លោក ឌី ខាំបូលី ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ - ១៩៧៩» ដែលបានត្រូវបោះពុម្ពនៅឆ្នាំ ២០០៧ ហើយដែលទើបនឹងត្រូវយកទៅប្រើក្នុងគម្រោងអប់រំថ្នាក់ជាតិអំពីអំពើប្រល័យពូជសាសន៍។
លោកឌី ខាំបូលីនិយាយថា ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព ទាមទារឲ្យមានកត្តាច្រើនណាស់មិនត្រឹមតែកត្តាសៀវភៅបង្រៀនល្អ និងកម្មវិធីអប់រំដែលបានរៀបរៀងទុកល្អប៉ុណ្ណោះទេ។
«ខ្ញុំសង្ឃឹមថា លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស និងឪពុកម្តាយសិស្សក្តីដែលជាជនរងគ្រោះឬជាអ្នកដែលនៅរស់រានមានជីវិតពីសម័យខ្មែរក្រហមនោះ នឹងចូលរួមទាំងអស់គ្នា ព្រោះថាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនេះ មិនមែនបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយអាចធ្វើទៅបានដោយឯកឯងនោះទេ គឺថាត្រូវតែមានការចូលរួមទាំងអស់គ្នាការចូលរួមទាំងរដ្ឋាភិបាល ការចូលរួមទាំងសង្គមស៊ីវិល ដូចជាមជ្ឈមណ្ឌលឯកសារកម្ពុជាការចូលរួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក៏ដូចជាការចូលរួមពីឪពុកម្តាយ ជាពិសេសអ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមហ្នឹង»។
ថ្វីបើដំណើរការទាក់ទងនឹងការជំនុំជម្រះក្តីអតីតមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំក្តី ក៏ការបង្រៀន និងការពិភាក្សាជាលក្ខណៈទូលំទូលាយអំពីសម័យខ្មែរក្រហម នៅតែជាចំណុចរសើបផ្នែកនយោបាយ និងផ្នែកសង្គម។ ទើបតែថ្មីៗនេះទេ ដែលរាជរដ្ឋាភិបាលកម្ពុជា ដោយមានជំនួយពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលយកគំនិតឲ្យមានការអប់រំទូលំទូលាយជាងមុន អំពីអំពើប្រល័យពូជសាសន៍សម័យខ្មែរក្រហម។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមគម្រោងរយៈពេលវែង ទាក់ទងនឹងការអប់រំអំពីអំពើប្រល័យពូជសាសន៍ដែលក្នុងគម្រោងនេះ រួមមានការរៀបរៀងសៀវភៅសិក្សា ការបោះពុម្ពផ្សាយ ការបណ្តុះបណ្តាលគ្រូបង្រៀន ការបង្រៀន និងការវាយតម្លៃការបង្រៀននេះ។
បើតាមប្រសាសន៍លោកឌី ខាំបូលី មជ្ឈមណ្ឌលឯកសារកម្ពុជានឹងមានគម្រោងបោះពុម្ពបន្ថែមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនេះ ចំនួន៧សែនក្បាលទៀត ដើម្បីឲ្យមានចំនួនគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សចំនួនប្រហែល ១ លាននាក់ ដែលនឹងត្រូវទទួលការអប់រំក្នុងគម្រោងនេះ។ ម្យ៉ាងទៀតការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងគម្រោងនេះជិតឈានដល់ទីបញ្ចប់ហើយ។ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូដំណាក់កាលចុងក្រោយនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅថ្ងៃទី ២៧ខែមិនាខាងមុខនេះ។ មានគ្រូបង្គោលថ្នាក់ជាតិនិងថ្នាក់ខេត្ត សរុបចំនួន២៣០នាក់នឹងចូលរួមវគ្គបណ្តុះបណ្តាលគ្រូប្រវត្តិសាស្ត្រថ្នាក់មូលដ្ឋានចំនួន ១.៦២៧នាក់នៅទូទាំងប្រទេស។
