ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីបន្សាបថ្នាំញៀនទទួលលទ្ធផលល្អ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកកម្ពុជាត្រូវបានគេដឹងថា ប្រទេសដែលត្រូវបានយកជាកន្លែងចរាចរឆ្លង
កាត់និងកន្លែងផលិតគ្រឿងញៀនដែលជាហេតុធ្វើឲ្យប្រជាជនមួយចំនួននៅក្នុង
ប្រទេសនេះបានទទួលឥទ្ធិពលជាខ្លាំងពីគ្រឿងញៀន ។ កត្តាទាំងនេះបានធ្វើឲ្យ
រដ្ឋាភិបាល និង អង្គការក្រៅភិបាលព្យាយាមជួយសង្គ្រោះអ្នកដែលញៀនថ្នាំទាំង
នោះ។

នាង ធីតា វីន សូមជូនសេចក្តីពិស្តារអំពីរឿងនេះ ដូចតទៅ៖

រៀងរាល់ព្រឹកព្រលឹមស្រាងៗម៉ោងប្រហែលជា៥ យុវជនចំនួន១៥នាក់ដែលមក
ផ្តាច់គ្រឿងញៀននៅក្នុងផ្ទះបៃតង តែងតែក្រោកពីដំណេកដើម្បីចេញទៅហាត់
ប្រាណ។

ផ្ទះបៃតងគឺជាមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀនរបស់អង្គការមិត្តសំឡាញ់ ដែលឋិត
នៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោដែលមានចម្ងាយប្រហែលជា១៥គីឡូម៉ែត្រពី
ចំណុចកណ្តាលក្រុងភ្នំពេញ។

យុវជនដែលមកផ្តាច់គ្រឿងញៀននៅទីនេះភាគច្រើនរស់នៅតាមផ្លូវ ហើយបាន
ស័្មគ្រចិត្តចូលផ្តាច់គ្រឿងញៀនបន្ទាប់ពីបានទទួលការពន្យល់ណែនាំពីមន្រ្តីអង្គការ
មិត្តសំឡាញ់។ យុវជនទាំងនោះបានប្រើប្រាស់គ្រឿងញៀនដូចជាកាវ យ៉ាម៉ាគ្រាប់
យ៉ាម៉ាទឹកកក និងហេរ៉ូអ៊ីនជាដើម។

លោក ទ្រី សៀន ប្រធានមណ្ឌលផ្ទះបៃតងនៃអង្គការមិត្តសំឡាញ់ បានឲ្យដឹងថា
ការបន្សាបថ្នាំញៀនមុនដំបូងគឺតួនាទីរបស់ពេទ្យត្រូវពិនិត្យសុខភាព​ និង ព្យាបាល
រោគសញ្ញាដែលបានកើតឡើង បន្ទាប់មកមានការផ្តល់ប្រឹក្សា ឲ្យកម្លាំងចិត្តផ្នែក
ស្មារតីបន្ថែមទៀត។

"អ្នកដែលរងគ្រោះ ដែលប្រើគ្រឿងញៀននេះ គឺ គ្នាពិបាកណាស់ ពិបាកនឹងទ្រាំ
ពិបាកសព្វគ្រប់ ហើយពេទ្យព្យាបាលទៅតាមរោគសញ្ញា ដែលកើតឡើងអញ្ចឹង
មានក្អួត មានរាគ មានឈឺខ្លួនប្រាណ ដេកអត់លក់។ នៅពេលនោះឯង គឺមាន
បញ្ហាច្រើន។ អញ្ចឹងរួមគ្នាជាមួយបុគ្គលិកសង្គមដោយជួយផ្តល់អនុសាសន៍ដើម្បី
ធ្វើដូចម្តេចឲ្យគេបំបាត់នូវការធ្វើទុក្ខនៃថ្នាំញៀននេះ ជួយជំរុញនិងសហការជាមួយ
ពេទ្យ"។

លោកទ្រី សៀនបានឲ្យដឹងបន្តថា លំហាត់ប្រាណជាចំណុចសំខាន់មួយក្នុងការ
បន្សាបថ្នាំញៀនដោយឲ្យពួកគេធ្វើជាទៀងទាត់យ៉ាងហោចណាស់មួយថ្ងៃ៣ដង
ដើម្បីកុំឲ្យមានពេលទំនេរគិតទៅដល់ការប្រើប្រាស់គ្រឿងញៀន។

យុវជនដែលមកផ្តាច់ថ្នាំញៀនទាំងនោះបានធ្វើលំហាត់ប្រាណ ដូចជាលើកដុំដែក
ក្រវីកង វ៉ៃប៉េងប៉ុង និងលេងបាល់ជាដើម។ ហើយពួកគេបានងូតទឹកមុននឹងទៅ
ស្រស់ស្រូបអាហារពេកព្រឹក។ក្រោយពីស្រស់ស្រូបអាហាររួចហើយ ពួកគេបាន
ជជែកគ្នាមួយសន្ទុះ ទើបចូលទៅក្នុងបន្ទប់ប្រជុំ។

នៅក្នុងការប្រជុំពេលព្រឹកនេះគឺមានការចាត់តាំងអ្នកសម្របសម្រួលម្នាក់ដែលជា
មិត្តភក្តក្នុងក្រុម។ រាល់ការប្រជុំម្តងៗមានការលើកឡើងនូវចំណុចល្អ និង មិនល្អ
មួយចំនួននៅក្នុងក្រុមដើម្បីធ្វើការកែលម្អឡើងវិញ។បន្ទាប់មកមានអ្នកឡើងអាន
កាសែតនូវព័ត៌មានជាតិ និង អន្តរជាតិឲ្យមិត្តភក្តស្តាប់ដើម្បីឲ្យអ្នកទាំងនោះបាន
ដឹងពីប្រព្រឹត្តិការណ៍ដែលបានកើតមាននៅក្នុងប្រទេស។

ក្រោយពីការប្រជុំរយៈប្រហែលជា១ម៉ោងត្រូវបានបញ្ជប់ អ្នកទាំងនោះបានចេញ
មកក្រៅលេងកីឡា ដូចជាលើកដុំដែក ក្រវីកង វ៉ៃប៉េងប៉ុងនិងលេងបាល់ជាដើម។

ការលេងកីឡាបែបនេះគឺរហូតដល់ម៉ោងញុំបាយថ្ងៃត្រង់ ក្រោយពីញុំបាយហើយ
ក្មេងៗដែលនៅក្នុងមណ្ឌលនោះទាំងអស់ត្រូវសម្រាកប្រហែលជាង១ម៉ោង ទើប
ក្រោកឡើងដើម្បីចូលរួមការស្តាប់ការណែនាំពីគ្រូនៅទីនោះអំពីការយល់ដឹងផ្នែក
សុខភាពបន្តពូជ កាមរោគ និងគ្រឿងញៀនជាដើម ។ បន្ទាប់មកពួកគេបានលេង
កីឡារហូតដល់ម៉ោងបាយពេលយប់។ពួកគេត្រូវបានអនុញ្ញាតឲ្យមើលទូរទស្សន៍
នូវព័ត៌មានជាតិ អន្តរជាតិនិងនាទីកំសាន្តផ្សេងៗរហូតដល់ម៉ោង៨.៣០នាទីយប់
ទើបចូលគេង ។

យុវជន ធឿន ម៉ៃ មានអាយុ២១ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែងបានញៀនថ្នាំ
អស់រយៈពេល៣ឆ្នាំដោយសារការអូសទាញពីមិត្តភក្ត។ ធឿន ម៉ៃបានមកផ្តាច់ថ្នាំ
ញៀននៅផ្ទះបៃតងអស់រយៈពេល១៩ថ្ងៃរួចមកហើយ។ធឿនម៉ៃបានឲ្យដឹងថា ការ
ផ្តាច់ថ្នាំញៀនរយៈពេល២សប្តាហ៍មុនដំបូងគឺពិបាកទ្រាំមែនទែន ពីព្រោះធ្វើឲ្យអស់
កម្លាំង ក្អួត និងរាគជាដើម។

ក៏ប៉ុន្តែទោះបីជាយ៉ាងណា ធឿន ម៉ៃបានប្តេជ្ញាថា នឹងផ្តាច់ថ្នាំញៀនឲ្យបានដើម្បី
អនាគតរបស់គេ។

"ខ្ញុំពិចារណាគិតយូរៗទៅគឺថា គ្រឿងញៀនវាអត់មានផលប្រយោជន៍អីសម្រាប់
ខ្លួនយើងទេ មានតែបំផ្លាញសុខភាពសម្រាប់ខ្លួនយើងនិងអនាគតយើង ទើបបាន
ជាខ្ញុំសម្រេចចិត្តចូលអង្គការមិត្តសំឡាញ់ចូលមកផ្តាច់គ្រឿងញៀននេះ ហើយខ្ញុំ
សង្ឈឹមថា ពេលចេញពីនេះទៅ គឺ ខ្ញុំនឹងរៀនជំនាញអ្វីមួយឲ្យចេះដើម្បីប្រកបរបរ
ចិញ្ជឹមជីវិត ហើយខ្ញុំនឹងត្រឡប់ចូលផ្ទះវិញ" ។

ផ្ទះបៃតងបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដើម្បីទទួលក្មេងអនាថារស់នៅតាមផ្លូវ
ដែលបានប្រើប្រាស់សារធាតុញៀនចូលមកបន្សាបសារធាតុញៀន។

លោក ពិន សុខុម អ្នកសម្របសម្រួលកម្មវិធីគ្រឿងញៀននៃអង្គការមិត្តសំឡាញ់
បានឲ្យដឹងថា រហូតមកដល់ពេលនេះ ផ្ទះបៃតងបានជួយបន្សាបក្មេងដែលមាន
សារធាតុញៀនប្រហែលជិត១ពាន់នាក់ហើយ ដែលមានអាយុប្រហែលពី១៨ឆ្នាំ
ដល់២៥ឆ្នាំ ដោយក្នុងនោះភាគតិចជាយុវត្តី។

"ដែលមានរយៈពេល១៤ថ្ងៃគឺជាការព្យាបាលផ្នែករោគសញ្ញាការផ្តាច់គ្រឿងញៀន
ហើយបន្ទាប់ពីគាត់ជោគ ជ័យពីការបន្សាបសារធាតុញៀននេះ គឺយើងជួយគាត់
ទៅក្នុងកម្មវិធីមួយទៀតគេហៅថា កម្មវិធីស្តារនិតិសម្បទាសង្គម ឬ ការព្យាបាល
ផ្នែកអារម្មណ៍រយៈពេល៦សប្តាហ៍។ នៅក្នុងកម្មវិធីនេះគឺយើងជួយគាត់ឲ្យចេះមាន
គម្រោងផែនការអនាគតកុមារយុវវ័យដែលមានបំណងចង់ជ្រើសជំនាញដើម្បីរៀន
ជំនាញវិជ្ជាជីវៈនោះ គឺយើងលើកទឹកចិត្តគាត់ ឲ្យទៅចូលរូមរៀនសូត្រជំនាញវិជ្ជា
ជីវៈនៅអង្គការមិត្តសំឡាញ់ដែលមាន១១ជំនាញ"។

យោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា អ្នក
ញៀនថ្នាំដែលបានចុះបញ្ជីទូទាំងប្រទេសមានចំនួនប្រមាណជាង៦ពាន់នាក់ហើយ
បើយោងតាមការវាយតម្លៃប៉ាន់ស្មានតាមបែបវិទ្យាសាស្រ្តចំនួនអ្នកដែលប្រើប្រាស់
គ្រឿងញៀនទាំងអស់អាចមានរហូតដល់ទៅជាង៣ម៉ឺននាក់ ពោលគឺស្មើចំនួនអ្នក
ញៀនថ្នាំជាង៦ពាន់នាក់ដែលបានចុះបញ្ជីគុណនឹង៥ដង។

លោកម៉ឹក តារា អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន
ឲ្យដឹងថា ដើម្បីជួយបន្សាបថ្នាំញៀនអ្នកដែលបានប្រើប្រាស់ថ្នាំញៀន រដ្ឋាភិបាល
បានបង្កើតមជ្ឈមណ្ឌលបន្សាបថ្នាំញៀនទូទាំងប្រទេសដែលបានជួយអ្នកញៀន
ថ្នាំប្រមាណជា២ពាន់នាក់។

"ការព្យាបាលដោយឱសថនេះ គឺ ជារឿងមួយ ។ រឿងមួយទៀតគឺកាយសម្បទា
មានន័យថា គឺត្រូវតែហាត់ប្រាណត្រូវធ្វើចលនាដើម្បីឲ្យសារធាតុញៀននោះចេញ
ពីក្នុងខ្លួន ហើយរឿងធំមួយទៀត គឺចិត្តសាស្រ្ត មានពេទ្យចិត្តសាស្រ្ត ព្យាបាល
ខាងចិត្តសាស្រ្ត ធ្វើម្តេចឲ្យគេយល់ ធ្វើម្តេចឲ្យគេឃើញថា ការប្រើប្រាស់គ្រឿង
ញៀននេះធ្វើឲ្យគេបាត់បង់កិត្តិយស សុភមង្គល។

ខ្លួនគេ គ្រួសារនឹងប៉ះពាល់ដល់សង្គមជាតិ គឺធ្វើម្តេចឲ្យគេឆ្លើយថាទេ ឲ្យគេបដិ-
សេធឲ្យគេប្តេជ្ញាចិត្តខ្លួនគេ"។

លោកនាក់ យុទ្ធា ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនិតិសម្បទានៃអាជ្ញា
ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងដែរថា ទូទាំងប្រទេស រដ្ឋាភិបាល
មានមជ្ឈមណ្ឌលផ្តាច់ថ្នាំញៀនចំនួន ១០កន្លែង គឺ ភ្នំពេញមាន២ បាត់ដំបង២
បន្ទាយមានជ័យ២ សៀមរាប១ កោះកុង១ កំពង់ចាម១ និង ខេត្តព្រះសីហនុ១
កន្លែង ។ ហើយក្រៅពីនោះ នៅមានមណ្ឌលបន្សាបថ្នាំញៀនរបស់អង្គការក្រៅ
រដ្ឋាភិបាល យ៉ាងហោចណាស់មានចំនួន១០មណ្ឌលទៀត ។ ហើយក៏នៅមាន
មណ្ឌលប្រហែលជា៥ផ្សេងទៀតបានបម្រើសេវាបន្សាបគ្រឿងញៀនដែលមាន
លក្ខណៈឯកជនពោលគឺមានការយកកម្រៃ។

មន្រ្តីជំនាញបន្សាបថ្នាំញៀនរបស់រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលបានឲ្យ
ដឹងថា ការផ្តាច់ថ្នាំញៀនមានរយៈពេលប្រហែលពី២ទៅ៣ខែ ហើយអ្នកដែលមាន
ជោគជ័យក្នុងការផ្តាច់ថ្នាំញៀនរួចហើយនោះនឹងត្រូវបានលើកទឹកចិត្តឲ្យចូលរៀន
យកជំនាញផ្សេងៗមុននឹងធ្វើសមាហរកម្មទៅក្នុងសង្គមគ្រួសារវិញ៕

ពីរាជធានីភ្នំពេញ ខ្ញុំ ធីតា វីន VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG