ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីកម្មធនធានរ៉ែរឹងនឹងចាប់ ផ្តើមក្នុងពេល៥ឬ៦ឆ្នាំ ភាគ២


អាជីកម្មធនធានរ៉ែរឹងនឹងចាប់ ផ្តើមក្នុងពេល៥ឬ៦ឆ្នាំ ភាគ២
អាជីកម្មធនធានរ៉ែរឹងនឹងចាប់ ផ្តើមក្នុងពេល៥ឬ៦ឆ្នាំ ភាគ២

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាសំខាន់មួយចំនួនដែលអាចធ្វើឲ្យប្រទេស
នេះជួបបរាជ័យក្នុងការទាញយកធនធានរ៉ែមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បញ្ហាប្រឈមនោះ មានដូចជា ភាពទន់ខ្សោយនៃច្បាប់ស្តីពីការធ្វើអាជីវកម្ម រ៉ែ
ការខ្វះប្រព័ន្ធគ្រប់គ្រងនិងតាមដានសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគកង្វះខាត
ធនធានមនុស្សភាពមានកម្រិតនៃការចែកចាយព័ត៌មានពាក់ព័ន្ធការខ្វះកិច្ចសហ
ការគ្នារវាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន និងការ
ខ្វះយន្តការគ្រប់គ្រងចំណូល។ នេះបើយោងតាមក្រុមអ្នកជំនាញនៃអង្គការក្រៅ
រដ្ឋាភិបាលនានាដែលកំពុងសិក្សាពីគុណសម្បត្តិនិងផលប៉ះពាល់អវិជ្ជមានពីការ
វិនិយោគធនធានរ៉ែនៅប្រទេសកម្ពុជា។

ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិលនេះគឺធ្វើឡើងស្របពេលដែលប្រទេស
កម្ពុជារំពឹងថា ក្រុមហ៊ុនធំៗចំនួន៦ ក្នុងចំណោមក្រុមហ៊ុនចំនួន២០ដែលទទួល
បានអាជ្ញាបណ្ណរុករក និង ធ្វើអាជីវកម្មរ៉ែនឹងចាប់ផ្តើមធ្វើអាជីវកម្មធានធានរ៉ែ
លោហៈនៅឆ្នាំ២០១៥ខាងមុខនេះ។

លោកម៉ម សម្បត្តិ សមាជិកគណៈកម្មការនៃបណ្តាញផលប៉ះពាល់បរិស្ថាន
សង្គមពីវិស័យឧស្សាហកម្ម និងនិស្សារណកម្ម មានប្រសាសន៍ថា កង្វះខាត
ទំាងអស់ខាងលើនេះ ជាពិសេសមានកម្រិតនៃប្រព័ន្ធតាមដានរបស់ស្ថាប័ន
រដ្ឋាភិបាលនេះទៅលើសកម្មភាពក្រុមហ៊ុនវិនិយោគរ៉ែ នឹងធ្វើឲ្យកម្ពុជាខាតបាត់
បង់ចំណូលនិងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។

«ស្ថាប័នដែលពាក់ព័ន្ធនៅក្រោមជាតិដែលមានភារៈត្រូវចូលរួមការត្រួតពិនិត្យ
ការរុករកហាក់ដូចជាមិនបានតាមដានអ្វីដែលកំពុងដំណើរការនៅទីនោះពិត
ប្រាកដថាតើគេកំពុងរុករករ៉ែឬមួយជាការធ្វើអាជីវកម្ម។បើសិនជាមានការរំលង
បែបនេះវាអាចមានផលប៉ះពាល់លើចំណូលជាតិជាច្រើន ហើយក៏អាចប៉ះពាល់
លើសង្គមបរិស្ថាន ជាពិសេសសហគមន៍នៅទីនោះដែរ»។

យោងតាមការសិក្សាប្រចំាឆ្នាំ២០០៩របស់គណៈកម្មាធិការសហប្រតិបត្តិការ
ដើម្បីកម្ពុជាទៅលើផលប៉ះពាល់ពីការរុករករ៉ែក្នុងស្រុកកែវសីមា ហើយនិងស្រុក
ពេជ្រាដានៃខេត្តមណ្ឌលគីរី ដែលមានសកម្មភាពរុករករ៉ែយ៉ាងសកម្មនោះបាន
បានបង្ហាញថា ប្រជាជនរស់នៅក្នុងសហគមន៍ទំាងពីរនេះ កំពុងប្រឈមនឹង
ការបាត់បងនូវព្រៃអារក្ស ឬទីសក្ការៈបូជារបស់ពួកគេ ប្រឈមនឹងការថយចុះ
ចំណូលពីការដួសជ័រ ការបាត់បង់អនុផលព្រៃឈើដោយសារការទន្ទ្រានព្រៃធ្វើ
ផ្លូវ និង កើតទំនាស់ផ្ទៃក្នុងចំណោមជនជាតិដើមភាគតិច។

