ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋរស់នៅតាមដងទន្លេ មេគង្គនេះសម្តែងកង្វល់ អំពីការខ្វះទឹកប្រើប្រាស់


ពលរដ្ឋរស់នៅតាមដងទន្លេ មេគង្គនេះសម្តែងកង្វល់ អំពីការខ្វះទឹកប្រើប្រាស់

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

“ឆ្នាំហ្នឹងវាស្រកខុសពីរាល់ឆ្នាំ ស្រកខ្លាំង រាល់ឆ្នាំដូចជាមិនសូវស្រកដូចឆ្នាំហ្នឹង
ទេ។ ដូចជាគោកខ្លាំង ដូចជារាំងខ្លាំងផង អត់មានកក់ខែកក់អីមួយម៉េសោះតែ
ហ្មង”។

នេះជាការរអ៊ូរទាំរបស់លោកជា វឿង កសិករម្នាក់រស់នៅតាមដងទន្លេមេគង្គក្នុង
ភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ចម្ងាយជាង២០គីឡូម៉ែត្រពីទីរួម
ខេត្តកំពង់ចាម។

ការរអ៊ូរទាំនេះកើតឡើងនៅពេលដែលលោក ជា វឿង មើលឃើញកម្រិតទឹក
ទន្លេមេគង្គនៅឆ្នាំនេះស្រកខ្លាំងជាងឆ្នាំមុនៗ។ ទឹកទន្លេស្រកខ្លាំងនេះ ធ្វើឱ្យ
លោកត្រូវចំណាយថវិកាអស់ច្រើនជាងមុន ប្រមាណដល់ទៅបីដងសម្រាប់បូម
ទឹកដាក់ស្រែរបស់លោកទំហំជាងកន្លះហិកតា ស្ថិតនៅចម្ងាយប្រមាណ ៤០០
ម៉ែត្រពីទន្លេ។

«ក្នុងការបូមទឹកលើដីរាបស្មើមួយថ្ងៃទល់ល្ងាចអញ្ចឹងទៅអស់ប្រេងត្រឹមថា ៦ទៅ
៧លីត្រ។ ដល់បូមពីទន្លេអញ្ចឹងទៅ អស់ប្រេងចូលល្បាក់២០លីត្រ ដាក់ម៉ាស៊ីន
ទៅក្រោម រំកិលទៅក្រោមតែម្តង។ដល់អញ្ចឹង វាឆ្ងាយប្រហែលល្បាក់ពីទន្លេទៅ
ដល់ស្រែហ្នឹង វា៤០០ម៉ែត្រជាង ។ ដល់អញ្ចឹង វារឹតតែខ្លាំង។ ខ្ញុំបូមទឹកស្រោច
ស្រែកន្លះហិកតាជាងបន្តិចហ្នឹង ខ្ញុំបូមពីរយប់បីថ្ងៃឯណោះបានពេញ»។

ទន្លេមេគង្គដែលមានប្រវែងជាង ៤ពាន់គីឡូម៉ែត្រនេះ មានប្រភពពីខ្ពង់រាបទីបេ
ហើយហូរកាត់ប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម រួចហូរធ្លាក់ចូល
ទៅក្នុងសមុទ្រចិនខាងត្បូង។

ទឹកទន្លេមេគង្គនេះត្រូវបានរាយការណ៍ថា បានស្រកចុះខ្លាំងបំផុត មិនធ្លាប់មាន
នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដែលបណ្តាលឱ្យមានឧបសគ្គ
ដល់ការដឹកជញ្ជូនតាមផ្លូវទឹកនិងបញ្ហាទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដែល
រស់នៅតាមបណ្តោយដងទន្លេនេះរាប់លាននាក់ ជាពិសេសនៅក្នុងបណ្តាប្រ-
ទេសក្រោមខ្សែទឹក រួមមានថៃ ឡាវ វៀតណាមនិងកម្ពុជា។

តាមបណ្តោយដងទន្លេមេគង្គទៅភាគខាងជើងចម្ងាយជាង៣០គីឡូម៉ែត្រពីភូមិ
ព្រែករលួស លោកលី អ៊ីសា អ្នកនេសាទម្នាក់ក្នុងភូមិកោះផលក្នុងស្រុកក្រូចឆ្មារ
កំពុងរាយម៉ងពីលើទូកនេសាទរបស់លោក។

ដោយមានភរិយានៅអង្គុយជាប់ពីក្រោយខ្នងផងនោះ លោកលី អ៊ីសាបានមាន
ប្រសាសន៍ថា ដោយសារទឹកទន្លេមេគង្គស្រកខ្លាំងពេកនៅឆ្នាំនេះ ទើបធ្វើឱ្យទិន្ន
ផលត្រីរបស់លោកធ្លាក់ចុះ។

«ឆ្នាំមុនស្រកអស់ហើយត្រឹមល្បាក់នេះ។ឥឡូវស្រកទៅដល់ល្បាក់នោះហើយ។
ទឹកទន្លេមេគង្គយើងចេះតែរាក់ទៅៗ។ ត្រីវាឡើងមកអត់ដល់កន្លែងយើង។ រាល់
ដងទឹកជ្រៅ ត្រីវាសម្បូរដែរ។ រកស៊ីនេសាទហ្នឹងរកបានរាល់ឆ្នាំកន្លងមក។ តែឆ្នាំ
ហ្នឹងធ្វើប្រហុកស៊ីខ្លួនឯងមិនចង់គ្រាន់ផង»។

ថ្វីបើក្រុមអ្នកភូមិបានកត់សម្គាល់ឃើញមានការប្រែប្រួលខ្លាំងនៃរបបទឹកទន្លេ
មេគង្គនេះក៏ដោយ ក៏ពួកគេមិនបានដឹងពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យ
មានការប្រែប្រួលនេះទេ។

ទាំងលោកលី អ៊ីសា ទាំងលោកជា វឿង សុទ្ធតែគិតថា ការស្រកទឹកទន្លេមេគង្គ
ខ្លាំងនេះគឺប្រហែលជាបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការប្រែប្រួលតាម
លក្ខណៈធម្មជាតិ។ ប៉ុន្តែសម្រាប់ក្រុមអ្នកការពារ និង អភិរក្សទន្លេ និង ធនធាន
ធម្មជាតិវិញ ទឹកទន្លេមេគង្គដែលស្រកខ្លាំងនៅពេលនេះ គឺអាចបណ្តាលមកពី
ការសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គនៅតាមប្រទេសស្ថិតនៅខ្សែទឹក
ខាងលើ ជាពិសេសគឺប្រទេសចិនតែម្តង។

លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តី
ពីកម្ពុជា NGO Forum មានប្រសាសន៍ថា ការសាងសង់ទំនប់កាត់ទន្លេមេគង្គគឺ
ជាកត្តារួមចំណែកមួយដែលធ្វើឱ្យមានការប្រែប្រួលបរិមាណទឹកនៅក្នុងអាងទន្លេ
នេះ។

«បើតាមបទពិសោធន៍នៃប្រទេសផ្សេងៗ យើងឃើញថា ការសាងសង់ទំនប់ហ្នឹង
គឺថា វាមានផលប៉ះពាល់បញ្ហាទឹក ឬ គេហៅថា ការចុះឡើងនៃទឹកទន្លេក៏អាចប៉ះ
ពាល់ដែរ ព្រោះអាងនីមួយៗត្រូវការស្តុកទឹកដើម្បីឱ្យទឹកអាចបង្វិលតួប៊ីនបាន។
អញ្ចឹងយើងឃើញថា ទី១វាប៉ះទៅនឹងលំហូររបស់ទឹក ហើយទី២ វាក៏ប៉ះពាល់
ទៅនឹងជីវិតរបស់ត្រីផងដែរ។ នៅក្នុងវដ្តនៃការធ្វើដំណើររបស់ត្រីក៏មានការប៉ះ
ពាល់ផងដែរ»។

ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គប្រមាណ១០កំពុងត្រូវបានសាងសង់ដោយមួយ
ចំនួនត្រូវបានដាក់ឱ្យប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសចិន។ទំនប់ចំនួន១១
ផ្សេងទៀតក៏ស្ថិតនៅក្នុងគម្រោងសាងសង់នៅលើដងទន្លេមេគង្គក្នុងប្រទេសខ្សែ
ទឹកខាងក្រោមទាំងបួនរួមមាន ថៃ ឡាវ កម្ពុជានិង វៀតណាមផងដែរ។

មនុស្សប្រមាណជាង២០លាននាក់នៅតាមដងទន្លេមេគង្គត្រូវបានរាយការណ៍
ថា បានប្រឈរមុខនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំងដែលរាំងស្ងួតហួតហែង
ខ្លាំងខុសធម្មតាក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

រដ្ឋាភិបាលនៃប្រទេសតាមដងទន្លេមេគង្គខ្លះបានចាត់វិធានការដោះស្រាយបញ្ហា
កង្វះខាតទឹកនេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរបស់ខ្លួន កាត់បន្ថយការប្រើ
ប្រាស់ ឬត្រូវសន្សំសំចៃទឹក។ដោយឡែកនៅកម្ពុជាមិនទាន់មានការប្រកាសជា
ផ្លូវការណាមួយពីសំណាក់រដ្ឋាភិបាលអំពីកង្វល់នៃបញ្ហាកង្វះទឹកនេះទេ។

ប៉ុន្តែដោយភ្នែកសំឡឹងមើលទៅទន្លេដែលឃើញមានស្ទើរសុទ្ធតែខ្សាច់ដុះពេញ
នោះ អ្នកស្រីងួន ស្រី កសិករដាំថ្មាំជក់ម្នាក់ក្នុងស្រុកក្រូចឆ្មារ បានមានប្រសា-
សន៍ទាំងសោះកក្រោះថា អ្នកស្រីមានការព្រួយបារម្ភថា ទឹកទន្លេមេគង្គនេះអាច
នឹងរីងនៅពេលខាងមុខមិនខាន។

«ខ្ញុំថា នៅថ្ងៃអនាគតទៅ ប្រហែលជាអត់មានទឹកប្រើទេមើលទៅ ព្រោះខ្សាច់វា
ដុះជិតអស់ទៅហើយ។ទន្លេហ្នឹងវារាក់ បានជាវាងើបខ្សាច់ច្រើន។ ជាគំនិតរបស់
ខ្ញុំ ខ្ញុំថា បើវាអង្គុយតែរាក់រាល់ៗឆ្នាំបន្តិចម្តងៗទៅ វាអាចអត់មានទឹកប្រើក៏មាន
ដែរអាហ្នឹង»។

ដូច្នេះហើយ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមេសានេះ មេដឹកនាំនៃបណ្តាប្រទេស
ដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ រួមមានប្រទេសថៃ ឡាវ កម្ពុជា និង
វៀតណាមនឹងជួបប្រជុំគ្នារួមជាមួយភាគីចិននិងភូមាដែលមិនព្រមចូលជាសមា
-ជិកនៃគណៈកម្មការនេះ ដើម្បីស្វែងរកវិធីសាស្រ្តរួមគ្នាសម្រាប់បញ្ជៀស ឬកាត់
បន្ថយជម្លោះដណ្តើមធនធានទឹក រវាងប្រទេសនៅខ្សែទឹកខាងលើ និង ខ្សែទឹក
ខាងក្រោម។

លោក ពេជ ឌុន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគម្គកម្ពុជា មាន
ប្រសាសន៍ នៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទនៅថ្ងៃពុធនេះ ថា នៅក្នុងកិច្ច
ប្រជុំនោះ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេ
មេគង្គនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យមានការគ្រប់គ្រងអាងទន្លេ
មេគង្គឱ្យបានល្អជាងមុនដើម្បីនិរន្តរភាពនៃទន្លេនេះ។

ជាពិសេស លោកពេជ ឌុនបន្តថា គណៈកម្មការទន្លេមេគង្គក៏នឹងស្នើឱ្យប្រទេស
ចិនផ្តល់ព័ត៌មានជាមុនអំពីការបិទបើកទ្វារទឹកនៃទំនប់របស់ចិន ដើម្បីឱ្យបណ្តា
ប្រទេសនៅខ្សែទឹកខាងក្រោមអាចត្រៀមលក្ខណៈបង្ការផលប៉ះពាល់បានប្រសើរ
ជាងមុនផងដែរ។

«នៅប្រទេសចិនអី ការសាងសង់ទំនប់ហ្នឹងគឺយើងសុំធ្វើយ៉ាងម៉ិចឱ្យគេជូនព័ត៌
មានដល់យើងអំពីការបិទបើកទ្វារទឹកពីខាងលើនៅស្រុកចិនដើម្បីឱ្យយើងមាន
លទ្ធភាពក្នុងការព្យាករណ៍ផលប៉ះពាល់នៅស្រុកយើងទី១។ ទី២ទៀត ដើម្បីឱ្យ
យើងងាយស្រួលធ្វើផែនការនៅក្នុងការអភិវឌ្ឍទន្លេមេគង្គ ភាគខាងក្រោម»។

លោកពេជ ឌុនបន្ថែមទៀតថា កម្ពុជាក៏នឹងស្នើឱ្យប្រទេសឡាវដាក់គម្រោងសាង
សង់ទំបន់វារីអគ្គិសនីរបស់ខ្លួននៅលើទន្លេមេគង្គជាប់ព្រំដែនជាមួយកម្ពុជានៅ
ក្នុងកិច្ចប្រជុំដើម្បីឱ្យប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គត្រួតពិនិត្យ
អំពីផលប៉ះពាល់នៃទំបន់នោះទៅលើសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ លោកតឹក វណ្ណារ៉ា អ្នកស្រាវជ្រាវអំពីបរិស្ថាន និងសង្គមនៃ
សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ មានប្រសាសន៍ថា បណ្តាប្រទេសនៅតាម
ដងទន្លេមេគង្គ ទាំងនៅខ្សែទឹកខាងលើ និងនៅខ្សែទឹកខាងក្រោម គួរតែធ្វើផែន
ការមេរួមគ្នាសម្រាប់បែងចែកធនធានទឹកទន្លេមេគង្គប្រកបដោយសមធម៌ ដើម្បី
ធានានិរន្តរភាពអាងទន្លេដ៏សំខាន់ជាអាយុជីវិតរបស់តំបន់អាស៊ីអាគ្នេយ៍នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG