ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិប្បកម្មកាត់ដេរលួចលាក់ គេចពន្ធនិងច្បាប់ការងារ


ក្រុមអ្នកគាំទ្រសិទ្ធិរបស់កម្មករក្នុងប្រទេសកម្ពុជានិយាយថា រោងចក្រកាត់ដេរ
មួយចំនួនបានបង្កើតសាខាតូចៗរបស់ខ្លួននៅតាមគេហដ្ឋានដើម្បីគេចវេសពី
ការគ្រប់គ្រងរបស់ច្បាប់ និងស្តង់ដារពលកម្មអន្តរជាតិ រីឯក្រុមមន្រ្តីរដ្ឋាភិបាល
វិញនិយាយថា គេកំពុងស្នើឲ្យមានកិច្ចសហការជាមួយក្រុមសហជីពកម្មករ
ដើម្បីធ្វើកែរលម្អបញ្ហានេះ។

នាពេលព្រឹកព្រហៀម ក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល
កញ្ញាតុល សុឃីមបានចាកចេញពីផ្ទះរបស់នាង ហើយបានធាក់កង់ដ៏ចាស់
របស់នាងយឺតៗដោយទឹកមុខស្រស់ស្រាយឆ្ពោះទៅកាន់សិប្បកម្មដេរសម្លៀក
បំពាក់មួយចម្ងាយពីរគីឡូមែត្រពីផ្ទះរបស់នាង។

កម្មការិនីវ័យ២០ឆ្នាំរូបនេះទើបតែបានឈប់បម្រើការក្នុងរោងចក្រកាត់ដេរដ៏ធំ
មួយឈ្មោះ Good Fame ដែលស្ថិតនៅឆ្ងាយបន្តិចពីផ្ទះរបស់នាង ហើយនាង
បានបែរមកធ្វើការក្នុងសិប្បកម្មកាត់ដេរដ៏តូចនេះវិញ។

កញ្ញាតុល សុឃីមនិយាយថា ការដែលនាងសម្រេចចិត្តឈប់ធ្វើការនៅក្នុងរោង
ចក្រធំ ហើយបែរមកធ្វើការនៅក្នុងអាជីវកម្មដេរសម្លៀកបំពាក់ខ្នាតតូចវិញនេះ
គឺដោយសារនាងមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងការជិះរថយន្តឈ្នួលទៅធ្វើ
ការ ដោយសារតែនាងចង់គេចវេសពីការប្រឈមចំពោះអសន្តិសុខនៅតាមផ្លូវ
ក្នុងពេលនាងវិលត្រឡប់មកផ្ទះនៅពេលយប់ និងដើម្បីគេចវេសពីការបង្ខិត
បង្ខំឱ្យធ្វើការថែមម៉ោងជាដើម។

«ខ្ញុំនៅឯណោះផ្លូវឆ្ងាយ ចំណាយច្រើនខ្ញុំផ្លាស់មកទីនេះវិញ។ វាជិតផ្ទះ។ ពីមុន
ខ្ញុំចំណាយអស់២៥០០០រៀល ហើយនៅមិនទាន់គិតពីលុយសម្រាប់ចាយវាយ
ផង។ សរុបទៅអស់៣០ឬ៤០ដុល្លារទៅវិញហើយហ្នឹង ចា៎។ ធ្វើការចញ្ចឹមខ្លួន
ឯងអត់រស់ផង»។

កម្មការិនីម្នាក់ទៀតឈ្មោះ ម៉ៅ ម៉ារៀ ដែលកំពុងធ្វើការនៅក្នុងស្រុកស្អាងដែរ
នោះបាននិយាយថា នាងចូលចិត្តធ្វើការនៅតាមសិប្បកម្មកាត់ដេរ ពីព្រោះវា
នៅកៀកផ្ទះរបស់នាង ដែលធ្វើឱ្យនាងអាចសន្សំសំចៃលុយបានច្រើន ហើយ
អាចកាត់បន្ថយការចំណាយលើការទទួលទានខាងក្រៅ។

«វាមានលក្ខណៈងាយស្រួល ព្រោះវានៅក្បែផ្ទះ ការធ្វើដំណើរមានលក្ខណៈល្អ
ទៀត ។ ប៉ា ម៉ាក់អាចមកយកបាន ឬ មួយខ្ញុំអាចដើរទៅធ្វើការដោយខ្លួនឯងក៏
បានដែរ ព្រោះវានៅជិតផ្ទះ ហើយចំពោះប្រាក់ខែ ក៏នៅសល់សម្រាប់ខ្ញុំ ហើយ
បើថា បរិយាកាសនៅក្នុងរោងចក្រនោះធម្មតាទេ។ ចំពោះពេលក្តៅ ខែប្រាំងអី
ហ្នឹងវាក្តៅសម្រាប់កម្មករ មានកង្ហា។វាឆ្ងាយពេក អត់ស្រូបអំបោះ។វាហុយ»។
លោកមឿន តុលាប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់
សហគមន៍និយាយថា អាជីវកម្មកាត់ដេរខ្នាតតូចដែលដេរសំលៀកបំពាក់ឲ្យ
រោងចក្រធំមានប្រមាណពី៣០ទៅ៤៥ភាគរយក្នុងចំណោមរោងចក្រដែលចុះ
បញ្ជីរួចជាង៥០០រយ ។ មន្រ្ដីអង្គការការពារសិទ្ធិរបស់កម្មករនេះ និយាយថា
អាជីវកមុ្មកាត់ដេរខ្នាតតូចទាំងនោះ ភាគច្រើនមាននៅក្នុងទីក្រុងភ្នំពេញ ខេត្ត
កណ្តាលឬនៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។

លោកមឿន តុលា មានប្រសាសន៍បន្ថែមថា សិប្បកម្មកាត់ដេរខ្នាតតូចៗអាច
ជួលកម្មករពី៣០០ទៅ៧០០នាក់ ដែលម្នាក់ៗអាចទទួលបា្រក់ឈ្នួលបានពី៦០
ទៅ ៧០ដុល្លារអាមេរិកក្នុងមួយខែ។

លោកតុលានិយាយថា គេមានការព្រួយបារម្ភចំពោះអាជីវកម្មកាត់ដេរខ្នាតតូច
ដែលមិនចុះបញ្ជីទាំងនោះអាចជាជម្រកសុខសាន្តក្នុងការកេងប្រវ័ញ្ចកម្លាំងកមុ្ម
ករ ការរំលោភសិទ្ធិកម្មករដែលត្រូវបានធានាដោយច្បាប់រដ្ឋនិងច្បាប់អន្តរជាតិ។

មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលដដែលបន្ដថា ក្រៅពីប្រទេសកម្ពុជា ប្រទេសក្រីក្រ
ផ្សេងៗទៀត ដូចជាប្រទេសឥណ្ឌូណេស៊ី បង់ហ្គ្លាដេសឬប្រទេសនេប៉ាល់ក៏មាន
បញ្ហាស្រដៀងគ្នាទៅនឹងប្រទេសកម្ពុជាដែរ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ
លោកមឿន តុលានិយាយថា ក្រុមសកម្មជនការពារផល ប្រយោជន៍កម្មករតែង
ខិតខំពុះពារដើម្បីទាមទារឲ្យអាជីវកម្មកាត់ដេរខ្នាតតូចទាំងអស់នោះចុះបញ្ជីនិង
គោរពច្បាប់ការងារឲ្យបានត្រឹមត្រូវ។

លោកមឿន តុលាមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋាភិបាល
គួរចុះធ្វើអធិការកិច្ចនិងធ្វើសវនកម្មលើស្តង់ដារពលកម្មរបស់សិប្បកម្មកាត់ដេរ
ខ្នាតតូចដែលដេរឲ្យរោងចក្រធំៗទាំងនោះដើម្បីឲ្យដឹងច្បាស់ថា តើការងារនៅ
ទីនោះមានការគោរពលក្ខខណ្ឌការងារគ្រប់គ្រាន់ ឬក៏កំពុងមានការរំលោភសិទ្ធិ
របស់កម្មករយ៉ាង ឬយ៉ាងណា។

«ការដែលធ្វើបែបហ្នឹង គោលបំណងគឺគេចផុតពីការទទួលខុសត្រូវមួយចំនួន
ដូចជាលក្ខខណ្ឌការងារ ដូចជានៅពេលដែលគាត់បិទទៅ ជាក់ស្តែង ដូចពេល
កន្លងមក នៅរោងចក្រមួយ PDC ដែលគាត់ទទួលដេរពីក្រុមហ៊ុនផ្សេងអញ្ចឹង
ពេលគាត់បិទទៅគឺពិបាករកអ្នកទទួលខុសត្រូវណាស់ ព្រោះអាហ្នឹងគឺគេយក
ប្រព័ន្ធការងារសំណង់យកមកធ្វើតទៅទៀត»។

លោកមានប្រសាសន៍បន្តទៀតថា ការអនុវត្តប្រព័ន្ធការងារម៉ៅការរបស់រោងចក្រ
កាត់ដេរដូច្នេះអាចធ្វើឲ្យខាតបង់ដល់ការរកចំណូលរបស់រដ្ឋ និងមិនអាចការពារ
បានដល់សិទ្ធិរបស់កម្មករទេ ប្រសិនបើសាខារោងចក្រកាត់ដេរទាំងនោះមិនបាន
ចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ឬក្រសួងការងារឲ្យបានត្រឹមត្រូវ។ ការខាតបង់
នោះគឺដោយសារដ្ឋាភិបាលមិនអាចគ្រប់គ្រប់លើការប្រមូលពន្ធជូនរដ្ឋ និងមិន
អាចគ្រប់គ្រងលើការធ្វើជំនួញរបស់ពួកគេបានថែមទៀត។

លោកមឿន តុលា ក៏មានការព្រួយបារម្ភផងដែរថា ប្រសិនបើរដ្ឋាភិបាលនៅតែ
បណ្តែតបណ្តោយឲ្យអាជីវកម្មម៉ៅការដេរបន្តទាំងនោះធ្វើការដោយគ្មានការចុះ
បញ្ជីតទៅទៀត នោះចំនួនរោងចក្រកាត់ដេរធំៗនឹងអាចធ្លាក់ចុះ ឬអាចបាត់
បង់ខណៈរោងចក្រធំៗចង់គេចវេសពីការគោរពច្បាប់ការងារ ឬធ្វើឲ្យមានកម្រិត
ការងារតាមស្ដង់ដារខ្ពស់នោះ។

ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ដដែលនេះ បានសង្កត់ធ្ងន់
ថា រោងចក្រធំៗអាចត្រូវប្ដូរទៅជាសហគ្រាស ដែលទទួលម៉ៅការកាត់ដេរវិញ
ពីព្រោះពួកគេត្រូវការផលចំណេញច្រើនជាងនេះ ដោយមិនចាំបាច់ប្រឈមនឹង
ច្បាប់ការងារឬក៏មិនចាំបាច់បង់ពន្ធចូលរដ្ឋ។ កត្ដាទាំងនេះអាចធ្វើឲ្យចំណូល
របស់ប្រទេសកម្ពុជាបាត់បង់ឬក៏ថយចុះ ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេស
កម្ពុជាមានការធ្លាក់ចុះ។

នេះគឺជាកន្លែងសិប្បកម្មកាត់ដេរម៉ៅការនៅក្នុងភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុក
ស្អាង ខេត្តកណ្ដាល។ ទីកន្លែងនោះប្រៀបដូចជាជង្រុកស្រូវ ដែលប្រក់ដោយ
សង្ក័សីទាំងជញ្ជាំង និងដំបូល។ មានតែកម្មករដែលធ្វើការនៅក្នុងសិប្បកម្មនេះ
ទេ ទើបត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ផ្នែកខាងក្នុងនៃសិប្បកម្ម ។ កន្លែង
អាជីវកម្មទាំងនេះពុំមានផ្លាកយីហោ ហើយគេពិបាកនឹងរកជួបថៅកែរបស់
សិប្បកម្មទាំងនោះណាស់។

VOA សម្លេងសហរដ្ឋអាមេរិកបានធ្វើព្យាយាមសម្ភាសន៍ម្ចាស់អាជីវកម្មកាត់ដេរ
ខ្នាតតូចចំនួន១១នាក់ ក្នុងខេត្តកណ្តាល ប៉ុន្តែមិនមាននរណាម្នាក់អាចផ្តល់បទ
សម្ភាសន៍បាននោះឡើយ។ អ្នកខ្លះពួននៅក្នុងរោងសិប្បកម្ម ហើយអ្នកខ្លះបាន
បដិសេធមិនព្រមធ្វើអត្ថាធិប្បាយទេ។ នៅក្នុងភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុក
ស្អាងខេត្តកណ្តាល ក្បែររោងសិប្បកម្មកាត់ដេរ VOAសម្លេងសហរដ្ឋអាមេរិក
បានជួបជាមួយនិងលោកប៉ាន សែនភឹម ដែលជាកម្មករក្នុងរោងសិប្បកម្មកាត់
ដេរនៅទីនោះហើយលោកបាននិយាយប្រាប់ដោយស្ងាត់ៗអំពីស្ថានភាពធ្វើការ
ដ៏ធ្ងន់ធ្ងរក្នុងរោងអាជីវកម្មកាត់ដេរដែលកម្មករជាច្រើនកំពុងប្រឈម។

«តាមពិត គេដាក់កង្ហាឱ្យដែរ ប៉ុន្តែកង្ហាហ្នឹង ជួនកាលទៅ វាក៏ក្តៅដែរ ព្រោះ
កាលណាយើងហ៊ានតែបើកជាប់រយៈពេល៨ម៉ោង វាក្តៅងំដូចតែគ្នាហ្នឹង ដោយ
យើងអត់មានប្រដាប់បាញ់ចំហាយទឹកឱ្យវាត្រជាក់ដល់ស័ង្គសី។ អញ្ចឹងហើយ
បានជាវាកៅ្តខ្លាំងនោះ។ ក្នុងរោងនោះជញ្ជាំង និង ដំបូលសុទ្ធតែធ្វើពីស័ង្គសី។
ហុយពេញហ្នឹង។ សូម្បីតែទឹកហ្នឹងក៏គ្មានទឹកស្អាតហូបថែមទៀត»។

លោកប៉ាន សែនភឹមបានឲ្យដឹងផងដែរថា ដោយសារប្រាក់ចំណូលរបស់កម្មករ
មានកម្រិតទាប ពួកគេពុំមានលទ្ធភាពគ្រាប់គ្រាន់ដើម្បីទិញចំណីអាហារសម្រាប់
បំប៉នសុខភាពទេ ។ លោកនិយាយថា កម្មករភាគច្រើនកាន់តែមានសុខភាព
ទ្រុឌទ្រោមទៅៗ ដោយសាររងការប៉ះពាល់ពីចំហាយក្តៅក្នុងរោងកាត់ដេរប្រក
ស័ង្គសី និងធូលីដែលហុយពីកម្ទេចកម្ទីក្រណាត់។

សិប្បកម្មកាត់ដេរនៅតាមផ្ទះ ដែលដេរសម្លៀកបំពាក់សម្រាប់រោងចក្រធំ ភាគ
ច្រើនឲ្យឈ្នួលកម្មករតាមរយៈតម្លៃឡូត៍ក្នុងមួយឡូត៍តម្លៃ១៥០០រៀលឬស្មើនឹង
៣៥សេនដុល្លារអាមេរិក។ក្រៅពីការផ្តល់ប្រាក់ឈ្នួលជាតម្លៃឡូត៍កម្មករមិនអាច
ទទួលបានប្រាក់ឧបត្ថម្ភអ្វីផ្សេងឡើយ តួយ៉ាងដូចជាប្រាក់លើកទឹកចិត្តអ្នកមក
ធ្វើការទៀងទាត់ ប្រាក់អតីតភាពការងារ ឬ ប្រាក់សម្រាប់លំហែមាតុភាពពេល
ស្រ្តីឆ្លងទន្លេនោះទេ។

កញ្ញាលីចាន់ថា ដែលជាកម្មការិនីក្នុងអាជីវកម្មដេរសម្លៀកបំពាក់នៅភូមិព្រែក
តូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល បានបង្ហាញពីភាពលំបាកក្នុង
ការទទួលប្រាក់ឈ្នួលមិនបានគ្រប់គ្រាន់។

«វាពិបាកគ្រប់យ៉ាងហ្នឹង។ ត្រង់បើកប្រាក់ឲ្យកម្មករមិនបានគ្រប់គា្រន់។បើស៊ីខែ
មិនប្រាប់ប្រាកដថាស៊ីខែទេ។ ពេលអត់អាវដេរអញ្ចឹងប្រាប់គ្នាថា ស៊ីខែ។ ពេល
មានអាវដេរ បា្រប់គ្នាថាស៊ីឡូត៍ តែឲ្យតម្លៃឡូត៍គ្នា ថោកពេក។ គេឱ្យតែបីកាក់
ប្រាំសេនទេ ហើយគ្នាសុំឡើងតែ២០០រៀលលុយខ្មែរក៏អត់ព្រមដែរ»។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា
ដូចជាក្រុមហ៊ុន Levi Strauss, Gape, Nike Air ឬ ក្រុមហ៊ុន Walt Disney
តែងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពស្តង់ពលកម្មអន្តរជាតិ ដូចជាការគោរព
ដល់សិទ្ធិរបស់កម្មករនិងគោរពច្បាប់ការងារជាដើម។ ក្រុមអ្នកបញ្ជាទិញទាំង
នេះនឹងដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរ
ប្រសិនបើកម្ពុជាមិនគោរពដល់កិច្ចសន្យាដែលខ្លួនបានព្រមព្រៀងថានឹងធ្វើតាម
នេះបើតាមប្រសាសន៍របស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិប-
តេយ្យកម្មករកាត់ដេរកម្ពុជាCCAWDUថ្លែងប្រាប់VOAសម្លេងសហរដ្ឋអាមេរិក។

លោកមានប្រសាសន៍ថា ថៅកែរោងចក្រអាចមិនដោះស្រាយការទាមទារនានា
របស់កម្មករក្នុងរោងចក្រធំៗ ក្នុងករណីមានមានការធ្វើបាតុកម្មឬកូដកម្មដោយ
សារនាយទុនទាំងនោះសំអាងលើសាខារោងចក្រកាត់ដេររបស់ខ្លួនដែលបង្កើត
នៅតាមផ្ទះ។

«យើងគាំទ្រឱ្យអ្នកឯងធ្វើសាខាតូចៗហ្នឹង ប៉ុន្តែត្រូវអនុវត្តទៅតាមស្តង់ដាការងារ
ដូចគ្នា។ ប៉ុន្តែយើងអត់ទាន់បានជោគជ័យដោយសារតែក្រុមហ៊ុនមួយចំនួន គេ
តែងតែគេចពីការទទួលខុសត្រូវដូចជាគេអាចកុហក់ទីផ្សារ»។

ប៉ុន្តែលោកអាត់ ធន់ស្វាគមន៍ ប្រសិនបើសាខាតូចៗទាំងនោះបានចុះបញ្ជីការ
ងារ ហើយអនុវត្តន៍តាមច្បាប់ការងារឲ្យបានត្រឹមត្រូវ។

អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជាលោក Ken Loo
បានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយVOA សម្លេងសហរដ្ឋអាមេរិកថា សមាគម
របស់លោកមិនបានយល់ស្របនិងមិនបានជំរុញឲ្យមានអាជីវកម្មកាត់ដេរតូចៗ
ទាំងឡាយដែលមិនបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ឬក្រសួងការងារ ហើយ
ដែលកំពុងរំលោភដល់សិទ្ធិរបស់កម្មករនោះឡើយ។

«វាអាចកើតឡើងដែរក្នុងស្ថានភាពបន្ទាន់ណាមួយ ដែលរោងចក្រធំប្រើប្រាស់
អាជីវកម្មកាត់ដេរខ្នាតតូចទាំងនោះ ដែលមិនទាន់បានទទួលការអនុញ្ញាតឬមិន
ប្រតិបត្តិតាមច្បាប់ការងារ។ ដូច្នេះក្នុងនាមជាសមាគមរោងចក្រកាត់ដេរ យើង
មិនគាំទ្រ យើងមិនលើកតម្កើង ហើយយើងក៏មិនលើកទឹកចិត្តការអនុវត្តបែប
នោះដែរ។ ហើយតាមពិតទៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលសេដ្ឋកិច្ចពិភពលោក
កំពុងជួបប្រទះនឹងវិបត្តិនោះ គេមិនចាំបាច់ប្រើបា្រស់អាជីវកម្មកាត់ដេរដែលដេរ
ខោអាវបន្តនោះទេ ពីព្រោះរោងចក្រធំមិនមានអ្នកបញ្ជាទិញឲ្យបានគ្រប់គ្រាន់
ផង»។

មន្រ្តីក្រសួងពាណិជ្ជកម្មដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា
ក្រសួងបានដឹងអំពីការបង្កើតសាខារោងចក្រតូចៗនោះដែរ តែក្រសួងនៅមិន
ទាន់ទទួលបានភស្តុតាងជាក់ស្តែង ហើយក៏មិនទាន់បានចុះធ្វើការស៊ើបអង្កត
និងស្រាវជា្រវនៅឡើយទេ ថាតើការកាត់សម្លៀកបំពាក់នោះធ្វើឡើងសម្រាប់
រោងចក្រនាំផលិតផលចេញ ឬជាអាជីវកម្មកាត់ដេរសម្រាប់លក់ផលិតផលក្នុង
ស្រុក។

មន្ត្រីរូបនេះក៏បានអំពាវនាវឲ្យមានការសហការបន្ថែមពីខាងអង្គការសង្គមស៊ីវិល
ឬសហជីពកម្មករដើម្បីជាទុនបន្ថែមឲ្យក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យ។

«បើវាមិនមែនជារោងចក្រនាំចេញ យើងអត់មានទៅប៉ះពាល់សិទ្ធិអាជីវកម្មគេ
ទេ។ដោយសារតែក្រសួងពាណិជ្ជកម្មអត់ទាន់ធ្វើការស្រាវជា្រវឲ្យបានគ្រប់គ្រាន់
អញ្ចឹងយើងកំពុងចាប់ផ្តើមធ្វើការលើរឿងហ្នឹងហើយ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី
បានដាក់បញ្ជា ហើយកំពុងតែចារក្រដាសរុញចុះរុញឡើងធ្វើការលើរឿងហ្នឹង
ហើយអាហ្នឹងជាមុខមាត់របស់យើង។អ្វីដែលយើងនិយាយ យើងត្រូវគោរពសម្តី
របស់យើង។ ហើយយើងគោរពការសន្យាដើម្បីធ្វើអារឿងហ្នឹង»។

អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ុំ មានបាន
មានប្រសាសន៍បា្រប់ VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា លោកបាន
ទទួលស្គាល់ថា ពិតជាមានអាជីវកម្មខ្នាតតូចទាំងនោះ ក៏ប៉ុន្ដែលោកអះអាងថា
អាជីវកម្មទាំងនោះសុទ្ធតែមានច្បាប់ត្រឹមត្រូវ។

«តាមដែលខ្ញុំដឹងសិប្បកម្មកាត់ដេរទាំងនោះវាមានមែន។ វាមាន នៅពេលរោង
ចក្រធំៗហ្នឹងមិនអាចដេរខោអាវឲ្យទាន់សម្រាប់អ្នកបញ្ជាទិញ ដូច្នេះហើយបាន
ជាគេបញ្ជូនទំនិញមកឲ្យសិប្បកម្មតូចៗជួយដេរបន្ត។ គេធ្វើតែក្នុងរយៈពេលខ្លី
នោះទេ ប៉ុន្តែកន្លែងខ្លះវាក៏មិនបានធ្វើការឲ្យចំស្តង់ដារនោះដែរ ព្រោះដោយសារ
ពួកគេធ្វើការក្នុងពេលចាំបាច់ជាបន្ទាន់តាមតម្រូវការរបស់រោងចក្រធំ»។

ការឱ្យមានស្តង់ដារការងារខ្ពស់មានសារៈសំខានយ៉ាងខ្លាំងសម្រាប់ធ្វើឲ្យជឿន
លឿនក្នុងការជឿជាក់លើវិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាដើម្បីទាក់ទាញ
អ្នកបញ្ជាទិញឲ្យបានកាន់តែច្រើនជាបន្ថែមទៀតនូវផលិតផលដែលកើតចេញ
ពីការគោរពសិទ្ធិកម្មករ គោរពច្បាប់ការងារ គោរពក្រមសីលធម៌ និង ការធ្វើឲ្យ
មានតម្លាភាពរវាងនិយោជិកនិងនិយោជក។ ដែលនេះជាវិធីតែមួយគត់សម្រាប់
កម្ពុជាដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រទេសដ៏ទៃ ខណៈដែលប្រទេសទាំង
នោះមានតម្លៃពលកម្មថោក ហើយកម្មករមានជំនាញជាងកម្មករកម្ពុជានិងមាន
ហេដ្ឋារចនាសម្ព័ន្ធប្រសើរជាងប្រទេសកម្ពុជា។

ខ្ញុំ តាំង សារ៉ាដា VOA ភ្នំពេញ៕

XS
SM
MD
LG