ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពក្រីក្រនាំឱ្យសាសនិកឥស្លាម គ្មានពេលប្រតិបត្តិសាសនា


ភាពក្រីក្រនិងស្ថានភាពរស់នៅដ៏លំបាករបស់អ្នកកាន់សាសនាឥស្លាម នៅក្នុង
ខេត្តព្រះសីហនុអាចនឹងជំរុញឱ្យពួកគេបោះបង់ចោលការប្រតិបត្តិតាមសាសនា
នេះទាំងស្រុងនៅពេលអនាគត។

ក្នុងផ្ទះជួលសង់ពីឈើនៅលើមាត់ទឹកប្របនឹងច្រាំងសមុទ្រក្នុងភូមិនេសាទអ៊ូវៀត
ណាម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ អ្នកស្រី សារីហ្វាស់ កំពុងទទួលទាន
អាហារពេលល្ងាចរបស់អ្នកស្រីដែលមានបាយនិងម្ហូបកូនត្រីអាំងតែមួយកូនចាន
ប៉ុណ្ណោះ។

ក្នុងបន្ទប់ទំហំប្រមាណ៣ម៉ែត្របួនជ្រុងដែលផ្ទុកស្ទើរពេញទៅដោយម៉ងដាច់រហែក
រយ៉េរយ៉ៃនេះ ស្រ្តីខ្មែរឥស្លាមវ័យ៣៩ឆ្នាំ អ្នកស្រី សារីហ្វាស់ ដែលប្រកបរបរជាអ្នក
ជួសឬដេរម៉ងនេសាទនេះមានប្រសាសន៍ថា ដោយសារស្ថានភាពរស់នៅក្រីក្រពេក
អ្នកស្រីពុំអាចប្រតិបត្តិសាសនារបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។

«ដូចថា យើងសំពះយាំងអញ្ចឹង ថ្ងៃណាយើងបានធ្វើក៏ធ្វើទៅ ថ្ងៃណាអត់ក៏អត់ទៅ
អញ្ចឹងពិបាកណាស់ ព្រោះយើងអត់ពេលណា។ យើងរវល់ពេក។ យើងអត់បាន
ធ្វើ។ មានពេលខ្លះយើងធ្វើអត់ បាន៥ដងដែរ តែកំណត់សាសនាត្រូវ៥ដង»។

ពាក់អាវយឺតដៃខ្លីពណ៌ក្រហមហើយគ្មានអ្វីគ្របសក់ក្បាលបន្តិចសោះនោះកញ្ញា
ម៉ៃ សារ៉ស អ្នកកាន់សាសនាឥស្លាមម្នាក់ទៀតដែលទើបនឹងវិលត្រឡប់ចូលផ្ទះ
វិញ បន្ទាប់ពីទៅស៊ីឈ្នួលដេរម៉ងនេសាទឱ្យគេដែរនោះ ក៏ប្រាប់ឱ្យដឹងដែរថា
បច្ចុប្បន្នកញ្ញាថ្វាយបង្គំមួយថ្ងៃបានត្រឹមតែម្តងឬពីរដងប៉ុណ្ណោះ គឺមិនបានរហូត
ដល់៥ដងតាមការតម្រូវរបស់សាសនាឥស្លាមនោះទេ ដោយសារតែការជាប់រវល់
នឹងរបររកស៊ីចិញ្ចឹមជីវិត។

«កាលមុន ខ្ញុំសំយាំងគ្រប់ដែរ ប៉ុន្តែឥឡូវដូចថា យើងខ្វះខាតច្រើនអត់បានគ្រប់
ទេខ្ញុំទៅជួសម៉ងឱ្យគេ ដូចយើងធ្វើការរោងចក្រអញ្ចឹង ណា៎ ម៉ោង៧យើងចេញ
ហើយដល់ពេលម៉ោង៥បានយើងចូលផ្ទះ។ អញ្ចឹងយើងអត់អាចធ្វើជាប់លាប់
ដូចគេនៅផ្ទះទេ»។

