ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សមួយគ្រួសារត្រូវឃាត់ខ្លួន ពីបទបង្ករបួសអ្នកកាសែត


ដើម្បីស្តាប់ព័ត៌មាននេះ

លោកឱ បូរិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់
នៅថ្ងៃអង្គារនេះថា ក្រុមគ្រួសារមួយក្រុមដែលរួមទាំងឪពុកម្តាយ និង កូនប្រុស
ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពីបានវាយដំអ្នកយកព័ត៌មានមួយរូបដែលបម្រើ
ការងារឲ្យកាសែតរស្មីកម្ពុជា។

លោកឱ បូរិន មានប្រសាសន៍ថា «ព្រោះថា បណ្តឹងជាក់ស្តែងរបស់អ្នកកាសែត
បញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បង្ករបួសស្នាមដល់រូបគេ ហើយជាជាក់ស្តែង
យើងចុះទៅ វាមានករណីពិតប្រាកដ»។

លោកបានមានប្រសាសន៍ថា លោករិន បូរ៉ា អាយុ៤៨ឆ្នាំ និងភរិយារបស់លោក
គឺលោកស្រីលីន ឡាង អាយុ៤៨ឆ្នាំ ព្រមទាំងកូនប្រុសឈ្មោះញ៉ឹង ហ៊ី អាយុ១៦
ឆ្នាំ បានឃាត់ខ្លួនភា្លមៗកាលពីថ្ងៃច័ន្ទ ក្រោយពីពួកគេបានចោមរោមវាយដំលើ
លោកវង ធូ អ្នកយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ។

លោកបានមានប្រសាសន៍ថា ជនសង្ស័យទាំង៣រូបត្រូវបានចោទប្រកាន់ពីបទ
បង្ករបួសស្នាម ហើយប្រសិនណា បើតុលាការរកឃើញថា មានទោសកំហុស
នោះ ពួកគេអាចជាប់ពន្ធនាគាររយៈពេល៦ខែដល់៥ឆ្នាំតាមមាត្រាទី៤១នៃច្បាប់
ព្រហ្មទណ្ឌអន្តរកាល។

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ លោកវង ធូ អាយុ៣៧ឆ្នាំ អ្នកយកព័ត៌មានកាសែត
រស្មីកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបានមនុស្សមួយក្រុមមានគ្នាប្រមាណ
១០នាក់ ចោមរោមវាយដំរហូតដល់មានរបួសត្រង់ក្បាល នៅពេលដែលលោក
បំពេញភារកិច្ចក្នុងការចូលយកព័ត៌មាននៅកន្លែងលេងល្បែងស៊ីសងមួយនៅភូមិ
ក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវង ធូបានថ្លែងប្រាប់VOA សម្លេងសហរដ្ឋអាមេរិកថា លោកបានប្តឹងក្រុម
គ្រួសារ ដែលរួមទាំងឪពុកមា្តយ និងកូន ពីបទបង្ករបួសស្នាមនិងប៉ុនប៉ងមនុស្ស
ឃាដដោយចេតនា ក្រោយពីពួកគេបានប្រព្រឹត្តអំពើហិង្សាលើរូបលោកនោះ។

«ប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលនេះគឺការរំលោភសិទ្ធិរបស់ខ្ញុំ។ សុទ្ធតែ
ព័ត៌មាន។ គាត់មិនខ្លាចទេ ព្រោះរឿងនេះ គាត់បានបង់លុយឲ្យសមត្ថកិច្ចអស់
ហើយ។ គាត់មិនខ្លាចទេ»។

លោកប៉ែន សាមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជានិងជានិពន្ធនាយកកាសែតរស្មី
កម្ពុជា បានបញ្ជាក់ថា ការប្រព្រឹត្តអំពើហិង្សាទៅលើអ្នកកាសែតគឺជាការរំលោភ
ច្បាប់ ។

លោកបានមានប្រសាសន៍ទៀតថា តុលាការធ្វើយ៉ាងណា ចាត់ការជនដៃដល់
ឲ្យត្រឹមត្រូវទៅតាមច្បាប់ ។

«តាមពិតទៅ រឿងនេះ វាជារឿងមួយដែលរំលោភធ្ងន់ធ្ងរ។ ប៉ុន្តែតាមធម្មតា គឺ
យើងយល់ ព្រោះថា នៅកន្លែងដែលមានក្រុមល្បែងស៊ីសងបែបហ្នឹងគឺពួកហ្នឹង
គឺជាពួកអត់ច្បាប់ទៅហើយ»។

ក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗមួយ នៅថ្ងៃអង្គារ
នេះ ដោយចាត់ទុកការវាយដំទៅលើអ្នកកាសែត ដែលកំពុងបំពេញភារកិច្ចគឺជា
ការរំលោភយ៉ាងធ្ងន់ធ្ងរដល់សេរីភាពអ្នកសារព័ត៌មាន ដែលត្រូវបានធានាដោយ
រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ។

យោងទៅតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្សADHOCស្តីអំពីស្ថានភាព
សិទ្ធិមនុស្សបានឲ្យដឹងថា នៅក្នុងឆ្នាំ២០០៩ យ៉ាងហោចណាស់ក៏មានអ្នកសារ
ព័ត៌មានចំនួន២៥ករណី ត្រូវបានរដ្ឋាភិបាលប្តឹងពីបទបរិហាកេរ្តិ៍ និង ផ្សព្វផ្សាយ
ព័ត៌មានមិនពិត និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG