ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតសន្តិសុខគុកទួលស្លែងសារភាព  ថា បានសម្លាប់មនុស្ស


ដើម្បីស្តាប់ព័ត៌មាននេះ

អតីតប្រធានក្រុមសន្ដិសុខនៅមន្ទីរ ស២១ឬគុកទួលស្លែង បានសារភាពនៅថ្ងៃ
ពុធនេះថា គាត់បានសម្លាប់អ្នកទោសចំនួន៥នាក់ ក៏ប៉ុន្ដែការសម្លាប់នោះស្ថិត
នៅក្រោមសម្ពាធនៃការដឹកនាំរបស់ពួកខ្មែរក្រហម។

លោកហ៊ឹម ហ៊ុយ អតីតប្រធានក្រុមសន្ដិសុខមួយក្រុមនៅគុកទួលស្លែងបានសារ
ភាពយ៉ាងដូច្នេះ ក្រោយពីគាត់បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងទៅក្រុង
ភ្នំពេញនៅចំពោះមុខប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀងនិង
ខេត្តកណ្ដាល ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីឲ្យប្រជា
ជនទាំងនេះ ស្វែងយល់អំពីដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។

លោកហ៊ឹម ហ៊ុយ បច្ចុប្បន្នអាយុ៥៤ឆ្នាំ បាននិយាយថា គាត់ត្រូវបានឌុច អតីត
ប្រធានគុកទួលស្លែង បានបញ្ជាដោយប្រយោលឲ្យគាត់សម្លាប់អ្នកទោសនៅឆ្នាំ
១៩៧៧នៅពេលដែលគាត់បានដឹកអ្នកទោសទៅដល់បឹងជើងឯកដែលជាកន្លែង
ពិឃាតអ្នកទោសនៅគុកទួលស្លែង។

«គេឲ្យវ៉ៃ ។ គេថា 'មិត្តឯងដាច់ខាតឬ មិនដាច់ខាត?' អញ្ចឹងខ្ញុំថា 'ដាច់ខាត' ពី
ព្រោះនៅកន្លែងហ្នឹងគេថាម៉េច យើងត្រូវធ្វើតាមគេអញ្ចឹង។ ខ្ញុំយកដែកពីគេមក
ហើយខ្ញុំវ៉ៃ។វ៉ៃហើយខ្ញុំទុកដែកឲ្យគេ។ខ្ញុំដើរចេញមកវិញ។ ម៉ាំងទៅសន្លប់ ហើយ
បានអ្នកនៅកន្លែងនោះ ពួកក្រុមអ្នកសម្លាប់ហ្នឹង គេយកកាំបិតមកអារក ដោះ
ខោអាវ ដោះខ្នោះ បានគេបោះចូលទៅក្នុងរណ្ដៅ។ចំនួន៥នាក់ដែលខ្ញុំសម្លាប់»។

នេះគឺជាការសារភាពដ៏កម្រមួយរបស់អតីតកម្មាភិបាលខ្មែរក្រហម ស្របពេល
ដែលមេដឹកនាំកំពូលៗខ្មែរក្រហមដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ននៅក្នុង
សាលាក្ដីខ្មែរក្រហមបានព្យាយាមគេចវេសពីការទទួលខុសត្រូវចំពោះការធ្វើឲ្យ
បាត់បង់ជីវិតប្រជាជនកម្ពុជាអស់ជិត២លាននាក់។

ហ៊ឹម ហ៊ុយជាអតីតកងទ័ពខ្មែរក្រហមមួយរូប ហើយគាត់បានត្រូវពួកខ្មែរក្រហម
បញ្ជូនឲ្យមកធ្វើជាប្រធានក្រុមកងសន្តិសុខមួយក្រុមនៅគុកទួលស្លែងនៅដើមឆ្នាំ
១៩៧៧។គាត់និយាយថា ការសម្លាប់អ្នកទោសនេះមិនមែនជាកំហុសរបស់គាត់
ទេ ហើយវាមិនបានធ្វើឲ្យគាត់ភ័យខ្លាចក្នុងការប្រឈមនឹងការតាមចាប់ខ្លួនយក
ទៅកាត់ទោសនោះទេ។

«ខ្ញុំអត់ភ័យទេ នៅលើតុលាការ។ គឺពួកខ្ញុំមិនមែនអ្នកខុសទេ។ ខ្ញុំសូមជម្រាបថា
គេបញ្ជាយើងអញ្ចឹង។ យើងមិនធ្វើគឺយើងត្រូវស្លាប់ដែរ»។

លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការសារ
ភាពរបស់លោកហ៊ឹម ហ៊ុយគឺជាសេចក្ដីប្រាថ្នាមួយចង់បានសេរីភាព។

«ការសារភាពរបស់គាត់បង្ហាញថា គាត់ចង់បានសេរីភាព ចង់ចៀសផុតពីការ
ទទួលកំហុស ដែលគាត់គិតថា អ្នកដទៃទៀតក៏បានធ្វើដូចគាត់ដែរ ។ ខ្ញុំគិតថា
តុលាការនេះជំរុញឲ្យគាត់មានសង្ឃឹមថា កំហុសធ្ងន់មិនមែនគាត់ទេគឺមេដឹកនាំ
ជាន់ខ្ពស់»។

នៅក្នុងគុកទួលស្លែងមានកងសន្ដិសុខប្រមាណជាង២០០នាក់ ហើយពួកគេត្រូវ
បែងចែកជាក្រុម មានជាអាទិ៍ ក្រុមចុះចាប់អ្នកទោស ក្រុមសួរចម្លើយ និង ធ្វើ
ទារុណកម្មអ្នកទោស និងក្រុមសម្លាប់អ្នកទោសជាដើម។

លោករាជ សម្បត្តិ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរ
ក្រហមមានប្រសាសន៍ដោយយោងទៅករណីសារភាពរបស់លោកហ៊ឹម ហ៊ុយថា
ច្បាប់របស់សាលាក្ដីខ្មែរក្រហមមិនគ្របដណ្ដាប់ទៅលើការកាត់ទោសអ្នកទទួល
ខុសត្រូវខ្មែរក្រហមតូចតាចនោះទេ។

«នៅក្នុងច្បាប់យើងគឺកាត់២ក្រុមគឺមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវជាន់
ខ្ពស់បំផុត។ ជនទាំងឡាយណាមិនស្ថិតនៅក្រោមអាជ្ញាយុកាលនេះ តុលាការ
មិនសម្រេចជំនុំជម្រះទេ»។

បច្ចុប្បន្នសាលាក្ដីខ្មែរក្រហមបានធ្វើការចាប់ខ្លួន និង ចោទប្រកាន់ជនសង្ស័យ
ចំនួន៥នាក់ ក្នុងនោះមានកាំង ហ្គិចអ៊ាវ ហៅឌុច ដែលជាអតីតប្រធានគុកទួល
ស្លែងដែលហ៊ឹម ហ៊ុយធ្លាប់ជាកងសន្ដិសុខនៅទីនោះនិងអតីតមេដឹកនាំជាន់ខ្ពស់
បំផុតរបស់ខ្មែរក្រហមចំនួន៤នាក់ទៀតគឺនួន ជា ខៀវ សំផន អៀង សារី និង
ប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ។

យោងតាមឯកសាររបស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា ជនដែលតុលាការ
សម្លឹងរកចាប់ខ្លួន និង យកមកកាត់ទោសនោះ មានត្រឹមតែ១០នាក់តែប៉ុណ្ណោះ
ហើយការកាត់ទោសត្រូវបានគ្រោងរហូតទៅដល់ឆ្នាំ២០១៥៕

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG