្រៃជាប្រចាំមានសង្ឃដីកាថា ព្រះអង្គបានរកឃើញសត្វទន្សោងនោះនៅព្រឹកថ្ងៃទី២៣ខែឧសភា និងរាយការណ៍ទៅក្រុមមន្ត្រីដើម្បីសង្គ្រោះ។ ព្រះអង្គបន្តថា ក្រុមមន្រ្តីសង្គ្រោះបានទៅដល់សហគមន៍នៅម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី២៤និងចូលដល់កន្លែងដែលសត្វទន្សោងរងរបួសដាច់ជើងឆ្វេងខាងក្រោយ នៅម៉ោងប្រមាណជា១២រសៀល។
ព្រះអង្គស្នើស្ថាប័នពាក់ព័ន្ធផ្តល់ជាសម្ភារៈនិងបង្រៀនពីបច្ចេកទេសដល់សហគមន៍ដើម្បីអាចសង្គ្រោះសត្វព្រៃដែលរងរបួសបានទាន់ពេល។
បើតាមព្រះអង្គ ប៊ុន សាលួតដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ជាព្រៃការពារមានទំហំជាង៣ម៉ឺនហិកតា ប៉ុន្តែព្រះអង្គថា បទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិនៅតែបន្តកើតមាន ដោយសារការអនុវត្តច្បាប់មានកម្រិតនិងខ្វះមន្រ្តីការពារ។
«បើយើងអនុវត្តភូមិឃុំមានសុវត្ថិភាពនោះបាន ប្រជាជនគាត់អត់មានក្លាយខ្លួនទៅជាជនល្មើសទេ។គាត់ត្រៀមខ្លួនធ្វើជាជាជនល្មើសអត់បានទេ ដោយសារគោលការណ៍ភូមិឃុំមានសុវត្ថិភាពនៅយើងអនុវត្តបានទាំងអស់។ ទី២ទាក់ទងនឹងផ្នែកមន្រ្តី ផ្នែកមន្រ្តីឧទ្យានុរក្ស ពួកគាត់តិច។ ពួកគាត់ធ្វើការតាមពេលវេលារបស់ពួកគាត់។ គាត់ត្រូវឡើងមកវិញ គាត់ឡើងមកវិញ។ ពួកគាត់មានប្រាក់ខែមែន ប៉ុន្តែការងារដែលគាត់ធ្វើអត់ពេញដៃពេញជើង ដោយសារទាក់ទងរឿងជីវភាពពួកគាត់ដែរ»។
លោកកែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)ចាត់ទុកការបាត់បង់សត្វទន្សោងនិង ការបាត់បង់សត្វជិតផុតពូជផ្សេងៗទៀត ដោយសារការបរបាញ់និងដាក់អន្ទាក់នោះគឺជារឿងដែលគួរឲ្យសោកស្តាយ។
លោកបន្ថែមថា អំពើខុសច្បាប់ប្រមាញ់សត្វព្រៃជិតផុតពូជនៅកម្ពុជាធ្វើឡើងក្រោមរូបភាពការប្រើប្រាស់អន្ទាក់និងការឆក់ ដែលក្រុមល្បាតពិបាករកឃើញ។ លោកជំរុញឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពការពារ បង្កើនការអប់រំ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃ និងធនធានធម្មជាតិ។
«យើងត្រូវមានការដាក់ទោសទណ្ឌឲ្យបានស្របទៅតាមច្បាប់ ហើយការអនុវត្តក្នុងការបង្ក្រាបអំពើល្មើសខុសច្បាប់ក្នុងការប្រមាញ់ ក្នុងការបរបាញ់ខុសច្បាប់ ក្នុងការដុតព្រៃ -ល- ត្រូវតែអនុវត្តជាប្រចាំ បើមិនអ៊ីចឹងទេ យើងមិនអាចគ្រប់គ្រងធនធានធម្មជាតិរបស់យើងមានប្រសិទ្ធភាពបានទេ»។
បើតាមលោក កែន សេរីរដ្ឋាបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសពាក់ព័ន្ធនឹងសត្វព្រៃ មានការកើនឡើងខ្លាំងក្នុងអំឡុងការកើតមានជំងឺកូវីដ១៩។លោកបន្តថា ការកើនឡើងនេះដោយសារប្រជាពលរដ្ឋជាច្រើនបាត់បង់ការងារហើយសម្រេចចូលទៅបរបាញ់ និងកាប់ព្រៃដើម្បីរកកម្រៃ។
ចំណែកលោក សេង ទៀក នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ WWF លើកឡើងស្រដៀងគ្នាថា បទល្មើសពាក់ព័ន្ធនឹងការប្រមាញ់និងជួញដូរសត្វព្រៃកើតមានឡើងគួរឲ្យព្រួយបារម្ភសម្រាប់កម្ពុជា។ លោករំពឹងថា សមត្ថកិច្ចនឹងចាប់ខ្លួនជនល្មើសយកមកដាក់ទោសតាមច្បាប់។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ឲ្យដឹងថា ចំនួនបទល្មើសធនធានធម្មជាតិជារួមនៅឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបានចំនួនជាង៤.៧០០ករណី ក្នុងនោះ៤៨០ករណីត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។ លោកបន្តថាការដាក់អន្ទាក់ ការបរបាញ់និងការជួញដូរសត្វព្រៃនៅកម្ពុជានៅតែបន្តកើតមានឡើង ដោយសារប្រជាពលរដ្ឋនៅប្រកបមុខរបរបរបាញ់សត្វ ព្រៃដោយសារការបរិភោគ សត្វព្រៃ ការបរបាញ់សត្វព្រៃកម្សាន្ត ការប្រើប្រាស់កាំភ្លើងកែច្នៃនិងការប្រើប្រាស់សម្ភារៈដាក់អន្ទាក់។លោកអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគ និងការជួញដូរសត្វព្រៃ និងចូលរួមទប់ស្កាត់ បង្ការគ្រប់រូបភាពនៃបទល្មើសពាក់ព័ន្ធនឹងសត្វព្រៃ។
«ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែរ បើសិនជាមានព័ត៌មានជាក់លាក់សូមរាយការណ៍ជូនដល់បងប្អូនសមត្ថកិច្ច។ យើងខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ដើម្បីទប់ស្កាត់បញ្ហាបរបាញ់សត្វដោយខុសច្បាប់នេះ»៕