លោកជេន សុជឿន អ្នកស្រាវជ្រាវដែលបានសិក្សាលើផលប៉ះពាល់ខាងលើនេះ
និយាយថា ផលប៉ះពាល់ដែលកំពុងកើតមាននេះដោយសារតែការខ្វះការសហ
ការគ្នាក្នុងការផ្តល់ព័ត៌មានរវាងក្រុមហ៊ុនវិនិយោគ អាជ្ញាធរ និង ប្រជាជនមូល
ដ្ឋាន។ ហើយប្រសិនបើបញ្ហានេះនៅតែបន្តរហូតដល់ការធ្វើអាជីវកម្មចាប់ផ្តើម
ឡើងនោះ ក្តីកង្វល់ពីផលប៉ះពាល់នឹង កាន់តែមានច្រើនឡើង។

«គ្រាន់តែដំណាក់កាលសិក្សារុករករ៉ែនេះ ប្រជាពលរដ្ឋរងផលប៉ះពាល់មួយចំនួន
ហើយ ។ អីចឹង នៅពេលដែលគេធ្វើអាជីវកម្មរ៉ែជាក់ស្តែងកាន់តែប៉ះពាល់ខ្លាំង
ថែមទៀត សំខាន់ជាងគេហ្នឹងគឺប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពល
រដ្ឋក្នុងតំបន់ហ្នឹង។ អីចឹង ខ្ញុំគិតថា វាអាចមានបញ្ហាអវិជ្ជមានច្រើនជាងវិជ្ជមាន
ដែលយើងរំពឹងទុក»។

មន្ត្រីជំនាញនៃក្រសួងបរិស្ថានបានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកតាមរយៈ
សារអេឡិចត្រូនិច ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកទទួលស្គាល់ថា
ផលប៉ះពាល់លើបរិស្ថានពិតជាកើតមាននៅតាមខេត្តមួយចំនួនដែលមានសកម្ម
ភាពរុករករ៉ែ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ក្រសួងរបស់លោកកំពុងសហការជា
មួយស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីកាត់បន្ថយផលប៉ះពាល់នេះឲ្យបាន
ច្រើនបំផុត។

ផែនទីភូគព្ភសាស្ត្របានបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសមានសក្តានុពល
ធនធានរ៉ែចម្រុះគ្រប់ប្រភេទ ចាប់តំាងពីចុងសតវត្សរ៍ទី១៩មកម្ល៉េះ ជាពិសេស
ធនធានរ៉ែរាវ ដូចជាប្រេងនិងឧស្ម័ន ដែលស្ថិតនៅខេត្តជាប់ឆ្នេរសមុទ្រ និង បឹង
ទន្លេសាប និងធនធានរ៉ែរឹង ជាពិសេសរ៉ែលោហៈដែលរួមមាន មាស ប្រាក់ ត្បូង
ថ្ម ទង់ដែង បុកស៊ីត នីកែល និងរ៉ែដែក ជាដើម។

រ៉ែប្រភេទនេះភាគច្រើនស្ថិតនៅភាគឦសានប្រទេសដូចជា ខេត្តក្រចេះ មណ្ឌល
គីរី រតនៈគីរី និងខេត្តភាគខាងពាយ័ព្យ ដូចជា ខេត្តឧត្តរមានជ័យ និង ខេត្តព្រះ
វិហារជាដើម។ ក៏ប៉ុន្តែការធ្វើអាជីវកម្មរ៉ែលោហៈនាពេលកន្លងមក គឺជាលក្ខណៈ
សិប្បកម្មតូចតាចប៉ុណ្ណោះ ត្បិតសង្គ្រាមដ៏អូសបន្លាយបានរំាងខ្ទប់ការវិនិយោគ
ជាលក្ខណៈមធ្យម និងលក្ខណៈឧស្សាហកម្ម។

ក៏ប៉ុន្តែចាប់តំាងពីឆ្នាំ២០០៦មក គម្រោងវិនិយោគធ្វើអាជីវកម្មរ៉ែធំៗបានរីកដុះ
ដាល។ជាពិសេសនៅឆ្នាំ២០០៩ គម្រោងប្រាក់វិនិយោគលើវិស័យនេះមានចំនួន
រហូតដល់១១លានដុល្លារ ដែលកើនលើសឆ្នាំ២០០៨ជាង៧លានដុល្លារ។

ក្រៅពីផលប៉ះពាល់លើបរិស្ថាន អ្នកជំនាញនិយាយថា ប្រសិទ្ធិភាពក្នុងការគ្រប់
គ្រងចំណូលដែលប្រមូលបានពីធនធាននេះក៏ស្ថិតក្នុងក្តីកង្វល់ផងដែរ។

លោកឈឹត សំអាត នាយកប្រតិបត្តិអង្គការNGO Forumលើកឡើងថា បច្ចុប្បន្ន
នេះស្ថាប័នសង្គមស៊ីវិលបានទទួលព័ត៌មានតិចតួចប៉ុណ្ណោះពីសកម្មភាពរុករករ៉ែ
ដែលធ្វើឲ្យការចូលរួមត្រួតពិនិត្យរាល់ចំណូលដែលទទួលបានពីការវិនិយោគធន
ធានរ៉ែមានប្រសិទ្ធិភាពនោះនៅមានកម្រិត។ ហើយប្រសិនបើចំណូលពីធនធាន
មិនត្រូវបានធានាថា ប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពទេនោះ វានឹងផ្តល់ផលអវិជ្ជ
មានដល់ការអភិវឌ្ឍប្រទេស។

«ប្រសិនជាប្រើប្រាស់ធនធានខុសគោលដៅគឺបានន័យថា ចំណូលនឹងបម្រើឲ្យ
តែមនុស្សមួយក្រុមតូច ដែលជាអ្នកមានអំណាច អ្នកមានប្រាក់ហ្នឹងទេ។ ផ្ទុយ
ទៅវិញ វាធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គម អ្នកក្រកាន់តែក្រទៅដែលធ្វើឲ្យ
សង្គមយើងមិនមានភាពរីកចម្រើនទេ»។

លោកឈឹត សំអាត បានបន្ថែមថា ស្ថាប័នសង្គមស៊ីវិលទទួចឲ្យរដ្ឋាភិបាលមាន
ការពិភាក្សាយុទ្ធសាស្ត្រហ្នឹង ឲ្យបានច្បាស់លាស់អំពីការប្រើប្រាស់ចំណូល ធ្វើ
ម៉េចឲ្យមាននិរន្តរភាព និងប្រសិទ្ធិភាព។

គួរកត់សម្គាល់ថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចរបស់ប្រទេស
កម្ពុជាពឹងផ្អែកទំាងស្រុងលើចំណូលបានពីពន្ធដា ទេសចរណ៍ កសិកម្ម ឧស្សា
ហកម្ម និងជំនួយពីម្ចាស់ជំនួយបរទេស។ រដ្ឋាភិបាលកម្ពុជារំពឹងថា ធនធានរ៉ែ
នឹងក្លាយជាប្រភពចំណូលសំខាន់មួយទៀត សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
វិស័យអប់រំ និងសុខាភិបាល។

ដូច្នេះដើម្បីធានាប្រសិទ្ធិភាពចំណូលធនធានរ៉ែ កាលពីឆ្នាំ២០០១ រដ្ឋាភិបាល
កម្ពុជាបានបង្កើតច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មរ៉ែ។ មាត្រាទី១៩ និងទី
២៩នៃច្បាប់នេះបានចែងថា ស្ថាប័នពាក់ព័ន្ធត្រូវរក្សាការសម្ងាត់លើឯកសារ និង
ព័ត៌មានទំាងឡាយ រួមមានរបាយការណ៍ ផែនការ និងលិខិតជូនដំណឹងផ្សេងៗ
រហូតអាជ្ញាបណ្ណរបស់ក្រុមហ៊ុនផុតកំណត់ លើកលែងតែព័ត៌មានដែលទាក់ទង
នឹងបរិស្ថាន និងសង្គមប៉ុណ្ណោះដែលអាចផ្សព្វផ្សាយជាសាធារណៈ។

ក្រុមមន្ត្រីជំនាញទំាងអស់ខាងលើបានចាត់ទុកថា ការចែងក្នុងច្បាប់នេះនៅទន់
ខ្សោយ និងការពារផលប្រយោជន៍របស់ក្រុមហ៊ុនឯកជន។

នៅឆ្នាំ២០០៩ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការដឹកនាំការងារកែ
ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីរៀបចំផែការសកម្មភាពទាក់ទង
នឹងការគ្រប់គ្រងចំណូលពីប្រេង ឧស្ម័ន និងធនធានរ៉ែដទៃទៀត។ ក៏ប៉ុន្តែ មន្ត្រី
ជំនាញដដែលនិយាយថា ការចែកចាយព័ត៌មាននិងធនធានមនុស្សរបស់គណៈ
កម្មាធិការនេះនៅមានកម្រិតនៅឡើយ។

លោកផាន់ ផល្លា អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលស្ថិត
ក្នុងក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំផែនការសកម្មភាពការងារ
ដែលពាក់ព័ន្ធនឹងការងារគៀងគរនិងគ្រប់គ្រងចំណូលពីប្រេង ឧស្ម័ននិងធនធាន
រ៉ែដទៃទៀត មានប្រសាសន៍ទទួលស្គាល់ថា បញ្ហាធនធានមនុស្សពិតជាក្តីកង្វល់
មួយ។ ប៉ុន្តែលោក អះអាងថា បច្ចុប្បន្ននេះគណៈកម្មាធិការរបស់លោកកំពុងខំ
ប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស ធ្វើឲ្យមានតម្លាភាព ចែកចាយព័ត៌មាន និងការ
គ្រប់គ្រងចំណូលឲ្យមានប្រសិទ្ធិភាព។

«អ្វីៗដែលយើងបានទទួល យើងបានដាក់ចេញក្នុងWebsite ជាហូរហែរ។ យើង
អត់មានអ្វីលាក់ទេ។ ហើយដើម្បីគ្រប់គ្រងចំណូលពីធនធានធម្មជាតិ យើងប្រឹង
ប្រែងរាល់ថ្ងៃ ហើយក៏បានបែងចែកផែនការសកម្មភាពឲ្យសង្គមស៊ីវិលគេបាន
មើលដែរ។ គោលដៅរបស់យើងគឺដើម្បីឲ្យវាមានតម្លាភាព»។

ជាមួយគ្នានោះ លោកសុខ ឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បាន
លើកឡើងក្នុងបទបង្ហាញស្តីពីការគ្រប់គ្រងធនធានរ៉ែកាលពីដើមខែមិនានេះថា
នៅឆ្នាំ២០១០នេះ អគ្គនាយកដ្ឋានរបស់លោកបានដាក់ចេញនូវទិសដៅរៀបចំ
បទបញ្ញត្តិនិងលិខិតបទដ្ឋានបន្ថែមទៀតដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រង
វិស័យធនធានរ៉ែ និងពង្រឹងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងស្វែងរក និង
ធ្វើអាជីវកម្មរ៉ែជាដើម។

កញ្ញា លីម សុខលីន អ្នកសម្របសម្រួលប្រចំាតំបន់នៃគម្រោងឧស្សាហកម្ម
និស្សារណកម្មនៃអង្គការអុកហ្សាមអាមេរិកដែលបានចំណាយថវិកាអស់៧លាន
ដុល្លារក្នុងមួយឆ្នាំសម្រាប់ការជួយពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និងច្បាប់បទ
ដ្ឋានពាក់ព័ន្ធ បាននិយាយថា អ្វីដែលជាការចំាបាច់មួយផ្សេងទៀតដែលត្រូវ
ពង្រឹងចាប់ពីពេលនេះទៅ គឺការបង្កើនកិច្ចសហការគ្នារវាងស្ថាប័នរដ្ឋាភិបាល
សង្គមស៊ីវិលនិងវិស័យឯកជនដើម្បីបញ្ចៀសផលប៉ះពាល់លើបរិស្ថានសង្គមនិង
គ្រប់គ្រងចំណូលធនធានឲ្យមានតម្លាភាពដើម្បីធានាដល់ការអភិវឌ្ឍប្រទេស
ត្បិតវិស័យរ៉ែជាវិស័យមួយដែលគ្មាននិរន្តរភាពនោះទេ។

យ៉ាងណាក៏ដោយ លោកគឹម សង្ហា ប្រធានគម្រោងគោលនយោបាយគ្រប់គ្រង
ធនធានធម្មជាតិនៃកម្មវិធីអភិរក្សនៅកម្ពុជា WWF ដែលកំពុងផ្តល់ជំនួយបច្ចេក
ទេសដល់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងបទបញ្ញត្តិ ដែលមានស្រាប់នេះ បាន
មានជំនឿថា កម្ពុជាអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់គ្រប់គ្រងការធ្វើ
អាជីវកម្មរ៉ែឲ្យមានតម្លាភាព និង ប្រសិទ្ធិភាព មុនពេលដំណើរការអាជីវកម្មចាប់
ផ្តើមនៅពេល៥ឆ្នាំខាងមុខ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG