ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន:ប្រទេសឧស្សាហកម្ម ទទួលខុសត្រូវបញ្ហាប្រែប្រួលអាកាសធាតុ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសឧស្សាហកម្មទទួលខុសត្រូវ
បន្ថែមទៀតលើបញ្ហាប្រែប្រួលអាកាសធាតុ។ ការអំពាវនាវបានធ្វើឡើងនៅមុន
ពេលមេដឹកនាំពិភពលោកបើកកិច្ចប្រជុំរបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុ
នៅក្នុងខែធ្នូខាងមុខនេះ។

លោកពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញ៖

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅល្ងាចថ្ងៃច័ន្ទនេះ បានអំពាវឱ្យបណ្តាប្រទេស
ដែលមានឧស្សាហកម្មជឿនលឿននៅលើពិភពលោក ជួយផ្តល់ធនធានបច្ចេក
ទេសនិងហិរញ្ញវត្ថុបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឈន៍ ដូចជាកម្ពុជាជាដើម
នេះ ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ មានមានលទ្ធភាពរួមចំណែកដោះស្រាយ
បញ្ហាប្រែប្រួលអាកាសធាតុបាន។

ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលខ្មែរនេះ បានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ
ក្នុងពិធីបើកវេទិកាជាតិលើកទី១ ស្តីពីការប្រែប្រួលអាកាសធាតុ។

“យើងទាំងអស់គ្នាជាប្រទេសក្រីក្រ អត់បង្កើតបញ្ហាប្រែប្រួលអាកាសធាតុហ្នឹង
ទេ។ សូមប្រទេសអ្នកមានទទួលខុសត្រូវឱ្យបានច្រើនជាងមុនបន្តិច ហើយកុំ
បន្ទោសប្រទេសអ្នកក្រអី។ដូចជាប្រទេសកម្ពុជាតូចណាស់ បើមើលតាមផែនទី
ពិភពលោកគឺមិនមែនជាប្រទេសទទួលខុសត្រូវ ទេ តែគឺជាជនរងគ្រោះទៅវិញ
ទេ”។

លោកហ៊ុន សែនបានមានប្រសាសន៍ថា ធនធានថវិកាដែលប្រទេសកំពុងអភិ-
វឌ្ឍន៍ទទួលបាន សម្រាប់សកម្មភាពបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុគឺ
មានសរុបប្រមាណតែជាង៣០០លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងខណៈពេល
ដែលតម្រូវការជាក់ស្តែងនៅក្នុងប្រទេសនីមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែ
ប្រួលអាកាសធាតុនេះគឺមានរហូតដល់រាប់ពាន់លានដុល្លារនោះ។

សូមបញ្ជាក់ថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន និង ប្រទេសដែល
ជាសមាជិកអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី
និងចិនជាដើមនេះគឺសុទ្ធតែជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាង
គេនៅលើពិភពលោក។

ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលរួមមានឧស្ម័នកាបូនិច(CO2) មេតាន (CH4)
និងឌីអាសូតម៉ូណូអុកស៊ីត (N2O) ជាដើម ដែលភាយចេញពីការដុតឥន្ធនៈ
ផូស៊ីលផ្សែងរថយន្ត រោងចក្រ និងគំនរសម្រាមជាដើមនេះ គឺជាមូលហេតុដែល
នាំឱ្យមានការប្រែប្រួលអាកាសធាតុ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា ការដែលប្រទេសឧស្សា
ហកម្ម ដែលជាអ្នកទទួលខុសត្រូវច្រើនជាងគេក្នុងការបង្កឱ្យមានការប្រែប្រួល
អាកាសធាតុនេះ ត្រូវរ៉ាប់រងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍នោះគឺដោយសារតែ
ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ដូចជាកម្ពុជាជាដើមនេះ ពុំមានធនធាន
គ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុនេះទេ។

ហើយលោកនាយករដ្ឋមន្រ្តីខ្មែរ ក៏មិនភ្លេចសង្កត់បញ្ជាក់ផងដែរថា រាល់ជំនួយ
របស់ប្រទេសឧស្សាហកម្មទាំងនោះសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាស
ធាតុនេះមិនត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌណាមួយនោះឡើយ។

យោងតាមពិធីសារក្យូតូ ប្រទេសឧស្សាហកម្មជឿនលឿនចំនួន៣៩មានកាតព្វ
កិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនប្រមាណ៥% ធៀបទៅនឹង
កម្រិតនៃការបញ្ចេញរបស់ប្រទេសទាំងនោះនៅឆ្នាំ ១៩៩០ ឱ្យបាននៅត្រឹមឆ្នាំ
២០១២ខាងមុខនេះ។

ក្រុមមេដឹកនាំប្រទេសឧស្សាហកម្មទាំងនេះគ្រោងជួបប្រជុំគ្នាដើម្បីដោះស្រាយ
បញ្ហានៃការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការប្រែប្រួលអាកាស
ធាតុនេះ នៅក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ចាប់ពីថ្ងៃទី៧ដល់ទី
១៨ខែធ្នូខាងមុខនេះ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG