ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់តំបន់
ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារនៅថ្ងៃសៅរ៏នេះ ដើម្បីបង្ហាញការគាំទ្រ
ចំពោះកងទ័ព ដែលបានបោះទីតាំងបន្ទាយនៅទីនោះ និងគូសបញ្ជាក់អំពី
របៀបវារៈនយោបាយ និង សន្តិសុខ ក្នុងការប្រឈមមុខនឹងការឈ្លានពាន
របស់ប្រទេសថៃ។
ប្រទេសកម្ពុជានិងប្រទេសថៃបានអះអាងថា វត្តកែវសិក្ខាគីរីស្វារៈ និងដីទំហំ
៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារ ដែលកងទ័ពនៃប្រទេសទាំង២
បានប្រមូលផ្តុំតាំងពីខែកក្កដា ឆ្នាំ២០០៨ ជាកម្មសិទ្ធិរបស់ខ្លួនរៀងៗខ្លួន។
ការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធានៅតាមបណ្តោយព្រំដែនបានវ៉ាយ
ប្រយុទ្ធគ្នាជាច្រើនលើកក្នុងរយៈពេល១៩ខែកន្លងមកនេះដែលបានសម្លាប់កង
ទ័ពយ៉ាងតិចចំនួន៧នាក់។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់
VOAថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងទៅសួរសុខទុក្ខកងពលធំលេខ៣
របស់លោកឧត្តមសេនីយ៍ទោ ស្រី ឌឹកប្រចាំនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទ
ព្រះវិហារនៅថ្ងៃទីមួយ និងបន្ទាប់មកកងទ័ព ប៉ូលិស និង ប្រជាពលរដ្ឋនៅតាម
បណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងយោធភូមិភាគទី៤។
«ការចុះសួរសុខទុក្ខរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
ចំពោះកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនេះ ជាកាយវិការលើកទឹកចិត្ត
មួយដ៏ខ្ពង់ខ្ពស់ ហើយជាមហាកិត្តិយសមួយធំណាស់ចំពោះកងយោធពលខេមរ
ភូមិន្ទ កងកម្លាំងប៉ូលិសការពារព្រំដែននិងរដ្ឋទាំងអស់នៅតាមបណ្តោយព្រំដែន
ដែលធ្វើឱ្យកងយោធពលខេមរភូមិន្ទមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឹងប្រែងការ
ពារមាតុភូមិ បូរណៈភាពទឹកដីនិងខ្សែបន្ទាត់ព្រំដែនឱ្យបានសន្តិសុខ ល្អ ប្រឆាំង
នឹងការឈ្លានពានរបស់បរទេស»។
លោកនាយករដ្ឋមន្ត្រីគ្រោងធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ជាលើកទី១ ទៅកាន់
តំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ ចាប់តាំងពីប្រទេសថៃបានឈ្លាន-
ពានកម្ពុជានៅក្នុងខែកក្កដាឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះ
នៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការ Unesco។
ក្រុមមន្ត្រីកម្ពុជាបាននិយាយថា គោលដៅដ៏សំខាន់សម្រាប់ទស្សនកិច្ចរបស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសម្ពោធភូមិធម្មជាតិ បន្ទាយកងយោធពល
ខេមរភូមិន្ទថ្មីនិងការលើកកម្ពស់សីលធម៌របស់កងទ័ពកម្ពុជានៅតាមបណ្តោយ
ព្រំដែន។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា វត្តមានរបស់លោកនាយករដ្ឋ
មន្ត្រីហ៊ុន សែននៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារនេះគឺជាការលើក
ទឹកចិត្ត ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន។
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃ បានធ្លាក់ចុះដល់កម្រិត
ធ្ងន់ធ្ងរបំផុត បន្ទាប់ពីការតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ ឱ្យធ្វើជាទីប្រឹក្សា
សេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងធ្វើឡើងខណៈ
ដែលប្រទេសថៃ ប្រឈមមុខនឹងអស្ថេរភាពនយោបាយកាន់តែខ្លាំងឡើងដោយ
ក្រុមចលនាអាវក្រហមគាំទ្រលោកអតីតនាយករដ្ឋមន្ត្រីថៃThaksin Shinawa-
tra បានប្រមូលផ្តុំគ្នានៅមុខបន្ទាយកងទ័ពសំខាន់ៗនៅទូទាំងប្រទេសថៃកាល
ពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញពីជំហររបស់ពួកគេប្រឆាំងនឹងរដ្ឋប្រហារ ដែលពួក
គេនិយាយថា នឹងកើតឡើងនូវគំនិតប្រែក្លាយចលនាអាវក្រហមទៅកងទ័ពប្រ-
ជាជន និងដីការបស់តុលាការកំពូលអំពីការរឹបអូសប្រាក់ចំនួន៧៦កោដិបាត
របស់លោកអតីតនាយករដ្ឋមន្ត្រីថៃThaksin នៅថ្ងៃទី២៦ ខែកុម្ភៈនេះ។
កាសែតThe Nationបានរាយការណ៍ថា កងទ័ពកម្ពុជានិងថៃបានជួបប្រជុំនៅ
ថ្ងៃសុក្រនេះ ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
តាមបណ្តោយព្រំដែន ហើយរដ្ឋាភិបាលទីក្រុងបាងកកបានចាត់តាំងលោកឧត្តម
សេនីយ៍ Weewalit Chornsamrit មេបញ្ជាការយោធភូមិភាគទី២របស់ប្រទេស
ថៃឱ្យមកទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកឧត្តមសេនីយ៍ឈុំ សុជាតិបានថ្លែងថា លោកមិនទាន់បានទទួលដំណឹង
នេះនៅឡើយទេ ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរជួបពិភាក្សាគ្នាជាធម្មតា។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា. ។