ខេត្តព្រះសីហនុមានប្រជាជនរស់នៅចំនួនជាង១៨ម៉ឺននាក់។ ដោយឡែកគ្រួសារ
ខ្មែរឥស្លាមសរុបចំនួន១៣៤គ្រួសារ ឬស្នើនឹងចំនួនមនុស្សជិត១.០០០នាក់ រស់
នៅរាយប៉ាយនៅត្រង់នេះបន្តិចត្រង់នោះបន្តិច នៅក្នុងក្រុងព្រះសីហនុនេះ ដូច
ជានៅឃ្លាំងលើពីរបីគ្រួសារ នៅផ្សារលើប្រាំ ឬប្រាំមួយគ្រួសារ និងខ្លះនៅទំនប់
រលកហើយភាគច្រើននៅអ៊ូវៀតណាមនេះម្តង។ ពួកគេភាគច្រើនជាអ្នកនេសាទ
អ្នកលក់ដូរបន្តិចបន្តួចនៅតាមផ្សារ អ្នកស៊ីឈ្នួលកាប់គោ ឬជួសម៉ងនេសាទឱ្យ
គេនិងបំរើការងារជាបុគ្គលិកតូចតាចនៅក្នុងរដ្ឋបាលខេត្តជាដើម។

អ្នកស្រី វ៉ាន់ នី ខ្មែរឥស្លាមវ័យ៦០ឆ្នាំ ដែលជាអតីតបុគ្គលិកអប់រំចូលនិវត្តន៍មាន
ប្រសាសន៍ថា អ្នកកាន់សាសនាឥស្លាមនៅក្រុងព្រះសីហនុនេះភាគច្រើន គឺពិត
ជាមិនបានប្រតិបត្តិតាមសាសនាឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនោះឡើយ
ដូចជាការខកខានក្នុងការថ្វាយបង្គំជុំគ្នានៅវិហាររៀងរាល់ថ្ងៃសុក្រជាដើមដោយ
សារតែជាប់រវល់ក្នុងការបំពេញការងារដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់
ពួកគេ។

«ដូចអ្នកខ្លះរកស៊ីចាប់នេសាទសមុទ្រអញ្ចឹងណា៎ ដោយសារការនឿយហត់របស់
គ្នាមកវិញ គ្នាអស់កម្លាំង មកវិញដេកអត់ហើយ អត់បានធ្វើប្រតិបត្តិអីទេ។ ជួន
កាលគ្នាដល់ម៉ោង គ្នានៅអត់ទាន់ចូលដល់ផែ ដល់កំពង់ទូកទេ គ្នានៅកណ្តាល
សមុទ្រ ខ្យល់បក់បោកជាប់នៅកោះឯណាណោះ អញ្ចឹង វាអត់បានគ្រប់គ្រាន់
ទេ»។

សូមបញ្ជាក់ថា នៅក្នុងក្រុងព្រះសីហនុនេះ មានវិហារឥស្លាមតែមួយគត់ឈ្មោះ
ថា ម៉ាស្យិត អាណាស់បិន ម៉ាលិក ដែលត្រូវបានសង់និងកំពុងជួសជុលថ្មីឡើង
វិញ ក្រោមជំនួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិកពីប្រទេសអារ៉ាប់រួម ឬ
United Arab Emirates នេះបើផ្អែកតាមលោកសាឡុង សាន់ អ៊ីមាំ និង ជា
ប្រធានមូលនិធិអភិវឌ្ឍន៍ម៉ូស្លីមកម្ពុជាប្រចាំក្រុងព្រះសីហនុនេះ។

លោកយ៊ូសុះ ប៊ិនយៈកូប គ្រូបង្រៀនសាសនាឥស្លាមតែម្នាក់គត់នៅក្នុងក្រុងព្រះ
សីហនុនេះមានប្រសាសន៍ថា ការមិនបានប្រតិបត្តិសាសនាឱ្យបានពេញលេញ
នេះអាចនឹងធ្វើឱ្យអ្នកកាន់សាសនាឥស្លាមប្រាសចាកពីសាសនានេះនៅពេលដ៏
ខ្លីខាងមុខនេះ។

«កាលណាអត់បានថ្វាយបង្គំទេ វាកាន់តែរសាត់ឆ្ងាយ ពីព្រោះព្រះថា កាលណា
គេអត់បានថ្វាយបង្គំទេ គឺថា គេបោះត្រាចិត្ត ឱ្យយើងភ្លេចម្ចាស់តែម្តង។ អញ្ចឹង
អាចឱ្យយើងកាន់តែរសាត់ឆ្ងាយទៅៗពីឥស្លាម។ អញ្ចឹងបានថា យើងព្រួយបារម្ភ
ខ្លាំងមែនទែន។ អញ្ចឹងតាមខ្ញុំបង្រៀនរាល់ថ្ងៃគឺថា ខំអំពាវនាវឱ្យគាត់មកឱ្យគ្រប់
និយាយរួមយើងទាញបង្វិលគាត់ពីអាការខ្វះខាតហ្នឹងឱ្យគាត់មកធ្វើឱ្យគ្រប់វិញគឺ
ថា យើងទាញ ឬពន្យល់គាត់ឱ្យគាត់យល់ ឱ្យបានមកចូលរួម ឬធ្វើឱ្យគ្រប់៥ពេល
វិញ»។

ប៉ុន្តែគ្រូបង្រៀនសាសនាឥស្លាម លោកយ៊ូសុះ ប៊ិនយៈកូប បានបន្ថែមថា ក្នុងមួយ
ថ្ងៃមានមនុស្សមករៀនសាសនាឥស្លាមរឺសូត្រធម៌ថ្វាយបង្គុំនៅក្នុងវិហារត្រឹមតែ
៣ ឬ៤នាក់ប៉ុណ្ណោះ។

កញ្ញាម៉ារីយ៉ាស់វ័យ១៩ឆ្នាំដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥នោះបានឱ្យដឹង
ថា កញ្ញាបានបោះបង់ចោលការថ្វាយបង្គុំនេះជាច្រើនឆ្នាំមកហើយ ដោយកញ្ញា
បញ្ជាក់ត្រង់ៗថា ដោយសារតែការខ្ជិលផងគួបផ្សំនឹងការរជាប់វល់ជួយកិច្ចការងារ
របស់ម្តាយផង។

«អត់ដែរបានថ្វាយទេ ចាំចាស់ចាំថ្វាយ ធ្លាប់ថ្វាយដែរតែឥឡូវអត់ដែលបានថ្វាយ
ទេ»។

ដោយមានតែស្បៃពណ៌បៃតងថ្លាដាក់ពីលើក្បាល ប៉ុន្តែទម្លាក់សក់ប្រះខ្នងរបស់
នាងហើយឆ្លៀតមូលដៃអាវឡើងលើបន្តិចផងនោះ កញ្ញាម៉ារីយ៉ាស បានថ្លែងឱ្យ
ដឹងបន្ថែមទៀតថា កញ្ញាពុំដែលអានគម្ពីគូអានរបស់សាសនាឥស្លាមទេ ដោយ
សារកញ្ញាពុំអាចអានអក្សរអារ៉ាប់បាន។ ចំណែកឯ ការតមអាហារនៅក្នុងខែបួស
ឬខែរ៉ាម៉ាដនវិញនោះ ក៏កញ្ញាបញ្ជាក់ថា កញ្ញាមិនអាចតមអត់អាហារតាំងពីព្រឹក
ដល់ល្ងាចឱ្យបានពេញមួយខែនោះដែរ។

«មួយខែហ្នឹង បើតាមឱ្យបួសជាប់តែម្តង អត់បានទេ បានត្រឹមបួនដប់ថ្ងៃនឹងគេ
ដែរ»។

ក្រៅពីត្រូវថ្វាយបង្គំឱ្យបានគ្រប់៥ដងក្នុងមួយយប់មួយថ្ងៃហើយនោះ គោលការណ៍
នៃសាសនាឥស្លាមក៏តម្រូវឱ្យអ្នកកាន់សាសនានេះបួសដោយតមអាហារចាប់ពី
ក្រោយថ្ងៃរះរហូតដល់មុនថ្ងៃលិចក្នុងរយៈពេលមួយខែដែលជាទូទៅចាប់ផ្តើមនៅ
ក្នុងខែសីហា ឬខែកញ្ញាជារៀងរាល់ឆ្នាំ។

លោក សាឡុង សាន់ អ៊ីមាំម៉ាស្យិត អាណាស់បិន ម៉ាលិកនិងជាប្រធានមូលនិធិ
អភិវឌ្ឍន៍ម៉ូស្លីមកម្ពុជាប្រចាំក្រុងព្រះសីហនុនេះ មានប្រសាសន៍ថា លោកបាន
កំពុងព្យាយាមស្នើសុំការជួយឧបត្ថម្ភពីអង្គការឥស្លាមនានានៅក្នុងទីក្រុងភ្នំពេញ
ផងនិងនៅតាមបណ្តាប្រទេសអារ៉ាប់ខ្លះផងដែរដើម្បីសាងសង់សាលារៀនឥស្លាម
និងផ្គត់ផ្គង់គ្រូបង្រៀនសាសនានេះបន្ថែមទៀត។

«ខ្ញុំខំទំនាក់ទំនងទៅអារ៉ាប៊ីសាអូឌិត ហើយទៅអារ៉ាប់អេមីរ៉ាតក៏ខ្ញុំទាក់ទងទៅ។
ខ្ញុំទាក់ទងគ្រប់បណ្តាញប្រទេសអ្នកកាន់សាសនាឥស្លាមធំៗហ្នឹង ធ្វើយ៉ាងម៉ិចឱ្យ
គាត់មកជួយ»។

លោកបន្ថែមថា បច្ចុប្បន្នលោកបានទទួលមូលនិធិចំនួន២ម៉ឺនដុល្លារអាមេរិកហើយ
ពីប្រទេសអារ៉ាប់រួម United Arab Emiratesសម្រាប់ជួសជុលវិហារឥស្លាមដែល
ចាស់ទ្រុឌទ្រោមមួយនេះ ហើយសម្រាប់សាងសង់សាលារៀនមួយខ្នងសម្រាប់
កូនចៅរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្រុងព្រះសីហនុនេះ។ ប៉ុន្តែលោកបន្ថែម
ថា លោកពុំទាន់មានលទ្ធភាពឧបត្ថម្ភគ្រូបង្រៀនសាសនាបន្ថែមទៀតឡើយ។

លោកសុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៅកម្ពុជាមាន
ប្រសាសន៍ថា គណៈដឹកនាំជាន់ខ្ពស់របស់លោកក៏ពុំទាន់មានលទ្ធភាពឧបត្ថម្ភ
សហគមន៍ឥស្លាមឱ្យបានគ្រប់គ្រាន់នោះទេ ប៉ុន្តែលោកបញ្ជាក់ថា លោកនឹង
ពិភាក្សាជាមួយមេដឹកនាំសាសនាឥស្លាមដទៃទៀត ដើម្បីដោះស្រាយបញ្ហាកង្វះ
ខាតក្នុងការប្រតិបត្តិសាសនាក្នុងចំណោមឥស្លាមសាសនិកនៅក្រុងព្រះសីហនុ
នេះ។

ពីខេត្តព្រះសីហនុ ខ្ញុំ ពេជ្រ សំណាង VOAសម្លេង ស.រ.អា.។

XS
SM
MD
LG