ព្រមជាមួយនឹងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនេះ លោកគ្រូអ្នកគ្រូនឹងប្រើប្រាស់សៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងសៀវភៅលំហាត់សម្រាប់សិស្ស ដែលត្រូវបានបោះពុម្ពរួមគ្នានាពេលថ្មីៗនេះ រវាងមជ្ឈមណ្ឌលឯកសារកម្ពុជានិងក្រសួងអប់រំ យុវជននិងកីឡា។
នាង ជា ផល្លា ជាពលរដ្ឋអាមេរិកាំងកំណើតខ្មែរនៅក្រុង Lowell រដ្ឋ Massachusetts ហើយជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធពីររូបរបស់សៀវភៅណែនាំគ្រូនេះ ។ នាងនិយាយថា សៀវភៅនេះបានទទួលការត្រួតពិនិត្យល្អិតល្អន់ណាស់ពីព្រោះវិធីសាស្ត្របង្រៀនសមស្របជាការចាំបាច់នៅក្នុងការអប់រំអំពីអំពើប្រល័យពូជសាសន៍។
«វាជាប្រធានបទដ៏លំបាកមួយ ហើយយើងត្រូវគិតគូរណាស់ពីអារម្មណ៍សិស្សនិងក្រុមគ្រួសាររបស់ពួកគេក្នុងពេលយើងបង្រៀន។ យើងបានព្យាយាមរកវិធីសាស្ត្រនានា ដើម្បីបង្រៀនអំពីប្រធានបទនេះដោយមិនធ្វើឲ្យរន្ធត់ ឬ បាក់ស្បាតក្នុងអារម្មណ៍របស់អ្នកស្តាប់និងសិស្សរបស់យើង។ បង្រៀនក្នុងរបៀបមួយដែលធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍រៀនអំពីប្រធានបទប្រល័យពូជសាសន៍នេះ ហើយផ្តល់ជាកន្លែងមានសុវត្ថិភាពនិងឱកាសក្នុងការពិភាក្សាអំពីប្រធានបទនិងបញ្ហាផ្សេងៗទៀត ទាក់ទងនឹងអំពើប្រល័យពូជសាសន៍»។
លោកឌី ខាំបូលី និយាយថា ចំណុចរសើបផ្នែកអារម្មណ៍របស់ប្រធានបទនេះក៏អាចជាបញ្ហាសម្រាប់គ្រូផងដែរ។
«ពីព្រោះគ្រូមួយចំនួនគាត់ជាជនរងគ្រោះ អញ្ចឹងគាត់អាចថាបង្រៀនចេញពីចិត្តរបស់គាត់ជាជាងបង្រៀនចេញពីលក្ខណៈជាអាជីព។ អញ្ចឹងហើយការបណ្តុះបណ្តាលនេះ គឺធ្វើយ៉ាងណាឲ្យគ្រូបង្រៀនជាលក្ខណៈវិទ្យាសាស្ត្រ ជាលក្ខណៈអាជីពមិនមែនតាមចិត្តខឹងតាមចិត្តនឹកឃើញនោះទេ»។
ថ្វីបើមានការលំបាកយ៉ាងនេះក្តី នាងជាផល្លានិយាយថា អ្នកដែលនឹងបានរៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះមិនមានត្រឹមតែសិស្សានុសិស្សប៉ុណ្ណោះទេ គឺរួមមានលោកគ្រូអ្នកគ្រូផងដែរ ដែលភាគច្រើនបានកើតនៅក្រោយសម័យខ្មែរក្រហមព្រមទាំងឪពុកម្តាយសិស្ស និងអ្នកនៅរស់រានពីរបបខ្មែរក្រហមដទៃទៀតដែលពួកគាត់មិនយល់អំពីព្រឹត្តិការណ៍ទាំងមូលដែលបានកើតឡើងចំពោះពួកគាត់ទេ។ ការនេះក៏ជួនពេលនឹងមានដំណើរការតុលាការខ្មែរក្រហម ដែលអាចជួយឲ្យគេកាន់តែមានឆន្ទៈចង់និយាយអំពីរឿងរ៉ាវទាំងនេះជាចំហរក្នុងគ្រួសារ និងក្នុងសង្គម។
លោក ឌី ខាំបូលី យល់ស្របនឹងទស្សនៈនេះ ហើយលោកគិតថាគម្រោងអប់រំនេះនឹងបម្រើដល់គោលដៅសង្គមយូរអង្វែងមួយ។
«គោលដៅដែលយើងចង់បានគឺថា ធ្វើយ៉ាងណាឲ្យសិស្សចេះស្វែងយល់ ចេះពិចារណាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម ហើយយកព្រឹត្តិការណ៍នេះធ្វើជាដើមទុន នៅក្នុងការអនុវត្តការរស់នៅរបស់ខ្លួនក្តីនៅក្នុងការកសាងជាតិនៅក្នុងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍កើតមានឡើងជាថ្មីម្តងទៀតនៅក្នុងការជួយឪពុកម្តាយរបស់ខ្លួននៅក្នុងការផ្សះផ្សារជាដើម។ គឺយើងធ្វើយ៉ាងណាមិនឲ្យមានគំនិតគុំគួនការចងគំនុំ ឬ ក៏ការសងសឹកនៅក្នុងគំនិតរបស់កូនខ្មែរជំនាន់ក្រោយទេ»។
លោក ឌី ខាំបូលី និយាយថាពលរដ្ឋកម្ពុជាត្រូវរៀនពីកំហុសនៅក្នុងអតីតកាលដើម្បីកសាងប្រទេសរបស់ពួកគេឡើងវិញនិងកសាងអនាគតដែលប្រសើរជាងមុន៕